អានតួអត្ថបទ
ស៊ីរី

សហរដ្ឋ​អាមេរិក និង​រុស្ស៊ី នឹង​ប្រឈម​មុខគ្នា នៅ​ក្នុង​កិច្ចប្រជុំ G8

បញ្ហាស៊ីរី​ត្រូវ​គេរំពឹងថា នឹង​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​សម្រាប់​ការចាប់ផ្តើម​ប្រជុំ​នៃ​បណ្តា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង៨ ដែលហៅ​កាត់​ថា G8 នៅ​ប្រទេស​អៀកឡង់​ខាងជើង​ដែល​ត្រូវ​បើក​ធ្វើនៅ​ថ្ងៃ​ចន្ទនេះ។ សហរដ្ឋ​អាមេរិក និង​រុស្ស៊ី នឹង​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​យ៉ាងតឹងតែង​អំពី​បញ្ហានេះ។  

លោកនាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron ធ្វើ​សន្និសីទ​កាសែត ជាមយ​ប្រធានាធិបតី​រុស្ស៊ី Vladilmir Poutine,នៅថ្ងៃ​ទី ៦ មិថុនា ២០១៣ នៅមួយថ្ងៃ​មុន​ការប្រជុំ​G៨
លោកនាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron ធ្វើ​សន្និសីទ​កាសែត ជាមយ​ប្រធានាធិបតី​រុស្ស៊ី Vladilmir Poutine,នៅថ្ងៃ​ទី ៦ មិថុនា ២០១៣ នៅមួយថ្ងៃ​មុន​ការប្រជុំ​G៨
ផ្សាយពាណិជ្ជកម្ម

 

ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ ទំនាស់​ពាក្យសម្តី​រវាង​ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា និង លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ឡើង​កម្តៅ​ជា​បន្តបន្ទាប់ ជុំវិញ​សង្គ្រាម នៅស៊ីរី។​ទីក្រុង​វ៉ាស៊ីនតោន និង​ម៉ូស្គូ គ្រោង​បើក​កិច្ចប្រជុំ ជាមួយគ្នា​មួយ នា​ខែ​កក្កដា​ខាងមុខ​នេះ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​សន្តិភាព នៅក្នុង​ប្រទេស​ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាម​ស៊ីវិល​មួយនេះ។

លោក​ពូទីន​បាន​ប្រឆាំង​យ៉ាងខ្លាំង​ទៅនឹង​​គម្រោង​របស់​លោក​ខាងលិច​ដែលជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ប្រឆាំង​នៅស៊ីរី ក្នុង​ការបញ្ជូន​ជំនួយ​យោធា​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម ។ លោក​ពូទីន​បាន​អះអាង កាលពី​ថ្ងៃអាទិត្យ​ពេលចេញ​ពី​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ​David Cameron នៅទីក្រុងឡុងដ៏​ថា គេ​មិនត្រូវ​គាំទ្រ​ដល់​ពួកមនុស្ស​ដែល​មិនត្រឹមតែ​សម្លាប់​គូសត្រូវ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងបាន​បរិភោគ​សាច់​សត្រូវ​ទាំងនោះ នៅចំពោះ​មុខ​កាម៉េរ៉ា​ទៀត​ផងនោះ​ឡើយ។ លោក​ចង់​និយាយ​សំដៅ​ទៅលើ​រូបភាព​ក្នុង​ខ្សែ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ក្រុម​ឧទ្ទាមស៊ីរី​ដែលបាន​ស៊ីសាច់​ទាហាន​ស៊ីរី​ម្នាក់។

សូម​បញ្ជាក់​ថា រុស្ស៊ី​ជា​ប្រទេស​ផ្តល់​អាវុធ​ដល់​រដ្ឋាភិបាល​របស់​លោក បាស្សា​ អាល អាស្សាធ និង​បាន​រក្សា​សិទ្ធិ​ផ្តល់​មីស៊ីល​ប្រឆាំង​យន្តហោះ S-300 ដល់​ស៊ីរី​ទៀតផង។ ការដំឡើង​សំឡេង​របស់​រុស្ស៊ី​បាន​កើតឡើង បន្ទាប់ពី​សេតវិមាន​បាន​ប្រកាស កាលពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ក្រុងដាម៉ាស​បាន​បំពាន​បន្ទាត់​ក្រហម​ដែល​គូស​ដោយ​សហរដ្ឋអាមេរិក នោះ​គឺ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​បាន​ប្រើប្រាស់​អាវុធ​គីមី​ទៅលើ​ក្រុម​ឧទ្ទាម។ នេះ​ជា​ហេតុផល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​បន្ថែម​ជំនួយ​យោធា​ដល់​ក្រុមឧទ្ទាម។

ប្រធានាធិបតី​បារាំង លោក François Hollande​ដែល​គ្រោង​ជួប​ជាមួយ​លោកពូទីន​នៅមុន​ជំនួប​កំពូល G8 ក៏​គ្រោងបង្ហាញ​ភស្តុតាង​នានា​ដល់​លោក ពូទីន ផងដែរ​ស្តីពី​ការប្រើ​អាវុធ​គីមី គឺ​ឧស្ម័ន sarin ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ទៅ​លើ​ក្រុម​ប្រឆាំង។ បារាំង និង​អង់គ្លេស​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការបញ្ជូន​អាវុធ​ដល់ក្រុម​ប្រឆាំងស៊ីរី​ឲ្យបាន​ឆាប់។ កិច្ចប្រជុំ​អំពី​បញ្ហា​នេះ គ្រោង​បើក​ធ្វើ នៅចុងសប្តាហ៍​នេះ នៅ​ប្រទេស​តួកគី។ ប៉ុន្តែ គេរំពឹង​ថា បញ្ហា​ទាំងនេះ​មិន​អាច​បញ្ចុះបញ្ចូល​រុស្ស៊ី​ឲ្យ​ជឿ​បាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ