ក្រុមហ៊ុនរថយន្តបារាំងRenault ចុះកិច្ចព្រមព្រៀងតម្លៃ៦៦០លានអឺរ៉ូជាមួយអ៊ីរ៉ង់
ថ្ងៃចន្ទ៧សីហានេះ ក្រុមហ៊ុនរថយន្តបារាំង Renault បានចុះកិច្ចព្រមព្រៀងវិនិយោគតម្លៃ៦៦០លានអឺរ៉ូ ជាមួយអ៊ីរ៉ង់ ដើម្បីបង្កើតរោងចក្រផលិតរថយន្តនៅអ៊ីរ៉ង់។ យោងតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនបារាំងនិងអ៊ីរ៉ង់រួមគ្នា មានទិសដៅផលិតរថយន្តអោយបាន៣សែនគ្រឿង ក្នុងមួយឆ្នាំៗ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កិច្ចព្រមព្រៀងវិនិយោគតម្លៃ៦៦០លានអឺរ៉ូ ដែលក្រុមហ៊ុន Renault ចុះហត្ថលេខាជាមួយអ៊ីរ៉ង់ ថ្ងៃចន្ទនេះ ជាលទ្ធផលនៃកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Renaultនិងរដ្ឋមន្ត្រីឧស្សាហកម្មអ៊ីរ៉ង់ លោករ៉េហ្សា ណេម៉ាតហ្សាដិ កាលពីខែកញ្ញាឆ្នាំ២០១៦ តំរូវអោយបង្កើតសហគ្រាសរួមគ្នាមួយរវាងក្រុមហ៊ុន Renaultនិងអ៊ីរ៉ង់។ សហគ្រាសផលិតរថយន្តចែងក្នុងកិច្ចព្រមព្រៀងនេះ នឹងបោះទីតាំងឡើង នៅទីក្រុងSaveh ចំងាយ១២០គីឡូម៉ែត្រ ភាគនិរតីទីក្រុងតេហេរ៉ង់។
យោងតាមកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក្រុមហ៊ុន Renault កាន់កាប់សហគ្រាសរួមគ្នានេះ ៦០ភាគរយ ហើយ២០ភាគរយទៀត គឺខាងផ្នែកសាធារណៈអ៊ីរ៉ង់ជាអ្នកកាន់កាប់។ រោងចក្របារាំង-អ៊ីរ៉ង់ មានទិសដៅផលិតរថយន្តអោយបាន៣សែនគ្រឿងក្នុងមួយឆ្នាំៗ។ ដំណាក់កាលដំបូងនៃការផលិតពេលនេះ គឺផលិតអោយបាន១សែន៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ រួចហើយចាប់ពីឆ្នាំ២០១៩ទៅ ការផលិតនឹងធ្វើអោយបានដល់ទិសដៅ៣សែនគ្រឿងក្នុងមួយឆ្នាំ។ សហគ្រាសបារាំង-អ៊ីរ៉ង់នឹងផលិតរថយន្តម៉ាក Renault Symbol និង Duster de Dacia។ ម៉ាកDuster de Dacia ជារបស់រ៉ូម៉ានី តែត្រូវបានក្រុមហ៊ុន Renault ទិញយក។ មួួយឆ្នាំកន្លះទៀត សហគ្រាសបារាំង-អ៊ីរ៉ង់អាចលក់យានយន្តដំបូងរបស់ខ្លួនហើយ។
ក្រុមហ៊ុន Renault បានលើកសរសើរអ៊ីរ៉ង់ថា គេស្គាល់អ៊ីរ៉ង់ដោយសារអ៊ីរ៉ង់មានសមត្ថភាពផ្នែកឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធយានយន្ត និងធនធានមនុស្ស។ កិច្ចព្រមព្រៀងរវាង Renault និងអ៊ីរ៉ង់គូសបញ្ជាក់ពីកិច្ចសន្យា Renault ក្នុងប្រតិបត្តិការយូរអង្វែងនៅអ៊ីរ៉ង់។ ក្រុមហ៊ុនបារាំង Renault លើកឡើងដែរថា គេអាចនឹងផលិតយានយន្តបានរហូត២លានគ្រឿង ក្នុងមួយឆ្នាំៗ នៅអ៊ីរ៉ង់ គិតចាប់ពីឆ្នាំ២០២០ទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ