អានតួអត្ថបទ
អេហ្ស៊ីប

តុលាការ​អេហ្ស៊ីប​កាត់ទោស​​​​ប្រហារជីវិត​​​​​សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី​ជាង៥០០នាក់​​

នៅថ្ងៃ​ចន្ទ​ម្សិលមិញ សាលាដំបូង​អេហ្ស៊ីប​បាន​កាត់ទោស​​​ សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី៥២៩នាក់​ អោយ​​ទទួល​ទោស​ប្រហារជីវិត ក្នុង​​បទ​ចោទ​ប្រកាន់​ថា បាន​ធ្វើឃាត​មន្ត្រី​ប៉ូលិស​មួយរូប នៅ​ខេត្ត​អាន់ មីនយ៉ា ក្នុង​​អំពើហិង្សា​ កាលពី​រដូវក្តៅ​​ឆ្នាំ ២០១៣​កន្លងទៅ។ ការ​សម្រេច​ដាក់ទោស​ប្រហារជីវិត​ដល់មនុស្ស​ជាង​៥០០នាក់ បែបនេះ មិនដែល​មាន​សោះឡើយ ក្នុង​ពិភពលោក។ ​​ការសម្រេច​ទោស​នេះ ​​ប្រហែល​ជា​អាច​នឹងត្រូវ​លុបចោល​ទៅវិញ ព្រោះថា តុលាការបាន​សម្រេច​ទោស​លឿនពេក ហើយ​​មិនបាន​គោរព​និតិវិធី​និង​សិទ្ធិ​បឋម​នៃ​ការ​ការពារ​ជនជាប់ចោទ​​នោះទេ។

សកម្មជន​បក្ស​ភាតរអ៊ីស្លាម​របស់​លោក មរស៊ី និង​ក្រុមបាតុករ​នៅ​​ក្រុងគែរ ថ្ងៃ​២១មីនា កន្លងទៅ។
សកម្មជន​បក្ស​ភាតរអ៊ីស្លាម​របស់​លោក មរស៊ី និង​ក្រុមបាតុករ​នៅ​​ក្រុងគែរ ថ្ងៃ​២១មីនា កន្លងទៅ។ REUTERS/Al Youm Al Saabi Newspaper
ផ្សាយពាណិជ្ជកម្ម

នៅ​ខាងត្បូង​ក្រុងគែរ ប្រទេស​អេហ្ស៊ីប ​បន្ទាប់​ពី​​សកម្មជន​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី ៥២៩នាក់ ត្រូវបាន​សាលាដំបូង​​ដាក់ទោស​ប្រហារជីវិត​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​មក នៅថ្ងៃ​អង្គារ​នេះ សវនាការ​កាត់ទោស​នឹង​បន្ត​ធ្វើ​សម្រាប់​សកម្មជន​ជាប់ចោទ​អ៊ីស្លាម​ប្រមាណ​៧០០នាក់​ទៀត ពីបទ​​បង្ក​អំពើហិង្សា​ កាលពី​ខែ​សីហា​ ​​​ឆ្នាំ ២០១៣​កន្លងទៅ។ គួររំលឹក​ថា ជនជាប់ចោទ​ពីបទអំពើហិង្សា​នៅ​អេហ្ស៊ីប ដែល​តុលាការ​​ត្រូវ​​កាត់ទោស​​ មាន​គ្នា​សរុប​ប្រមាណ​​​១២០០នាក់។

 
នៅថ្ងៃ​ចន្ទ​ម្សិលមិញ តុលាការ​​បាន​សម្រេច​យ៉ាង​​រហ័ស​បំផុត ដាក់ទោស​​ប្រហារជីវិត​ដល់​ជនជាប់ចោទ​៥២៩នាក់ ពីបទ​បាន​ធ្វើឃាត​ប៉ូលិស​​មួយរូប​នៅ​ខេត្ត​អាល់ មីនយ៉ា ប្រមាណ​២៤៥គីឡូម៉ែត្រ​ ខាងត្បូង​ក្រុងគែរ។ ការសម្រេច​ដាក់ទោស​រហ័ស​បែបនេះ ធ្វើអោយ​មានការគិតថា តុលាការ​​មានភាព​លំអៀង​ខាងនយោបាយ ព្រោះថា តើ​អាចទៅរួច​ទេ​ ដែល​​មនុស្ស​រហូត​ជាង​៥០០នាក់ នាំគ្នា​សម្លាប់​ប៉ូលិស​តែម្នាក់ ? ​យោងតាម​អ្នកជំនាញ​ច្បាប់​នានា ​តុលាការ​មិនបាន​គោរព​និតិវិធី និង​សិទ្ធិការពារ​បឋម​នានា​របស់​ជនជាប់ចោទ​សោះឡើយ ដូច្នេះ ជនជាប់ចោទ​អាច​នឹង​ទទួលបាន​ការបន្ធូរបន្ថយ​ទោស នៅ​តុលាការ​កំពូល។ ដោយឡែក​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ តុលាការបាន​សម្រេចអោយ​មនុស្ស​១៧នាក់ បាន​រួចខ្លួន។ គួរបញ្ជាក់ថា ​ក្នុងចំណោម​សកម្មជន​អ៊ីស្លាម​ទទួលទោស​ប្រហារជីវិត​​៥២៩នាក់ មានតែ​១៥៣នាក់​ប៉ុណ្ណោះ ដែល​ជាប់ឃុំ។ សកម្មជន​ផ្សេងទៀត​​កំពុង​​រត់គេចខ្លួន។ នេះ​ជា​លើកទី១​ហើយ ដែល​ការសម្រេច​ដាក់ទោស​​​ប្រហារជីវិត​លើ​មនុស្ស​សន្ធឹកសន្ធាប់​បែបនេះ បាន​កើតឡើង ជាប្រវត្តិសាស្ត្រ មិនត្រឹម​សម្រាប់​អេហ្ស៊ីបតែ​មួយ​ប៉ុណ្ណោះទេ គឺ​សម្រាប់​ពិភពលោក​ទាំងមូល​តែម្តង។ នេះបើយោងតាម​អង្គការ​Amnesty International។

គួរ​រំលឹក​ថា ​អំពើហិង្សា​ថ្ងៃ​១៤សីហាឆ្នាំ​២០១៣ នៅអេហ្ស៊ីប​ ជា​អំពើ​ហិង្សា​សម្លាប់​មនុស្ស​ច្រើនបំផុត​ក្នុង​ប្រវត្តិ​ប្រទេស​នេះ។ កាលណោះ ប៉ូលិស​និង​កងទ៍ព​បាន​បើកប្រតិបត្តិការ​បង្ក្រាបបាតុកម្ម​​របស់​សកម្ម​​គាំទ្រ​អតីត​ប្រធានាធិបតី​មរស៊ី នៅ​ក្រុងគែរ ធ្វើអោយ​ស្លាប់​មនុស្ស​រាប់រយនាក់។ តាំងពី​លោក​មរស៊ី​ត្រូវ​កងទ័ព​ទម្លាក់​ពី​អំណាច នៅថ្ងៃ​៣កក្កដា​​ឆ្នាំ​២០១៣មក អំពើហិង្សា​តែង​កើត​មានជាប្រចាំ​​។ គិតពី​ថ្ងៃ​៣កក្កដា​មក សកម្មជន​គាំទ្រ​លោកមរស៊ី​ជាង​១៤០០​នាក់​ហើយ​ ដែល​ត្រូវ​បាន​ស្លាប់​ក្នុង​ការ​បង្ក្រាប​ហិង្សា​របស់​អាជ្ញាធរ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ