អានតួអត្ថបទ
កម្ពុជា

ភាព​តានតឹង​​ន​យោ​បាយ​​​ងើប​ឡើង​​វិញ​​ក្រោយ​​ការ​​បើក​​កញ្ចប់​​សុវត្ថិភាព​​

បន្ទាប់​ពី​បាន​បើក​កញ្ចប់​សុវត្ថិ​ភាព​មួយ​ចំនួន​ ​ក្នុង​ខេត្ត​ក្រចេះ​រួច​មក​ ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​បាន​បន្ត​បញ្ជា​ឲ្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ​.ជ​.ប​)​ បើក​កញ្ចប់​សុវត្ថិ​ភាព​ខ្លះ​ទៀត​​នៅ​​ក្នុង​ខេត្ត​បាត់​ដំបង​ទៅ​តាម​ការ​ទាម​ទារ​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​ ប៉ុន្តែ​ ការ​បើក​​កញ្ចប់​សុវត្ថិ​ភាព​បែរ​ជា​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​បរិហារ​កាន់​តែ​ខ្លាំង​អំពី​ភាព​មិន​ប្រ​ក្រ​តី​ និង​បាន​ងាក​មក​និយាយ​ឡើង​វិញ​អំពី​គណៈ​កម្មា​ការ​ឯក​រាជ្យ និង​លទ្ធ​ភាព​នៃ​មហា​បាតុ​កម្ម​ទៅ​វិញ​។  

លោក សម រង្ស៊ី ប្រ​ធាន​គណ​បក្ស​​សង្គ្រោះ​​ជាតិ បាន​​ផ្តល់​​បទសម្ភាសន៍​ផ្តាច់​មុខ​​ជាមួយ​វិទ្យុ​បារាំង​​អន្តរ​ជាតិ​ នៅ​ថ្ងៃ​ចន្ទ​ទី​២៩ ខែ​កក្កដា នៅ​ទីស្នាក់​​ការ​គណបក្ស​សង្គ្រោះជាតិ។
លោក សម រង្ស៊ី ប្រ​ធាន​គណ​បក្ស​​សង្គ្រោះ​​ជាតិ បាន​​ផ្តល់​​បទសម្ភាសន៍​ផ្តាច់​មុខ​​ជាមួយ​វិទ្យុ​បារាំង​​អន្តរ​ជាតិ​ នៅ​ថ្ងៃ​ចន្ទ​ទី​២៩ ខែ​កក្កដា នៅ​ទីស្នាក់​​ការ​គណបក្ស​សង្គ្រោះជាតិ។ RFI
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ ថ្ងៃ​ដែល​ គ​.​ជ​.​ប​ សម្រេច​បើក​កញ្ចប់​សុវត្ថិ​ភាព​មួយ​ចំនួន​តាម​បញ្ជា​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុ​ញ្ញ​ ភាព​តាន​តឹង​នយោ​បាយ​ហាក់​កំពុង​ឡើង​កម្តៅ​ឡើង​វិញ​​មួយ​កម្រិត។ គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​អស់​ចិត្ត​នឹង​ការ​ផ្ទៀង​ផ្ទាត់​លទ្ធ​ផល​ដែល​មាន​នៅ​ក្នុង​កញ្ចប់​នោះ​ទេ​ តែ​បែរ​ជា​បរិ​ហារ​រិះ​គន់​កាន់​តែ​ខ្លាំង​ទៅ​លើ​ គ​.​ជ​.​ប ​បន្ទាប់​ពី​​មាន​កញ្ចប់​សុវត្តិ​ភាព​«ក»​មួយ​ចំនួន​មិន​បាន​បិទ​ឲ្យ​បាន​ត្រឹម​ត្រូវ​។

បើ​ទោះ​បី​ជា​ ​គ​.​ជ​.​ប​ បាន​លើក​ហេតុ​ផល​បច្ចេក​ទេស​មក​ពន្យល់​ និង​បាន​បញ្ជាក់​ថា​ កំហុស​បច្ចេក​ទេស​ទាំង​នោះ​មិន​ប៉ះ​ពាល់​អ្វី​សោះ​ដល់​លទ្ធផល​បោះ​ឆ្នោត​ក៏​ដោយ​ ​ក៏​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​អាច​ទទួល​យក​ការ​ពន្យល់​នេះ​បាន​ដែរ​។ ខណៈ​ដែល​គេ​កំពុង​រង់ចាំ​មើល​ការ​បើក​កញ្ចប់​សុវត្ថិ​ភាព​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​សង្ឃឹម​លើ​ការ​បើក​កញ្ចប់​សុវត្ថិ​ភាព​ដូច​ដែលខ្លួន​បាន​ទាម​ទារ​យ៉ាង​ទទូច​នោះ​ឡើយ​។

លោក​ កឹម​ ​សុខា​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​នេះ​ថា​ បញ្ហា​តាន​តឹង​ឡើង​វិញ​ ក្រោយ​ពី​គេ​បាន​រក​ឃើញ​ភាព​មិន​ប្រ​ក្រ​តី​នៅ​ក្នុង​កញ្ចប់​សុវត្ថិ​ភាព​។​ យ៉ាង​ណា​ក៏​ដោយ​ លោក​អះ​អាង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​បើក​កញ្ចប់​សុវត្ថិភាព​ត​ទៅ​ទៀត​ដើម្បី​គោរព​តាម​នី​តិ​វិធី​ច្បាប់​។ លោក​ កឹម​ សុ​ខា​ បាន​ហៅ​ភាព​មិនប្រក្រតី​​ទាំង​នោះ​ថា​ ជា​ចេត​នា​ន​យោ​បាយ​។​

ក្នុង​ជំនួប​ជា​មួយ​សកម្ម​ជន​រាប់​ម៉ឺន​នាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នៅ​ទី​លាន​ប្រជាធិបតេយ្យ​​ ​លោក​ ​សម​ ​រង្ស៊ី​ ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំ​ទ្រ​ ​ដោយ​ងាក​មក​ទាម​ទារ​ឲ្យ​មាន​គណៈ​កម្មការ​ឯក​រាជ្យ​មួយ​ ដើម្បី​ស៊ើប​អង្កេត​ភាពមិន​ប្រក្រតី​ជុំវិញ​ការ​បោះ​ឆ្នោត​ដ​ដែល​។ លើស​ពី​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប្រ​កាស​អំពី​ការ​រៀប​ចំ​ប្តឹង​​គ.ជ.ប ​ពី​បទ​ក្លែង​បន្លំ​ឯក​សារ​ទៀត​ផង​។

ក្រុម​អ្នក​គាំទ្រ​ក៏​ដូចជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​នាំ​គ្នា​និយាយ​ឡើង​វិញ​អំពី​ម​ហា​បាតុ​កម្ម​ដែល​អាច​នឹង​កើត​ឡើង​ ដើម្បី​ប្រឆាំង​នឹង​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​។ បាតុ​កម្ម​ត្រូវ​បាន​គណបក្ស​នេះ​រៀប​ចំ​ធ្វើ​ជា​បន្ត​បន្ទាប់​រួច​ទៅ​ហើយ ​នៅ​ឯ​ក្រៅ​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ