អានតួអត្ថបទ
អេហ្ស៊ីប

លោក​​មរស៊ី​​នឹង​​ដាក់ពាក្យ​​​​ប្តឹងតុលាការ​​ប្រឆាំង​​បណ្តាជន​​ដែល​ធ្វើ​​រដ្ឋប្រហារ​​ទំលាក់​រូបលោក​​

អតីត​ប្រធានាធិបតីអេហ្ស៊ីប មហាមេដ ​​មរស៊ី ​​នឹង​​ធ្វើបណ្តឹង​ទៅ​តុលាការ​ដើម្បី​ប្រឆាំងបណ្តា​ជន​ដែល​បាន​​ធ្វើរដ្ឋប្រហារ​ទំលាក់​​រូបលោក​ចេញពីតំណែង​ប្រធានាធិបតី។ នេះ​បើ​យោងតាម​​ការប្រាប់អោយដឹង​ពីមេធាវី​របស់​លោកមរស៊ី នៅថ្ងៃ​ពុធនេះ។ ដោយឡែក នៅថ្ងៃ​ពុធ​នេះដែរ តុលាការ​​បាន​សំរេច​អោយ​អេហ្ស៊ីប​បិទបញ្ចប់​​ស្ថានភាពប្រកាស​​អាសន្ន​ ដែល​កងទ័ព​បាន​ដាក់ចេញ ​តាំងពី​ពាក់កណ្តាល​ខែសីហា​មក។

ទិដ្ឋភាព​ប្រទេស​អេហ្ស៊ីប បន្ទាប់​ពីមាន​រដ្ឋប្រហារ​ទំលាក់​លោក មរស៊ី កាលពី​ដើម​ខែកក្កដា
ទិដ្ឋភាព​ប្រទេស​អេហ្ស៊ីប បន្ទាប់​ពីមាន​រដ្ឋប្រហារ​ទំលាក់​លោក មរស៊ី កាលពី​ដើម​ខែកក្កដា REUTERS/Louafi Larbi
ផ្សាយពាណិជ្ជកម្ម

អតីត​ប្រធានាធិបតីអេហ្ស៊ីប មហាមេដ ​​មរស៊ី ​​នឹង​​ធ្វើបណ្តឹង​ពីបទឧក្រិដ្ឋទៅ​តុលាការ ដើម្បី​​​​ប្រឆាំងរាល់​បណ្តា​ជន​ដែល​បាន​ធ្វើរដ្ឋប្រហារទំលាក់​រូបលោកចេញពីតំណែង​ប្រធានាធិបតី​ កាលពី​ដើមខែ​កក្កដា កន្លងទៅ។ នេះ​បើយោងតាម​​មេធាវី​របស់​លោកមរស៊ី នៅថ្ងៃ​ពុធនេះ។

សំរាប់​លោកមរស៊ី រដ្ឋប្រហារ​កន្លងមកនោះ គឺ​ជា​បទឧក្រិដ្ឋសុទ្ធសាធ។​ នៅអេហ្ស៊ីប ​លោកមរស៊ី​​​​​​​កំពុង​ជាប់ឃុំ​​​​ពី​បទ​ញុះញង់​អោយ​មាន​ការ​សម្លាប់​មនុស្ស ទាក់ទង​​បាតុកម្ម ខែ​ធ្នូ​ឆ្នាំ២០១២ នៅ​មុខវិមាន​ប្រធានាធិបតី​អេហ្ស៊ីប។ កាលណោះ មានមនុស្ស​ជាង១០នាក់​បាន​ស្លាប់​ ដោយ​ការ​ប៉ះទង្គិច​គ្នារវាង​សកម្មជន​បក្ស​ភាតរអ៊ីស្លាម​របស់​លោក​ និង​បាតុករ​ដែល​ទាមទារ​អោយ​លោក​​ចុះពីអំណាច។ តុលាការ​អេហ្ស៊ីប​នឹង​បើកសវនាការ​កាត់ទោស​លោក នៅ​ថ្ងៃ៨មករា​​ឆ្នាំ២០១៤​ខាងមុខ។​

គួររំលឹកថា ​នៅដើមកក្កដា​ កន្លងទៅ​ ប្រមុខ​ទ័ព​អេហ្ស៊ីប​​លោក អាល់​ស៊ីសស៊ី គឺ​ជាអ្នក​ដែល​បាន​ប្រកាស​ពី​ការទំលាក់​លោកមរស៊ី​ពី​អំណាច និង​ការឃុំរូប​លោកមរស៊ី​​។ ប្រមុខ​ទ័ព​អេហ្ស៊ីប​ក៏បាន​​ចាត់តាំង​រដ្ឋាភិបាល​ស្តីទី​មួយ​ អោយ​សើរើ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​​សភា និង​ប្រធានាធិបតី​ នៅឆ្នាំ២០១៤ខាងមុខដែរ។

ដោយឡែក នៅថ្ងៃ​ពុធ​នេះដែរ តុលាការ​​អេហ្ស៊ីប​​បាន​ចេញបញ្ជា​អោយ​រដ្ឋាភិបាល​​​បិទបញ្ចប់​​ស្ថានភាព​ប្រកាស​​​អាសន្ន​ក្នុងប្រទេស​ នៅថ្ងៃ​ព្រហស្បត្តិ៍​​នេះ។ ស្ថានភាពអាសន្ន​នេះត្រូវបាន​​កងទ័ព​បាន​ដាក់​ចេញ តាំងពី​ពាក់កណ្តាល​ខែសីហា​មក។ រដ្ឋាភិបាល​អេហ្ស៊ីប​បាន​ប្រាប់ថា ខ្លួន​គោរព​ការសំរេច​របស់តុលាការ​ ប៉ុន្តែ​រង់ចាំ​អោយមាន​ញត្តិ​​ផ្លូវការ​សិន មុន​នឹង​អនុវត្ត​សេចក្តី​សំរេច​នេះ។

គួររំលឹកថា កាលពី​ថ្ងៃ​១៤សីហា ប្រធានាធិបតី​ស្តីទី លោក អាល់ឌី ម៉ាន់ស៊ួ បាន​ប្រកាស​ដាក់​អេហ្ស៊ីប​ក្នុង​ស្ថានភាព​អាសន្ន ព្រមទាំង​ដាក់បំរាម​គោចរ​មិនអោយ​ប្រជាជន​ចេញដើរ​ពេលយប់​ផងដែរ​។ ថ្ងៃ​១៤សីហា​ ឆ្នាំ​២០១៣ ក៏​ជាថ្ងៃ​ដែល​កងទ័ព​អេហ្ស៊ីបបាន​​បង្ក្រាប​បាតុកម្ម​របស់​សកម្មជន​គាំទ្រ​លោកមរស៊ី ធ្វើអោយ​មាន​មនុស្ស​ស្លាប់​រាប់រយនាក់ផងដែរ។

ការប្រកាស​ដាក់​អេហ្ស៊ីប​អោយស្ថិត​ក្នុង​ស្ថានភាព​​អាសន្ន​ ជា​ការផ្តល់អំណាច​ទូលំទូលាយ​ដល់​សេវា​ការពារសន្តិសុខ​ជាតិ ប៉ុន្តែ​ យោងតាម​ក្រិត្យ​ច្បាប់​មួយ​របស់​អេហ្ស៊ីប​ រដ្ឋាភិបាល​អាច​​​​ប្រកាស​ស្ថានភាព​អាសន្ន​នេះជាថ្មីបាន​ លុះត្រា​តែ​ឆ្លងកាត់​ការបោះឆ្នោត​ប្រជាមតិ​​ជាមុន​សិន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ