អានតួអត្ថបទ
ថៃ

អាជ្ញាធរ​ថៃ​ទម្លាក់កំហុស​លើ "បាតដៃទីបី" ក្នុង​ការ​ប៉ះទង្គិច​រវាង​ប៉ូលិស​និង​បាតុករ​ប្រឆាំង

នៅថ្ងៃ​ពុធ​នេះ ក្រុមបាតុករ​ប្រឆាំង​បាន​នាំគ្នា​​បន្ត​ឡោមព័ទ្ធ​ការិយាល័យ​បណ្តោះ​អាសន្ន​របស់​លោក​ស្រី​យីងឡាក់ មួយថ្ងៃ​ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​​ជាមួយ​ប៉ូលិស បណ្តាល​ឲ្យ​ជនស៊ីវិល ៤នាក់ និង​ប៉ូលិស​ម្នាក់​ស្លាប់ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ។ អាជ្ញាធរ​ថៃ​បាន​អះអាង​ថា ការប៉ះទង្គិចគ្នា កាល​ពីម្សិលមិញ​នេះ បង្កឡើង​ដោយ “បាតដៃទីបី”។

ប៉ូលិសថៃ ក្នុងការ​ប៉ះទង្គិច​ជាមួយ​បាតុករ​ប្រឆាំង កាល​ពីថ្ងៃ​អង្គារ ១៨កុម្ភៈ ២០១៤។ មេប៉ូលិសថៃ​នៅតែ​អះអាង​ថា​ប៉ូលិស​មិនបាន​ប្រើ​អាវុធ​បាញ់​ទៅលើ​បាតុករ។
ប៉ូលិសថៃ ក្នុងការ​ប៉ះទង្គិច​ជាមួយ​បាតុករ​ប្រឆាំង កាល​ពីថ្ងៃ​អង្គារ ១៨កុម្ភៈ ២០១៤។ មេប៉ូលិសថៃ​នៅតែ​អះអាង​ថា​ប៉ូលិស​មិនបាន​ប្រើ​អាវុធ​បាញ់​ទៅលើ​បាតុករ។ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

 

លោក ចាឡឺម យូបាមរុង (Chalerm Yubamrung) ប្រធានមជ្ឈមណ្ឌល​ទទួលបន្ទុក​រក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់ បាន​អះអាង នៅថ្ងៃ​ពុធ​នេះ​ថា ក្រុម “បាតដៃទីបី” គឺ​ជា​អ្នក​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិចគ្នា​ដោយ​ហិង្សា រវាង​ប៉ូលិស និង​បាតុករ​ប្រឆាំង ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ជាច្រើន​នាក់ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ។ ក៏ប៉ុន្តែ លោក​មិនបាន​បញ្ជាក់ថា តើ​ក្រុម “បាតដៃទីបី” នេះ​ជា​នរណា ឬ​មក​ពី​ក្រុម​ដែល​ប្រកាន់​ពណ៌​អ្វី​នោះទេ។

ក៏ប៉ុន្តែ នៅថៃ គេតែងតែ​នាំគ្នា​និយាយ​ពី​ក្រុម​ជនអាថ៌កំបាំង​មួយក្រុម ដែល​គេ​ឲ្យឈ្មោះ​ថា “ក្រុមអាវខ្មៅ” ដែល​តែងតែ​ចូល​ពាក់ព័ន្ធ​ នៅ​ពេល​មាន​ភាព​វឹកវរ ក្នុង​វិបត្តិ​នយោបាយថៃ តាំង​ពី​ឆ្នាំ​២០១០​មក។

កាលពី​ខែ​មេសា ឆ្នាំ​២០១០​ ក្រុមអាវលឿង​កាន់អំណាច គេនាំគ្នា​សង្ស័យ​ថា “ក្រុមអាវខ្មៅ” ស្ថិត​នៅ​ក្នុង​ចំណោម​បាតុករ​អាវក្រហម ហើយ​បាន​ធ្វើការ​បាញ់​ប្រហារ​ទៅលើ​ទាហានថៃ។ នៅពេលនេះ គេសង្ស័យថា “ក្រុមអាវខ្មៅ” កំពុងតែ​ចេញមុខ​ធ្វើ​សកម្មភាព​សាជាថ្មីទៀត ក៏ប៉ុន្តែ លើកនេះ ស្ថិត​នៅ​ខាង​បាតុករ​អាវលឿង​វិញ​ម្តង ដោយ​បាន​ប្រើ​អាវុធ​​ទំនើបៗ បាញ់​ប្រហារ​មក​លើ​ប៉ូលិស។

ប៉ូលិស​បង្រ្កាបបាតុកម្ម​ថៃ​បាន​​រិះគន់​រដ្ឋាភិបាល​ថា មិនបាន​បំពាក់​អាវុធ​គ្រប់គ្រាន់​ដល់​ពួកគេ ដើម្បី​ទប់ទល់​នឹង​បាតុករ។ ប៉ូលិស​បង្រ្កាប​បាតុកម្ម មាន​ត្រឹមតែ​ខែល និង​ដំបង ឬ​យ៉ាងច្រើន​បំផុត មាន​ត្រឹម​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាំភ្លើង​គ្រាប់ជ័រ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​បាតុករ​ប្រដាប់​ទៅដោយ​អាវុធ​ទំនើប ដែល​គេ​ប្រើ​ក្នុង​ការ​ធ្វើ​សង្រ្គាម។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​ជាតិថៃ ដែល​ត្រូវ​បាន​ចុះផ្សាយ ក្នុង​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថៃ នៅថ្ងៃ​ពុធ​នេះ។

អគ្គស្នងការ​នគរបាលជាតិថៃ​វិញ​បានឲ្យដឹង​ថា ថ្វីដ្បិត​តែ​ប៉ូលិស​បង្រ្កាប​បាតុកម្ម​មិន​មាន​អាវុធ ក៏ប៉ុន្តែ រដ្ឋាភិបាល​​តែងតែ​ដាក់ពង្រាយ​ក្រុមប៉ូលិស​ប្រដាប់​អាវុធ នៅ​ពីក្រោយ​ប៉ូលិស​បាតុកម្ម ដើម្បី​ជួយ​ទប់ទល់ ក្នុងករណី​​មាន​ការវាយប្រហារ​ណាមួយ​កើតឡើង​មក​លើ​ប៉ូលិស។ ក៏ប៉ុន្តែ លោក​អគ្គស្នងការប៉ូលិស​បាន​អះអាង​ថា ប៉ូលិស​មិនដែល​បាន​ប្រើ​អាវុធ​នោះទេ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​បាតុករ កាល​ពី​ពេល​កន្លងមក​នេះ។

តុលាការ​ថៃវិញ​ទើប​នឹង​បាន​ចេញ​សេចក្តីសម្រេច​មួយ នៅថ្ងៃ​ពុធ​នេះ ដោយ​ហាមឃាត់​រដ្ឋាភិបាល​មិន​ឲ្យ​ប្រើ​កម្លាំង​​ទៅលើ​បាតុកម្ម​អហិង្សា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ