អានតួអត្ថបទ
ថៃ

លោកស្រី​យីងឡាក់៖« ខ្ញុំ​ជា​មនុស្ស​ស្អាតស្អំ មិន​ជំពាក់វាក់វិន​នឹង​រឿង​ពុករលួយទេ »

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ កុម្ភៈ​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ​យីងឡាក់​បាន​ចេញ​មុខ​ប្រកាស​ធានា​ថា លោកស្រី​ជា​មនុស្ស​ស្អាតស្អំ មិន​ជំពាក់វាក់វិន​នឹង​អំពើ​ពុករលួយ​ទេ។ ការ​ថ្លែង​របស់​លោកស្រី​យីងឡាក់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណៈកម្មការ​ប្រឆំាងអំពើ​ពុករលួយ​បាន​ប្រកាស​ចោទប្រកាន់​លោកស្រី​ពី​បទ​ធ្វេសប្រហែស​នៅ​ក្នុង​កម្មវិធី​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រជាកសិករ។ គណៈកម្មការ​ប្រឆំាងអំពើ​ពុករលួយ​បាន​កោះហៅ​លោកស្រី​យីងឡាក់​ឲ្យ​ចូល​ស្តាប់​បទចោទប្រកាន់​នេះ​នៅ​ថ្ងៃទី២៧ កុម្ភៈ​ខាង​មុខ។ តែ​លោកស្រី​បាន​អំពាវនាវ​ដល់​គណៈកម្មការ​មួយ​នេះ​កុំ​ឲ្យ​ប្រញិបប្រញាប់​ខ្លំាង​ពេក ព្រោះ​វា​អាច​ផ្តល់ចំណេញ​ដល់​ក្រុម​ដែល​ចង់​រំលំ​លោកស្រី​ចេញ​ពី​អំណាច។

លោកស្រី​ យីងឡាក់ នាយករដ្ឋមន្រ្តី​ថៃ
លោកស្រី​ យីងឡាក់ នាយករដ្ឋមន្រ្តី​ថៃ © Reuters
ផ្សាយពាណិជ្ជកម្ម

ជិត ៤ខែ​កន្លង​មក​ហើយ​ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ​យីងឡាក់​កំពុង​បន្ត​ប្រឈម​មុខ​នឹង​ក្បួនបាតុកម្ម​របស់​បាតុករ​អាវលឿង​ដែល​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង។ ទន្ទឹម​គ្នា​នេះ លោកស្រី​យីងឡាក់​ក៏​កំពុង​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​របស់​គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​ដែរ។ តែ​នៅ​ថ្ងៃ​នេះ លោកស្រី​យីងឡាក់​បាន​ចេញ​មុខ​ជម្រះបញ្ជី​ជាមួយ​គណៈកម្មការ​នេះ​ដោយ​សារភាព​ជា​ថ្មី​ម្តង​ទៀត​ថា លោកស្រី​ជា​មនុស្ស​ស្អាតស្អំ មិន​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

« ទោះ​បី​ជា​ខ្ញុំ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ និង​ទទួល​ការ​គំរាមកំហែង​ដក​ចេញ​ពី​អំណាច​ដូច​ដែល​មនុស្ស​មួយ​ក្រុម​ចង់​បាន​ក៏​ដោយ ក៏​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​យីងឡាក់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ លោកស្រី​នាយករដ្ឋមន្រ្តី​ថៃ​ក៏​បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​កុំ​ប្រញិបប្រញាប់​ចេញ​ផ្សាយ​សាលក្រម​របស់​ខ្លួន​ដែល​នឹង​​ផ្តល់​ផលចំណេញ​ដល់​ក្រុម​ដែល​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។ មួយ​វិញ​ទៀត លោកស្រី​យីងឡាក់​ក៏​បាន​កត់សម្គាល់​ឃើញ​ថា ពាក្យបណ្តឹង​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​បាន​ប្រឆំាង​នឹង​រដ្ឋាភិបាល​មុន​ដែរ តែ​មក​ទល់​ពេល​នេះ កំពុង​បន្ត​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើបអង្កេត​ប៉ុណ្ណោះ។

គួរ​រម្លឹក​ជូន​ថា​ក្នុង​សប្តាហ៍​នេះ គណៈកម្មការ​ប្រឆំាង​អំពើពុករលួយ​បាន​ចោទ​ប្រកាន់​លោកស្រី​យីងឡាក់​ពីបទ​ធ្វេសប្រហែស​នៅក្នុង​កម្មវិធី​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​ប្រជាកសិករ។ យោង​តាម​គណៈកម្មការ កម្មវិធី​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រជាកសិក តាមរយៈ​ការ​ជួយ​ទិញ​អង្ករ​ពី​ប្រជាជន​ក្នុង​តម្លៃ ថ្លៃ​ជាង​តម្លៃទីផ្សារ​ជាង​៥០​ភាគរយ​នោះ បាន​ជំរុញ​ឲ្យ​មាន​កំណើន​អំពើ​ពុករលួយ និង​បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​រាប់ពាន់​លាន​ដុល្លារ ព្រម​ទំាង​បាន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ឈ្មោះ​ជា​ប្រទេស​ទីមួយ​នាំ​អង្ករ​ចេញ​ក្នុង​លោក។ ជាមួយ​គ្នា​នេះ អង្ករ​ដែល​រដ្ឋាភិបាល​បាន​ទិញ​ស្តុក​ទុក​ចំនួន​ជាង ១៨លានតោន​ក៏​មិន​អាច​លក់​ចេញ​ដែរ ដោយសារ​តែ​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ពេក។

ថ្មីៗ​នេះ និង​ចំ​ពេល​ដែល​ពួកអាវលឿង​កំពុង​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះចេញ​ពី​តំណែង ក្រុមប្រជាកសិករ​ក៏​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​បង់ប្រាក់​តាម​ពាក្យ​សន្យា​ដែល​ពួក​គេ​នៅ​មិន​បាន​ទទួល​ជាង ២ឆ្នំា​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ លោកស្រី​យីងឡាក់​ត្រូវ​បាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​កោះហៅ​ឲ្យ​ចូល​ស្តាប់​បទចោទប្រកាន់​នៅ​ថ្ងៃ​ទី ២៧​កុម្ភៈ​ខាងមុខ។ ដំណើរការ​តាម​និតិវិធី​ច្បាប់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​លោកស្រី​យីងឡាក់​ខ្ទាត​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ