អានតួអត្ថបទ
ថៃ

ក្រុមប្រឆាំង​ថៃ​ប្តេជ្ញា​មិន​ចុះញ៉ម​បើទោះបី​ជា​ប៉ូលិស​បំបែក​ទីតាំង​បាតុកម្ម​របស់​ពួកគេ

នៅថ្ងៃ​សៅរ៍​នេះ ប៉ូលិស​ថៃ​រាប់ពាន់នាក់​កំពុងត្រៀម​ចូល​បំបែក​ទីតាំង​​​បាតុកម្មផ្សេងៗ​ទៀត នៅ​ក្នុង​ទីក្រុង​បាងកក ក្រោយ​ពី​ទីតាំង​បាតុកម្ម​មួយ​ចំនួន ត្រូវ​បាន​បំបែក កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ។ ក្រុមប្រឆាំង​ថៃវិញ​​បាន​ប្រកាស​ប្តេជ្ញា​​ថា ពួកគេ​នឹង​មិន​បញ្ឈប់​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​នោះទេ បើទោះបីជា​មាន​ការ​បំបែក​ពី​ប៉ូលិស​ក៏ដោយ។

ប៉ូលិ​ស​បង្រ្កាប​បាតុកម្ម​ នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល​ថៃ កាល​ពីថ្ងៃ​សុក្រ ១៤ កុម្ភៈ ២០១៤
ប៉ូលិ​ស​បង្រ្កាប​បាតុកម្ម​ នៅ​ក្បែរ​វិមាន​រដ្ឋាភិបាល​ថៃ កាល​ពីថ្ងៃ​សុក្រ ១៤ កុម្ភៈ ២០១៤ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​បំបែក​ទីតាំង​បាតុកម្ម​ប្រឆាំង​មួយ​ចំនួន ​នៅ​ជុំវិញ​វិមាន​រដ្ឋាភិបាល កាលពីថ្ងៃ​សុក្រ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ​បាន​ប្រកាស​ថា ប៉ូលិស​នឹង​បន្ត​ប្រតិបត្តិការ​បំបែក​ទីតាំង​បាតុកម្ម នៅ​កន្លែង​ផ្សេងៗ​ទៀត។ ក៏ប៉ុន្តែ គេឃើញ​ថា ក្រុមបាតុករ​ប្រឆាំង​ហាក់ដូចជា​មិនមាន​ចេតនា​ក្នុងការ​ដកថយ​នោះទេ។ អ្នកនាំពាក្យ​ម្នាក់ នៃ​ក្រុមបាតុករ​ប្រឆាំង​បាន​អះអាង នៅថ្ងៃ​សៅរ៍​នេះ​ថា ពួកគេ​នឹង​មិន​បញ្ឈប់​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាដាច់ខាត បើទោះបីជា​មាន​ការ​បង្រ្កាប​ពី​ប៉ូលិស​ក៏ដោយ។

នៅថ្ងៃ​សៅរ៍​នេះ ប៉ូលិស​ជាង​១ពាន់នាក់​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​បំបែក​បាតុករ​ប្រឆាំង នៅ​ក្នុង​អគារ​រដ្ឋាភិបាល​មួយ​កន្លែង នៅ​ខាង​ជើង​ក្រុង​បាងកក ក៏ប៉ុន្តែ ក្រោយមក ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ផ្អាក​ទៅវិញ ក្រោយ​ពី​​ប៉ូលិស និង​មេដឹកនាំ​បាតុកម្ម​​បាន​ព្រមព្រៀងចរចា​គ្នា​ ដើម្បី​បញ្ចៀស​ការ​ប្រឈមមុខ​ដាក់គ្នា។ នេះ​បើ​យោងតាម​ឧត្តមសេនីយ៍ ប៉ារ៉ាដន ប៉ាតាណាតាប៊ុត (Paradorn Pattanatabut) ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅថ្ងៃ​សៅរ៍​នេះ។

គេ​សង្កេតឃើញ​ថា ចាប់តាំង​ពីថ្ងៃ​ម្សិលមិញ​មក ប៉ូលិស​ថៃ​បាន​ចូល​បំបែក​បាតុកម្ម តែ​នៅតាម​ទីតាំង​តូចៗ​ប៉ុណ្ណោះ ហើយ​មិនបាន​​ព្យាយាម​ចូល​បំបែក​ទីតាំង​ធំៗនោះទេ។ ម្យ៉ាងទៀត បើ​យោងតាម​ប្រធានក្រុមប្រឹក្សា​សន្តិសុខ​ថៃ​ ប៉ូលិស​ថៃ​បាន​ព្យាយាម​បញ្ចៀស​អំពើ​ហិង្សា ដោយ​ផ្តល់​អាទិភាព​លើ​ការចរចា​ជាមួយ​បាតុករ​ មុននឹង​បញ្ជូន​កម្លាំង​​ឲ្យ​ចូល​ទៅ​បំបែក​ទីតាំង​បាតុកម្ម។

កាលពីថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ពេល​ដែល​ប៉ូលិស​ចូល​ទៅ​បំបែក​ទីតាំង​បាតុកម្ម នៅ​ជុំវិញ​វិមាន​រដ្ឋាភិបាល ក៏​គេ​​មិនឃើញ​មាន​ការ​ប៉ះទង្គិចគ្នា​អ្វី​ខ្លាំង​នោះដែរ ក៏ប៉ុន្តែ បើ​យោងតាម​​អ្នក​យកការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ទីតាំង​បាតុកម្ម​ដែល​ត្រូវ​បំបែក​នេះ ត្រូវ​បាន​ក្រុម​បាតុករ​ប្រឆាំង​វិលត្រឡប់​ចូល​មក​កាន់កាប់​វិញ នៅ​ក្រោយ​ពេល​ដែល​ប៉ូលិស​បាន​ដកថយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ