អានតួអត្ថបទ
អេហ្ស៊ីប

សេនាប្រមុខអេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ ស៊ីសស៊ីលាលែងពី​តំណែង​កងទ័ព

នៅ​ប្រទេស​អេហ្ស៊ីប លោក​សេនាប្រមុខ អាប់ដែល ហ្វាតា អាល់ ស៊ីសស៊ី មេបញ្ជាការ​កងទ័ព និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បាន​សម្រេច​ដោះ​សម្លៀកបំពាក់​យោធា​ដើម្បី​ឈរឈ្មោះ​ចូលរួម​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ខាង​មុខ។ ការ​សម្រេចចិត្ត​របស់​លោក​អាល់ ស៊ីសស៊ី​ត្រូវ​បាន​ធ្វើ​ឡើង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃពុធ ទី២៦ មីនា។ មួយវិញ​ទៀត ការ​សម្រេចចិត្ត​របស់​លោក​អាល់ ស៊ីសស៊ី​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​លោក​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ក្នុង​សារព័ត៌មាន​កន្លង​មក​ដែល​ថា លោក​មិន​អាច​ព្រងើយកន្តើយ​ចំពោះ​ការ​អំពាវនាវ​ចង់​បាន​របស់​ប្រជាជន​បាន​ទេ។ តើ​សេនាប្រមុខ អាប់ដែល ហ្វាតា អាល់ ស៊ីសស៊ី​មាន​ប្រវត្តិរូបសង្ខេប​យ៉ាង​ដូច​ម្តេច​ខ្លះ?

សេនាប្រមុខអេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ ស៊ីសស៊ី​លាលែង​ពី​​តំណែង​​កងទ័ព
សេនាប្រមុខអេហ្ស៊ីប អាប់ដែល ហ្វាតា អាល់ ស៊ីសស៊ី​លាលែង​ពី​​តំណែង​​កងទ័ព AFP/AL-MASRIYA TV
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​អេហ្ស៊ីប មាន​តែ​ជនស៊ីវិល​ទេ​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី។ អ៊ីចឹង​ហើយ​បាន​ជា​លោក​អាប់ដែល ហ្វាតា អាល់ ស៊ីសស៊ី​បាន​សម្រេចចិត្ត​ក្រវាត់ចោល​នូវ​សម្លៀកបំពាក់​ទាហាន​ដែល​លោក​បាន​ពាក់​តំាង​ពី ៤៤ឆ្នំា​មក​ហើយ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​បោះឆ្នោត លោក អាប់ដែល ហ្វាតា អាល់ ស៊ីសស៊ី លែង​ជា​សេនាប្រមុខ លែង​ជា​មេបញ្ជាការ​កងទ័ព និង​លែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ទៀត​ឡើយ។ មាន​អាយុ ៥៩ឆ្នំា មាន​អាល់ស៊ីសស៊ី​កំពុង​មាន​ប្រជាប្រិយភាព​ខ្លំាង​ណាស់​នៅ​ក្នុង​ចំណោម​ប្រជាជន​អេហ្ស៊ីប​ទូទៅ។ រូបថត​របស់​លោក​អាល់ស៊ីសស៊ី​ត្រូវ​បាន​គេ​ឃើញ​ដាក់​តំាង​នៅ​សឹង​តែ​គ្រប់​កន្លែង​ទំាង​អស់​ក្នុង​ប្រទេស​អេហ្ស៊ីប តែ​បញ្ហា​នៅ​ត្រង់​ថា គេ​ហាក់​ដូច​ជា​មិន​សូវ​ស្គាល់​ពី​ប្រវត្តិរូប​របស់​បុរស​រូប​នេះ​ប៉ុន្មាន​ទេ ក្រៅ​តែ​ពី​មាន​អាជីព​ជា​ទាហាន​មួយ​មុខ​នោះ

តាម​ពិត​ទៅ លោក​អាល់ ស៊ីសស៊ី​បាន​ស្លៀកពាក់​ឯកសណ្ធាន​ទាហាន​តំាង​ពី​មាន​អាយុ ១៥ឆ្នំា​មក​ម្ល៉េះ នៅ​ពេល​ដែល​លោក​ចូល​សិក្សា​នៅ​សាលាយោធា​ជើងអាកាស។ ខុស​ពី​លោក​សេនាប្រមុខ​តង់តាវី​ដែល​បាន​រៀនសូត្រ ហ្វឹកហ្វឺន​នៅ​សហភាព​សូវៀត លោក​អាល់ ស៊ីសស៊ី​បាន​សិក្សា​រៀនសូត្រ​ក្បួន​យោធា​តាម​បែប​បស្ចិមលោក​ដោយ​ទទួល​បាន​សញ្ញាប័ត្រ​មាន​តម្លែ​ស្មើ​នឹង​សញ្ញាប័ត្រ​នៅ​សហរដ្ឋអាមេរិក ឬ​មួយ​ក៏​នៅ​ប្រទេស​អង់គ្លេស។ លោក​អាល់ ស៊ីសស៊ី​ធ្លាប់​ធ្វើ​ជា​ប្រធាន​ការិយាល័យ​ស៊ើបការណ៍សម្ងាត់​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ គឺ​ការិយាល័យ​ស៊ើបការណ៍សម្ងាត់​នេះ​ហើយ​ដែល​កាន់​បញ្ជីរ​កងទ័ព​គ្រប់​ឋានន្តរសក្តិ​ទំាង​អស់។

លោក​អាល់ ស៊ីសស៊ី​ជា​មនុស្ស​ដែល​គេ​ស្រឡាញ់ និង​គោរព។ លោក​ជា​មនុស្ស​ដែល​ត្រូវ​បាន​គេ​គោរព​ខ្លំាង​ជាង​គេ​នៅ​ក្នុង​ឧត្តមក្រុមប្រឹក្សាកងទ័ព។ នេះ​ហើយ​ជា​ហេតុផល​មួយ​ដែល​ក្រុម​ភាតរអ៊ីស្លាម​បាន​ជ្រើសរើស​លោក​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ។ នៅ​រដូវ​ក្តៅ​ឆ្នំា ២០១២ លោក​អាល់ ស៊ីសស៊ី​ក៏​ត្រូវ​បាន​លោក​ប្រធានាធិបតី​ម័រស៊ី​ចេញ​ពី​ក្រុម​ភាតរអ៊ីស្លាម​តែងតំាង​ជា​មេបញ្ជាការ​កងទ័ព​ថែម​ទៀត។ តែ​នេះ​ជា​កំហុស​មួយ​ដែល​លោក​ម័រស៊ី​មិន​គួរ​នឹង​ធ្វើ​សោះ ព្រោះ​ថា ជិត​មួយ​ឆ្នំា​ក្រោយ​មក គឺ​រូបឧត្តមសេនីយ​អាល់ ស៊ីសស៊ី​នេះ​ឯង​ដែល​បាន​ទម្លាក់​លោក​ម័រស៊ី​ចេញ​ពី​អំណាច​ដោយ​សំអាង​លើ​ការ​ទាមទារ​របស់​ក្រុមបាតុករ​នៅ​តាម​ផ្លូវ។

ក្រោម​ភ្នែក ច្រមុះ​របស់​ប្រជាជន​អេហ្ស៊ីប​ទូទៅ លោក​អាល់ ស៊ីសស៊ី​ជា​អ្នក​ស្រោចស្រង់​ប្រទេស​អេហ្ស៊ីប ជា​អ្នក​ដែល​មាន​សមត្ថភាព​ប្រឈម​មុខ​ទល់​នឹង​ប្រទេស​មហាអំណាច​ផ្សេងៗ មាន​អាមេរិក​ជា​ដើម។ តែ​សម្រាប់​ក្រុម​ភាតរ​អ៊ីស្លាម​វិញ លោក​អាល់ ស៊ីសស៊ី​ជា​មនុស្សផ្តាច់ការ​ដែល​បាន​ចាប់​ក្រុមប្រឆំាង​ជាង ១០ ០០០នាក់​ដាក់​គុក និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់សិប​ពាន់នាក់ ក្រោម​លេស​ប្រឆំាង​នឹង​ពួក​ភេរវជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ