អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​​ ចុះ​​កិច្ច​ព្រម​ព្រៀង​​លើ​​៨​ឯកសារ​​ជាមួយ​​វៀតណាម​

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក​ហ៊ុន សែន​ នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ ​នៅ​ប្រទេស​វៀតណាម​ នៅក្នុង​សប្តាហ៍​នេះ ពីថ្ងៃ​ទី២៦ដល់​ថ្ងៃទី២៨ធ្នូ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​ជិតខាង​មួយ​នេះ ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​គ្រោង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៨ ដែល​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម អប់រំ ព័ត៌មាន។ ប្រមុខ​រដ្ឋាភិបាល​ទាំងពី​រ ក៏​គ្រោង​សម្ពោធ​រួមគ្នា​ នូវ​មន្ទីរ​ពេទ្យ​ជោ​រៃ​របស់​វៀតណាម​-ភ្នំពេញ​ នៅក្នុង​ខែមករា​ដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ​លោក ង្វៀន តាន់​យុង នាយករដ្ឋមន្ត្រី​វៀតណាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ​លោក ង្វៀន តាន់​យុង នាយករដ្ឋមន្ត្រី​វៀតណាម RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្តាហ៍​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​នឹង​ផ្តើម​ទស្សនកិច្ច៣ថ្ងៃ​នៅក្នុង​ប្រទេស​វៀតណាម។ ជា​ទស្សនកិច្ច​ដែល​រៀបចំឡើង​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​អមដោយ​រដ្ឋមន្ត្រីក្រសួង​ការបរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក​អូន ព័ន្ធមុនីរ័ត្ន ប្រមុខ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នឹង​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​វៀតណាម និង​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចព្រមព្រៀង​ចំនួន៨។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ឯកសារ​ទាំងនោះ​រួមមាន៖ ការសំរបសំរួល​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់​ឆ្នាំ២០១៤-២០១៥ កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ទំនិញ សន្ធិសញ្ញា​ស្តីពី​ប​ត្យ​ប័ន កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ផែនការ​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​អប់រំ ក្រសួងមហាផ្ទៃ ផែនការ​សហការ​ស្តីពី​ព័ត៌មាន និង​ផែនការ​សហការ​ស្តីពី​បណ្ណសារដ្ឋាន​ជាតិ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានអោយដឹងថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក៏​នឹង​ជួប​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម លោក​ង្វៀន ស៊ីន​ហ៊ុ​ង លោក​ប្រធានាធិបតី​វៀតណាម ជ្រឿង តឹង​សាង និង​លោក​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម ង្វៀន ភូ ត្រុ​ង។

គួរបញ្ជាក់​អោយដឹង​ផងដែរ​ថា ក្រៅពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាច្រើន​នៅក្នុង​សប្តាហ៍​នេះហើយ នាយករដ្ឋមន្ត្រី​ទាំងពីរ​គ្រោង​នឹងមាន​វត្តមានរ​រួមគ្នា​ជាថ្មីទៀត នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្ពោធ​មន្ទីរពេទ្យ​ជោ​រៃ នៅ​ថ្ងៃទី១៣ខែមករា​ក្រោយនេះ។ មន្ទីរពេទ្យ​ជោ​រៃ​របស់​វៀតណាម​ ត្រូវបាន​សាងសង់​នៅក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ​ លើផ្លូវ​ជាតិ​លេខ១ ជា​គម្រោង​វិនិយោគ​រួមគ្នា​រវាង​មន្ទីរពេទ្យ​ជោ​រៃ​របស់​វៀតណាម និង​ក្រុមហ៊ុន​សូ​គី​មិច​ក្នុងតម្លៃ១៥លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ