អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អេហ្ស៊ីប៖ គម្រោងច្បាប់​រដ្ឋធម្មនុញ្ញថ្មី​បាន​ផ្តល់​អំណាច​ច្រើន​ឲ្យ​យោធា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប គណៈកម្មការ​ធម្មនុញ្ញ​ទើប​បាន​អនុម័ត​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃ​អាទិត្យ ទី១ ធ្នូ។ តែ​ដើម្បី​អាច​ឲ្យ​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​ចូល​ជា​ធរមាន​បាន គឺ​ត្រូវ​តែ​មាន​ការ​ទទួល​យល់​ព្រម​ពី​ប្រជាជន។ រដ្ឋាភិបាល​ស្តីទី​​គ្រោង​នឹង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ដំណាច់​ខែ​ធ្នូ​នេះ ឬមួយ​ក៏​ដើម​ខែ​មករា ឆ្នំា ២០១៤ ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​បាន​ផ្តល់​អំណាច​យ៉ាង​ច្រើន​ឲ្យ​កងទ័ព។ តើ​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស​អេហ្ស៊ីប​ពេល​នេះ មិនមែន​កំពុង​ជម្រុញ​ប្រទេស​ឲ្យ​វិល​ទៅ​រក​ទ្រនំ​ចាស់ និង​បញ្ឆេះ​ការ​បះបោរ​របស់​ប្រជាជន​ជា​ថ្មី​ទេ ឬ​យ៉ាង​ណា?

លោក Mohamed Salmawy អ្នកនំាពាក្យ​គណៈកម្មការ​ធម្មនុញ្ញ​ នៅ​ក្នុង​សន្និសីតកាសែត
លោក Mohamed Salmawy អ្នកនំាពាក្យ​គណៈកម្មការ​ធម្មនុញ្ញ​ នៅ​ក្នុង​សន្និសីតកាសែត REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ដោយ​គ្មាន​ភ្ញាក់ផ្អើល គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​មាន ២៤៧មាត្រា​ត្រូវ​បាន​គណៈកម្មការ​ធម្មនុញ្ញ​អនុម័ត​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​អាទិត្យ ទី១ ធ្នូ ដោយ​មាន​សម្លេង​គំាទ្រ​រហូត​ដល់​ទៅ ៧៥% នៅ​ក្នុង​ចំណោម​សមាជិក​ទំាង ៥០រូប​ដែល​មាន​នៅ​ក្នុង​គណៈកម្មការ​នោះ។ តែ​ដើម្បី​អាច​ឲ្យ​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​ចូល​ជា​ធរមាន​បាន គឺ​ត្រូវ​តែ​ឆ្លង​កាត់​ពីរ​ដំណាក់កាល​ទៀត ទី១ ត្រូវ​ឲ្យ​មាន​ការ​យល់ព្រម​ពី​លោក​ប្រធានាធិបតី​ស្តីទី និង​ដំណាក់កាល​ទី២ ត្រូវ​តែ​ដាក់​ឲ្យ​ប្រជាជន​បោះឆ្នោត​ទទួល​យក។ ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ដំណាច់​ខែ​ធ្នូ ឬ​មួយ​ក៏​ដើម​ខែ​មករា​ឆ្នំា ២០១៤។

គួរ​ជម្រាប​ជូន​ថា សមាជិក​ទំាង ៥០រូប​របស់​គណៈកម្មការ​ធម្មនុញ្ញ​ត្រូវ​បាន​តែងតំាង​ដោយ​រដ្ឋាភិបាល​ស្តីទី​ដឹកនំា​ដោយ​កងទ័ព និង​ដែល​មាន​តួនាទី ជា​អ្នក​ពិនិត្យ សើរើ​មើល​ឡើង​វិញ​នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​បាន​អនុម័ត​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ម័រស៊ី។ លោក​ម័រស៊ី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានាធិបតី​អេហ្ស៊ីប​ជាប់ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នំា ២០១២ តែ​ត្រូវ​បាន​កម្លំាង​យោធា​កំចាត់​ចេញ​ពី​អំណាច​វិញ​ក្នុង​ឆ្នំា ២០១៣។ គឺ​តំាង​ពី​ពេល​នោះ​ឯង ដែល​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​ជំនាន់​លោក​ម័រស៊ី​ត្រូវ​បាន​ព្យួរ​មក​ដល់​សព្វថ្ងៃ និង​ប្រទេស​ស្ថិត​ក្រោម​រដ្ឋាភិបាល​ស្តីទី​ដែល​ដឹកនំា​ដោយ​កងទ័ព។

ឥឡូវ​នេះ គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​កែប្រែ និង​អនុម័ត​ចប់​សព្វ​គ្រប់​អស់​ហើយ ដោយ​រង់ចំា​តែ​ការ​បោះឆ្នោត​ទទួល​យក​ពី​ប្រជាជន​តែ​ប៉ុណ្ណោះ។ តែ​បញ្ហា​នៅ​ត្រង់​ថា មាន​មាត្រា​មួយ​ចំនួន​នៃ​គម្រោង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​បាន​និង​កំពុង​បង្ក​ឲ្យ​មាន​ការ​តស៊ូមតិ​យ៉ាង​ផុសផុល។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ និង​ថា តើ​វា​មិន​មែន​គួរ​ឲ្យ​ចម្លែក​ពេក​ទេ​ដឹង?

វា​ពិត​ជា​មិន​ចម្លែក​ទេ ប្រសិន​បើ​គេ​បាន​ស្គាល់​អំពី​ប្រវត្តិ​នៃ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នោះ។ មិន​ខុស​ពី​ប្រទេស​មួយ​ចំនួន​​ក្នុង​លោក​ទេ ប្រទេស​អេហ្ស៊ីប​បាន​ស្គាល់​តែ​ដឹក​នំា​ដោយ​របប​ផ្តាច់ការ​យោធា ឬ​មួយ​ក៏​ថា កងទ័ព​ជា​អ្នក​ដែល​មាន​អំណាច​ពិតប្រាដ និយាយ​បែប​ម្យ៉ាង​ទៀត ស្ថាប័ន​យោធា ជា​ស្ថាប័ន​កំពូល​មិន​អាច​ប៉ះ​បាន។ គឺ​ទើប​តែ​ក្រោយ​បដិវត្ត​របស់​ប្រជាជន​ផ្តួលរំលំ​របប​លោក​ប្រធានាធិបតី​មូបារ៉ាក់​ក្នុង​ឆ្នំា ២០១១ ទេ ដែល​ប្រជាជន​អេហ្ស៊ីប​បាន​ស្គាល់​ប្រធានាធិបតី​ម្នាក់​ដែល​ខ្លួន​បាន​ជ្រើសរើស​ក្នុង​ឆ្នំា ២០១២ គឺ​លោក​ម៉ូហាមេត ម័រស៊ី។ តែ​កាន់​តំណែង​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​តែ​ត្រូវ​បាន​កងទ័ព​ទម្លាក់​ចោល​បាត់​ទៅ។

ដូច្នេះ​ឃើញ​ថា វា​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​រៀបចំ​កែប្រែ​ដោយ​ពួក​យោធា​នៅ​ពេល​នេះ​បាន​និង​កំពុង​បំផុស​ឲ្យ​មាន​កំហឹង​ក្តៅ​ក្រហាយ​ពី​ប្រជាជន​នោះ ពិសេស​ពី​ក្រុម​អ្នកគំាទ្រ​ម័រស៊ី ព្រោះ​ថា ក្រុម​យោធា​បាន​រៀបចំ​តាក់តែង​ច្បាប់​រដ្ឋធម្មនុញ្ញ​មួយ​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន មិន​ខុស​អ្វី​នឹង​ឃ្លា​មួយ​ដែល​ថា ពួក​គេ​បាន​ផ្សំគ្រឿង​សម្ល​មួយ​ឆ្នំាង​ដើម្បី​តម្រូវ​រសជាតិ​មាត់​ខ្លួន​ឯង។

ក្នុង​ចំណោម​មាត្រា​ទំាង ២៤៧ ដែល​មាន​នៅ​ក្នុង​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ មាន​មាត្រា​មួយ​ចំនួន​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ក្តៅក្រហាយ​ជា​ពន់ពេក។ មាត្រា​ទំាង​នោះ​មាន​ដូច​ជា ទី១ ការ​អនុញ្ញាត​ឲ្យ​តុលាការ​យោធា​មាន​សិទ្ធិ​កាត់ទោស​លើ​ជនស៊ីវិល​ណា​ដែល​បាន​វាយប្រហារ​លើ​រាងកាយ​ទាហាន វាយប្រហារ​លើ​ទីតំាង​យោធា ឬ​មួយ​ក៏​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ទាហាន​ជា​ដើម ទី២ រដ្ឋសភា និង​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​នឹង​គ្រប់គ្រង​ថវិការ​របស់​កងទ័ព​ទេ និង​ទី៣ ការ​តែងតំាង​រូប​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ចំាបាច់​ត្រូវ​តែ​មាន​ការ​យល់ព្រម​ពី​ក្រុមប្រឹក្សា​យោធា​ជាន់ខ្ពស់ ហើយ​រូប​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​នោះ​ត្រូវ​តែងតំាង​សម្រាប់​រយៈពេល ២អណត្តិ។

នៅ​ក្នុង​ករណី​នេះ លោក​ឧត្តមសេនីយ៍ Abdel Fattah al-Sissi ដែល​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​ជា​អគ្គមេញ្ជាការ គឺ​ជា​មនុស្ស​ខ្លំាង​នៅ​អេហ្ស៊ីប និង​ដែល​គ្មាន​នរណា​អាច​ប៉ះ​បាន​នៅ​ក្នុង​រដ្ឋាភិបាល​ស្តីទី​សព្វថ្ងៃ។ ប្រសិន​បើ​លោក Abdel មិន​សម្រេច​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ខាង​មុខ​ទេ លោក​នឹង​ត្រូវ​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​សម្រាប់​រយៈពេល ៨ឆ្នំា។ ក្រៅ​ពី​មាត្រា​ទំាង ៣ ខាង​លើ ក៏​នៅ​មាន​មាត្រា​មួយ​ចំនួន​ទៀត​ដែល​កំពុង​បង្ក​ឲ្យ​មាន​សង្រ្គាមប៉ាកកា​យ៉ាង​ផុសផុល​ដែរ ពិសេស មាត្រា​ដែល​ចែង​ពី​សិទ្ធិ​ធ្វើ​បាតុកម្ម។ មាត្រា​​ថ្មី​ស្តីពី​សិទ្ធិ​ធ្វើ​បាតុកម្ម​បាន​រឹតបន្តឹង​សិទ្ធិ​បញ្ចេញ​មតិ​នយោបាយ​ជា​សាធារណៈ និង​ផ្តល់​អំណាច​ច្រើន​ឲ្យ​កម្លំាង​សមត្ថកិច្ច​ក្នុង​ការ​វាយបង្រ្កាប​លើ​ហ្វូង​បាតុករ។

អ្វី​ដែល​ប្រជាជន​អេហ្ស៊ីប​ក្តៅក្រហាយ​ខ្លំាង​ជាង​គេ​នោះ គឺ​មាត្រា​ដែល​បាន​អនុញ្ញាត​ឲ្យ​តុលាការ​យោធា​មាន​សិទ្ធិកាត់ទោស​ជនស៊ីវិល​ដូច​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​មូបារ៉ាក់។ គឺ​មាត្រា​មួយ​នេះ​ឯង​ដែល​បាន​បង្ក​ឲ្យ​មាន​បដិវត្ត​ប្រជាជន​ទម្លាក់​លោក​មូបារ៉ាក់​ក្នុង​ឆ្នំា ២០១១ កន្លង​ទៅ។

សរុប​មក​ឃើញ​ថា ជិត ៣ឆ្នំា ក្រោយ​ការ​ធ្វើ​បដិវត្ត​របស់​ប្រជាជន​ទម្លាក់​លោក​ប្រធានាធិបតី​មូបារ៉ាក់ និង ៥ខែ ក្រោយ​ពី​ក្រុម​ឧត្តមសេនីយ៍​កំចាត់​លោក​ប្រធានាធិបតី​ម័រស៊ី​មក ក្រុម​ឧត្តមសេនីយ៍​បាន​និង​កំពុង​នំា​អេហ្ស៊ីប​ទៅ​កាន់​គន្លង​ចាស់។ គន្លង​ចាស់​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​របប​ថ្មី​ខាង​មុខ​នឹង​ត្រូវ​ទទួល​ផលវិបាក​ដូច​របប​ចាស់ ឬ​មួយ​ក៏​អត់​ទេ។ អ្វី​ដែល​គេ​ដឹង គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នឹង​ត្រូវ​គេ​ដាក់​ឲ្យ​ប្រជាជន​បោះឆ្នោត​នៅ​ដំណាច់​ខែ​ធ្នូ ឬ​ក៏​ដើម​ខែ​មករា​ឆ្នំា ២០១៤។ នៅ​ត្រង់​ថា ប្រជាជន​ចូលរួម​បោះឆ្នោត ឬ​មួយ​ក៏​ធ្វើ​បដិវត្ត​ជា​ថ្មី វា​ជា​រឿង​មួយ​ដែល​គេ​ត្រូវ​រង់ចំា​មើល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ