អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កា​​ពង្រឹង​​​សន្តិសុខ​​​ក្រោយ​​ពី​​​មាន​​​ការ​​​វាយ​​ប្រហារ​​​ប្រឆាំ​ង​​សហគមន៍​​​​អ៊ីស្លាម​​​

ក្រោយពី មាន​ការ​វាយ​ប្រហារ​មួយ​ចំនួន​ពី​សំណាក់​ពួក​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​និយម​ជ្រុល​​ទៅ​លើ​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​មក កង​កុម្មង់ដូ​ពិសេស​របស់​​ប៉ូលិស​ស្រីលង្កា បាន​ប្រតិបត្តិការ​យាមត្បាត​នៅ​តាម​ជាយ​ក្រុង​កូឡុំបូ​នៅ​ថ្ងៃ​សុក្រ​២៩​មីនា​នេះ។ ការ​វាយ​ប្រហារ​ចុង​ក្រោយ ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ដោយ​ក្រុម​ជន​ជា​ច្រើន​រយ​នាក់​​ដែល​ជា​អ្នក​​និយម​ជ្រុល​ខាង​​លទ្ធិ​ព្រះពុទ្ធសាសនា បាន​ចូល​ប្លន់​និង​ដុត​បំផ្លាញ​​ហាង​លក់​ទំនិញ​មួយ​ដែល​កាន់​កាប់​ដោយ​ប្រជា​ជនអ៊ីស្លាមម្នាក់​។

ហាង​លក់​សំលៀកបំពាក់​របស់ប្រជាជន​កាន់សាសនាអ៊ីស្លាម​ត្រូវបានប្លន់​និងដុត​កាលពីយប់មិញដោយពួកអ្នកនិយមជ្រុលលិទ្ធិពុទ្ធសាសនា
ហាង​លក់​សំលៀកបំពាក់​របស់ប្រជាជន​កាន់សាសនាអ៊ីស្លាម​ត្រូវបានប្លន់​និងដុត​កាលពីយប់មិញដោយពួកអ្នកនិយមជ្រុលលិទ្ធិពុទ្ធសាសនា Reuters
ផ្សាយពាណិជ្ជកម្ម

យ៉ាង​​តិច​ជន​ ៣​នាក់​ត្រូវ​រង​របួស នៅ​ខណៈ​ដែល​ក្រុម​ជន​សេរីលង្កា​មួយ​ហ្វូង ជា​អ្នក​និយម​ជ្រុល​​លិទ្ធិ​ព្រះពុទ្ធសាសនា បាន​​គុប​ចោល​ដុំ​ថ្ម​និង​បន្ទាប់​មក​​​ប្លន់និង​ដុត​បំផ្លាញ​​ហាង​លក់​សំលៀក​បំពាក់​​​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាមម្នាក់​​កាល​ពី​យប់​មិញ​ នេះជាការបញ្ជាក់​របស់​នគរបាលស្រី​លង្កា​។

អ្នកនាំពាក្យ​ម្នាក់របស់​ប៉ូលិសម្នាក់ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ថា កង​កុម្ម៉ង់ដូ​ពិសេស​និង​ប៉ូលិស​ស្រី បាន​ដាក់​ពង្រាយ​គ្នា​បន្ថែម​​ទៀត​ដើម្បីធ្វើ​​ប្រតិបត្តិ​ការ​​​រក្សា​សន្តិសុខ​​នៅ​តំបន់​ជាយទីក្រុង​កូឡុមបូ។ ក្រោយពី​ឧប្បត្តិហេតុ​ហិង្សា​​នេះ​មក ប៉ូលិស ពុំ​បាន​ធ្វើការ​ចាប់​ខ្លួន​ជន​ឈ្លានពាន​ណា​ម្នាក់​ឡើយ។

អាជ្ញាធរ​ស្រីលង្កា ​មិន​បាន​ថ្លែង​បញ្ជាក់​អ្វី​ដែរ ​ពី​មូលហេតុ​នៃ​ការ​វាយ​ប្រហារ​នេះ​​​ ក៏​ប៉ុន្តែ យោង​តាម​ប្រភព​ផ្លូវការ​ ការ​វាយ​ប្រហារ​ប្រហែល​ជាបាន​​ផ្តើម​​ឡើង​​ក្នុង​ក្របខណ្ឌ​របស់​ចលនា​ដាច់​ខាត​​នៃក្រុម​អ្នក​កាន់​ព្រះ​ពុទ្ធសានា​​​ប្រឆាំងទល់​​នឹង​​​​សហគមន៍​សាសនា​អ៊ីស្លាម​ដែល​មាន​ភាគ​តិច​នៅ​ក្នុង​ប្រទេស​ស្រីលង្កា។

គួររំលឹកថា ឧប្បត្តិហេតុ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​កើតឡើង​មួយ​ថ្ងៃ​មុន​​ការ​​រៀប​ចំបង្កើតឲ្យមាន​​​លេខ​ទូរស័ព្ទ​ជំនួយ​មួយ​របស់​ប៉ូលិស​ស្រីលង្កា​ ដើម្បី​រង់ចាំ​ទទួល​ពាក្យ​បណ្តឹង​​តវ៉ា​ពី​ប្រជាជន​រងគ្រោះ​ ដោយសារ​​ពួក​ជន​ជាប់​សង្ស័យ​ក្នុង ​បទ​​ញុះញង់​​ឲ្យមាន​អំពើហិង្សា ​ចង​គំនុំ​សាសនា​ឬ​ក៏​ការ​ប្រកាន់​ពូជសាសន៍។

កាលពីខែ​មករា​កន្លង​មក​នេះ ហ្វូង​មនុស្ស​មួយ​ក្រុមបានលើកគ្នាគប់ដុំថ្ម​ប្រឆាំង​ទៅ​លើ​បណ្តាញ​​​​ហាង​លក់​សំលៀក​បំពាក់​ដ៏​ធំ​មួយ​នៅ​ជិតទីក្រុង​កូឡុំបូដែល​កាន់​កាប់​ដោយ​ប្រជាជន​អ៊ីស្លាម។ នៅខែមីនានេះទៀត អ្នកដឹកនាំ​សាសនា​អ៊ីស្លាម​មួយ​រូប ​បាន​សម្រេចចិត្ត​ដក​​ផ្លា​កសញ្ញា ​Halal ចេញ​ពី​ម្ហូប​អាហារ​ អ៊ីស្លាម​វិញ ដើម្បី​ភាព​សុខសាន្ត​នៅក្នុងសហគមន៍ នានា ក្រោយពី​មាន​យុទ្ធនាការ​ ធ្វើ​ពហិការ​មិន​ទិញ​ទំនិញមួយ ​​​ដែល​​ធ្វើ​ឡើង​​ចលនា​ដាច់​ខាត​របស់​អ្នក​កាន់​លទ្ធិពុទ្ធសាសនា។​

សូម​បញ្ជាក់​ថា សេរីលង្កា​ជា​កោះ​មួយ​ដែល​មាន​អ្នក​កាន់​លទ្ធិ​ព្រះពុទ្ធ​សាសនា​ចំនួនដល់ទៅ​៧០​%​ ចំណែក ឯ អ្នកកាន់សាសនាអ៊ីស្លាមវិញ មាន​តែ​១០%​ប៉ុណ្ណោះ នៃ​​ចំនួន​ប្រជាជន ​សរុប​២០​លាន​នាក់នៅក្នុងប្រទេស។
 

ម្យ៉ាងទៀត​ កោះ​សេរីលង្កា ក៏​ធ្លាប់​ទទួល​រង​គ្រោះ​ម្តងរួមមកហើយ នៅ​ក្នុង​សង្គ្រាម​ប្រកាន់​ពូជ​សាសន៍​ ដ៏​​កាច​សាហាវ​មួយ​​នៅ​ចន្លោះ​ឆ្នាំ ១៩៧២និង​២០០៩ រវាង​ប្រជាជន តាមូល​កាន់​សាសនា​​ហិនឌូ និង​ប្រជាជនសេរីលង្កា​កាន់​សាសនាព្រះពុទ្ធ​ដែល​​មា​ន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស។​ ជម្លោះ​រវាងសហគមន៍សាសនានេះ បាន​សម្លាប់ជីវិត​មនុស្សយ៉ាងតិច ១០ ម៉ឺន​នាក់៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ