អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិនយោបាយថៃ៖កម្លំាង​ប៉ូលិស​បាន​អន្តរាគមន៍​បំបែក​ទីតំាង​របស់​បាតុករ​អាវលឿង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី១៤ កុម្ភៈ​នេះ កម្លំាង​ប៉ូលិស​ថៃ​រាប់ពាន់​នាក់​បាន​ផ្តើម​អន្តរាគមន៍​បំបែក​ក្រុម បាតុករ​អាវលឿង​ដែល​បាន​បោះជំរំ​នៅ​កន្លែង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទីក្រុង​បាងកក​តំាង​ពី​ជាង ៣ខែ​កន្លង​មក ពិសេស​នៅ​ជុំវិញ​វិមាន​រដ្ឋាភិបាល​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ជាង ៣ខែ​កន្លង​មក​នេះ​ដែល​បាតុករ​អាវលឿង​ដឹកនំា​ដោយ​លោក​ស៊ូថេប​បាន​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះ​ចេញ​ពី​តំណែង ព្រម​ទំាង​ការ​បង្កើត​ក្រុមប្រឹក្សា​មួយ​ដោយ​មិន​បាច់​ឆ្លងកាត់​ការ​បោះឆ្នោត​ដែល​គេ​ហៅ​ថា « ក្រុមប្រឹក្សាប្រជាជន »។ តែ​លោកស្រី​យីងឡាក់​មិនព្រម ដោយ​ជ្រើស​យក​ដំណោះស្រាយ​តាម​ការ​បោះឆ្នោត​ដែល​បាន​រៀបចំ​កាល​ពី​ថ្ងៃទី២ កុម្ភៈ​កន្លង​ទៅ។ ទោះ​ជា​យ៉ាង​នេះ​ក្តី វិបត្តិ​នៅ​តែ​បន្ត​ជាប់​គំាង​គ្មាន​ច្រក​ចេញ​ដដែល។

ប៉ូលិស​ថៃ​កំពុង​រុះរើរោង​របស់​ពួក​បាតុករ​អាវលឿង
ប៉ូលិស​ថៃ​កំពុង​រុះរើរោង​របស់​ពួក​បាតុករ​អាវលឿង Reuters
ផ្សាយពាណិជ្ជកម្ម

តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខជាតិ​ឲ្យ​ដឹង​ថា មាន​កម្លំាង​ប៉ូលិស​សរុប​ប្រមាណ​ជា ៥ ០០០នាក់​ប្រាប់​ដោយ​អាវុធពិត ព្រម​ទំាង​ដំបង​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​បើក​ប្រតិបត្តិការ​វាយបំបែក​ក្រុមបាតុករ​អាវលឿង​ដែល​បាន​បោះជំរំ​នៅ​ទីតំាង​សំខាន់ៗ​មួយ​ចំនួន​តំាង​ពី​ជាង ៣ខែ​កន្លង​មក។ កម្លំាង​ប៉ូលីស​ត្រូវ​បាន​ដាក់​ពង្រាយ​ច្រើន​នៅ​តាម​សង្កាត់​នានា​ដែល​ប្រមូលផ្តុំ​ដោយ​ក្រសួង និង​ទីស្នាក់ការ​របស់​អង្គការជាតិ អន្តរជាតិ។ គឺ​នៅ​ទីនោះ​ឯង​ដែល​ពួកបាតុករ​បាន​នំា​គ្នា​បោះ​ជម្រក​ជំរំ​សំពត់ ព្រម​ទំាង​យក​ការ៉ុងដីខ្សាច់​ព័ទ្ធ​ធ្វើ​ជា​របង។

ក្រៅ​ពី​សង្កាត់​ដែល​ប្រមូលផ្តុំ​ដោយ​ក្រសួង និង​ទីស្នាក់ការ​របស់​អង្គការជាតិ អន្តរជាតិ កម្លំាង​ប៉ូលិស​ក៏​បាន​បើក​ប្រតិបត្តិការ​បោសសំអាត​ទីតំាង​ជា​ច្រើន​កន្លែង​របស់​ពួកបាតុករ​នៅ​ជុំវិញ​វិមាន​រដ្ឋាភិបាល​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់។ នៅ​ទីនោះ ប៉ូលិស​បាន​ចូល​ធ្វើ​អន្តរាគមន៍​ដោយ​គ្មាន​ឧបសគ្គ​ធំដុំ​ទេ ព្រោះ​ពួកបាតុករ​បាន​នំា​គ្នា​រត់ចេញ​ពី​ទីនោះ​ដោយ​មិន​បាន​ប្រឈម​មុខ​ខ្លំាងក្លា​ឡើយ។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​អន្តរាគមន៍​របស់​កម្លំាង​ប៉ូលិស​ក្នុង​ថ្ងៃ​នេះ ទីមួយ គឺ​ការ​ចៀងវាង​របស់​ប៉ូលិស​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​ពួកបាតុករ និង​ទីពីរ ទីតំាង​ដែល​ប៉ូលិស​បាន​គាស់រំលើង​មិនមែន​ជា​ទីតំាងសំខាន់​ទំាង​បី​របស់​ពួក​បាតុករ​ទេ។

នៅ​​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កុម្ភៈ​ម្សិលមិញ មេបាតុករ​អាវលឿង គឺ​លោក​ស៊ូថេប​បាន​អំពាវនាវ​ឲ្យ​បាតុករ​ទំាង​អស់​កុំ​ចាញ់ច្រាប​នឹង​កម្លំាង​ប៉ូលិស ព្រម​ទំាង​ហៅ​ពួក​គេ​ឲ្យ​បន្ត​ក្រាញននៀល​រហូត​ដល់​សម្រេច​បាន​ជា​ស្ថាពរ​នូវ​កម្មវត្ថុ​របស់​ខ្លួន។

អន្តរាគមន៍​វាយបំបែក ជា​យុទ្ធសាស្រ្ត​ដែល​គ្រប់​គ្នា​មិន​បាន​រង់ចំា

តំាង​ពី​ពួក​អាវលឿង​ដឹកនំា​ដោយ​លោក​ស៊ូថេប​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​រដ្ឋាភិបាល​ជាង ៣ខែ​មក នេះ​ជា​លើកទីមួយ​ដែល​កម្លំាង​ប៉ូលិស​បាន​ចេញ​អន្តរាគមន៍​វាយបំបែក​ក្រោម​ទ្រង់ទ្រាយ​ធំ។ តែ​នៅ​សល់​ទីតំាង​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​ប៉ូលិស​មិន​ទាន់​ចូល​អន្តរាគមន៍​ទេ។ កន្លង​មក ក៏​មាន​អន្តរាគមន៍​ដែរ តែ​គ្រាន់​ជា​រូបភាព​តូចតាច​​ក្នុង​គោលដៅ​ជួយ​ថៃ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ក្នុង​ក្បួនដង្ហែរ​បាតុកម្ម​របស់​បាតុករ​ប៉ុណ្ណោះ។ គិត​មក​ទល់​ថ្ងៃ​នេះ អំពើហិង្សា​នៅ​ថៃ​បាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ជាង ១០នាក់។

កម្មវត្ថុ​របស់​លោក​ស៊ូថេប​នៅ​តែ​ដដែល គឺ​ការ​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះ​ចេញ​ពី​តំណែង ព្រម​ទំាង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឡើង​វិញ​ដែល​ក្រុមប្រឆំាង​យល់​ឃើញ​ថា បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​ត្រកូល​ស៊ីណាវ៉ាត់ត្រា​បន្ត​មាន​ឥទ្ធិពល​នយោបាយ​គ្របដណ្តប់​លើ​សង្គមថៃ​បច្ចុប្បន្ន។ ទន្ទឹម​គ្នា​នេះ លោកស៊ូថេប​ក៏​បាន​ទាមទារ​ឲ្យ​បង្កើត​ក្រុមប្រឹក្សា​មួយ​សម្រាប់​ដឹកនំា​ប្រទេស​ដោយ​មិន​បាច់​ឆ្លងកាត់​ការ​បោះឆ្នោត​ដែល​គេ​ហៅ​ថា
« ក្រុមប្រឹក្សាប្រជាជន »។ នៅ​ខាង​រដ្ឋាភិបាល​ឯណោះ លោកស្រី​យីងឡាក់​មិន​ព្រម និង​នៅ​តែ​ប្រកាន់​ជំហរ​ដោះស្រាយ​តាម​រយៈ​ការ​បោះឆ្នោត។

តែ​ការ​បោះឆ្នោត​ដែល​បាន​រៀបចំ​ដូច​ការ​គ្រោង​ទុក​កាល​ពី​ថ្ងៃទី២ កុម្ភៈ​ត្រូវ​បាន​អុកឡុក រ៉ៅឆាន​ពី​ពួក​បាតុករ។ បន្ទាប់​មក ក្រុមប្រឆំាង​ក៏​បាន​ប្តឹងតុលាការ​កុំ​ឲ្យ​ទទួល​ស្គាល់​ការ​បោះឆ្នោត​នោះ តែ​ថ្មីៗ​នេះ តុលាការ​បាន​ទាត់ចោល​បណ្តឹង​របស់​ក្រុមប្រឆំាង។ សេចក្តីសម្រេច​របស់​តុលាការ​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី​យីងឡាក់​បន្ត​មាន​ទឹក​មាត់ប្រៃ និង​អំណាច​ស្របច្បាប់​ក្នុង​ការ​បន្ត​ការងារ​របស់​រដ្ឋាភិបាល​ចំា​ផ្ទះ។

លោកស្រី​យីងឡាក់​ផុយស្រួច​ដោយ​កំពុង​ជាប់​អង្កេត​រឿង​អាស្រូវ​ពុករលួយ

តំាង​ពី​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ថ្ងៃទី២ កុម្ភៈ​មក គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​មិន​ទាន់​បាន​ប្រកាស​លទ្ធផល​ទេ ដោយសារ​តែ​ការ​រៀបចំ​បោះឆ្នោត​មុន​នៅ​តំបន់​មួយ​ចំនួន​កាល​ពី​ថ្ងៃទី២៦ មករា ក៏​ដូច​ជា​ការ​រៀបចំ​បោះឆ្នោត​ទូទៅ​ក្នុង​ថ្ងៃទី២ កុម្ភៈ ត្រូវ​បាន​រារំាង អុកឡុក​ដោយ​ពួកបាតុករ។ ជាក់ស្តែង​ក្នុង​ថ្ងៃទី២ កុម្ភៈ មាន​មណ្ឌល​បោះឆ្នោត​ប្រមាណ​ជា ១០​ភាគរយ ពោល​ចំនួន ២៨មណ្ឌល​បាន​បិទទ្វារ។ គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​កំណត់​យក​ថ្ងៃ​បោះឆ្នោត​ជា​ថ្មី​ចំនួន​ពីរ​ថ្ងៃ​ទៀត គឺ​ថ្ងៃទី២០ មេសា​សម្រាប់​មណ្ឌល​មួយ​ចំនួន និង ថ្ងៃទី​២៧ មេសា​សម្រាប់​មណ្ឌល​ផ្សេង​ទៀត​អាក់ខាន​មិន​បាន​បោះឆ្នោត។

សព្វថ្ងៃ​នេះ រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​បាន​ក្លាយ​ជា​រដ្ឋាភិបាល​ចំា​ផ្ទះ ដោយ​រង់ចំា​លទ្ធផល​បោះឆ្នោត​សរុប​នៅ​ថ្ងៃ​ខាង​មុខ។ សូម​ជម្រាប​ជូន​ថា សភា​ថៃ​មាន​តំណាងរាស្រ្ត​សរុប​ចំនួន ៥០០រូប តែ​កង្វះ​តំណាងរាស្រ្ត​ពី ២៨មណ្ឌល​បោះឆ្នោត​បាន​ធ្វើ​ឲ្យ​សភា​មិន​មាន​កូរ៉ូម​គ្រប់គ្រាន់​ក្នុង​ការ​បើក​សម័យប្រជុំ និង​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​ទេ។ តើ​គណបក្ស​ភឿថៃ​នឹង​ទទួល​បាន​ជោគជ័យ​ជា​ថ្មី ឬ​យ៉ាង​ណា?។ គេ​នៅ​មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ អ្វី​ដែល​គេ​ដឹង​នោះ​គឺ​ថា រូបលោកស្រី​យីងឡាក់​ខ្លួន​ឯង​កំពុង​ផុយស្រួយ ដោយ​កំពុង​ជាប់​ការ​ស៊ើបអង្កេត​រឿងពុករលួយ​ពី​គណៈកម្មការ​ប្រឆំាងពុករលួយ​ដ៏​មាន​ឥទ្ធិពល រីឯ​តំណាងរាស្រ្ត​របស់​បក្ស​ភឿថៃ​ប្រមាណ​ជា ១០នាក់​ក៏​កំពុង​ទទួល​ការ​គំរាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ចំនួន ៥ឆ្នំា ពី​បទ​ប៉ុនប៉ង​ធ្វើ​វិសោនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ ដោយ​ចង់​បាន​ការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះឆ្នោត។ ទន្ទឹម​គ្នា​នេះ ពួកអាវលឿង​ក៏​មិន​ព្រម​បញ្ឈប់​ក្បួនបាតុកម្ម​របស់​ខ្លួន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ