អានតួអត្ថបទ
សេរីលង្កា

អង្គការ​សហប្រជាជាតិ​បិទ​ការិយាល័យ​នៅ​ក្រុង​កូឡុំបូ រដ្ឋមន្ត្រី​ធ្វើ​កូដកម្ម​បង្អត់​បាយ

អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បាន គីមូន បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​មួយ​នៅ​ទីក្រុង​កូឡុំបូ ប្រទេស​សេរីលង្កា និង​កោះ​ហៅ​តំណាង​ជាន់​ខ្ពស់​របស់​អង្គការ​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងលំនៅដ្ឋាន លោក វីម៉ាល វេរ៉ាវ៉ាន់សា (Wimal Weerawansa) បាន​ដឹកនាំ​ធ្វើ​បាតុកម្ម និង​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ពេញ​មួយ​សប្តាហ៍​នេះ​មក។

លោក វីម៉ាល វេរ៉ាវ៉ាន់សា ធ្ចើ​កូដកម្ម​បង្អត់​អាហារ​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ក្រុងកូឡុំបូ
លោក វីម៉ាល វេរ៉ាវ៉ាន់សា ធ្ចើ​កូដកម្ម​បង្អត់​អាហារ​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ក្រុងកូឡុំបូ © Reuters
ផ្សាយពាណិជ្ជកម្ម

01:33

សេចក្តីរាយការណ៍​របស់ អៀង សុខម៉ិញ

ចលនា​បាតុកម្ម​ជា​ច្រើន​ ដែល​ដឹកនាំ ដោយលោករដ្ឋមន្ត្រី វីម៉ាល វេរ៉ាវ៉ាន់សា (Wimal Weerawansa) សម្ព័ន្ធ​មិត្ត​របស់​ប្រធានាធិបតី​សេរីលង្កា រ៉ាចាបាក់សា ត្រូវ​បាន​រៀប​ចំ​ឡើង​​នៅ​មុខ​ការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​ នៅ​ទីក្រុង​កូឡុំបូ តាំង​ពី​ដើម​សប្តាហ៍​មក ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុម​បាតុករ​ជាង​១ពាន់​នាក់។

អង្គការ​សហប្រជាជាតិ​មិន​អាច​ទទួល​យក​ទង្វើ​ជា​អវិជ្ជមាន​របស់​មន្ត្រី​ និង​រដ្ឋាភិបាល​សេរីលង្កានេះ​បាន​ទេ ទើប​​ លោក​អគ្គលេខាធិការ​ បាន​ គីមូន សម្រេច​បិទ​មជ្ឈមណ្ឌល​ កម្មវិធី​អភិវឌ្ឍន៍របស់​អង្គការ​ សហប្រជាជាតិ ហៅកាត់​ថា (Pnud)នៅ​កូឡុំបូ​ និង​កោះ​ហៅ​អ្នក​សម្របសម្រួល​ អ.ស.ប. នៅ​សេរីលង្កា​ឲ្យ​ចូល​មក​ក្រុង​ញូយក​ ដើម្បី​ពិគ្រោះពិភាក្សា​គ្នា។

ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ទី​បី​នែ​បាតុកម្ម គឺនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៨​កក្កដា ២០១០ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​លំនៅដ្ឋាន លោក វីម៉ាល វេរ៉ាវ៉ាន់សា ដែល​ជា​មេ​ដឹក​នាំ​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​​គម្រោង​បង្កើត​គណៈកម្មាការ​ស៊ើប​អង្កេតលើ​បទ​ឧក្រិដ្ឋ រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​សង្គ្រាម​របស់​យោធា​រដ្ឋាភិបាល​សេរីលង្កា​ ​បាន​ចេញ​មុខ​ ការពារ​កិត្តិយស​របស់​កង​ទ័ព​ ដោយ​​បាន​ប្រកាស​ ធ្វើ​កូដកម្ម បង្អត់​អាហារ​ខ្លួន​ឯង​ឲ្យ​ស្លាប់ នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​តែ​ម្តង។ ​ចំណែកក្រុម​បាតុករ​វិញ​បាន​ប្រកាស​ថា​នឹង​បន្ត​សកម្មភាព​​របស់​ខ្លួន​​ទៀត​ ដើម្បី​បណ្តេញ​អ្នក​ឯកទេស​បរទេស​ចេញ​ពី​ស្រុកអស់។

ប្រឈម​នឹងឥរិយាបថ​របស់​អាជ្ញាធរ​សេរីលង្កា​នេះ សហភាព​អឺរុប​បាន​ចូល​រួម​ចំណែក​ជាមួយ​អង្គការ​សហប្រជាជាតិ ដោយ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​៖ ចាប់​ពី​ថ្ងៃ​ទី​១៥​សីហា​នេះ​ទៅ ​សេរីលង្កានឹង​បាត់​បង់​សិទ្ធិ​អនុគ្រោះ​ក្នុង​ទីផ្សារ​សហភាព​អឺរុប​ហើយ៕ 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ