អានតួអត្ថបទ
កម្ពុជា-ថៃ

ស្តេចថៃ​នឹង​ដង្ហែ​កឋិន​មក​កម្ពុជា

បើ​ទោះបីជា​កម្ពុជា និង​ថៃ​មានទំនាស់​ព្រំដែន ដែល​បាន​អូសបន្លាយ​ជាង​៣​ឆ្នាំ​មកហើយ ក៏ប៉ុន្តែ​ កឋិន​ព្រះរាជ​ទ្រព្យ​របស់​ព្រះមហាក្សត្រ​ថៃ នៅ​ឆ្នាំ​នេះ នឹង​ត្រូវ​ដង្ហែ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ដូច​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំ​នេះ កឋិន​ព្រះរាជ​ទ្រព្យ​របស់​ស្តេច​ថៃ ត្រូវបាន​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស អនុញ្ញាត​ឲ្យ​ហែចូល​វត្ត​និរោធ ជាយ​ក្រុង​ភ្នំពេញ​។ ថៃ​តែងតែ​ដង្ហែ​កឋិន មកកាន់​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​មិត្តភាព​រវាង​ព្រះពុទ្ធសាសនា និង​ដើម្បី​សម្ព័ន្ធមេត្រីភាព​រវាងប្រជាជន និង​ប្រទេស​ទាំងពីរ។​

ពិធី​ដង្ហែ​អង្គ​កឋិនទាន​របស់​ស្តេច​ថៃ មកកាន់​កម្ពុជា​កាលពី​ឆ្នាំ​មុន
ពិធី​ដង្ហែ​អង្គ​កឋិនទាន​របស់​ស្តេច​ថៃ មកកាន់​កម្ពុជា​កាលពី​ឆ្នាំ​មុន RFI/Menghour Ly
ផ្សាយពាណិជ្ជកម្ម

​កិច្ចប្រជុំ​រវាង​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ជាមួយ​អាជ្ញាធរ​ខណ្ឌ​មានជ័យ ដើម្បី​និយាយ​ពី​ការ​ដង្ហែ​កឋិន​របស់​ស្តេច​ថៃ ទៅកាន់​វត្ត​និរោធ ជាប់​ផ្លូវជាតិ​លេខ​១ ជាយក្រុង​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ក៏ប៉ុន្តែ​ ថ្ងៃខែ​ជាក់លាក់​នៃ​ការ​ដង្ហែ​កឋិន​ថៃ ក្នុង​រដូវ​ចេញ​វស្សា ចាប់ពី​ពាក់កណ្តាល​ខែ​តុលា ដល់​ពាក់កណ្តាល​ខែ​វិច្ឆិកា​ខាងមុខ មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ព្រះតេជព្រះគុណ ឈិត សំណាង ជំនួយការ​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស​។​

​តាម​ព្រះ​តេជ​ព្រះគុណ ឈិត សំណាង សម្តេចព្រះសង្ឃរាជ ទេព វង្ស បានអនុញ្ញាត​ឲ្យ​កឋិន​ព្រះរាជ​ទ្រព្យ​របស់​ព្រះមហាក្សត្រ​ថៃ ដង្ហែ​មក​កាន់​ប្រទេស​កម្ពុជា ដូច​រៀងរាល់ឆ្នាំ​។ នៅ​ឆ្នាំ​នេះ សម្តេចព្រះសង្ឃរាជ បាន​ជ្រើសរើស​យក​វត្ត​និរោធ​។ ​លោក គួច ចំរើន អភិបាល​​ខណ្ឌ​មានជ័យ អះអាងថា វត្តនិរោធ​នេះ​ធ្លាប់បាន​ទទួល​កឋិន​របស់​ស្តេច​ថៃ​ម្តង​រួចមកហើយ​។​

​កាល​ពី​រដូវ​កឋិន​ឆ្នាំមុន កឋិន​របស់​ព្រះអង្គម្ចាស់ក្សត្រី ចក្រី សូ​រិន្ទ​ថន តាមរយៈ​សាកលវិទ្យាល័យ​មហាចុ​ឡា​លុងក​ន រាជ​វិទ្យាល័យ​របស់​ប្រទេស​ថៃ ត្រូវ​បាន​ប្រគេន​សម្តេច ទេព វង្ស ដើម្បី​ដង្ហែ​ទៅកាន់​វត្ត​ចាស់ នៅ​ជ្រោយចង្វា ទល់មុខ​ព្រះបរមរាជវាំង ដោយ​បាន​បច្ច័យ​ជាង ៣សែន​បាត​។​

​តាម​ព្រះ​តេជ​ព្រះគុណ ឈិត សំអាង អង្គ​កឋិនទាន​របស់​ថៃ ជា​ការបង្កើត​ទំនាក់ទំនង​មិត្តភាព ផ្នែក​ព្រះពុទ្ធ​សាសនា​របស់​ប្រទេស​ថៃ ជាមួយ​កម្ពុជា​។ ម្យ៉ាងទៀត កឋិនទាន​របស់​រា​ជាយាទ​ថៃ ដង្ហែ​មក​កាន់​ប្រទស​កម្ពុជា​រៀងរាល់​ឆ្នាំ​នេះ ក៏​បង្កើតឲ្យមាន​ទំនាក់ទំ​នង​រវាង​ប្រជាជន​កម្ពុជា-​ថៃ ដែល​កាន់​ព្រះពុទ្ធសាសនា​ដូចគ្នា​។​

​ចំណែក​សម្តេច​ព្រះ​មហាសង្ឃរាជ ទេព វង្ស បានចាត់ទុក​កឋិន​របស់​ស្តេច​ថៃ​ជា​ជីវិត និង​សាមគ្គីភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ ព្រមទាំង​ជា​សហប្រតិបត្តិការ​រវាង​ព្រះពុទ្ធសាសនា​ប្រទេស​ទាំង​ពីរ​។

​យ៉ាងណាក៏ដោយ ដោយសារ​តែ​ជម្លោះព្រំដែន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​កំហឹង​ចំពោះ​ថៃ ដោយ​ចាត់ទុកថា កឋិន គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​ថៃ​មក​កម្ពុជា​។ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ឲ្យមាន​ការត្រួតពិនិត្យ​ឲ្យ​ហ្មត់ចត់​លើ​ការ​ហែ​កឋិន​របស់​ថៃ ចូលមក​កម្ពុជា ខណៈ​ដែល​កម្ពុជា​បានប្រកាស​ឈប់​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ថៃ សម័យ​លោក អាប់​ភិស៊ី​ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ