អានតួអត្ថបទ
កម្ពុជា

ប្រវត្តិសង្ខេប​របស់​ជន​ជាប់ចោទ​ក្នុង​សំណុំរឿង​០០២

ជនជាប់ចោទក្នុង​សំណុំរឿង ០០២ សុទ្ធសឹង​ជា​មេដឹកនាំ​កំពូលៗ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ធំៗ​ចំនួន​បួន គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្រ្គាម ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ (ការ​សម្លាប់​រង្គាល​ជនជាតិ​វៀតណាម និង​ជនជាតិ​ចាម) និង​ឧក្រិដ្ឋកម្ម​ផ្សេងទៀត ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ខ្មែរ ឆ្នាំ​១៩៥៦ (មនុស្សឃាត ការធ្វើទារុណកម្ម និង​ការវាយប្រហារ​លើ​សាសនា)។ ខាងក្រោម​នេះ គឺ​ជា​ប្រវត្តិរូប​សង្ខេប​របស់​ជនជាប់ចោទ​ទាំងបួន។

អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន ដែល​ជា​ជនជាប់ចោទ ក្នុង​សំណុំរឿង ០០២
អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន ដែល​ជា​ជនជាប់ចោទ ក្នុង​សំណុំរឿង ០០២ Reuters/Montage RFI
ផ្សាយពាណិជ្ជកម្ម

នួន ជា អតីត​ប្រធាន​សភា​​នៃ​កម្ពុជា​ប្រជាធិបតេយ្យ
នួន ជា អតីត​ប្រធាន​សភា​​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ©ECCC

នួន ជា

នួន ជា មាន​ឈ្មោះដើមថា ឡុង ប៊ុនរួត បច្ចុប្បន្ន​មាន​អាយុ ៨៤​ឆ្នាំ មាន​ដើមកំណើត​នៅ​ភូមិ​វត្ត​គ ក្នុង​ខេត្ត​បាត់ដំបង។ មុនពេល​ចូល​ប្រឡូក​ក្នុង​ចលនា​កុម្មុយនិស្ត​ខ្មែរ នួន ជា បាន​ទៅ​សិក្សា​ផ្នែក​ច្បាប់ នៅ​សកលវិទ្យា​ល័យ​ធម្មសាត ប្រទេស​ថៃ ហើយ​​បាន​ចូល​ជា​សមាជិក​គណបក្ស​កុម្មុយនិស្ត​ថៃ។ ក្រោយ​មក​ទើប​ នួន ជា​ សុំ​ផ្ទេរ​សមាជិក​ភាព​ពី​បក្ស​កុម្មុយនិស្ត​ថៃ ទៅ​បក្ស​កុម្មុយនិស្តកម្ពុជាវិញ។

នៅ​ឆ្នាំ​១៩៦០ នៅពេល ​ទូ សាមុត ឡើង​កាន់តំណែង​ជា​លេខាបក្ស​កុម្មុយនិស្តកម្ពុជា (ពេលនោះ​​មាន​ឈ្មោះ​ថា “បក្ស​ពលករ​កម្ពុជា”) នួន ជា ត្រូវ​បានតែងតាំង​ជា​អនុលេខា​បក្ស។ ឆ្នាំ​១៩៦៣ ក្រោយ​ពី​ទូ សាមុត បាត់ខ្លួន តំណែង​លេខាបក្ស បាន​ទៅ សាឡុត ស ហៅ​ប៉ុល ពត ចំណែក​ឯ នួន ជា ស្ថិត​នៅ​ជា​អនុលេខា​ដដែល។

ក្រោយ​ពេល​ដែល​ខ្មែរក្រហម​បាន​ឡើង​កាន់អំណាច នៅ​ឆ្នាំ​១៩៧៥ នួន ជា បាន​ក្លាយ​ទៅជា​​ប្រធាន​សភា។ ឯ​នៅ​ក្នុង​បក្ស នួន​ ជា នៅតែ​កាន់តំណែង​ជា​អនុលេខាបក្ស​ដដែល ហើយ​មាន​ភារៈ​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ​អង្គការ​ចាត់តាំង​បក្ស និង​ទទួល​បន្ទុក​កិច្ចការ​អប់រំ​នយោបាយ និង​មនោគមន៍​វិជ្ជា។ យោងតាម​ឯកសារ​ដែល​រក្សា​ទុក​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នួន ជា គឺ​ជា​អ្នក​​ចេញ​គោលនយោបាយ​ឲ្យ​កម្មាភិបាល​ថ្នាក់​មូលដ្ឋាន​អនុវត្ត ក្នុង​នោះ ក៏​មាន​​កម្មាភិបាល​នៅ​​មន្ទីរ ស២១ ឬ​គុកទួលស្លែងផងដែរ។

ក្រោយ​ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួលរលំ នួន ជា បាន​រត់ភៀស​ខ្លួន​ទៅ​រស់​នៅ​ជាយដែន​ខ្មែរ-ថៃ ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត។ ​នួន ជា បាន​ផ្តាច់ខ្លួន​ពី​ចលនា​ខ្មែរក្រហម នៅ​ចុង​ឆ្នាំ​១៩៩៨ ហើយ​ត្រូវបាន​​​តុលាកា​រខ្មែរក្រហម​ចាប់ឃុំខ្លួន នៅ​ខែកញ្ញា ឆ្នាំ២០០៧។
 

អៀង សារី អតីត​ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចការ​បរទេស
អៀង សារី អតីត​ឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចការ​បរទេស ©Reuters

អៀង សារី

អៀង សារី បច្ចុប្បន្ន មាន​អាយុ ៨៥​ឆ្នាំ មាន​ឈ្មោះ​ដើម គឹម ត្រាង មាន​ដើមកំណើត​នៅ​ខេត្ត​ត្រាវិញ កម្ពុជាក្រោម។ នៅពេល​មាន​អាយុ ២០​ឆ្នាំ អៀង សារី បាន​ចូលរៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។

ពេលរៀន​នៅ​ភ្នំពេញ អៀង សារី គឺ​ជា​មិត្តភ័ក្តិ​យ៉ាងជិតស្និទ្ធិ​​ជាមួយ​ ប៉ុល ពត។ ប៉ុល ពត និង​អៀង សារី សុទ្ធតែ​​បាន​ទទួល​អាហារូបករណ៍​ទៅ​​​បន្តការ​សិក្សា​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ ប៉ុល ពត​ ចេញ​ទៅ​បារាំង​នៅ​ឆ្នាំ​១៩៤៩ ហើយ​​អៀង សារី នៅ​ឆ្នាំ​១៩៥០។ នៅ​ឆ្នាំ​១៩៥១ អៀង សារី បាន​រៀបការ​ជាមួយ​អៀង ធីរិទ្ធិ ដែល​កំពុង​រៀន​នៅ​ទីក្រុង​ប៉ារីស​ដែរ។

នៅប៉ារីស ក្រៅពី​ប៉ុល ពត និង​អៀង ធីរិទ្ធិ អៀង សារី បាន​ជួប​ជាមួយ​នឹង​និស្សិត​ខ្មែរ​ផ្សេងទៀត ដូចជា ហ៊ូ យន់, សុន សេន, ខៀវ សំផន, រ័ត្ន សាមឿន, ជួន ម៉ុម និង​តូច ភឿន ជាដើម ដែល​ក្រោយ​មក​​សុទ្ធតែ​បាន​ក្លាយជា​មន្រ្តី​សំខាន់ៗ​របស់​ខ្មែរក្រហម។

អៀង សារី បាន​វិលត្រឡប់​ពី​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៥៧ ហើយ​​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​ឆ្នាំ​១៩៦០។ នៅ​ឆ្នាំ​១៩៦៣ នៅ​ពេល​ ប៉ុល ពត ជាប់​ឆ្នោត​ជា​លេខា​បក្ស អៀង សារី បាន​ក្លាយ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស បន្ទាប់​ពី ប៉ុល ពត និង​នួន ជា។

នៅ​ក្នុង​អំឡុងពេល​ខ្មែរក្រហម​កាន់អំណាច អៀង សារី មាន​តំណែង​ជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស។ នៅឆ្នាំ​១៩៧៩ ក្រោយ​ពេល​របបកម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ដួលរលំ អៀង សារី រួមជាមួយ​នឹង​ប៉ុល ពត ត្រូវ​បាន​តុលាការ​​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​កាត់ទោស​ប្រហារ​ជីវិត ពីបទ​ប្រល័យ​ពូជសាសន៍។

ក៏ប៉ុន្តែ អៀង សារី បាន​ទទួល​ការ​លើកលែងទោស ក្រោយ​ពី​បាន​ផ្តាច់ខ្លួន​ពី​ខ្មែរក្រហម ចុះចូល​ជាមួយ​រដ្ឋាភិបាល នៅឆ្នាំ​១៩៩៦។

អៀង សារី ត្រូវ​បាន​តុលាការ​ខ្មែរក្រហម ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០០៧។
 

ខៀវ សំផន អតីត​ប្រមុខរដ្ឋ
ខៀវ សំផន អតីត​ប្រមុខរដ្ឋ ©វណ្ណារ៉ា/RFI

ខៀវ សំផន

ខៀវ សំផន បច្ចុប្បន្ន​អាយុ ៧៩​ឆ្នាំ មាន​ដើម​កំណើត​​ នៅខេត្ត​ស្វាយរៀង។

ខៀវ សំផន បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៥៣ ហើយ​បាន​ទទួល​​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច នៅ​ឆ្នាំ​១៩៥៨ ពី​សកលវិទ្យាល័យ Panthéon-Sorbonne ទីក្រុង​ប៉ារីស។

ក្រោយ​ពី​វិលត្រឡប់​ពី​ប្រទេស​បារាំងវិញ ខៀវ សំផន បាន​ប្រកប​អាជីព​ជា​សាស្រ្តាចារ្យ​នៅ​មហាវិទ្យាល័យ​ច្បាប់ នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ឆ្នាំ​១៩៦២ ខៀវ សំផន បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត និង​ត្រូវបាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រដ្ឋាភិបាល​នៃ​សង្គមរាស្រ្តនិយម។

ដោយ​ត្រូវ​ប្រឈមមុខនឹង​ការកាត់ទោស ពីបទ​ញុះញង់​ឲ្យ​មាន​អំពើ​បះបោរ​នៅ​សំឡូត កាល​ពី​ខែមេសា ឆ្នាំ​​១៩៦៧ ខៀវ សំផន រួមជាមួយ​នឹង​តំណាងរាស្រ្ត​ពីររូបទៀត គឺ​ហ៊ូ យន់ និង​ហ៊ូ នឹម​ បានរត់ចេញ​ពី​ភ្នំពេញ ទៅចូលរួម​ក្នុង​ចលនាតស៊ូ​ខ្មែរក្រហម។

នៅ​ឆ្នាំ​១៩៧៦ ខៀវ សំផន ត្រូវបាន​តែងតាំង​ជា​ប្រមុខរដ្ឋ នៃ​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស​សម្តេច នរោត្តម សីហនុ ដែល​បាន​លាលែង​ចេញ​ពីតំណែង។ នៅ​ឆ្នាំ​ដដែល​នោះ ខៀវ សំផន ត្រូវបាន​បក្ស​កុម្មុយនិស្ត​កម្ពុជា​បញ្ចូល​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស​ ​ រួមជាមួយ​នឹង​មនុស្ស ៩​រូប​ផ្សេងទៀត គឺ ប៉ុល ពត, នួន ជា, អៀង សារី, វន វ៉េត, សោ ភឹម, សុន សេន, ឈិត ជឿន ហៅ​ម៉ុក, ញឹម រស់ និងកែ ពក។

ក្រោយ​ពី​របប​ខ្មែរក្រហម​​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ ខៀវ សំផន បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស​ប៉ុល ពត ហើយ​បាន​ធ្វើ​ជា​តំណាង​ខ្មែរក្រហម នៅ​ក្នុង​ការ​ចរចា​សន្តិភាព ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ក្រោយ​ពេល​ចុះ​កិច្ចព្រមព្រៀង​​ក្រុងប៉ារីស ខៀវ សំផន រួមជាមួយ​នឹង​សុន សេន បាន​ធ្វើ​ដំណើរ​ចូល​មក​ទីក្រុង​ភ្នំពេញ ដើម្បី​បំពេញ​មុខងារ​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិជាន់ខ្ពស់ ក៏ប៉ុន្តែ ត្រូវ​បង្ខំ​ចិត្ត​​​ចាកចេញ​ទៅ​ប្រទេស​ថៃ​វិញ នៅថ្ងៃ​ដដែល ក្រោយ​ពី​ប្រឈមមុខនឹង​​កុបកម្ម​ប្រឆាំង។

ខៀវ សំផន បាន​ផ្តាច់ខ្លួន​ពី​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៩៨ ហើយ​បាន​រស់នៅ​ទីក្រុង​ប៉ៃលិន រហូតដល់​ពេល​តុលាការ​ខ្មែរក្រហម​ចាប់ខ្លួន នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៧។

អៀង ធីរិទ្ធិ​ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច
អៀង ធីរិទ្ធិ​ អតីត​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច ©Reuters

អៀង ធីរិទ្ធិ

អៀង ធីរិទ្ធិ បច្ចុប្បន្ន​ មាន​អាយុ ៧៩​ឆ្នាំ មានឈ្មោះដើម​ ខៀវ ធីរិទ្ធិ ជា​ប្អូន​ស្រីបង្កើត​របស់​ខៀវ ប៉ុណ្ណារី ដែល​ត្រូវ​ជា​ភរិយា​របស់​ប៉ុល ពត។

ក្រោយ​ពី​​បាន​បញ្ចប់​ការ​សិក្សា នៅ​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ ខៀវ ធីរិទ្ធិ បាន​ចេញ​ទៅ​បន្តការ​សិក្សា​ផ្នែក​អក្សរសាស្រ្ត​អង់គ្លេស នៅ​សកលវិទ្យា​ល័យ Sorbonne ក្រុង​ប៉ារីស។ ក្រោយ​ពី​បាន​រៀបការ​ជាមួយ​អៀង សារី នៅ​ឆ្នាំ​១៩៥១ ខៀវ ធីរិទ្ធិ បាន​ប្រើឈ្មោះ អៀង ធីរិទ្ធិ​ វិញ ដោយ​​យក​ត្រកូល​តាម​ប្តី។ អៀង ធីរិទ្ធិ គឺ​ជា​ជនជាតិ​ខ្មែរ​ដំបូង​បំផុត ដែល​បាន​ទទួល​សញ្ញាបត្រ​ផ្នែក​អក្សរសាស្រ្ត​អង់គ្លេស។

ក្រោយ​ពី​បាន​វិលត្រឡប់​ពី​ប៉ារីស​ នៅ​ឆ្នាំ​១៩៥៧ អៀង ធីរិទ្ធិ​​បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​អង់គ្លេស នៅ​​វិទ្យាល័យ​ឯកជន​ក្នុង​​ក្រុង​ភ្នំពេញ ហើយ​បាន​ទៅរស់​នៅ​ផ្ទះ​ជាមួយ​​ ប៉ុល ពត និង​ខៀវ ប៉ុណ្ណារី ជា​បងស្រី។

នៅ​ពេល​ខ្មែរក្រហម​ឡើង​កាន់អំណាច អៀង ធីរិទ្ធិ​ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច។

អៀង ធីរិទ្ធិ បាន​ផ្តាច់ខ្លួន​ពី​ខ្មែរក្រហម ​ហើយ​ត្រូវ​បាន​តុលាការ​ខ្មែរក្រហម​ចាប់​ខ្លួន ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ អៀង សារី។

កាលពីថ្ងៃ​ទី១៧ វិច្ឆិកា ២០១១ អង្គជំនុំជម្រះ​សាលាដំបូង នៃ​តុលាការ​ខ្មែរក្រហម​បាន​ចេញ​សេចក្តី​សម្រេច​ដោះលែង​លោកស្រី អៀង ធីរិទ្ធិ​ ក្នុង​ហេតុផល​ថា លោកស្រី​មាន​ជំងឺ​វិកលចរិក និង​ភ្លេចភ្លាំង មិនមាន​កាយសម្បទា​គ្រប់គ្រាន់ ក្នុង​ការ​ចូលរួម​ក្នុង​សវនាការ។ ក៏ប៉ុន្តែ ការដោះលែង​លោកស្រី អៀង ធីរិទ្ធិ ត្រូវបាន​តុលាការ​កំពូល​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន ក្រោយ​ពី​ទទួល​បណ្តឹង​សាទុក្ខ ពី​សហព្រះរាជអាជ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ