អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភ្នំ​ពេញ​​កំពុង​​ប្រឈម​​នឹង​​បញ្ហា​​សំរាម​​យ៉ាង​​ខ្លាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជា​សាស្ត្រ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កំពុង​រីក​ធំ​ឡើង។ ក្រៅ​ពី​បញ្ហា​ការ​គ្រប់​គ្រង​ការ​រស់នៅ​របស់​ពល​រដ្ឋ​ដែល​កាន់​តែ​ស្មុគ​ស្មាញ​ហើយ​នោះ ទំហំ​សំរាម​ក៏​កាន់​តែ​កើន​ឡើង​ដែរ។ ដោយ​សារ​សក្តា​នុពល​នៃ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​នៅ​មាន​កម្រិត ពលរដ្ឋ​នៅ​មិន​ទាន់​បាន​ចូល​រួម​យ៉ាង​សកម្ម ការ​ខ្វះ​ខាត​ក្រុម​ហ៊ុន​កែ​ច្នៃ​សំរាម​ ភ្នំពេញ​នឹង​អាច​បាត់​បង់​ឈ្មោះ​ជា​ទី​ក្រុង​ស្រស់​ស្អាត​របស់​ខ្លួន​ក្នុង​ពេល​ខាង​មុខ​ជា​មិន​ខាន។ បញ្ហា​សំរាម​ គឺ​បញ្ហា​ចំ​ពោះ​មុខ​មួយ​របស់​សា​លា​រាជ​ធានី​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់ ដើម្បី​លើក​មុខ លើក​មាត់​មជ្ឈ​មណ្ឌល​នយោ​បាយ សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម និង​វប្បធម៌​របស់​កម្ពុជា។

ធុង​សំរាម​ស្ងួត និង សើម ​ដែល​ត្រូវ​បាន​ដាក់​នៅ​តាម​ទី​សាធារណៈ ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។
ធុង​សំរាម​ស្ងួត និង សើម ​ដែល​ត្រូវ​បាន​ដាក់​នៅ​តាម​ទី​សាធារណៈ ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ @RFI
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​បញ្ហា​ទំនាស់​នយោបាយ​នៅ​ក្នុង​ប្រទេស សំរាម​ក៏​កំពុង​តែ​ក្លាយ​ទៅ​ជា​ប្រធានបទ​នៃ​ការ​ជជែក​គ្នា​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​អ្នក​រស់​នៅ​ក្នុង​រាជ​ធានី​ដែរ។ វា​គឺ​ជា​ការ​រអ៊ូ​រទាំ​អំពី​ភាព​យឺត​យ៉ាវ​នៃ​ការ​ប្រមូល​សំរាម​ផង និង​ការ​បង្ហាញ​អារម្មណ៍​អំពី​ភាព​ខ្វះ​អនាម័យ​នៅ​តាម​ដង​ផ្លូវ ដែល​សម្បូរណ៍​ទៅ​ដោយ​សំរាម។ សំរាម​ដែល​ពេល​ខ្លះ បាន​រាយ​ប៉ាយ​នៅ​តាម​ដងផ្លូវ ដោយ​សារ​តែ​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ចូល​រួម​សំអាត ហើយ​ខ្វះខាត​ការ​យល់​ដឹង​ផ្នែក​បរិស្ថាន

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អោយ​ដឹង​ថា ជា​មធ្យម​មាន​សំរាម​ចំនួន​១៨០០​តោន​ក្នុង​មួយ​ថ្ងៃ ដែល​ត្រូវ​បាន​ប្រមូល​យក​ទៅ​ចាក់​នៅ​ទី​លាន​ចាក់សំរាម ដែល​បាន​ប្តូរ​ពី​ស្ទឹង​មានជ័យ​ទៅ​តំបន់​ជើងឯក​។ មាន​ថ្ងៃ​ខ្លះ ចំនួន​សំរាម​បាន​ហក់​ឡើង​ដល់​២០០០​តោន​ក៏​មាន​ដែរ។

បរិមាណ​សំរាម​កាន់តែ​កើន​ឡើង ប៉ុន្តែ​ដំណោះ​ស្រាយ​អំពី​បញ្ហា​សំរាម​នៅ​តែ​មិន​ទាន់មាន​នៅ​ឡើយ។ តើ​អ្វី​ខ្លះ​ដែល​គួរ​តែ​ជា​វិធាន​ការ​នៃ​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​សំអាត​រាជ​ធានី បេះ​ដូង​របស់​កម្ពុជា​?

ទី​មួយ បញ្ហា​សំរាម​មិន​មែន​ជា​បញ្ហា​ដាច់​ដោយ​ឡែក​របស់​អាជ្ញា​ធរ​ឡើយ។ វា​ទាម​ទារ​អោយ​មាន​ការ​ចូល​រួម​ទាំង​អស់​គ្នា។ ដោយ​សារ​តែ​សំរាម វា​កើត​ចេញ​ពី​ការ​រស់​នៅ​របស់​ពល​រដ្ឋ ដូច្នេះ​ការ​ទុក​ដាក់​សំរាម​អោយ​មាន​របៀប​រៀប​រយ ដើម្បី​អនាម័យ​នោះ វា​គឺ​ជា​រឿង​ចាំ​បាច់​បំផុត ដែល​ត្រូវ​ផ្តើម​ចេញពី​ពល​រដ្ឋ។

និយាយ​អំពី​សំរាម ដែល​គេ​ត្រូវ​ញែក​អោយ​ដាច់​ពីគ្នា រវាង​សំរាម​សើម និង​សំរាម​ស្ងួត​នោះ អាជ្ញាធរ​រាជ​ធានី​ធ្លាប់​បាន​ផ្សព្វផ្សាយ​ជា​ហូរ​ហែរ​អប់រំ​ពល​រដ្ឋ​អំពី​ការ​ញែក​សំរាម​នេះ។ មិន​តែ​ប៉ុណ្ណោះ ធុង​សំរាម​ជា​ច្រើន​ដែល​សំដៅ​ប្រាប់​ពលរដ្ឋ​អោយ​បោះ​ចោល​សំរាម​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ ក៏ត្រូវ​បាន​ដាក់​នៅ​តាម​ទី​សាធារណៈ​ជា​ច្រើន​ដែរ។ ប៉ុន្តែ​ការ​ញែក​សំរាម​នៅ​តាម​គេហដ្ឋាន​របស់​ពល​រដ្ឋ មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ។ គេ​គួរ​បាន​ដឹង​ថា ប្រទេស​ជឿន​លឿន ដែល​មាន​ទីក្រុង​ស្អាត​នោះ ក៏​ព្រោះ​តែ​មានការ​ចូលរួម​ពី​ពល​រដ្ឋ​ជាដាច់​ខាត​ដែរ។

ទី​ពីរ ដល់​វេន​អាជ្ញាធរ​ម្តង។ សព្វ​ថ្ងៃ​នេះ ក្រុម​ហ៊ុន​ស៊ីន​ទ្រី​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការងារ​ប្រមូល​សំរាម។ ប៉ុន្តែ សំណួរ​ដែល​ត្រូវ​ចោទ​សួរ​នោះ ថា​តើ​ក្រុមហ៊ុន​បាន​អនុវត្ត​គ្រប់​ជ្រុង​ជ្រោយ​តាម​កិច្ច​សន្យា​ដែល​ធានា​ថា សំរាម​ត្រូវ​បាន​សំអាត​នៅ​ក្នុង​ទីក្រុង​ដែរ​ឬ​ទេ? និយាយ​បែប​ផ្សេង តើ​ក្រុមហ៊ុន​បាន​អនុវត្ត​អស់​សក្តានុពល ឬ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការងារ​ប្រមូល​សំរាម​នេះ​ហើយ​ឬ​នៅ? ប្រសិន​បើ ជា​ញឹក​ញាប់​គេ​លឺ​តែ​ប្រជាជន​រអ៊ូ​រទាំ​អំពី​ការ​ប្រមូល​សំរាម​យឺត​យ៉ាវ តើ​ហេតុ​អ្វី​បាន​ជា​អាជ្ញា​ធរ​មិន​ស្នើ​អោយ​ក្រុមហ៊ុន​ពង្រីក​សមត្ថភាព​របស់​ខ្លួន ឬ​ត្រូវ​ទទួល​យក​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ប្រមូល​សំរាម​បន្ថែម​ទៀត?

ទី​បី និយាយ​អំពី​ការ​ប្រមូល​សំរាម។ ប្រសិន​បើ ទីតាំង​ចាក់​សំរាម មាន​តែ​មួយ​កន្លែង សម្រាប់​ទទួល​បរិមាណ​សំរាម​មួយ​ទីក្រុង​ជិត​២០០០​តោន​យ៉ាង​ដូច្នេះ ការ​ដឹក​ជញ្ជូន​សំរាម​ប្រាកដ​ជា​យឺត​យ៉ាវ។ ដូច​ច្នេះ ការ​បង្កើត​ទីតាំង​ចាក់​សំរាម​មួយ​ជ្រុង​ទៀត​នៃ​រាជធានី គួរ​តែ​អាច​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ពិចារ​ណា​របស់​សាលា​រាជ​ធានី ខណៈ​ដែល​គេ​ដឹង​ហើយ​ថា រាជ​ធានី​នឹងត្រូវ​ពង្រីក មនុស្ស​កាន់​តែ​មាន​ច្រើន និង​សំរាម​ក៏​កាន់តែ​កើន​ឡើង​ទៀត​នោះ។

ទី​បួន គឺ​ការ​កែច្នៃ​សំរាម។ រហូត​មក​ដល់​ពេលនេះ គេ​នៅ​មិន​ទាន់​លឺ​នៅ​ឡើយ​អំពី​ក្រុមហ៊ុន​កែ​ច្នៃ​សំរាម ទាំង​សំរាម​ស្ងួត និង​សំរាម​សើម។ តាម​ពិត​ទៅ ដំណាក់​កាល​កែច្នៃ​សំរាម​នេះ ជា​ដំណាក់​កាល​ដ៏​សំខាន់​ជាង​គេ​មួយ​ដែល​អាច​ជួយ​សម្រួល​ដល់​ដំណាក់កាល​ទាំង​អម្បាល​មាន ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ។ និយាយ​តែ​អំពី​ការ​កែ​ច្នៃ​សំរាម​ស្ងួត​ដូច​ជា ស្បោង និង​កំប៉ុង​ផ្លា​ស្ទីក ក៏​គេ​អាច​មើល​ឃើញ​អំពី​ផល​ប្រយោជន៍​ជា​ច្រើន​ដែរ។ ការ​កែ​ច្នៃ​សំរាម​ផ្លា​ស្ទីក ប្រសិន​បើ​មាន​មាន​មែន វា​អាច​លើក​ទឹក​ចិត្ត​អោយ​ពលរដ្ឋ​នៅ​តាម​គេហ​ដ្ឋាន​ថែ​រក្សា​ទុក​សំរាម​ប្រភេទ​នេះ ដើម្បី​លក់​អោយ​រោង​ចក្រ​កែច្នៃ។ ពេល​នោះ​ហើយ ដែល​សំរាម​ក្លាយ​ជា​លុយ។

ការ​បង្កើត​រោង​ចក្រ​កែច្នៃ​សំរាម​ផ្លា​ស្ទីក​នេះ​ក៏​នឹង​បង្កើត​ការ​ងារ​ដល់​ពល​រដ្ឋ​ខ្មែរ​ទៀត​ដែរ។ នេះ​គឺជា​ផលប្រយោជន៍​ដែល​ទទួល​បាន​ភ្លាម​។ នៅ​មាន​គុណ​សម្បត្តិ​សម្រាប់​រយៈ​ពេល​យូរ​ទៀត សម្រាប់​ការ​ការពារ​បរិស្ថាន ប្រសិន​បើ​គេ​អាច​បង្កើត​រោង​ចក្រ​កែច្នៃ​សំរាម​ផ្លា​ស្ទីក​បាន នោះ​គឺ​ការ​ជួយ​ប្រមូល ឬ​ចៀស​វាង​មិន​អោយ​សំរាម​ផ្លា​ស្ទីក ដែល​ជា​សំរាម​មិន​រលាយ ហើយ​ត្រូវ​កប់​ចោល​ក្នុង​ដី ក្នុង​ទឹក​នោះ។

ជាង​នេះ​ទៅ​ទៀត ការ​បង្កើត​អោយ​មាន​រោង​ចក្រ​កែ​ច្នៃ​សំរាម​សើម ដែល​គេ​អាច​បង្កើតជា​ថាមពល​យក​មក​ប្រើ​ប្រាស់​ថែម​ទៀត​នោះ គឺ​រឿង​ដ៏​គួរ​អោយ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​។ ការ​ជំរុញ​អោយ​មាន​រោង​ចក្រ​កែច្នៃ​សំរាម​អោយ​បាន​កាន់តែ​ឆាប់​នោះ វា​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​អនាម័យ និង​បរិស្ថាន​នៅ​ទីតាំង​ចាក់​សំរាម ដែល​គ្រាន់​តែ​ជា​ការ​ជីក​រណ្តៅ ទម្លាក់​សំរាម​ជិត​២០០០​តោន​រាល់​ថ្ងៃ​ទៅ​ក្នុង​នោះ។

និយាយ​សរុប​មក​វិញ ការ​សំអាត​ទីក្រុង តាម​រយៈ​ការ​បំបាត់​សំរាម វា​គឺជា​ដំណើរ​ការ​ដ៏​វែង​មួយ​ដែល​ត្រូវ​ស៊ី​សង្វាក់​គ្នា ហើយ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​។ ប៉ុន្តែ សាលា​រាជ​ធានី​ដែល​ជា​អាជ្ញា​ធរ ក៏​គួរ​តែ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ងារ​នេះ​។ ពោល​គឺ បន្ត​ការអប់រំ​ដល់​ពលរដ្ឋ និង​ពង្រឹង​សមត្ថភាព​នៃ​ការ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ