អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុមប្រទេស​ជាមិត្ត​របស់​ក្រុមឧទ្ទាមស៊ីរី​កំពុង​ចរចា​គ្នា​ដើម្បី​បញ្ជូន​អាវុធឲ្យ​ក្រុមឧទ្ទាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​សៅរ៍ ទី២២ មិថុនា​នេះ ក្រុមប្រទេស​ទំាង ១១ ដែល​គំាទ្រ​ក្រុមឧទ្ទាម​ស៊ីរី​បាន​រួម​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា។ ក្រុម​ប្រទេស​ទំាង ១១ នោះ​មាន​បារំាង អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម តួកគី និង​ប្រទេស​អេហ្ស៊ីប។

ទាហាន​ស៊ីរី​សេរី របស់​ក្រុមប្រឆំាង
ទាហាន​ស៊ីរី​សេរី របស់​ក្រុមប្រឆំាង REUTERS/Muzaffar Salman
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​កិច្ចប្រជុំ​មុនៗ​ដែរ គោលដៅ​សំខាន់ គឺ​ស្វែង​រក​ជំហរ​រួម​គ្នា​មួយ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ក្រុមឧទ្ទាម​ស៊ីរី ពិសេស​ផ្តល់​ជំនួយ​ជា​គ្រឿងសព្វាវុធ​ឲ្យ​ក្រុម​នេះ​ដើម្បី​ប្រឈម​ទប់​នឹង​កម្លំាង​របស់​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហា អាល់អាសាដ។ កម្លំាង​របស់​លោក​បាស្ហា​ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លំាង និង​កំពុង​មាន​ប្រៀបជាង​កម្លំាង​ឧទ្ទាម​ឆ្ងាយ​ណាស់ ពិសេស​គឺ​គ្រឿង​សព្វាវុធ។ ពួក​ឧទ្ទាម​មាន​ត្រឹមតែ​កំាភ្លើង​ធម្មតា ចំណែក​នៅ​ខាង​កម្លំាង​របស់​លោក​អាស្ហា​មាន​បំពាក់​ទៅ​ដោយ​កំាភ្លើង​ស្វ័យប្រវត្តិ​ទំនើបៗ យន្តហោះ​ចម្បំាង រថក្រោះ ព្រម​ទំាង​អាវុធ​គីមី។ ជារួម តុល្យភាព​ធនធាន​មនុស្ស និង​គ្រឿងសព្វាវុធ​រវាង​កម្លំាង​ឧទ្ទាម និង​កម្លំាង​រដ្ឋាភិបាល​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ណាស់។ តំាង​ពី​សង្រ្គាមស៊ីវិល​នៅ​ស៊ីរី​បាន​ផ្ទុះ​ឡើង​ក្នុង​ខែ​មីនា ឆ្នំា ២០១១ មក កម្លំាង​រដ្ឋាភិបាល​នៅ​តែ​មាន​កម្លំាង​ខ្លំាង និង​ថែម​ទំាង​បាន​វាយដណ្តើម​យក​មក​វិញ​នូវ​ទីតំាង​របស់​ក្រុម​ឧទ្ទាម។ ថ្មីៗ​ចុង​ក្រោយ​នេះ គឺ​ការ​វាយដណ្តើម​កាន់កាប់​ទីក្រុង Qousseir ដោយ​មាន​ជំនួយ​គំាទ្រ​ពី​យុទ្ធជន Hezbollah លីបង់។

ក្រោម​ភ្នែក​ច្រមុះ​របស់​ក្រុមប្រទេស​ជាមិត្ត​របស់​ក្រុមឧទ្ទាម​ស៊ីរី វា​ជា​រឿង​មួយ​បន្ទាន់​បំផុត​ដែល​គេ​ត្រូវ​ជួយ​គំាទ្រ​ក្រុមឧទ្ទាម ពិសេស​គឺ​ជំនួយ​ជា​គ្រឿង​សព្វាវុធ។ ត្រង់​ចំណុច​នេះ ក្រុមឧទ្ទាម​ធ្លាប់​បាន​ទាមទារ​យ៉ាង​ទទូច​ជា​ច្រើន​លើក ច្រើនសារ។ នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​នេះ​ទៀត ក្រុម​ឧទ្ទាម​បាន​ធ្វើ​បញ្ជី​គ្រឿងសព្វាវុធ​ដែល​ខ្លួន​ចង់​បាន​ជា​បន្ទាន់ រួម​មាន អាវុធ​ធុនធ្ងន់ កំាភ្លើង​បាញ់​យន្តហោះ កំាភ្លើង​បាញ់​រថក្រោះ សម្ភារៈ​ទូរគមនាគមន៍ ព្រមទំាង​ម៉ាស់​ការពារ​ឧស្ម័នពុល។ ជាមួយ​គ្នា​នេះ ក្រុមឧទ្ទាម​ក៏​បាន​ស្នើ​ឲ្យ​បង្កើត​តំបន់ហោះហើរ​ហាមឃាត់​ដើម្បី​រារំាង​ការ​ទម្លាក់​គ្រាប់បែក​ពី​កម្លំាង​រដ្ឋាភិបាល​លើ​តំបន់​ដែល​មាន​ជនស៊ីវិល​រស់នៅ។

ក្រុម​ប្រទេស​លោកខាងលិច​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​បំពាក់​អាវុធ​ឲ្យ​ក្រុម​ឧទ្ទាម

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​ក្រុមប្រទេស​ជាមិត្ត​របស់​ក្រុមឧទ្ទាម​ស៊ីរី​បាន​រួម​ប្រជុំ​គ្នា​ដើម្បី​ជជែក​ពី​រឿង​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុមឧទ្ទាម។ តែ​ក្តីបារម្ភ​នៅ​បន្ត​មាន​ដែល​អ្នកខ្លះ​ខ្លាច​អាវុធ​ដែល​ផ្តល់​ទៅ​ឲ្យ​ក្រុមឧទ្ទាម​ស៊ីរី បែរ​ជា​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុមអ្នកជ្រុលនិយម ពិសេស​គឺ​ក្រុម​អ៊ីស្លាម​និយមជ្រុល។ ចំណែក​អ្នកខ្លះ​ទៀត គេ​យល់​ឃើញ​ថា ការ​បំពាក់​អាវុធ​ទៅ​ឲ្យ​ក្រុមឧទ្ទាម​ស៊ីរី មិន​ច្បាស់​ថា ក្រុម​នេះ​នឹង​អាច​យក​ជ័យជំនះ​លើ​កម្លំាង​របស់​លោក​បាស្ហា អាល់អាសាដ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ វា​អាច​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ថែម​ទៀត ហើយ​អ្នក​ដែល​រងគ្រោះ​ខ្លំាង​ជាង​គេ គឺ​ជនស៊ីវិល​ស្លូតត្រង់។

យ៉ាង​ណា​ក៏​ដោយ តំាង​ពី​មាន​ព័ត៌មាន​ជាក់ច្បាស់​ជុំវិញ​ការ​ប្រើប្រាស់​អាវុធ​គីមី​ពី​សំណាក់​កម្លំាង​របស់​លោក​បាស្ហា និង​ការ​ចូលរួម​របស់​ក្រុម​ប្រដាប់អាវុធ Hezbollah លីបង់​មក ក្រុមប្រទេស​ជាមិត្ត​របស់​ក្រុម​ឧទ្ទាម​ស៊ីរី​អាច​នឹង​ផ្តើម​ពិចារណា​ជាថ្មី ពី​លទ្ធភាព​ក្នុង​ការ​ផ្តល់​អាវុធ​ឲ្យ​ក្រុមឧទ្ទាម។ ទន្ទឹម​គ្នា​នេះ សង្រ្គាម​ពាក្យ​សម្តី​ក៏​កំពុង​បន្ត​មាន​រវាង​ក្រុម​ប្រទេស​លោកខាងលិច និង​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​របស់​ទីក្រុង​ដាម៉ាស។ តំាង​ពី​ដើម​មក រុស្ស៊ី​បាន​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​បំពាក់​អាវុធ​ឲ្យ​ក្រុមឧទ្ទាម​ស៊ីរី។

អ្វី​ដែល​ទីក្រុង​ម៉ូស្គូ​ចង់​បាន គឺ​ការ​ដោះស្រាយ​បញ្ហា​តាម​រយៈការ​ចរចា។ ការចរចា​ដែល​នឹង​ត្រូវ​ចូលរួម​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទំាង​អស់។ ថ្មីៗ​នេះ រុស្ស៊ី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សន្និសីទ​ដើម្បី​សន្តិភាព​នៅ​ស៊ីរី​ដែល​គ្រោង​រៀបចំ​ជា​លើកទី២ នៅ​ពេល​ខាង​មុខ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស មិន​មែន​ជា​ការ​កំចាត់​របប​របស់​លោក​បាស្ហា អាល់អាសាដ​ចោល ដូច​ដែល​ក្រុម​ប្រទេស​លោកខាងលិច​ចង់​បាន​នា​ពេល​កន្លង​មក​ទេ។

ក្រុមឧទ្ទាម​ស៊ីរី​បាន​ទទួល​អាវុធ រីឯ​សហរដ្ឋអាមេរិក​បាន​បង្កើន​ចំនួន​ទ័ព​នៅ​ក្នុង​ប្រទេស​ហ្យ៊កដានី

អ្នកនំាពាក្យ​របស់​ទាហាន​ស៊ីរី​សេរី ដែល​ជា​កម្លំាង​របស់​ក្រុមឧទ្ទាម​បាន​អះអាង​ថា ពួក​គេ​បាន​ទទួល​គ្រឿងសព្វាវុធ​ទំនើបៗ​ក្នុង​កម្រិត​តិចតួច​ពី​បរទេស។ អាវុធ​ទំនើបៗ​ទំាង​នោះ រួម​មាន អាវុធ​បាញ់​យន្តហោះ អាវុធ​បាញ់​រថក្រោះ ព្រម​ទំាង​គ្រាប់​មីស៊ីល​បាញ់​ផ្ទាល់ដី។ ម្យ៉ាង​ទៀត និង​បើ​យោងតាម​ប្រភព​ពី​ក្រុមប្រឆំាង​ដដែរ អាវុធ​ទំាង​អស់​នោះ​ផលិត​នៅ​រុស្ស៊ី តែ​មិន​បាន​ប្រាប់​ថា តើ​ប្រទេស​ណា​ជា​អ្នក​ផ្តល់​ឲ្យ​ទេ។

ទន្ទឹម​គ្នា​នេះ អាមេរិក​បាន​ប្រកាស​ពី​ការ​បង្កើន​ចំនួន​ទ័ព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ហ្យ៊កដានី ពី ២៥០នាក់ ទៅ ១ ០០០នាក់។ ដោយឡែក កាសែត​អាមេរិកំាង Los Angeles Times ទើប​បាន​ទម្លាយ​ព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា តំាង​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១១ មក ក្រុម CIA និង​កម្លំាង​អាមេរិកំាងពិសេស​បាន​លួច​ហ្វឹកហ្វឺន​កម្លំាង​ឧទ្ទាម​ស៊ីរី​នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី និង​ប្រទេស​តួកគី។

យោង​តាម Los Angeles Times ដដែល ក្រុម CIA និង​កម្លំាង​អាមេរិកំាងពិសេស​បាន​បង្រៀន​​ក្រុមឧទ្ទាម​ឲ្យ​ចេះ​ប្រើ​អាវុធ​បាញ់​យន្តហោះ ឬ​អាវុធបាញ់​រថក្រោះ។ ពត៌មាន​នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​សេតវិមាន​បាន​ប្រកាស​កាល​ពី​ថ្ងៃទី១៣ មិថុនា​កន្លង​មក ពី​បំណង​ចង់​ជួយគំាទ្រ​ផ្លូវយោធា​ដល់​ក្រុម​ឧទ្ទាម​ស៊ីរី ដោយ​មិន​បាន​លំអិត​ទេ​ថា តើ​អាច​មាន​ជំនួយ​ជា​អាវុធ ឬ​អត់។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​ស៊ើបការសម្ងាត់ CIA និង​សេតវិមាន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត Los Angeles Times ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ