អានតួអត្ថបទ
ថៃ

មន្រ្តី​យោធា​ថៃ​បដិសេធ​ព័ត៌មាន​ដែលថា​រដ្ឋប្រហារ​មាន​គម្រោងការណ៍​ទុក​ជាមុន

មន្រ្តីជាន់ខ្ពស់​នៃ​កងទ័ព​ថៃ​បាន​ច្រានចោល​នូវ​ព័ត៌មាន​ ដែល​លើកឡើង​ថា រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល កាល​ពីថ្ងៃ​ទី២២​ឧសភា​កន្លងទៅ ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​គម្រោងការណ៍​ទុកជាមុន ក្នុងគោលដៅ​កម្ចាត់​ក្រុម​លោក​ថាក់ស៊ីន​ពី​អំណាច។ ការ​ចេញមុខ​បដិសេធ​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​លោក​ស៊ូថេប ធឿកស៊ូបាន មេដឹកនាំ​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​ធ្លោយមាត់​ប្រាប់​អ្នក​កាសែត​ថា ​លោក​ធ្លាប់​បាន​ពិភាក្សា​​ជាច្រើនលើក​ជាមួយ​មេទ័ព អំពី​ការ​ដណ្តើម​អំណាច​តាមរយៈរដ្ឋប្រហារ។

លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​រដ្ឋប្រហារ (រូបថតឯកសារ)
លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​រដ្ឋប្រហារ (រូបថតឯកសារ) ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​យោធា​ជាន់ខ្ពស់​ថៃ គឺ​ឧត្តមសេនីយ៍ ចាត់ចាឡឺម ចាឡឺមស៊ុឃ (Chatchalerm Chalermsukh) បាន​ប្រាប់​ទូរទស្សន៍ BBC នៅ​ក្នុង​បទសម្ភាសន៍​ចុះផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋប្រហារ កាល​ពីថ្ងៃ​ទី២២​ឧសភា​ត្រូវ​បាន​សម្រេច​ធ្វើឡើង​ភ្លាមៗ ដោយ​មិនមាន​ការ​រៀបចំ​គម្រោងការណ៍​ទុកជាមុន ដូច​សេចក្តីរាយការណ៍​មួយ​ចំនួន​នាពេល​កន្លងទៅនេះ​ទេ ពីព្រោះ​មេដឹកនាំ​កងទ័ព​ដឹងច្បាស់ថា ការ​រៀបចំ​គម្រោងការណ៍​ដណ្តើម​អំណាច​ដោយ​រដ្ឋប្រហារ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។

ឧត្តមសេនីយ៍​រូបនេះ​បាន​បញ្ជាក់បន្ថែម​ថា ការណ៍​ដែល​រដ្ឋប្រហារ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មិនមែន​ដោយសារតែ​មាន​គម្រោងការណ៍​ជាមុន​នោះទេ ប៉ុន្តែ ដោយសារ​តែ​កងទ័ព​ត្រូវ​បាន​ដាក់ពង្រាយ​ពេញ​ក្រុង​បាងកក តាំង​ពី​យូរមកហើយ ដើម្បី​ជួយ​ប៉ូលិស​ក្នុងការ​រក្សា​សន្តិសុខ​ចាប់តាំង​ពី​មាន​បាតុកម្ម​​ប្រឆាំង និង​គាំទ្រ​រដ្ឋាភិបាល។

គួរបញ្ជាក់ថា កាល​ពីពេលថ្មីៗ​នេះ លោក​ស៊ូថេប ធឿកស៊ូបាន ដែល​ជា​មេដឹកនាំ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ និង​ជា​អ្នក​ដែល​គាំទ្រ​រដ្ឋប្រហារ បាន​ធ្លោយមាត់​ប្រាប់​អ្នក​កាសែត​ថៃ​ថា លោក​ធ្លាប់​បាន​ជជែក​ជាច្រើន​លើក​ជាមួយ​ឧត្តមសេនីយ៍​ប្រយុទ្ធ​ ចាន់អូចា អំពី​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល។ ការអះអាង ដែល​ត្រូវ​បាន​អ្នកនាំពាក្យ​កងទ័ព​ថៃ​ចេញមុខ​បដិសេធ​ភ្លាមៗ​ថា ឧត្តមសេនីយ៍​ប្រយុទ្ធ ចាន់អូចា មិនដែល​បាន​ជួប​ ឬ​ផ្ញើសារ​ឆ្លើយឆ្លង​ជាមួយ​លោក​ស៊ូថេប​នោះទេ។

មេដឹកនាំ​រដ្ឋប្រហារ​តែងតែ​អះអាង​ម្តងហើយ​ម្តងទៀត​ថា ការធ្វើ​រដ្ឋប្រហារ កាល​ពីថ្ងៃ​ទី២២ឧសភា ត្រូវ​បាន​សម្រេច​​ធ្វើឡើង​ភ្លាមៗ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ភាព​អនាធិបតេយ្យ និង​ការ​បង្ហូរ​ឈាម។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ BBC នៅថ្ងៃ​ព្រហស្បតិ៍​នេះ ឧត្តមសេនីយ៍ ចាត់ចាឡឺម បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត​អំពី​ជំហរ​របស់​មេដឹកនាំ​របបសឹក​ថា​នឹង​​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ប្រគល់​អំណាច​ទៅ​​ឲ្យ​អ្នក​នយោបាយស៊ីវិល​កាន់កាប់​វិញ នៅ​ពេល​ណា​កំណែទម្រង់​នយោបាយ​ស៊ីជម្រៅ​មួយ​ត្រូវ​បាន​ធ្វើ​ចប់សព្វគ្រប់ ហើយ​ថា នៅពេលនោះ អ្នកណា​ក៏​អាច​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​បាន​ដែរ ដោយ​រាប់ទាំង​ក្រុមគ្រួសារ​របស់​លោក​ថាក់ស៊ីន​ផង។

ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ​របបសឹកថៃ​មិនបាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់ នៃ​ការ​ធ្វើ​កំណែទម្រង់ និង​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​ជនស៊ីវិល​វិញ​នោះទេ ដោយ​គ្រាន់តែ​បាន​ឲ្យដឹង​ថា ការ​បោះឆ្នោត​នេះ​នឹងមិន​អាច​ធ្វើឡើង នៅ​ក្នុងរយៈពេល ១ឆ្នាំ​ខាងមុខ​នេះ​បានទេ។

ថ្មីៗនេះ មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ធ្លាប់​បាន​ប្រាប់​ទៅ​សភា​អាមេរិក​ថា មេដឹកនាំ​កងទ័ព​ថៃ​ទំនង​ជា​នឹង​បន្ត​ក្តាប់អំណាច​ក្នុងរយៈពេល​វែង​ទៅមុខ ហើយ​ថា​នេះ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភផង និង​ជា​បញ្ហា​ស្មុគស្មាញ​ផង​សម្រាប់​អាមេរិក ដោយសារ​តែ​ថៃ​គឺ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ