Apec៖ប្រទេសអាស៊ី-ប៉ាស៊ីហ្វិកប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងផលប្រយោជន៍សេដ្ឋកិច្ចបែបអាត្មានិយម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៨
ជំនួបកំពូលប្រទេស២១ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា Apec បិទបញ្ចប់ថ្ងៃអាទិត្យនេះ នៅទិក្រុងលីម៉ា ប្រទេសប៉េរូ។ យោងតាមសេចក្តីថ្លែងការណ៍ដែលសារព័ត៌មានបារាំង AFP ទទួលបាន-សមាជិកApec សន្យាបន្តបើកចំហទីផ្សារ និងប្រយុទ្ធប្រឆាំងរាល់ទំរង់នៃផលប្រយោជន៍សេដ្ឋកិច្ចបែបអាត្មានិយម ដែលពួកគេយល់ថា ជាឧបសគ្គធ្វើអោយការផ្តោះប្តូរពាណិជ្ជកម្ម កាន់តែចុះខ្សោយ។
ក្នុងជំនួបកំពូលApec ថ្ងៃសៅរ៍ម្សិលមិញ គេឃើញមានជំនួបទ្វេភាគីសំខាន់ៗ រវាងលោកស៊ី ជីនពីង និងលោកអូបាម៉ា, រវាងលោកស្ហ៊ីនហ្សូ អាបេ និងលោកពូទីន, ហើយលេចធ្លោដែរនោះ គឺលោកឌុយទែរតេក៏បានជួបជជែកជាមួយលោកពូទីននឹងគេដែរ។
សមាជិកApec ប្រឆាំងផលប្រយោជន៍សេដ្ឋកិច្ចបែបអាត្មានិយម ដើម្បីជំនះលោកដូណាល់ ត្រាំ
ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក យល់ថា បើប្រទេសនិមួយៗ ព្យាយាមគិតតែផលប្រយោជន៍រៀងៗខ្លួន ភ្លេចគិតពីប្រយោជន៍រួម- ភ្លេចគិតគោលការណ៍សមភាពរវាងគ្នានិងគ្នា- នោះគេពិតជាពិបាកនឹងស្តារសេដ្ឋកិច្ចអន្តរជាតិ អោយបានទៅមុខណាស់។ ប្រទេសអាស៊ីប៉ាស៊ីហ្វិកសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបែងចែកប្រយោជន៍ អោយត្រឹមត្រូវ ក្នុងសកលភារវូបនីយកម្ម។
សមាជិក Apec ពិតជាមិនគាំទ្រលោកត្រាំទេ ព្រោះលោកត្រាំបានគំរាមលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក ហៅថា កិច្ចព្រមព្រៀងTTP។ លោកត្រាំមានគោលការណ៍យកប្រយោជន៍សេដ្ឋកិច្ចអាមេរិកជាធំ មិនគិតដល់ប្រទេសផ្សេងៗទៀតទេ។ ពេលឃោសនាឆ្នោត ដូណាល់ ត្រាំ បានសន្យាថា នឹងខំការពារមិនអោយបាត់បង់ការងារក្នុងឧស្សាហកម្មជាតិ ដើម្បីទប់ទល់នឹងការប្រជែងពីប្រទេសមួយចំនួន ដូចជាចិន រឺក៏ម៉ិចស៊ិក ដែលជាប្រទេសមានតម្លៃពលកម្មទាប។ លោកត្រាំបានសន្យាដែរថា នឹងយកពន្ធលើទំនិញចិនអោយធ្ងន់។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក TTP ដែលលោកត្រាំគំរាមលុបចោល មានប្រទេស១២ចុះហត្ថលេខា មានដូចជាអូស្ត្រាលី ព្រុយណេ កាណាដា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី រឺក៏វៀតណាមជាដើម។ កិច្ចព្រមព្រៀងនេះគ្មានវត្តមានចិនទេ - ជាកិច្ចព្រមព្រៀងគាំទ្រដោយរដ្ឋាភិបាលលោកអូបាម៉ា។ ប៉ុន្តែ សភាអាមេរិកមិនទាន់ផ្តល់សច្ចាប័នទេ។
ម្ល៉ោះហើយ ប្រទេស Apec គិតថា បើទីបំផុតទៅ លោកត្រាំលុបវាចោល ពួកគេក៏នឹងបន្តផ្តោះប្តូរពាណិជ្ជកម្មរវាងគ្នា តទៅទៀត ទោះគ្មានអាមេរិកនៅជាមួយនៅថ្ងៃមុខក្តី។ សូមបញ្ជាក់ថា សកម្មភាពពាណិជ្ជកម្មសមាជិក Apec មាន៦០ភាគរយ ក្នុងពិភពលោក។ សមាជិក Apec ទទួលប្រយោជន៍ជាងគេ ក្នុងដំណើរការនៃសកលភាវូបនីយកម្ម។
ចិនសម្លឹងអាស៊ី-ប៉ាស៊ីហ្វិក ដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក TTP
គ្មានវត្តមានចិនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក TTP។ កិច្ចព្រមព្រៀងមួយនេះ គាំទ្រដោយរដ្ឋាភិបាលលោកអូបាម៉ា បង្ហាញថា អាមេរិកខំប្រជែងជាមួយចិន នៅអាស៊ី-ប៉ាស៊ីហ្វិក។ ចំពេលលោកត្រាំគំរាមលុបកិច្ចព្រមព្រៀងTTP ចោល លោកស៊ី ជីនពីង ត្រូវតែយកចិនមកដាក់ក្បាលចង្កូតវិញម្តង ដើម្បីអាចដឹកនាំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ពង្រឹងឥទ្ធិពលចិន អោយកាន់តែខ្លាំង។
ប្រធានាធិបតីចិន បាននិយាយទៅកាន់សមាជិក Apec ថាចិនបើកទ្វារចំហជានិច្ច ហើយតំបន់ផ្តោះប្តូរពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកនេះ ជាការផ្តួចផ្តើមយុទ្ធសាស្ត្រ ដើម្បីភាពរុងរឿងយូរអង្វែង។ នៅចំពោះមុខ សមាជិក Apec ចិនបានឆ្លៀតលើកតំកើងគម្រោងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចពេញលេញមួយ ហៅកាត់ថា RCEP។ ជាកិច្ចព្រមព្រៀងផ្តោះប្តូររវាងអាស៊ាន ចិន អូស្ត្រាលី និងឥណ្ឌា តែគ្មានវត្តមានអាមេរិកទេ។
និយាយត្រង់ចំណុចនេះ ជប៉ុនកំពុងបារម្ភពីឥទ្ធិពលចិន លោកស្ហ៊ីនហ្សូ អាបេ ព្យាយាមការពារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក TTP មិនខ្វល់ពីកិច្ចព្រមព្រៀងផ្តោះប្តូរជាមួយអាស៊ាន ដែលចិនលើកឡើងស្អីទេ។ កិច្ចព្រមព្រៀងTTP គ្មានវត្តមានចិន។ ដូច្នេះ ជាកិច្ចព្រមព្រៀងមានប្រយោជន៍លើកស្ទួយឥទ្ធិពលជប៉ុន ទៅវិញទេ។ អញ្ចឹងហើយ បានជាលោកអាបេខំស្កាត់ទៅជួបលោកត្រាំ ដល់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ប្រហែលដើម្បីអង្វរលោកត្រាំ អោយពិចារណាឡើងវិញ កុំលុបចោលកិច្ចព្រមព្រៀងមួយនេះ។
ដោយឡែក ការដែលលោកស៊ី ជីនពីង ប្រាប់ប្រទេស Apec ថា ចិនបើកទ្វារចំហរជានិច្ចនោះ ក៏ជាការតបតមួយទៅលោកត្រាំវិញដែរ បង្ហាញថា ចិនមានចិត្តទូលំទូលាយជាងអាមេរិកក្នុងរឿងពាណិជ្ជកម្ម។ តែលោកអូបាម៉ា ហាក់ព្យាយាមលើកមុខអាមេរិក ការពារត្រាំបន្តិចដែរ ដោយលើកឡើងថា គេមិនដឹងនាំប្រទេសតាមអ្វីដែលគេធ្លាប់សន្យាក្នុងពេលឃោសនាបោះឆ្នោតទេ។ លោកស៊ី ជីនពីង លើកឡើងថា លោកសង្ឃឹមថា ការផ្ទេរអំណាចនៅអាមេរិក អាចដំណើរការបានស្រួល ហើយចិននិងអាមេរិកនៅតែអាចបន្តទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាតទៅទៀត។
ជំនួបទ្វេភាគី អូបាម៉ា-ស៊ី ជីនពីង, ស្ហ៊ីនហ្សូ អាបេ-ពូទីន, ឌុយទែរតេ-ពូទីន
ប្រធានាធិបតីទាំង២បានជជែកពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ហើយព្រមព្រៀងគ្នាព្យាយាមមិនអោយក្រុងព្យុងយ៉ាងសម្រេចមហិច្ឆតានុយក្លេអ៊ែរ។ លោកអូបាម៉ាក៏បាននិយាយពីបញ្ហាសមុទ្រចិនជាមួយលោកស៊ី ដែរ ដោយសង្ឃឹមថា ភាគីជម្លោះនិមួយៗ នៅសមុទ្រចិន អាចដោះស្រាយគ្នាតាមបែបសន្តិភាព។
និយាយពីជម្លោះដែនទឹកនេះ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានជួបប្រធានាធិបតីរុស្ស៊ី និយាយគ្នាពីជម្លោះកោះគូរីល រវាងជប៉ុននិងរុស្ស៊ីដែរ។ លោកអាបេប្រាប់ថា កំពុងមើលឃើញសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ទាក់ទងបញ្ហានេះ។ គួររំលឹកថា ប្រជុំកោះគូរីលនេះ ត្រូវបានកងទ័ពសូវៀតដណ្តើមយក ក្រោយសង្គ្រាមលោកលើកទី២។ ជប៉ុនបានទាមទារដែនកោះមួយផ្នែកមកជាកម្មសិទ្ធិខ្លួន។ លោកអាបេ និងលោកពូទីន នឹងជួបគ្នាម្តងទៀត ក្នុងជំនួបកំពូលជប៉ុន-រុស្ស៊ី នៅក្រុងតូក្យូ ខែធ្នូក្រោយនេះ។
ម្សិលមិញនេះ ប្រធានាធិបតីហ្វីលីពីន ឌុយទែរតេ ក៏បានសំណេះសំណាលជាមួយលោកពូទីនដែរ។ លោកឌុយទែរតេ ស្អប់ប្រទេសលោកខាងលិចណាស់។ ពេលនិយាយជាមួយលោកពូទីន លោកឌុយទែរតេ បានបរិហារអាមេរិកនិងសម្ព័ន្ធមិត្តថា ពួកគេធ្វើសង្គ្រាមតែបែរជាភ័យខ្លាចនឹងសង្គ្រាមទៅវិញ។ លោកឌុយទែរតេបរិហារទៀតថា ទីបំផុតទៅ សកម្មភាពយោធាទាំងនោះគឺជាការបរាជ័យទៅវិញ។
លោកឌុយទែរតេកំពុងខំយកចិត្តយកថ្លើមរុស្ស៊ី និងចិន ព្រោះរុស្ស៊ី និងចិនមិនបានរិះគន់យុទ្ធនាការកំចាត់ឧក្រិដ្ឋជនគ្រឿងញៀននៅហ្វីលីពីន ដូចប្រទេសលោកខាងលិចទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ