អានតួអត្ថបទ
រុស្ស៊ី-សហភាពអឺរ៉ុប

បញ្ហា​មួយ ​ក្នុង​ជំនួប​កំពូល​ រុស្ស៊ី-សហភាពអឺរ៉ុប​ គឺ​ស្ថានការណ៍​នៅ​ប្រទេស​ស៊ីរី

បញ្ហា​នេះ ដាក់​ចេញ​ដោយ​ភាគី​អឺរ៉ុប ទៅ​ក្នុង​របៀបវារៈ នៃ​ការ​ពិភាក្សា​ជា​ផ្លូវការ ក្នុង​ជំនួប​កំពូល រុស្ស៊ី-សហភាពអឺរ៉ុប លើក​ទី​២៧ ដែល​ថ្ងៃ​នេះ ធ្វើ​ការងារ​ខ្លួន ​នៅ​ក្រុង​រុស្ស៊ី ឈ្មោះ Nijni Novgorod។ តាំងពីមុន​ដល់​ជំនួប​នេះ​ម៉្លេះ ស្ថានការណ៍ នៅ​ប្រទេស​ស៊ីរី អស់​ប៉ុន្មាន​ថ្ងៃ​ជាប់​មក​ហើយ​ញ៉ាំង​ឲ្យ​មាន​ការ​ខ្វែងគំនិត​គ្នា​រវាង​ រុស្ស៊ី​និង​សហភាពអឺរ៉ុប។

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergei Lavrov
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergei Lavrov © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​រុស្ស៊ី  គឺ​ប្រធានាធិបតី ដែល​ជា​អ្នក​កំណត់ នយោបាយ​ក្រៅប្រទេស។ ហើយ​ច្បាស់​ជា​រំលេច​ឲ្យ​ឃើញ​ពី​គោលជំហរ​លោក​មេដវេដេវ​តែម្តង​ដែល​ចូលរួម​ដោយ​ផ្ទាល់ក្នុង​ជំនួប​កំពូល​នេះ​ដែល​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ឡាវ្រ៉ូវ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ក្នុង​ន័យ​ថា៖

-​ ទីក្រុង​ម៉ូស្គូ ប្រឆាំង​នឹង​ការ​លើក​បញ្ហា​ស្តីអំពី​ស្ថានការណ៍​នៅ​ប្រទេស​ស៊ីរី ទៅ​ពិភាក្សា នៅ​ឯ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ដោយ​ថែម​ទាំង​ចោទ ប្រទេស​ខ្លះ នៃ​លោក​ខាង​លិច មាន​បារាំង និង​អង់គ្លេស​ជាដើម ដែល​គាំទ្រ​យ៉ាង​សកម្ម​ទៅ​ផង ដោយ ស.រ.អា.ថា ចេះតែ ប៉ុនប៉ង ផ្តល់​លក្ខណៈ​អន្តរជាតិ ដល់​ជម្លោះ​ផ្ទៃក្នុង​សុទ្ធសាធ របស់​ប្រទេស​ស៊ីរី។

គម្រោង​នៃ​សេចក្តី​សម្រេច​ទាក់ទង​នឹង​ប្រទេស​ស៊ីរី ដាក់​ចេញ​ដោយ​បារាំង និង​អង់គ្លេស ដើម្បី ទទួល​ការអនុម័ត ដោយ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប.  បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ បាន​ចេញ ឯកសារ​​ប្រភេទ​នេះ ជុំវិញ​ប្រទេស​លីប៊ី​ទៅ​ហើយ តាម​យោបល់​រុស្ស៊ី គឺ​នឹង​ហុច​លទ្ធផល​បញ្ច្រះ ទៅ​វិញ​ទេតើ ពីព្រោះ​វា​មាន​ន័យ ជា​ការ​កាន់​ជើង តែ​ភាគី​ម្ខាង​នៃ​អធិករណ៍​នៅ​ស៊ីរី គឺ​ភាគី​បះបោរ ដែល​ចង់​ផ្តួល​រំលំ លោក​ប្រធានាធិបតី បាហ្សារ អាស្សាដ ដូច​ចង់​ផ្តួល មេ​ដឹក​នាំ លីប៊ី ឈ្មោះ កាដាហ្វ៊ី អ៊ីចឹង មិនមែន​តម្រង់​ទៅ​ស្វែង​រក ការ​ផ្សះផ្សាជាតិ​នៅ​ទីនោះ​ឡើយ។

ចំណែក​តំណាង​អចិន្ត្រៃយ របស់​រុស្ស៊ី​ប្រចាំ​នៅ​អ.ស.ប. លោក​អគ្គរដ្ឋទូត វីតាលី ឈួរគីន បាន ថ្លែង​យប់មិញ​នៅ​ក្រុង​ញីវយ៉ក​ថា រុស្ស៊ី​នឹង​ប្រើ​សិទ្ធិ​វេតូ មិន​ឲ្យ ក្រុម​ប្រឹក្សាសន្តិសុខ អនុម័ត​ឡើយ​គម្រោង​នៃ​សេចក្តី​សម្រេច​ស្តីអំពី​ប្រទេស​ស៊ីរី​ដ្បិត​ឯកសារ​នេះ មិន​ធានា​ឲ្យ​មាន​ការ​បើក​ធ្វើ​សំវាទ​រវាង​ភាគី​បដិបក្ខ​នៅ​ស៊ីរី​និង​មិន​នាំ​ទៅ​បញ្ឈប់​ការ​បង្ហូរ​ឈាម នៅ​ទីនោះ​ឡើយ។

លោក​រដ្ឋមន្ត្រី​ការបរទេស​បារាំង អាឡាំង ហ្ស៊ូព្ពេ ដែល​ជា​ម្ចាស់​នៃ​ឯកសារ​នោះ ធ្លាប់​បាន​ថ្លែង ព្រមាន​ថា​ក្នុង​ករណី​បើ​ទីក្រុង​ម៉ូស្គូ ប្រើ​សិទ្ធិ​វេតូមែន​នោះ​នាទី​ទទួល​ខុសត្រូវ ចំពោះ​ដំណើរ​វិវឌ្ឍន៍​ទៅ​នៃ​ស្ថានការណ៍​នៅ​ស៊ីរី​គឺ​នឹង​ធ្លាក់​ទៅ​លើ​ប្រទេស​រុស្ស៊ី។

តាម​តួលេខ​អ.ស.ប. ដោយ​មក​ពី​ការបង្ក្រាប យ៉ាង​ហិង្សា ពី​ខាង​កម្លាំង​អាជ្ញាធរ​ស៊ីរី មាន​បាតុករ​ប្រទេស​នោះ ធ្លាក់​ខ្លួន​ស្លាប់​អស់ ប្រមាណ​មួយ​ពាន់​នាក់​ហើយ។

គឺ​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​នេះ ដែល​ថ្នាក់​ដឹកនាំ សហភាពអឺរ៉ុប និង​រុស្ស៊ី នឹង​ប្រកាស​អំពី លទ្ធផល​ នៃ​កិច្ចចរចា​ជុំវិញ​សាច់រឿង ស្តី​អំពី​ប្រទេស​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ