អានតួអត្ថបទ
ជប៉ុន-សហរដ្ឋអាមេរិក

ជំនួប​​រវាង​​​នាយករដ្ឋមន្ត្រី​​ជប៉ុន​ និង​​លោក​​ដូណាល់​ ត្រាំ​

នៅ​ក្រុងញូវយក ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ដូណាល់​ ត្រាំ បាន​ទទួលជួប​​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​​​ស្ហ៊ីនហ្សូ អាបេ ​ជាងមួយម៉ោង។ ​លោក​អាបេ​បាន​លើកឡើង​ថា ​លោក​ត្រាំ​ ជា​អ្នកដឹកនាំ​ម្នាក់ ដែល​លោក​អាច​ផ្តល់ទំនុកចិត្ត​​បាន។

លោក​អាបេ ជួប​លោកត្រាំ នៅ​អគារ​Trump Tower នៅ​ក្រុងញូវយក ថ្ងៃ​១៧វិច្ឆិកា ២០១៦។
លោក​អាបេ ជួប​លោកត្រាំ នៅ​អគារ​Trump Tower នៅ​ក្រុងញូវយក ថ្ងៃ​១៧វិច្ឆិកា ២០១៦។ Cabinet Public Relations Office/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ ជា​មេដឹកនាំ​បរទេស​ទី១ ដែល​លោក​ដូណាល់ ត្រាំ​ បាន​ទទួលជួប បន្ទាប់​ពី​លោក​ត្រាំ​បានជាប់ឆ្នោត​ ជា​ប្រធានាធិបតី​អាមេរិកមក។ លោក​អាបេ​ខំស្កាត់ទៅ​​ជួប​លោក​ត្រាំ នៅ​សហរដ្ឋ​អាមេរិក ​ដោយសារ​​តែលោក​​បារម្ភ​ចំពោះ​ទំនាក់ទំនង រវាង​សហរដ្ឋ​អាមេរិក ​និង​ជប៉ុន នៅ​ពេល​លោក​ត្រាំ ចូល​​កាន់កាប់​អាមេរិក ​នៅ​ខែមករា​ខាងមុខនេះ។

ក្តីបារម្ភ​គឺដោយសារ​តែ ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​កន្លងមក ​លោកត្រាំ បាន​លើកឡើង​ថា លោក​គ្រោង​ដក​ទាហានអាមេរិក​ចេញពី​​ភាគខាងត្បូង​ឧបទ្វីប​កូរ៉េ និងចេញពី​ជប៉ុន​ផងដែរ ប្រសិន​បើ​កូរ៉េខាងត្បូង និង​ជប៉ុន​មិនបង់​វិភាគទាន​អោយ​បាន​សមស្រប។ ​ដូណាល់ ត្រាំ ក៏​បានស្នើ​អោយ​ជប៉ុន​និង​កូរ៉េខាងត្បូង ​មាន​អាវុធ​បរមាណូ​ផងដែរ ដើម្បីប្រឈម​នឹង​កូរ៉េខាងជើង។

លោក​អាបេ ​ក៏​ចង់​លើកឡើងជាមួយ​លោកត្រាំ ​​​​​ពី​កិច្ចព្រមព្រៀង​​រ​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិកដែរ ព្រោះ​វាអា​ចជួយ​ជប៉ុន ប្រឈម​នឹង​ចិន នៅ​អាស៊ី​បាន​​។ សភា​អាមេរិក​ទាំង២​​មិនទាន់​​ផ្តល់សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​នេះ​នៅឡើយ។

ទោះយ៉ាងនេះ​ក្តី អ្នកនាំពាក្យ​​របស់​លោក​ត្រាំ ប្រាប់ថា ​លោក​អាបេ ​និង​លោកត្រាំ ​មិនអាច​ជជែកគ្នា​ស៊ីជម្រៅ ពី​សំណុំរឿង​ទាំងអស់​នេះទេ ដរាបណា​​លោកត្រាំ នៅ​មិនទាន់​ចូលកាន់តំណែង​ជាផ្លូវការ។

ទន្ទឹម​នឹង​ជំនួប​ជាមួយ​លោក​អាបេ ​​តាំង​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ​​​លោក​ត្រាំ​​បន្ត​ពិនិត្យ​ជ្រើសរើស​បេក្ខជន​សម្រាប់​​តំណែង​សំខាន់ៗ ក្នុង​ជួរ​រដ្ឋាភិបាល​។ នៅ​មិនទាន់​មាន​ការជ្រើសរើស​ណាមួយ​ជា​ផ្លូវការ​​នៅឡើយទេ។ ប៉ុន្តែ សារព័ត៌មាន​អាមេរិក​មួយចំនួន​បាន​ចុះផ្សាយ​ថា លោកMichael Flynn ជា​​អតីត​មេដឹកនាំ​ចារកិច្ច​យោធា ចន្លោះ​ឆ្នាំ២០១២ ដល់ឆ្នាំ​២០១៤ ត្រូវបាន​ជ្រើសរើស​អោយ​​ធ្វើជា​អ្នកប្រឹក្សា​សន្តិសុខជាតិ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ