អានតួអត្ថបទ
ចិន

ទីក្រុង​ Harbin​ ភាគ​ឥសាន​ប្រទេស​ចិន​ គ្របដណ្តប់​ដោយ​ផ្សែងពុល​

នៅថ្ងៃ​ចន្ទនេះ នៅ​​ប្រទេស​ចិន​ ផ្សែង​បំពុល​បរិយាកាស​ បាន​ចូលទៅ​គ្របដណ្តប់​ទីក្រុង​​ Harbin ក្នុង​ខេត្ត​Heilongjian ស្ថិត​នៅ​ភាគឥសាន​ ធ្វើអោយ​​ប្រជាជន​​ពិបាក​ក្នុង​ការ​ធ្វើដំណើរ សាលារៀន​ជាច្រើន​លុបចោល​ម៉ោង​សិក្សា​របស់​ខ្លួន។ នេះ​មិនមែន​ជា​លើកទី១ទេ ដែល​ចិន​បាន​រងការវាយប្រហារ​ដោយ​ផ្សែ​ង​បំពុល​បរិយាកាស។ ហេតុការណ៍​នេះ បាន​បង្ហាញ​ច្បាស់​ពីភាព​ដុនដាប​នៃ​បរិស្ថាន​​ នៅ​ប្រទេ​សចិន​។

ក្នុង​រូបភាព​នេះ​ មិនមែន​ជា​អព្ទធម្មតា​ទេ វា​ជា​​ផ្សែង​បំពុល​បរិយាកាស​ នៅ​ទីក្រុង​​ Harbin ភាគ​ឥសាន​ចិន​ នៅថ្ងៃ​ចន្ទនេះ
ក្នុង​រូបភាព​នេះ​ មិនមែន​ជា​អព្ទធម្មតា​ទេ វា​ជា​​ផ្សែង​បំពុល​បរិយាកាស​ នៅ​ទីក្រុង​​ Harbin ភាគ​ឥសាន​ចិន​ នៅថ្ងៃ​ចន្ទនេះ Reuters
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ចន្ទនេះ ​ប្រជាជន​​ក្នុង​ទីក្រុង​​ Harbin​ ដែល​ជា​ទីក្រុង​សំខាន់​ធំជាងគេ​ ក្នុង​ខេត្ត​ Heilongjian ភាគឥសាន​ប្រទេស​ចិន​​ ​​​ មានការ​ពិបាក​​​​មើលផ្លូវ​​ក្នុង​ការ​ធ្វើចរាចរណ៍​ ដោយសារ​តែ​មាន​ផ្សែង​បំពុល​បរិយាកាស​ បានចូលទៅ​​គ្របដណ្តប់​ទីក្រុង។ សាលា​បឋមសិក្សា​នានា ​បាន​​លុបចោល​ម៉ោង​សិក្សា​ ហើយ​​រថយន្ត​ក្រុង​ជាច្រើន​ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ឆ្ងាយៗ​ ក៏​បាន​បញ្ឈប់​​សេវ៉ា​​បើកបរ​របស់ខ្លួនដែរ។ ដោយសារ​តែ​ហេតុការណ៍​នេះ អាជ្ញាធរ​ចិន​មាន​ការ​យោគយល់ នឹង​​មិន​ផាកពិន័យ​ដល់​យានយន្ត​ដែល​​បាន​បើកបរ​ខុសច្បាប់​ចរាចរណ៍​នោះទេ។

យោងតាម​សេវ៉ា​គ្រប់គ្រង​បរិយាកាស​នៅ​​ក្រុង​ Harbin​ កំរិត​សារធាតុ​ល្អិតឆ្មារៗ PM២,៥ បាន​ឡើងដល់​៩០០មីក្រូក្រាម​ ក្នុង​មួយម៉ែត្រ​គូប ពោល​គឺ​​ហួស​​កំរិត​កំណត់​ដោយ​​ ​​អង្គការសុខភាព​ពិភពលោក​ដល់​ទៅ៤០ដង​។ គួរបញ្ជាក់ថា ​ ​សារធាតុ​ល្អិតឆ្មារៗ PM២,៥ ជា​​សារធាតុ​​​​បង្កគ្រោះថ្នាក់​​ដល់​សុខភាព​មនុស្ស​យើង។

នៅ​ទីក្រុង​ Harbin​ នេះ​​​​ ​អាជ្ញាធរ​​ទើបតែ​​បាន​រៀបចំ​ដំឡើង​ប្រព័ន្ធ​​កំដៅ​សាធារណៈ​ ដើម្បី​​ទប់ស្កាត់​ភាព​ត្រជាក់​​នៅ​រដូវរងារ​ខាងមុខ​នេះ។ ហេតុការណ៍​ផ្សែង​បំពុល​បរិយាកាស​ នៅ​ទីក្រុង Harbin នៅថ្ងៃ​ចន្ទ​នេះ ​បង្ហាញ​ច្បាស់​ពីភាព​ដុនដាប​នៃ​បរិស្ថាន​​​ចិន​ ហើយ​នេះក៏​ មិនមែន​ជាលើកទីមួយ​ដែរ​ ដែល​ចិន​បាន​រង​ការ​វាយប្រហារ​ដោយ​​ផ្សែង​ពុល​បែបនេះ។
កាលពី​​ខែ​មករា​ដើមឆ្នាំ ទីក្រុង​ប៉េកាំង​ ព្រមទាំង​ភាគ​ខាងជើង និង​ភាគ​ខាងកើត​ប្រទេស​ចិន ក៏​បាន​រងនូវ​​ផ្សែង​បំពុល​បរិយាកាស​​​នេះដែរ។

រដ្ឋាភិបាល​ចិន​បាន​​ប្រកាស​កាលពី​ខែ​មិថុនា​កន្លងទៅ​​ថា​ ចាប់ពីពេល​នេះ​ទៅ អាជ្ញាធរ​ក្នុង​ស្រុក​​​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​គុណភាព​បរិយាកាស​ នៅ​​ក្រុង​ដែល​ខ្លួន​កាន់កាប់។
យោងតាម​អង្គការ​​ Health Effects Institute បញ្ហា​បំពុល​បរិយាកាស​ ​បាន​​ធ្វើ​អោយ​ប្រជាជន​​ចិន​១លាន២សែននាក់​ស្លាប់​មុន​អាយុ កាលពី​​​ឆ្នាំ​២០១០​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ