អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អង្គការ​សហប្រជាជាតិ​គំរាម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុមប្រយុទ្ធ​នៅ​ស៊ូដង់​ខាងត្បូង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​​កំពុងតែ​រិះគិត​ពី​ទណ្ឌកម្ម​ដែល​ត្រូវដាក់​ប្រឆាំង​នឹង​អ្នក​ទទួល​ខុសត្រូវ​​ក្នុង​អំពើកាប់​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​ នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង។ យោងតាម​អង្គការ​សហប្រជាជាតិ ​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ​ ក្រុមឧទ្ទាម​​បាន​សម្លាប់​ជនស៊ីវិល​រាប់រយនាក់ នៅ​ក្រុង​​ប្រេង​ Bentiu ភាគខាងជើង។ ជនស៊ីវិល​ជាង​៥០នាក់ ​ដែល​រត់​មក​ជ្រក​ភៀសខ្លួន​ ​ក្នុងមូលដ្ឋាន​អង្គការសហប្រជាជាតិ​មួយកន្លែង ​​នៅ​ភាគខាងកើត​ ក៏​ត្រូវ​បាន​​​សម្លាប់​ដែរ។ អាមេរិក​និង​បារាំង​បាន​យល់ព្រម​​​អោយ​អង្គការ​សហប្រជាជាតិ​​​ចេញ​ទណ្ឌកម្ម​​ប្រឆាំងស៊ូដង់​ខាងត្បូង ដើម្បីបិទបញ្ចប់​អំពើហិង្សា​ទាំងនេះ។

សាកសព​ជនស៊ីវិល​ដែល​ស្លាប់​នៅ​ក្រុង​ Bentiu ប្រទេស​ស៊ូដង់​ខាងត្បូង ថ្ងៃ២០មេសា។
សាកសព​ជនស៊ីវិល​ដែល​ស្លាប់​នៅ​ក្រុង​ Bentiu ប្រទេស​ស៊ូដង់​ខាងត្បូង ថ្ងៃ២០មេសា។ REUTERS/Emre Rende
ផ្សាយពាណិជ្ជកម្ម

តាំង​ពីពាក់កណ្តាល​ខែ​ធ្នូ​មក ​អំពើហិង្សា​កាប់សម្លាប់​មនុស្ស​នៅ​ស៊ូដង់​ខាងត្បូង​នៅ​មិនទាន់​​បញ្ចប់​នៅឡើយទេ ហើយ​ក៏​ប្រហែល​ជា​ពិបាក​នឹង​បញ្ចប់​ដែរ ប្រសិន​បើ​សហគមន៍​អន្តរជាតិ ពិសេស​អង្គការសហប្រជាជាតិ​ មិន​កម្រើក​ខ្លួន​ចាត់​វិធានការ​ដាច់ខាត​នោះទេ។ ​លោក​​ ​អ៊ែរវេ ឡាត់ស៊ូ Hervé Ladsous អ្នកទទួល​ខុសត្រូវ​​កងទ័ព​មួកខៀវ​នៅ​​ស៊ូដង់​ខាងត្បូង​ ​និង​លោក​ ​Ivan Simonovic ជា​​អគ្គលេខាធិការ​រង​ទូទៅ​ទទួលបន្ទុក​ផ្នែក​មនុស្សធម៌​ បាន​ផ្តល់ព័ត៌មាន​ដល់​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហ​ប្រជាជាតិ ពី​ការកាប់សម្លាប់​ជនស៊ីវិល ដែល​បាន​កើតឡើង​ថ្មីៗ​នេះ ក្នុង​នោះ​ក៏មាន​អំពើហិង្សា​នៅ​ក្រុងប្រេង បិនជូ​​ Bentiu ស្ថិតនៅ​ភាគខាងជើង​​ប្រទេស​ផងដែរ។ យោងតាម​​អង្គការ​សហប្រជាជាតិ នៅ​ទីនោះ ក្រុមឧទ្ទាម​បាន​សម្លាប់​មនុស្ស​ជាង​២០០នាក់។

អំពើហិង្សា​នៅ​ស៊ូដង់​ខាងត្បូង​ កើត​ចេញ​មកពីជម្លោះដណ្តើមអំណាច​​រវាង​​ ប្រធានាធិបតី​​​សាល់វ៉ា គៀ និង​​ ​​អតីត​អនុប្រធានាធិបតី រៀក ម៉ាស្ហារ ដែល​ត្រូវបាន​គេ​ដក​ពីតំណែង​កាលពី​ខែ​កក្កដា ឆ្នាំ​មុននេះ។ លោក​សាល់វ៉ា គៀ ហូត​តំណែង​លោក​ម៉ាស្ហារ ដោយ​ចោទ​លោក​ម៉ាស្ហារ​ថា ​បាន​ព្យាយាម​ធ្វើរដ្ឋ​​ប្រហារ​ទំលាក់​រដ្ឋាភិបាល។​ ​ការ​ប្រយុទ្ធគ្នារវាង​សកម្មជន​គាំទ្រ​​​មេដឹកនាំ​ទាំង២នេះ ​​​បាន​រាលដាល​រហូត​ដល់​សម្លាប់​ជន​ស៊ីវិល​​សន្ធឹកសន្ធាប់។ ពិសេស​ទៅទៀត​​ វា​ក៏​ជា​ការ​កាប់​សម្លាប់​រវាង​សហគមន៍​មកពី​ជាតិពិន្ធុ​២​​ផ្សេងគ្នា​ដែរ ព្រោះថា ប្រធានាធិបតី​សាល់វ៉ា គៀ មាន​ជាតិពិន្ធុ​ឌីនកា ហើយ​​​លោក​ ម៉ាស្ហារ ជា​គូសត្រូវ​របស់​លោក មកពី​ជាតិពិន្ធុ​នូអេ។ យោងតាម​អ្នក​សង្កេតការណ៍​ អំពើហិង្សា​​​បាន​សម្លាប់​មនុស្ស​​រាប់ពាន់នាក់ ហើយ​អាច​ឡើង​ដល់​ម៉ឺននាក់​ក៏ថាបាន។ មនុស្ស​ជាង​មួយលាន​នាក់​ ​បាននាំគ្នា​ភៀសខ្លួន ទៅ​ប្រទេស​ជិតខាង។

អំពើហិង្សា​នៅ​តែ​កើតឡើង ហើយ​ជនស្លូតត្រង់​នៅតែ​បន្ត​ស្លាប់ ព្រោះ​ថា គ្មាន​ភាគី​ប្រយុទ្ធ​ណាមួយ​ព្រមចុះញ៉ម​គ្នា​ទេ។ ទោះ​ជាភាគី​ទាំង២សម្រេច​បាន​​​​​​​បទឈប់បាញ់​ជាមួយគ្នា ​​កាលពី​​ថ្ងៃ​២៣មករាក៏ដោយ។ អង្គការ​សហ​ប្រជាជាតិ​​ចោទ​ក្រុមឧទ្ទាម​ដែល​គាំទ្រ​អតីត​អនុ​ប្រធានាធិបតី​​ម៉ាស្ហារ​​ថា បាន​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់ ហើយ​ក៏ទទួលស្គាល់​ដែរថា អ្នកបង្កហិង្សា​នោះគឺ​ទាំង២​ភាគី​តែម្តង គឺ​ទាំង​ក្រុមឧទ្ទាម ទាំង​ក្រុមគាំទ្ររដ្ឋាភិបាល។ អង្គការ​សហប្រជាជាតិ​ចោទ​ទៀតថា ​ក្នុង​ការ​កាប់​​សម្លាប់​ទៀតសោត ​ក្រុមឧទ្ទាមគាំទ្រ​អតីត​អនុប្រធានាធិបតី​ម៉ាស្ហារ ​​ដែល​មាន​ជាតិពន្ធុ​​នូអេ​​ សម្លាប់​តែ​មនុស្ស​ដែល​មាន​​​ជាតិពន្ធុ​ឌីនកា តែ​ប៉ុណ្ណោះ។ ពោល​គឺ​​មនុស្ស​មាន​​ជាតិ​ពិន្ធុ​ឌីនកា ដូច​​​ប្រធានាធិបតី​សាល់វ៉ា​ គៀ​។ ការរើសអើង​ជាតិពិន្ធុ​គ្នា​នេះ ក៏​​មាន​ក្នុង​ជួររដ្ឋាភិបាល​សាល់វ៉ា គៀ​ដែរ។ ​​កាលពីថ្ងៃពុធ ​ប្រធានាធិបតី​បាន​ដកតំណែង​មេយោធា​មួយរូប ​ដែល​មាន​ជាតិពិន្ធុ​នូអេ ហើយ​បាន​ដាក់​អ្នកជំនួស​​​​​មកពីជាតិពិន្ធុ​ឌីនកា ដូច​ប្រធានាធិបតី​ អោយ​ឡើង​កាន់កាប់​តំណែងនេះវិញ។ ​ដោយឡែក​ ការដក​តំណែង​នេះ ប្រហែល​អាច​មក​​ពី​ថា ​ក្រុមឧទ្ទាម​​វាយ​ដណ្តើម​​បានពី​រដ្ឋាភិបាល នូវ​​​​​ក្រុង​យុទ្ធសាស្ត្រ​បិនជូ ស្ថិត​នៅ​ភាគខាងជើង​ប្រទេស​ដែរ។ ក្រុង​នេះសំបូរ​​ប្រេង ផ្តល់ចំណូល​ចំបង​បំផុត​ដល់​សេដ្ឋកិច្ចជាតិ។ ​

ប្រាកដណាស់​ថា សហគមន៍​អន្តរជាតិ​​ និង​អង្គការ​សហប្រជាជាតិ​បាន​​គាំទ្រ​​ស៊ូដង់​ខាងត្បូង​​ ក្នុង​ការ​ទទួលបាន​​​ឯករាជ្យ​ភាព​ពីប្រទេស​ស៊ូដង់ កាលពី​ខែ​កក្កដា ឆ្នាំ​២០១១។ ប៉ុន្តែ ស្ថានភាព​ប្រទេស​ឯករាជ្យដ៏​វ័យក្មេង​​នេះ​ នៅ​ផុយស្រួយណាស់។ ជាជាង​គិតគូរដល់​សន្តិសុខ​ស្ថិរភាព​នយោបាយ មេដឹកនាំ​ម្នាក់ៗ​​បែរជា​​សម្លាប់​គ្នា រើងអើង​គ្នា ដណ្តើម​អំណាច​​គ្នាទៅវិញ។ ​សហភាព​អាហ្វ្រិក​​ខ្លួនឯងផ្ទាល់ ដែល​​ធ្លាប់​ធ្វើជំនួប​កំពូល​រក​ដំណោះស្រាយ​ហិង្សា​នេះដែរ ក៏​នៅ​​មិនទាន់ឃើញ​ចេញ​​វិធានការ​អ្វីយកជាការបាន។ ដូច្នេះ ​មានតែ​​​អង្គការ​សហប្រជាជាតិ​​​ទេ ដែល​មានអានុភាព​លើស​គេ​ ក្នុង​ការ​ចាត់​វិធានការ​​ម៉ឹងម៉ាត់ អោយបាន​ឆាប់រហ័ស​​បំផុត​ ព្រោះថា ​​​​បើយឺតយ៉ាវ ​ជនល្មោភ​អំណាច​​អាហ្វ្រិក ​តែ​​បន្ត​​ធ្វើអ្វី​ស្រេចតែ​ចិត្ត​​​ បន្ត​រំលោភ​​​​សិទ្ធិមនុស្ស​ ហើយ​ជនដែលរងគ្រោះ​គ្មាន​អ្នកណាក្រៅពី​ជនស៊ីវិល​នោះទេ។ ជន​ល្មោភ​អំណាច​អាហ្វ្រិក​​ទាំងអស់​នេះ មិនត្រឹម​មិន​បាន​គិតគូរ​អាយុជីវិត​មនុស្ស​​ទេ ថែមទាំង​បាន​ចោទគ្នា​ទៅវិញ​ទៅមក ថា​ម្ខាងៗ​ជា​​អ្នកបង្ក​ហេតុ​ទៀតផង។

កន្លងមក ​គេ​បាន​ត្រឹមតែ​លឺ​​​លោកបាន គីមូន​ អគ្គលេខាធិការ​​ទូទៅ​នៃ​អង្គការ​សហប្រជាជាតិ​ព្រមាន​​ថា​ ​នឹង​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​នៅ​ស៊ូដង់​​ខាងត្បូង​​ប៉ុណ្ណោះ។ ​អង្គការ​សហ​ប្រជាជាតិ​បាន​សម្រេច​ពិចារណា​លើ​ទណ្ឌកម្ម​ ប្រឆាំង​ស៊ូដង់​នៅពេល​នេះ ក៏ប្រហែល​​ដោយសារ​តែ​​​​ អង្គការ​សហប្រជាជាតិ​​បាន​ឃើញ​ផ្ទាល់​ភ្នែក នូវ​ការកាប់សម្លាប់​​​ជន​ស្លូតត្រង់​​ ជិត​៦០នាក់ ​នៅ​មូលដ្ឋាន​ជន​ភៀសខ្លួន​​មួយកន្លែង​​ ​របស់អង្គការ​​ ​នៅ​ស៊ូដង់​ខាងត្បូងដែរ​។ ​ហើយ​​​ប្រទេស​​មហាអំណាច​អាមេរិក​ក៏បាន​ស្រែក​រន្ធត់​នឹង​ហេតុការណ៍​អស់នេះដែរ រហូត​ដល់​​ជូន​ដំណឹង​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​​ថា អាមេរិក​ត្រៀម​​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​​ប្រទេស​មួយនេះ។ អង្គការ​សហប្រជាជាតិ​ដឹងច្បាស់​​និង​លើកឡើង​ថា​​ ​​ប្រហែល​​ជា​​មិនអាច​សហ​ការ​ជាមួយ​រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​នេះទៀតទេ ​ព្រោះថា អំពើ​កាប់​សម្លាប់​មនុស្ស​ ​មិនមែន​ជាស្នាដៃ​​​ក្រុម​ឧទ្ទាម​តែ​មួយក្រុម​នោះទេ ក៏​ជា​ស្នាដៃ​របស់​រដ្ឋាភិបាលផងដែរ។ ​

ប៉ុន្តែ​សួរថា​ ​​បើ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ឡើង​ តើទណ្ឌកម្ម​ទាំងនោះ ​មាន​លក្ខណៈ​ដូចម្តេច អាច​ជា​ទណ្ឌកម្ម​​ម៉ឹងម៉ាត់ មានប្រសិទ្ធភាព​​​ប្រឆាំង​នឹង​​អ្នក​ទទួល​ខុសត្រូវ​​​​ស៊ូដង់​ខាងត្បូង​ទេ ? ព្រោះថា ​ទាំង​ក្រុមឧទ្ទាម​របស់​អតីត​អនុ​ប្រធានាធិបតី​​​ម៉ាស្ហា ដែល​​ធ្លាក់​ពីតំណែង ទាំងក្រុម​គាំទ្រ​ប្រធានាធិបតី​កាន់អំណាច​សាល់វ៉ា គៀ​ មិនដែល​បាន​គោរព​តាម​បទ​ឈប់បាញ់នោះទេ។ ហើយ​អាជ្ញាធរ​ក្នុងស្រុក​ក៏​មិនអាច​គ្រប់គ្រង​ស្ថិរភាពសន្តិសុខ​បាន​ផង។ ​​​បើកងទ័ព​មួកខៀវ​​អង្គការ​សហប្រជាជាតិ​​​ត្រូវការ​ការសហការ​​ជ្រោមជ្រែង​​​ពី​បណ្តាប្រទេស​អាហ្វ្រិក​ផ្សេងទៀត​ ប្រហែល​ជា​អាច​ជួបការពិបាក​ ព្រោះថា សហភាព​អាហ្វ្រិក​​​នៅ​ពិបាក​បង្កើត​​​​កងកម្លាំង​​ដែល​អាចចុះប្រតិបត្តិការភ្លាមៗ​ ពេល​មាន​ស្ថានការណ៍​​​អាសន្ន​បានណាស់។

លើសពី​នេះ​ អង្គការ​សហប្រជាជាតិ​ហាក់​នៅ​ញញើត​បញ្ជូនទ័ព​ទៅ​ស៊ូដង់ខាងត្បូង​​ដែរ។ ​កន្លងមក ​​ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ដាក់បន្ថែម​​ទ័ព​មួកខៀវ ៥០០០នាក់ ​ធ្វើអោយ​ទ័ព​មួកខៀវ​ ត្រូវ​កើន​ចំនួន​ដល់​១ម៉ឺន២ពាន់៥រយនាក់។ ប៉ុន្តែ ​មានតែ​ទ័ព​៧០០នាក់​ប៉ុណ្ណោះ ដែល​មាន​វត្តមាន​ក្នុង​តំបន់​។ ទន្ទឹម​ទណ្ឌកម្ម​ដែល​ត្រូវដាក់ចេញ ​អង្គការ​សហប្រជាជាតិ​ដឹងច្បាស់​ថា ​ដល់ពេល​ដែល​ខ្លួន​ត្រូវ​​គិតគូរមើល​ឡើងវិញ ​​​​​ពី​​អាណត្តិនិង​តួនាទី​​​បេសកកម្ម​​ទ័ព​មួកខៀវ​នេះហើយ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ