អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​ឧស្ម័ន​ ៖ ហេតុ​អ្វី​រុស្ស៊ី​ហាក់​ដូច​ជា​រារែក​នឹង​ផ្តាច់​ឧស្ម័ន​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំណោទ​ជុំ​វិញ​ការ​ផ្គត់​ផ្គង់​ថាមពល​ឧស្ម័ន​ បាន​ក្លាយ​ជា​បញ្ហា​ស្នូល​នៃ​វិបត្តិ​អ៊ុយក្រែន។ ការ​ចរចា​អ៊ុយក្រែន​រុស្ស៊ី និង​អឺរ៉ុប​ បាន​ប្រព្រឹត្ត​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​គ្មាន​លទ្ធផល​។ ដូច្នេះ​រុស្ស៊ី​អាច​នឹង​កាច់​បិទ​បំពង់​បង្ហូរ​ឧស្ម័ន​ បាន​គ្រប់ពេល​វេលា​ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ១៦​មិថុនា​នេះ​តទៅ ! ថ្ងៃ​ដែល​រុស្ស៊ី​បាន​ដាក់​ឱសានវាទ​ឱ្យ​អ៊ុយក្រែន​សង​បំណុល​ចាស់​ពាក់​កណ្តាល នៃ​បំណុល​សរុប​ដែល​មាន​តម្លៃ​ដល់​ទៅ​បួន​ពាន់​លាន​ដុល្លារ​អាមេរិក​កន្លះ។ ពេល​នេះ​ការ​គំរាម​កំហែង​រុស្ស៊ី​ អាច​ក្លាយ​ជា​សកម្មភាព​ជាក់​ស្តែង​! ក្រុមហ៊ុន​ហ្កាស​រុស្ស៊ី​ប្រកាស​ថា​នឹង​ប្តឹង​ទៅ​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​ទារ​​បំណុល​ពី​អ៊ុយក្រែន ព្រមទាំង​ជ្រើសរើស​ដើរ​តាម​ប្រព័ន្ធ​ បង់​ប្រាក់​ សិន​ទើប​លក់​ទំនិញ​ឱ្យ ពោល​គឺ​រុស្ស៊ី​ ​នឹង​កាច់​បិទ​បំពង់​បង្ហូរ​ហ្គាស​ ដូច​ការ​គំរាម។

បុគ្គលិក​ក្រុមហ៊ុន​​ឧស្ម័ន​អ៊ុយក្រែន​នៅ​ស្ថានីយ៍​ Striy ភាគ​ខាង​លិច​ប្រទេស​
បុគ្គលិក​ក្រុមហ៊ុន​​ឧស្ម័ន​អ៊ុយក្រែន​នៅ​ស្ថានីយ៍​ Striy ភាគ​ខាង​លិច​ប្រទេស​ REUTERS/Gleb Garanich/Files
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០០៦ម្តង​​- ២០០៩ម្តង ឥលូវ​២០១៤​ម្តង​ទៀតឬ? សង្គ្រាម​ឧស្ម័ន​ហាក់​ដូច​ជា​ចាប់​កំរើក​ម្តង​ទៀត​​ហើយ ពេល​នេះ ! ការ​ចរចា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ដែល​គេ​ចាត់​ទុក​ជា​ច្រក​ចេញតែ​មួយ​គត់​នោះ ​មិន​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​អ្វី​ទាក់ទង​នឹង​តម្លៃ​ឧស្ម័ន​រុស្ស៊ី​នាំ​ចេញលក់​មក​ឱ្យ​អ៊ុយក្រែន​ទេ។ នៅក្នុង​ការ​ចរចា​យប់​មិញ ភាគី​អ៊ុយក្រែន​បាន​ទាមទារ​ឱ្យ​រុស្ស៊ីលក់​ហ្គាស​ក្នុង​តម្លៃ​ដូច​ទីផ្សារ​ពិភពលោក​ មិន​តម្លៃ​បំប៉ោង​​ស្រេច​តែ​នឹង​ចិត្ត​ដូច​ពេល​នេះ​ទេ។ មុនបដិវត្ត អ៊ុយក្រែន​​ទិញ​ឧស្ម័ន​រុស្ស៊ី​ក្នុង​តម្លៃ ២៦៨​ដុល្លារ​ក្នុង​មួយ​ពាន់​ម៉ែត្រ​គូប ទល់​នឹង​៤៨៥ដុល្លារ​នា ពេល​​បច្ចុប្បន្ន​នេះ ដែល​ហួស​ពី​តម្លៃ​ទីផ្សារ​អឺរ៉ុប​។ ហើយ​រដ្ឋាភិបាល​អ៊ុយក្រែន ក៏​បាន​បញ្ជាក់​ថា​មិន​សង​បំណុល​រុស្ស៊ី​មួយ​ភាគ​ (២ពាន់​លានដុល្លារ) ដូចការ​ទាមទារ​និង​ការ​ដាក់​ឱសានវាទ​ដែរ។

រុស្ស៊ី​ប្តឹងទារ​បំណុល​ពី​​អ៊ុយក្រែន​នៅ​​តុលាការ​អន្តរជាតិ​

កិច្ច​ព្រមព្រៀង​ក៏​គ្មាន ឱសានវាទ​ក៏​មកដល់​ បំណុល​ បួន​ពាន់​លានដុល្លារ​កន្លះ ក៏​មិន​សងសូម្បី​តែ​មួយ​ភាគ ដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​យក្ស​រុស្ស៊ី​ បាន​​ប្រកាស​ថា​ នឹងលក់​ទំនិញ ឱ្យ​តែ​ក្នុង​តម្លៃ​ប្រាក់​បង់។ នេះ​មាន​ន័យ​ថា អ៊ុយក្រែន​នឹង​បិទ​បំពង់​ឧស្ម័ន​ឈប់​លក់​ឱ្យ​ក្រុង​គៀវហើយ ព្រោះ​អ៊ុយក្រែន​នៅ​ជំពាក់​បំណុល​រុស្ស៊ី​ ហើយ​ថ្លៃ​ហ្គាស​សម្រាប់​តែ​មិថុនា​ក៏​មិន​ឃើញ​បង់​ឱ្យ​ម៉ូស្គូ​ដែរ។ ​

ក្រុមហ៊ុន​ហ្កាស្ត្រុម​រុស្ស៊ី បាន​អះអាង​ថា​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ទាល់​តែ​បង់​លុយ​ ទើប​អ៊ុយក្រែន​បាន​​ទទួល​ឧស្ម័ន​បាន។ ប៉ុន្តែ​ក្រុមហ៊ុន​​មិន​បាន​បញ្ជាក់​ថា តើ​ក្បាល​រ៉ូប៊ីនេ​ហ្កាស​បាន​កាច់​បិទ​ហើយ​ឬ​នៅ​ទេ។ តែ​ហ្កាស្ត្រុម បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ ស្តុកខុម ដើម្បី​ទារ​បំណុល​ទាំង​អស់​ពី​អ៊ុយក្រែន។

អឺរ៉ុប​ពង្រីក​ប្រភព​ផ្គត់​ផ្គង់​ថាមពល

ហ្កាស​ដែល​រុស្ស៊ី​តែ​ង​យក​មក​ធ្វើ​ជា​អាវុធ​គំរាម​កំហែង​អឺរ៉ុប និង​អ៊ុយក្រែន ជា​កាំបិត​មុខ​ពីរ សម្រាប់​រុស្ស៊ី​ខ្លួនឯង។ ជា​ការពិត​ណាស់​ដែល​ថា​អ៊ុយក្រែន​ជំពាក់​បំណុល​ម៉ូស្គូ​រាប់​ពាន់​លាន​ដុល្លារ​ មិនទាន់​សង ប៉ុន្តែរុស្ស៊ី នៅ​តែ​រារែក ក្នុង​ការ​ផ្តាច់​ឧស្ម័ន​មែន​ទែន។ ​សម្រាប់​លោកពូទីន បំណុល​អ៊ុយក្រែន​ប៉ុណ្ណឹង មិន​ជា​ថ្វី​ទេ ប្រសិន​បើ​អ៊ុយក្រែន​មិន​ជ្រើស​រើស​ងាក​ទៅ​អោប​អឺរ៉ុប​នោះ។ លោក​​ប្រធានាធិបតី​រុស្ស៊ី ដែ​ល​ជា​អ្នក​គ្រប់គ្រង​ពិត​ៗ​ក្រុមហ៊ុន​ហ្កាស​តែង​បាន​បញ្ជា​ឱ្យ​ សហគាស​ហ្កាស​រុស្ស៊ី មិន​បញ្ចេញ​សកម្មភាព​មែនទែន រង់ចាំ​ចូល​ចរចា​គ្នា​សិន​ ចាំ​បិទ​រ៉ូប៊ីនេ​ជា​ក្រោយ។ ពីព្រោះ​រុស្ស៊ី​ខ្លួន​ឯង​ត្រូវ​ការ​រក្សា​ទីផ្សារ​អឺរ៉ុប។

អឺរ៉ុប​ជា​អតិថិជន​ដ៏​ចម្បង ឬ​ថា​ស្ទើរ​តែមួយ​គត់​ដែល​ទិញ​ហ្គាស​​របស់​រុស្ស៊ី ដោយ​មាន​ពាក់​កណ្តាល​​ត្រូវ​បង្ហូរ​តាម​បំពង់​ឆ្លង​កាត់​តាម​អ៊ុយក្រែន។ រុស្ស៊ី​ត្រូវ​ការ​រក្សា​ទុក​អតិថិជន​ដូច​យ៉ាង​អឺរ៉ុប​ផង និង​ត្រូវ​ការ​ពេល​វេលា​រក​អតិថិជន​ថ្មី​បន្ថែម​ទៀត​ផង។ កាលពី​ខែ​ឧសភា​ ក្នុង​ពេល​ដែល​វិបត្តិ​អ៊ុយក្រែននិង​ឧស្ម័ន​ផ្តើម​​ពុះកញ្ជ្រោល​ខ្លាំង​នោះ លោកពូទីន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ដោយ​មាន​ផែនការ​ចង់​សម្រេច​ឱ្យ​បាន​កិច្ចព្រមព្រៀង​លក់​ឧស្ម័ន​។ ប៉ុន្តែ​រុស្ស៊ី​ដឹង​ច្បាស់​ណាស់​ថា អតិថិជន​ដូច​យ៉ាង​ចិន មិន​មែនស្រួល​និយាយ​ដូច​អឺរ៉ុប​ទេ។ ហើយ​បើ​រុស្ស៊ី​បាត់​បង់​អឺរ៉ុប​មែន​ នោះ​ចិន​រិត​តែ​បាន​ដៃ​ អាច​ធ្វើ​ជា​កំណត់​តម្លៃ​ឧស្ម័ន​ដែល​ត្រូវ​ទិញ​ផង​ក៏​ថា​បាន។ រុស្ស៊ី​នឹង​ខាត​ប្រយោជន៍​យុទ្ធសាស្ត្រ​បើ​ត្រូវ​បញ្ឈប់​​ការ​បញ្ជូន​ហ្កាស​ទៅ​ឱ្យ​អ៊ុយក្រែន មុន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​​ជាមួយ​ចិន​។ ​ហេតុ​ដូច្នេះ​ហើយ​បាន​រុស្ស៊ី​ ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្នដែរ​នោះ។

អ៊ុយក្រែន​អាច​ខ្វះ​ឧស្ម័ន​នៅ​រដូវ​ត្រជាក់

ក្រុង​គៀវ បាន​ដឹង​ និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ ថា​បើ​មិន​សង​បំណុលទេ​​ ម៉ូស្គូ​មុខ​ជា​នឹង​អាច​ផ្តាច់​ឧស្ម័ន​​នៅ​ថ្ងៃ​ណា​មួយ​ជា​ក់​ជា​ពុំ​ខាន។ សម្រាប់​ពេល​នេះ​ថ្ងៃ​នេះ ប្រសិន​បើ​រុស្ស៊ី​បញ្ឈប់​ការ​បង្ហូរ​ឧស្ម័ន​លក់​មែន អ៊ុយក្រែន​ទំនង​ជា​មិន​រង​គ្រោះ​ស្លន់​ស្លោ​ឡើយ។ ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ដំបូង​នេះ អ៊ុយក្រែន​មាន​ឧស្ម័ន​ស្តុក​បំរុង​ទុក​ក្រោម​ដី​ខ្លះ​ និង​មាន​ជំនួយ​ឧបត្ថម្ភ​ខ្លះ​ពី​ខាង​អឺរ៉ុប​មក​វិញ។ ម្យ៉ាង​វិញ​ទៀត រយៈពេល​នេះ ជា​រដូវ​ក្តៅ តម្រូវ​ការ​ឧស្ម័ន​​​ក៏​មាន​កំរិត​។

ប៉ុន្តែ​សួរ​ថា​តើ​អ៊ុយក្រែន ដែល​ ​ជា​ប្រទេសធ្លាប់​មាន​ឧស្ម័ន​ឆ្លងកាត់ ធ្លាប់​បាន​ទទួល​ផល​ចំណេញ និង​ប្រយោជន៍​ពីការ​លក់​ហ្កាស​រុស្ស៊ី ​អាច​ធន់​នឹង​សម្ពាធ​បែប​នេះ​បាន​ប៉ុណ្ណា ? ថ្វី​បើ​ សហភាព​អឺរ៉ុប​បន្ត​ជួយ​គាំទ្រ​អ៊ុយក្រែន​​មែន ប៉ុន្តែ​វា​មិន​មែន​ជា​ប្រការ​សោះ ដែល​ផ្លូវ​ផ្គត់ផ្គង់​ថាមពល​​​មួយ​ខ្សែ​នេះ​ត្រូវ​កាត់​ផ្តាច់។ ក្នុង​រយៈ​ពេល​វែង​អ៊ុយក្រែន​អាច​ជួប​វិបត្តិ​ខ្វះ​ថាមពល​ប្រើផង។​

អ៊ុយក្រែន​អាច​ខាត​ច្រើន​ ពី​ការ​កាច់​បិទ​ផ្តាច់​ឧស្ម័ន

កន្លង​មក​អ៊ុយក្រែន​ខ្លួន​ឯង​ តែង​ប្រើ​ទីតាំង​ភូមិសាស្ត្រ​​ខ្លួន ធ្វើ​ជា​យុទ្ធសាស្ត្រ​យក​ចំណេញ និង​ទទួល​ប្រយោជន៍​ពិសេស​ពី​ថាមពល​ហ្គាស​រុស្ស៊ីនេះ​ ដូចជា​ទិញ​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​​រហូត​មក។ ប៉ុន្តែ​តម្លៃ​ពិសេស​ត្រូវ​ចប់ តាំង​ពី​ប្រធានាធិបតី​ស្និទ្ធ​នឹង​រុស្ស៊ី យាណូកូវិច ខ្ទាត​ចេញ​ពី​តំណែង ! ហើយ​កាន់​តែ​យ៉ាប់​ជាង​នេះ​ទៅ​ទៀត រុស្ស៊ី​ក៏​បាន​និង​កំពុង​សាង​សង់​​បំពង់​បង្ហូរ​ប្រេង​លក់​ជា​ច្រើន​ទិស​ផ្សេង​ទៀត ដើម្បី​បង្វៀង​ផ្លូវ ឬ​ដើម្បី​កុំ​ឱ្យ​រំពឹង​តែ​លើ​អ៊ុយក្រែន ក្នុង​ការ​លក់​ឧស្ម័ន​ទៅ​ឱ្យ​អឺរ៉ុប។

មុន​ឆ្នាំ​២០០៦ ៨០%​នៃ​ហ្កាស​រុស្ស៊ី​លក់​ឱ្យ​អឺរ៉ុប​ត្រូវ​ឆ្លង​កាត់​អ៊ុយក្រែន ផ្ទុះ​សង្គ្រាម​ម្តង​ការ​ឆ្លង​កាត់​បានថយ​បន្តិច ឥលូវ​រុស្ស៊ី​ពឹង​អ៊ុយក្រែន​តែ​ពាក់កណ្តាល ! សំណង់​បំពង់​ឧស្ម័ន​ថ្មី​នៅ​ភាគ​ខាង​ត្បូង​កំពុង​ដំណើរការ​ទៀត ដែលថ្ងៃអនាគត​ពិត​ជា​អាច​ជួយ​រំលែក​ការ​ដឹក​ជញ្ជូន​ពី​រុស្ស៊ី​មក​អឺរ៉ុប បាន​បន្ថែម​ជាក់​ជាពុំ​ខាន។ ដូច្នេះ​ការ​យក​ចំណេញ​​លើ​ចរន្ត​ឆ្លង​កាត់​ក៏​ចុះ​ថយ អ៊ុយក្រែន​ក៏​លែង​អាចទាញ​ប្រយោជន៍​យក​ចំណេញ​ពី​​ប្រើ​ការ​ស្នាក់​អាស្រ័យ​ហ្គាស​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​​កិច្ចព្រមព្រៀង​រក​ស៊ី​លក់​ឧស្ម័ន​រុស្ស៊ីអ៊ុយក្រែន នៅ​អាច​រក​ឃើញ តែគៀវ​ត្រូវ​តែ​ចេះ​និង​ហ៊ាន​លះបង់​ខ្លះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ