អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

៣ឆ្នំា ក្រោយ​បដិវត្តន៍​ផ្តួល​រំលំ​របប​យោធា​មក ប្រទេស​អេហ្ស៊ីប​កំពុង​ត្រៀមខ្លួន​វិល​រក​ទ្រនំចាស់ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ជុំទី១ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៦ និង ២៧ ខែ​ឧសភា​ខាង​មុខ។ តែ​នៅ​ក្នុង​ករណី​ណា​ដែល​ត្រូវ​រៀបចំ​នៅ​ជុំទី២ ទៀត​នោះ ការ​រៀបចំ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី១៦ និង ១៧ មិថុនា។ គម្រោង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​អេហ្ស៊ីប​នេះ​បាន​ធ្វើ​ឡើង ជិត ១១ខែ បន្ទាប់​ពី​កងទ័ព​បាន​ទម្លាក់​លោក​ប្រធានាធិបតី​ម័រស៊ី​ចេញ​ពី​អំណាច។ រហូត​មក​ដល់​ពេល​នេះ បេក្ខជន​ដែល​កំពុង​មាន​ឈ្មោះ​បោះសម្លេង និង​ដែល​អាច​មាន​សំណាង​ច្រើន​ក្នុង​ការ​ទទួល​តំណែង​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក អាប់ដែល ហ្វាតតា អាល់-ស៊ីសស៊ី អតីត​សេនាប្រមុខ និង​ជា​អតីតមេទ័ព​ម្នាក់​ដ៏​មាន​ឥទ្ធិពល​ជាង​គេ។ តើ ៣ឆ្នំា ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​របប​យោធា​មក ប្រទេស​អេហ្ស៊ីប​បាន និង​កំពុង​ត្រៀមខ្លួន​វិល​ទៅ​រក​ទ្រនំ​ចាស់​ជា​ថ្មី ឬ​យ៉ាង​ណា?

រូបថត​លោក​អាល់ស៊ីសស៊ី បេក្ខជន​ម្នាក់​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីបឆ្នំា ២០១៤
រូបថត​លោក​អាល់ស៊ីសស៊ី បេក្ខជន​ម្នាក់​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អេហ្ស៊ីបឆ្នំា ២០១៤ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​លែង​ស្រពិចស្រពិល​ទៀត​ហើយ ទំាង​ថ្ងៃ​ខែ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ក៏​ដូច​ជា​បេក្ខជន​ដែល​ប្រជាជន​អេហ្ស៊ីប​ទូទៅ​ចង់​បាន នោះ​គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​អាប់ដែល ហ្វាតតា អាល់-ស៊ីសស៊ី អតីត​សេនាប្រមុខ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​ជា​អតីត​មេទ័ព​ម្នាក់​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ រីឯ​ថ្ងៃ​ខែ​រៀបចំ​ការ​បោះឆ្នោត​ក៏​ត្រូវ​បាន​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​ឲ្យ​ដឹង​ផ្លូវការ​ដែរ គឺ​នៅ​ថ្ងៃទី២៦ និង ២៧ ឧសភា​ខាង​មុខ​សម្រាប់​ជុំ​ទី១ និង​នៅ​ថ្ងៃទី១៦ និង ១៧ មិថុនា ប្រសិន​បើ​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​នៅ​ជុំទី២ ទៀត​នោះ។ បើ​គេ​គិត​តំាង​ពី​ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​របប​ផ្តាច់ការ​យោធា​របស់​លោក​ប្រធានាធិបតី​ហូស្ន៊ី មូបារ៉ាក់​កាល​ពី ៣ឆ្នំា​មុន ពោល​ក្នុង​ឆ្នំា ២០១១ មក នេះ​ជា​លើក​ទី២ ហើយ​ដែល​អេហ្ស៊ីប​បាន​រៀបចំ និង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​តាម​បែប​លទ្ធិប្រជាធិបតេយ្យ។

គេ​ពិត​ជា​នៅ​ចំា​បាន​មិន​ភ្លេច​កាល​ពី​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើកទី១ ក្នុង​ឆ្នំា ២០១២ ប្រជាជន​អេហ្ស៊ីប​ភាគច្រើន​បាន​បោះឆ្នោត​ឲ្យ​ឥស្សរជន​នយោបាយ​ស៊ីវិល​ម្នាក់​ចេញ​មក​ពី​ចលនា​ភាតរអ៊ីស្លាម គឺ​លោក​ម៉ូហាមេត ម័រស៊ី។ មួយ​ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ឆ្នំា ២០១៣ គឺ​អ្នក​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​ម័រស៊ី​ក្នុង​ឆ្នំា ២០១២ នោះ​ឯង ដែល​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​លោក​ម័រស៊ី​ដោយ​បាន​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង។ បន្តិច​ម្តងៗ ក្បួនបាតុកម្ម​ប្រឆំាង​លោក​ម័រស៊ី​បាន​រីករាលដាល​កាន់​តែ​ធំ​ឡើងៗ​ដែល​នៅ​ទីបំផុត កងទ័ព​ក៏​បាន​ចេញ​អន្តរាគមន៍​បញ្ចប់​តំណែង​លោក​ម័រស៊ី​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី៣ កក្កដា ឆ្នំា ២០១៣ តែ​ម្តង ហើយ​តួអង្គ​ដែល​បាន​កំចាត់​លោក​ម័រស៊ី​ចេញ​ពី​អំណាច គឺ​លោក​អាប់ដែល ហ្វាតតា អាល់-ស៊ីសស៊ី។

តែ​ជាង​កន្លះ​ឆ្នំា ក្រោយ​ការ​ទម្លាក់​លោក​ម័រស៊ី​មក គឺ​រូបលោក​អាប់ដែល ហ្វាតតា អាល់-ស៊ីសស៊ី​នេះ​ឯង​ដែល​បាន និង​កំពុង​ត្រៀម​ខ្លួន​ឡើង​អង្គុយ​លើ​កៅអី​ប្រធានាធិបតី​អេហ្ស៊ីប​វិញ​ម្តង។ អ៊ីចឹង​ហើយ​បាន​ជា​មុន​ការ​ប្រកាស​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ លោក​អាល់ ស៊ីសស៊ី​បាន​លាលែង​ពី​មុខ​តំណែង​យោធា ក្រវាត់ចោល​ឋានន្តរសក្តិ​ជា​សេនាប្រមុខ និង​ស្រាត​ខោអាវ​ទាហាន​ចេញ​ដែល​លោក​បាន​ពាក់​ជាប់​ជា​ប្រចំា​អស់​រយៈ ៤៤ឆ្នំា។ លោក​អាល់ ស៊ីសស៊ី​ធ្លាប់​បាន​បញ្ជាក់​ថា នេះ​ជា​ការ​លះបង់​មួយ​ដែល​លោក​បាន​បង្ខំ​ចិត្ត​ធ្វើ ដើម្បី​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​ចង់​បាន​របស់​ប្រជាជន​អេហ្ស៊ីប​ទូទៅ។ សម្រាប់​លោក​អាល់ ស៊ីសស៊ី អេហ្ស៊ីប​បាន និង​កំពុង​ផុង​ខ្លួន​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ វិបត្តិ​សង្គម នយោបាយ ភេរវនិយម ព្រម​ទំាង​ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អេហ្ស៊ីប​ទៀត​ផង។

រហូត​មក​ដល់​ពេល​នេះ មាន​តែ​បេក្ខជន​ចំនួន​ពីរ​រូប​គត់​ដែល​អាច​ស៊ីសង​គ្នា​បាន​នា​ការ​បោះឆ្នោត​ខាង​មុខ គឺ​លោក​អាប់ដែល ហ្វាតតា អាល់-ស៊ីសស៊ី និង​លោក​ហំាឌីន សាបាហ៊ី។ អ្វី​ដែល​ខុស​គ្នា​រវាង​លោក​អាល់ ស៊ីសស៊ី និង​លោក​សាបាហ៊ី​នៅ​ត្រង់​ថា លោក​អាល់ ស៊ីសស៊ី​ជា​បេក្ខជន​ដែល​ចេញ​មក​ពី​ប្រភព​យោធា និង​មិន​ធ្លាប់​មាន​ប្រវត្តិរូប​នយោបាយ​ទេ។ រីឯ​លោក​សាបាហ៊ី​វិញ គឺ​ជា​អ្នកនយោបាយ​ប្រឆំាង​ម្នាក់​ដ៏​ប្រឈម​ទល់​នឹង​របប​របស់​លោក​មូបារ៉ាក់ និង​លោក​ម័រស៊ី​នា​ពេល​កន្លង​មក។ គឺ​រូបលោក​សាបាហ៊ី​នេះ​ឯង​ដែល​បាន​ជាប់​ឆ្នោត​លំដាប់​ទី៣ នា​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នំា ២០១២ កន្លង​ទៅ។ តែ​នៅ​ពេល​នេះ និង​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា បេក្ខជន​ដែល​ប្រជាជន​អេហ្ស៊ីប​ទូទៅ​ចង់​ឃើញ និង​ចង់​បាន​ជា​ប្រធានាធិបតី​របស់​ខ្លួន មិនមែន​បេក្ខជន​ស៊ីវិល​សាបាហ៊ី​ទេ តែ​គឺ​បេក្ខជន​យោធា​អាល់ ស៊ីសស៊ី​ដែល​មាន​អាយុ ៥៩ឆ្នំា។

បើ​គេ​មើល​ពី​សំបក​ក្រៅ​ទៅ​ឃើញ​ថា ជាមួយ​នឹង​បេក្ខជន​អាល់ ស៊ីសស៊ី​ដែល​ទើប​បោះបង់​ចោល​តួនាទី​កងទ័ព​ដើម្បី​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ អេហ្ស៊ីប​បាន​និង​កំពុង​បន្ត​ដើរ​លើ​គន្លង​ផ្លូវ​ដែល​ត្រួសត្រាយ​ដោយ​បដិវត្តន៍​ផ្តួលរំលំ​របប​យោធា​ផ្តាច់ការ​របស់​លោក​ហូស្ន៊ី មូបារ៉ាក់​កាល​ពី ៣ឆ្នំា​មុន។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា អេហ្ស៊ីប​បែរ​ជា​បាន​និង​កំពុង​ធ្វើ​ដំណើរ​បក​ក្រោយ​ទៅ​រក​ទ្រនំ​ចាស់​មុន​បដិវត្តន៍​វិញ​ទេ​តើ ព្រោះ​ថា ប្តូរ​សម្លៀកបំពាក់​ពី​ទាហាន​ទៅ​ស៊ីវិល ឬ​ពី​ស៊ីវិល​ទៅ​ទាហាន លោក​អាប់ដែល ហ្វាតតា អាល់-ស៊ីសស៊ី​នៅ​តែ​ជា​មនុស្ស​ដដែល និង​មាន​ឈ្មោះ​ដដែល។ ហេតុអ្វី​បាន​ជា​យ៉ាង​ដូច្នេះ​ទៅ​វិញ?

អាច​មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ ទីមួយ វា​ជា​ជម្រើស​របស់​ប្រជាជន​អេហ្ស៊ីប​ខ្លួន​ឯង​សុទ្ធសាធ​ដែល​ត្រូវ​ជ្រើសរើស​រវាង​ចរន្ត​នយោបាយ​អ៊ីស្លាម និង​ចរន្ត​នយោបាយ​កងទ័ព និង​ចម្លើយទី២ វា​ជា​ទម្លាប់​មួយ​របស់​ប្រទេស​អេហ្ស៊ីប​ដែល​ស្គាល់​តែ​ការ​ដឹក​នំា​ដោយ​របប​យោធា និង​កងទ័ព​ជា​អ្នក​ដែល​មាន​អំណាច​ពិតប្រាដ​ក្នុង​ដៃ។ គឺ​ទើប​តែ​ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​របប​លោក​មូបារ៉ាក់​ក្នុង​ឆ្នំា ២០១១ ទេ ដែល​ប្រជាជន​អេហ្ស៊ីប​បាន​ស្គាល់​ប្រធានាធិបតី​ស៊ីវិល​ម្នាក់​ដែល​ខ្លួន​បាន​ជ្រើសរើស​ក្នុង​ឆ្នំា ២០១២ គឺ​លោក​ម៉ូហាមេត ម័រស៊ី។ តែ​កាន់​តំណែង​មិន​បាន ១ឆ្នំា​ផង ក៏​ត្រូវ​បាន​កងទ័ព​ទម្លាក់​ចោល​បាត់​ទៅ។ ដូច្នេះ ពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ប្រសិន​បើ​ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ឲ្យ​អតីត​មេទ័ព​អាល់ ស៊ីសស៊ី​ធ្វើ​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ខាង​មុខ​នោះ។ តើ​ព្រឹត្តិការណ៍​មួយ​នេះ មិនមែន​ជា​ការ​វិល​ច្រំដែល​នៃ​កង់​ប្រវត្តិសាស្រ្ត​ទេ ឬ​យ៉ាង​ណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ