អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖រថក្រោះ​តួកគី​​ប្រឈមផ្ទាល់​​​​នឹង​​​កងកម្លាំង​គួដឌីស្ថាន​​ជាលើកដំបូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអាទិត្យ​នេះ កងទ័ព​តួកគី​បាន​បន្ត​ទំលាក់គ្រាប់បែក​លើ​ក្រុមប្រយុទ្ធ​គួដឌីស្ថាន​​​ នៅ​ភាគ​ខាងជើង​ស៊ីរី។ ​មាន​ជនស៊ីវិល​យ៉ាងហោច​​​៣៥នាក់​បាន​ស្លាប់​ដោយការ​ទំលាក់​គ្រាប់បែក​​​​តួកគី។​ជាលើកទី១ ​ថ្ងៃសៅរ៍​ម្សិលមិញ រថក្រោះ​​តួកគី​បាន​ប្រឈម​មុខផ្ទាល់ជាលើកដំបូង ​​ជាមួយ​កង​កម្លាំង​គួដឌីស្ថាន​ រឺ​ក៏ក្រុមប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​ពួកគួដឌីស្ថាន​ ​នៅ​ភាគ​ខាងជើង​​ស៊ីរី។ ​​​តាំង​ពី​មាន​​ប្រតិបត្តិការ​យោធា​តួកគី​ ក្នុង​ទឹកដី​​ស៊ីរី ​នេះ​ជា​លើកទី១​ដែរ ដែលមាន​​​ទាហាន​តួកគី​ម្នាក់​ស្លាប់ ​និង​៣នាក់ទៀត​របួស ​ក្នុង​​​​​ការ​វាយ ប្រហារ​រ៉ុកកែត របស់​ក្រុមប្រយុទ្ធ​គួដឌីស្ថាន​ ទៅលើ​រថក្រោះតួកគី​​២គ្រឿង​​ នៅ​ស្រុក​ចារ៉ប្លូស។

ទាហានតួកគី នៅ​តាមពុ្រំដែនតួកគី-ស៊ីរី
ទាហានតួកគី នៅ​តាមពុ្រំដែនតួកគី-ស៊ីរី REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ ​តួកគី​ទើបនឹងជួយ​ក្រុមឧទ្ទាមអោយ​​វាយ​យក​​ស្រុក​ចារ៉ាប្លូស​​នេះ បានពី​ក្រុមរដ្ឋ​អ៊ីស្លាម​មកវិញ។

​អង្គការសហប្រជាជាតិ​​​​បង្ខំ​អោយ​គ្រប់ភាគី​ជម្លោះ​សម្រេចចិត្ត​អោយ​ដាច់ស្រេច​នៅថ្ងៃ​អាទិត្យ​នេះ ថា​តើ​ពួកគេ​​ត្រូវ​ផ្អាក​បាញ់គ្នា៤៨ម៉ោង ​រឺ​​​យ៉ាងណា​ ដើម្បី​អាច​អោយ​​គេដឹក​​ស្បៀង​​​មនុស្សធម៌ ទៅជួយ​ប្រជាជន​ក្រុងអាឡិប​។

​កងទ័ព​តួកគី​និង​ក្រុមប្រយុទ្ធ​គួដឌីស្ថាន​​​​ស៊ីរី ​កាន់តែ​តានតឹង​នឹងគ្នា ក្រោយ​មរណភាព​ទាហាន​តួកគី​ជាលើកដំបូង
មិនត្រឹម​តែ​រារែក​នឹង​ដកថយ​ពី​ភាគខាងលិច​ទន្លេ​អឺហ្វ្រាត តាម​ព្រំដែន​តួកគី កងកម្លាំង​គួដឌីស្ថាន​​​បែរជា​នៅ​បន្ត​បង្កភាព​តានតឹង​​ជាមួយ​តួកគី ដោយ​បាន​វាយប្រហារ​រថក្រោះតួកគី​ដល់ទៅ​២គ្រឿង។ ទាហាន​តួកគី​ស្លាប់ម្នាក់ របួស​៣នាក់ ពេលនេះ តួកគី​ប្រហែល​ពិបាក​ផ្សះផ្សា​ជាមួយ​​​​​ក្រុមគួដ​ណាស់។

តាំងពី​ថ្ងៃពុធ​មក ​តួកគី​​ចេញ​ប្រតិបត្តិការ​យោធា នៅ​ស៊ីរី​ ឈ្មោះថា “ខែល​ទន្លេអឺហ្វ្រាត”​ មិនត្រឹម​​ដើម្បី​កំទេច​ក្រុមជីហាត​រដ្ឋអ៊ីស្លាមតាម​ព្រំដែន​​ជាប់តួកគី​ទេ តែ​ក៏​ដើម្បី​បង្ខំ​អោយ​កងកម្លាំង​គួដឌីស្ថាន​ ដកថយ​ពីភាគខាងលិច​ទន្លេ អឺហ្វ្រាត ឆ្ពោះ​ទៅ​ភាគខាងកើត​វិញដែរ។ ក្រុមគួដ​ឌីស្ថាន​​តែង​ធ្វើចលនា​​ផ្តាច់ទឹកដី​ពី​តួកគី រឺ​ក៏ស៊ីរី។ ​តួកគី​មិនចង់​ឃើញ​ក្រុមគួដឌីស្ថាន​​ពង្រីកដែនដី​នៅតាម​បណ្តោយព្រំដែន​តួកគី​ទេ។ ​

នៅភាគខាងលិចទន្លេ​អឺហ្វ្រាត មាន​​ស្រុកម៉ាន់ប៊ីជ របស់​ស៊ីរី។ ស្រុកនេះ ស្ថិត​​ក្បែរព្រំដែន​តួកគី។ ក្រុម​ប្រយុទ្ធ​គួដឌីស្ថាន​ និងក្រុមប្រយុទ្ធ​អារ៉ាប់ ជា​ដៃគូ​បានវាយដណ្តើម​​យក​ស្រុក​ម៉ាន់ប៊ីជ​នេះ ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​បាន​មកវិញ។

ប៉ុន្តែ កិច្ចព្រមព្រៀង​ស្រុក​ម៉ាន់ប៊ីជ ដាក់​កំហិត​ថា ពេលណា​យកបាន​ស្រុក​ម៉ាន់ប៊ីជ ​ពី​ក្រុម​ភេរវជន​ហើយ ​​ក្រុមប្រយុទ្ធ​គួដឌីស្ថាន​​ត្រូវតែ​ដកកម្លាំង​ចេញ​​ពី​ស្រុក​ម៉ាន់ប៊ីជ ដោយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ភាគខាងកើត​ទន្លេ​អឺហ្វ្រាត​វិញ។

បញ្ហា​ត្រង់ថា ​​២ថ្ងៃមុននេះ ​ក្រុមសិទ្ធិមនុស្ស​ស៊ីរី​ប្រាប់ថា ​មាន​ក្រុមគួដឌីស្ថាន​​តែ​មួយភាគ​តូច​ប៉ុណ្ណោះដែល​ចាកចេញ​​ពី​ស្រុកម៉ាន់ប៊ីជ។ ភាគច្រើន​នៅ​បន្តវត្តមាន​ក្នុង​ស្រុក​នៅឡើយ។ ម្ល៉ោះហើយ​បានជា​តួកគី​ផ្លោង​គ្រាប់បែក​លើ​ក្រុមគួដឌីស្ថាន​​តែម្តងទៅ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​អោយក្រុម​នេះគោរព​តាម​កិច្ចព្រមព្រៀង​​ស្រុក​ម៉ាន់ប៊ីជ។ ​ផលវិបាកសម្រាប់​ស៊ីរី​ពេលនេះ​ ​​គឺ​ជនស៊ីវិល​ស៊ីរីស្លូតត្រង់ ​នៅ​តែ​បន្តស្លាប់ ក្រោម​ល្បែង​សង្គ្រាម​។ អង្គការ​សហ​ប្រជាជាតិ​ទៀតសោត​ ក៏​មិនអាច​ដឹកស្បៀង​មនុស្សធម៌ទៅ​ជួយប្រជាជន។

អាមេរិកលេងខូច ​​ក្នុង​កិច្ចព្រមព្រៀង​ស្រុកម៉ាន់ប៊ីជ​ ទាក់ទង​នឹង​ការដកថយ​របស់​ក្រុមប្រយុទ្ធ​គួដឌីស្ថាន?
​ក្រុមប្រយុទ្ធ​គួដឌីស្ថាន​​នៅ​ស៊ីរី​​ មាន​ក្រុមប្រយុទ្ធ​អារ៉ាប់ផ្សេងៗ​ក្នុងស្រុក​​ជាដៃគូ បង្កើត​បានជា​ក្រុមប្រយុទ្ធ​ធំមួយ ឈ្មោះថា ក្រុម​ប្រជាធិបតេយ្យ​ស៊ីរី យើង​ហៅកាត់ថា FDS។ ​យោងតាម​កិច្ចព្រមព្រៀង​ស្រុកម៉ាន់ប៊ីជ ​ក្រុមប្រយុទ្ធគួដឌីស្ថាន​​ត្រូវដកចេញ​ពី​ស្រុកនេះ។ ប៉ុន្តែ ក្រុម​អារ៉ាប់​ជាដៃគូ ​​អាច​បន្ត​រស់នៅ​ក្នុងស្រុកតទៅទៀត។

បញ្ហា​នៅត្រង់ថា ​ក្នុង​ក្រុម​ប្រយុទ្ធ​នេះ គឺក្រុមគួដឌីស្ថាន​​នេះហើយដែល​ជា​គ្រឹះសំខាន់ ព្រោះក្រុមគួដឌីស្ថាន​​រៀប​ផែនការ​​វាយក្រុម​រដ្ឋអ៊ីស្លាម​បានល្អណាស់។ បើ​ក្រុមគួដឌីស្ថាន​​ដកកម្លាំង​ចេញ​ពី​ស្រុក​ម៉ាន់ប៊ីជ ​​អស់ទៅ គឺ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​អាច​នឹង​បកមក​​វាយយក​ស្រុកនេះ​បាន​ជាថ្មីទៀត។ ក្រុមគួដ​ឌីស្ថាន​ប្រហែល​សម្អាង​លើ​​អាមេរិកដែល​បានគាំទ្រ​លើកស្ទួយ​ក្រុមខ្លួន កន្លងមកដែរ ក្នុង​ការ​​ប្រឆាំង​​នឹង​ក្រុមរដ្ឋ​អ៊ីស្លាម ទើប​នៅ​រារែក​ចាកចេញ​ពី​ស្រុកម៉ាន់ប៊ីជ។

ត្រង់នេះគេអាច​ចោទ​​ថា អាមេរិក​​​​​រាង​ខូចបន្តិច​ក្នុង​ល្បែង​សមរភូមិ​ស៊ីរី។ អាមេរិក​គាំទ្រ​ក្រុមគួដឌីស្ថាន​ស៊ីរី ទាំង​បាន​ដឹងថា ក្រុមគួដស៊ីរី​ជិតដិត​នឹង​ក្រុមគួដឌីស្ថាន PKK នៅតួកគី។ អាមេរិក​ដឹងពីយូរ​ដែរថា ​​តួកគី​ចាត់ទុក​​ក្រុមគួដឌីស្ថាន​​ PKK នេះ​ថា​ជា​ក្រុមភេរវជន។ ក្រុម​គួដឌីស្ថាន​ PKK ជា​សត្រូវធំ​​របស់​តួកគី​។

ដូច្នេះ ពេលស្រុក​ម៉ាន់ប៊ីជ​រួចផុត​ពី​កណ្តាប់ដៃ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម អាមេរិក​គួរតែដឹង​​ហើយ​ថា ក្រុម​គួដឌីស្ថាន​ស៊ីរី ដែលជិតដិត​នឹង​ក្រុមគួដ​តួកគី​ PKK ពិតជា​ពិបាក​នឹង​ចង់​​ដកថយ​ពី​ស្រុកម៉ាន់ប៊ីជ​ក្បែរ​ព្រំដែន​តួកគី​ហើយ។ ម្យ៉ាង​យើងដឹងថា ក្រុមគួដឌីស្ថាន​​តែងចង់​ផ្តាច់ទឹកដី​ នៅ​តាម​តួកគី​ ស៊ីរី រឺ​អ៊ីរ៉ាក់ ​​​ស្រាប់ផង។ ​គ្រាន់តែ​យល់ព្រម​អោយក្រុមគួដឌីស្ថាន​ដកចេញ​ពី​ក្រុងម៉ាន់ប៊ីជ ដើម្បី​យកចិត្ត​តួកគី គឺមិនគ្រប់គ្រាន់ទេ សម្រាប់​អាមេរិក ដរាបណា​គេ​នៅ​​មិនអាច​​ទុកចិត្ត​ថា ក្រុ​មគួដឌីស្ថាន​នឹង​ដកកម្លាំង​ចេញ​អស់ពី​ស្រុក​ម៉ាន់ប៊ីជ។

អាមេរិក​ក៏គួរដឹងដែរថា ដោយសារ​ខ្លួន​ជួយ​ក្រុមគួដឌីស្ថាន​នេះហើយ ទើប​បានជា​ទំនាក់ទំនង​​​ជាមួយ​តួកគី ជួប​ភាពតានតឹង។ ​សមរភូមិ​ស៊ីរី​ពេលនេះ ជា​សមរភូមិ​បែប​ថ្មី​មួយទៀត គឺ​ការ​ប្រយុទ្ធ​រវាង​តួកគី និង​ក្រុមគួដឌីស្ថាន​ ដរាបណា​ក្រុមគួដឌីស្ថាន​​មិនដកថយ​អស់ពី​ភាគខាងលិចទន្លេ​អឺហ្វ្រាត។
 
បទឈប់បាញ់​មនុស្សធម៌​៤៨ម៉ោង​ពិបាកចេញ​រូបរាង​
ច្រើនថ្ងៃ​ហើយ ដែល​អង្គការ​សហប្រជាជាតិទាមទារ​អោយ​ផ្អាក​បាញ់គ្នា​​៤៨ម៉ោងមក ដើម្បី​អាច​ដឹកស្បៀងទៅ​​ជួយ​ប្រជាជន​ក្រុងអាឡិប​។ មានតែ​រុស្ស៊ី​ទេដែល​​គិតគូរ​មុនគេ ដោយ​ប្រកាស​ព្រមតាម​ការទាមទារ​នេះ។ ភាគីជម្លោះ​ផ្សេងៗ​ទៀត​ ស្ងាត់​មាត់​អោយឈឹង។ មើលទៅ បើ​ពួកគេ​នៅតែ​បន្ត​ប្រយុទ្ធគ្នា​ ​ក៏​អង្គការ​សហប្រជាជាតិ​ធ្វើអ្វី​ពួកគេ​មិនបានដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ