អានតួអត្ថបទ
រុស្ស៊ី-ម៉ាលី

រុស្ស៊ី​​លក់​​អាវុធ​​ទៅ​​រដ្ឋាភិបាល​​ម៉ាលី​​ដែល​​បន្ត​​ច្បាំង​​ទល់​​នឹង​​ពួក​​ឧទ្ទាម​​អ៊ីស្លាម​​និយម​​

កាសែត​​ក្រុង​ម៉ូស្គូ Vedomosti ជា​កាសែត​របស់​មជ្ឈដ្ឋាន​ធុរកិច្ច​និង​សហគ្រិន​រុស្ស៊ី ចុះ​ផ្សាយ​ដំណឹង​នេះ​ដោយ​យោង​ទៅ​លើ​ប្រភព​ក្នុង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាង​លក់​អាវុធ​ទៅ​ក្រៅ RosOboron​Export​​ដែល​ប្រមាណ​ថា​តាម​មើល​ទៅ បារាំង​មិន​រារាំង ដល់​ការ​បំពាក់​អាវុធ​ថ្មីៗ​ទៅ​កង​ទ័ព​ម៉ាលី​ឡើយ ដ្បិត​គោលដៅ​ក៏​សម្រាប់​ប្រយុទ្ធ​ទល់​នឹង​ពួក​អ៊ីស្លាម​ជ្រុលនិយម​ដែរ។

ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ធុន​ Mi-35 et Mi -17 ដែលប្រទេសម៉ាលី​សុំស្នើទីក្រុងម៉ូស្គូ លក់មកឲ្យ​ខ្លួន
ឧទ្ធម្ភាគចក្រ​រុស្ស៊ី​ធុន​ Mi-35 et Mi -17 ដែលប្រទេសម៉ាលី​សុំស្នើទីក្រុងម៉ូស្គូ លក់មកឲ្យ​ខ្លួន RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

តាម​កាសែត​រុស្ស៊ី Vedomosti  រដ្ឋាភិបាល​ម៉ាលី បាន​ស្នើ​សុំ​ក្រុង​ម៉ូស្គូ ឲ្យ​លក់​ទៅ​ខ្លួន នូវ​ឧទ្ធម្ភាគចក្រ ធុន Mi-35 និង Mi-17, យន្តហោះ​ចម្បាំង​និង​យន្តហោះ​ដឹក​ជញ្ជូន​យានយន្ត​ពាសដែក​ធុន BTR-80, Radar សម្រាប់​ប្រព័ន្ធ​ការពារ​ដែន​អាកាស។ល។

មិនតែប៉ុណ្ណោះ ភាគី​ម៉ាលី ក៏​ប្រាថ្នា​ទិញ​ពី​រុស្ស៊ី​គឺ​កាំភ្លើង​បាញ់​ធុន​ស្រាល និង​គ្រាប់​របស់​វា,​គ្រឿង​​​បន្លាស់​សម្រាប់​រថក្រោះ​និង​សម្រាប់​យានយន្ត​ពាសដែក​នានា ធ្លាក់​ខ្លួន​ចាស់​ទៅ​ហើយ​ទិញ​តាំង​ពី​ជំនាន់​សូវៀត ព្រម​ទាំង​សុំ​ឲ្យ ភាគី​រុស្ស៊ី​ជួយ​ជួសជុល គ្រឿង​ចម្បាំង​ទាំង​នេះ​ផង។

តាម​ទិន្នន័យ​កាសែត​នោះ កុងត្រា​ស្តី​អំពី​ការ​លក់​សព្វាវុធ​រុស្ស៊ី​ទៅ​ឲ្យ​ម៉ាលី នឹង​ត្រូវ​ចុះ​ហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទៅ​ហើយ ប៉ុន្តែ​ទំហំ​ទឹកប្រាក់​ឥត​មាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។

កាសែត​ក៏​លើក​យក​មក​ចុះផ្សាយ​មតិ​របស់​តំណាង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី RosOboronExport ដែល​ក្នុង​លក្ខណៈ​មិន​បញ្ចេញ​ឈ្មោះ​ប្រមាណ​ថា រដ្ឋាភិបាល​បារាំង​ដែល​ពួក​យោធា​ប្រទេស​នេះ​កំពុង​ច្បាំង​នៅ​ខាង​រដ្ឋាភិបាល​ម៉ាលី​ទល់​នឹង​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​មុខ​ជា​មិន​រាំងរា​រំខាន​រុស្ស៊ី​ឡើយ​ក្នុង​ការ​បំពាក់​អាវុធ​ថ្មីៗ ដល់​កងទ័ព​ម៉ាលី។

ជា​ការ​កត់​សម្គាល់ ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ខាង​លក់​អាវុធ​ទៅ​ក្រៅ  RosOboronExport ធ្លាប់​បាន​ចុះ​ទៅ​ហើយ​ជាមួយ​ក្រសួង​ការពារ​ជាតិ​ម៉ាលី គឺ​កិច្ច​សន្យា​លក់​ទៅ​ឲ្យ​ម៉ាលី នូវ​កាំភ្លើង​ស្វ័យប្រវត្ត​ទំនើប​ធុន AK ចំនួន ៣.០០០ ដើម អាកាលីប ៧,៦២ មីលីម៉ែត្រ។ កិច្ច​សន្យា​នោះ ដែល​ចុះ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១២ មាន​ទឹក​ប្រាក់​ជាង ១​លាន​ដុល្លារ​ស.រ.អា.។

គួរ​និយាយ​ថា​ថ្ងៃ​៣​មេសា​ម្សិលមិញ ដោយ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៃ “ គណៈ​កម្មការ​រដ្ឋ​រុស្ស៊ី​ខាង​សហ​ប្រតិបត្តិការ​យោធា-បច្ចេកទេស ជា​មួយ​រដ្ឋ​បរទេស” លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ​រុស្ស៊ី​ចេះ​លក់​អាវុធ​បាន​ទឹក​ប្រាក់ ១៥.២០០​លាន​ដុល្លារ​ពោល​គឺ ១២% ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១១។ គាត់​បន្ថែម​ថា ឥឡូវ​ក្នុង​កញ្ចប់​កុម៉ង់​ទិញ​អាវុធ​ពី​រុស្ស៊ី គឺ​មាន កុងត្រា​ក្នុង​ទឹកប្រាក់​ដល់ ៤៦.៣០០​លាន​ដុល្លារ។

លោក​ពូទីន ក៏​កត់​សម្គាល់​ថា ប្រទេស​រុស្ស៊ី ចេះ​ដណ្តើម​បាន​ដល់​ទៅ​ជាង​១/៤ នៃ​ទីផ្សារ​អាវុធ​ក្នុង​លោក​និយាយ​ឲ្យ​ចំ​គឺ ២៦% ដោយ​ស្ថិត​នៅ​តែ ពីក្រោយ​ស.រ.អា. ដែល​ស្រូប​យក​ទីផ្សារ​នេះ អស់ ៣០%។ ប៉ុន្តែ រុស្ស៊ី​ឈ្នះ​ដល់​ទៅ​ប៉ុន្មាន​ដង​ឯណោះ លើ​៣​ប្រទេស​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង ចំណោម​៥​ប្រទេស​នាំ​មុខ​គេ​ក្នុង​វិស័យ​នេះ​ពោល​គឺ ៧% ធ្លាក់​លើ​ប្រទេស​អាល្លឺម៉ង់,៦% ​ធ្លាក់​លើ​បារាំង​និង ៥% ធ្លាក់​លើ​ចិន​ប៉េកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ