អានតួអត្ថបទ
បារាំង-កាមេរូន

សង្ឃកាតូលិក​​​បារាំង​​​ Georges Vandenbeusch​​ ចំណាប់ខ្មាំង​​​​នៅ​​អាហ្វ្រិក​​ ត្រូវបាន​​ដោះលែង​​

នៅថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស៊័រ ហូឡង់ បានប្រកាស​ថា សង្ឃកាតូលិក​បារាំង George Vandenbeusch ហ្ស៊ក​​ វ៉ាន់ដិនបឺស្ហ ដែល​​ក្រុមឧទ្ទាម​អ៊ីស្លាម​​ ​បូកូអារ៉ាំ​ ចាប់ជា​ចំណាប់ខ្មាំង នៅ​ប្រទេស​កាមេរូន កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា កន្លងទៅ​ ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​វិញហើយ។ ​ប្រមុខ​ការទូត​បារាំង ឡូរ៉ង់ ហ្វាប៊ីយុស ត្រូវ​ទៅ​ទទួល​សង្ឃ​​ Vandenbeusch នៅ​ក្រុងយ៉ាអ៊ូនដេ ដើម្បី​នាំ​រូបគាត់​មក​ក្រុងប៉ារីស​វិញ នៅ​យប់ថ្ងៃ​អង្គារ​នេះ។ ប្រធានាធិបតី​បារាំង​បានថ្លែង​អំណរ​គុណ​ប្រធានាធិបតី​កាមេរូន ដែល​បាន​ជួយ​ជ្រោមជ្រៃង​អោយមានការ​ដោះលែង​​សង្ឃបារាំង​។

សង្ឃកាតូលិកបារាំង​ Georges Vandenbeusch
សង្ឃកាតូលិកបារាំង​ Georges Vandenbeusch france24
ផ្សាយពាណិជ្ជកម្ម

គួររំលឹកថា នៅយប់​​ថ្ងៃ​១៣វិច្ឆិកា កន្លងទៅ សង្ឃកាតូលិក​បារាំង George Vandenbeusch ហ្ស៊ក​​ វ៉ាន់ដិនបឺស្ហ ជន្មាយុ​៤២ព្រះវស្សា ត្រូវ​បាន​​ក្រុមឧទ្ទាម​អ៊ីស្លាម​​នីហ្សេរីយ៉ា បូកូអារ៉ាំ ចាប់​ជាចំណាប់ខ្មាំង នៅ​​ភាគខាងជើង​ប្រទេស​កាមេរូន ជាប់ព្រំប្រទល់​​ជាមួយ​ប្រទេស​នីហ្សេរីយ៉ា។

សង្ឃ​ Vandenbeusch បាន​ត្រូវ​ដោះលែង​អោយ​មានសេរីភាព​ នៅព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​​នេះ។ ថ្ងៃ​អង្គារ​នេះ គេ​បាន​រកឃើញ​សង្ឃបារាំង នៅ​ក្នុងទឹកដី​កាមេរូន។ ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស៊័រ ហូឡង់ បាន​អរគុណ​ដល់​អាជ្ញាធរ​កាមេរូន និង​អាជ្ញាធរ​នីហ្សេរីយ៉ា ពិសេស​ប្រធានាធិបតី​កាមេរូន​ ប៉ូល ប៊ីយ៉ា តែ​ម្តង ដែល​បាន​ខិតខំ​សំរេច​អោយ​មាន​ការ​ដោះលែង​ សង្ឃ​ Vandenbeusch។

សង្ឃកាតូលិក​បារាំង George Vandenbeusch បាន​បំរើ​ការងារ​នៅ​វិហារ​ Nguetchewé ភាគខាងជើង​កាមេរូន ចាប់ពី​ឆ្នាំ​២០១១ម្ល៉េះ។ លោក​តែងតែ​ចុះទៅ​​ទេសនា​ទូន្មាន ជួយ​ដល់​តំបន់​ឆ្ងាយៗ និង​តំបន់​ដែល​មិនសូវ​សំបូរ​សន្តិសុខ។ លោក​បាន​បំរើការងារ​ជួយ​ជាពិសេស ដល់​ប្រជាជន​នីហ្សេរីយ៉ា​ប្រមាណ​មួយម៉ឺននាក់ ដែល​បាន​ភៀសខ្លួន​មក​កាមេរូន។

បុរី​វ៉ាទីកង់ បាន​សំដែង​ការ​រីករាយ​ចំពោះ​ការដោះលែង​សង្ឃកាតូលិក​បារាំង​ នៅ​អាហ្វ្រិក និង​បាន​អំពាវនាវ​អោយ​មានការ​បួងសួង ដើម្បី​អោយ​ចំណាប់ខ្មាំង​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក​ បាន​ទទួល​សេរីភាព​ដូចគ្នា​ដែរ​។

បច្ចុប្បន្ន​នេះ បារាំង​នៅ​មាន​ចំណាប់ខ្មាំងខ្លួន ​៦នាក់ទៀត នៅ​​ម៉ាលី និង​ស៊ីរី។ ប្រធានាធិបតី​​បារាំង បាន​សំដែង​ការគាំទ្រ​ដល់ក្រុមគ្រួសារ​របស់​ចំណាប់ខ្មាំង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​ ២០១៤នេះ។ ​លោក​ហ្វ្រង់ស៊័រ ហូឡង់ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​សំរេច​អោយ​ចំណាប់ខ្មាំង​បារាំង​គ្រប់រូប ទទួល​បាន​សេរីភាព​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ