អានតួអត្ថបទ
អាស៊ី

ប៉ូលីស​ថៃ «អញ្ជើញ» និស្សិត​រាប់​សិប​​នាក់​ទៅ​ជួប​ជជែក ក្រោយ​​ការ​ជួប​ជុំ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​២២​ឧសភា

ក្រុម​​និស្សិត​​ដែល​បាន​ប្រារព្ធ​ពិធី​ជួប​ជុំ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​២២​ឧសភា កាល​ពី​យប់​ថ្ងៃ​សុក្រ​ គឺ​គ្រាន់​តែ​ត្រូវ​បាន​អញ្ជើញ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលីស​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ មន្ដ្រី​ប៉ូលីស​ជាន់​ខ្ពស់​របស់​ថៃ ដែល​​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ ការ​លើក​ឡើង​របស់​មន្ដ្រី​ប៉ូលីស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​អូស​និស្សិត​រាប់​សិប​នាក់​ចេញ​ពី​កន្លែង​ប្រារព្ធ​ពិធី ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលីស កាល​ពី​យប់​ថ្ងៃ​សុក្រ​។ យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​មន្ដ្រី​ប៉ូលីស​ដដែល និស្សិត​ទាំង​អស់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​អ្វី​ទាំង​អស់​។

ប៉ូលីស​ថៃ​កំពុង​ហាម​ឃាត់​និស្សិត​ថៃ​មិន​ឲ្យ​ធ្វើ​បាតុក​ម្ម​។
ប៉ូលីស​ថៃ​កំពុង​ហាម​ឃាត់​និស្សិត​ថៃ​មិន​ឲ្យ​ធ្វើ​បាតុក​ម្ម​។ @Google
ផ្សាយពាណិជ្ជកម្ម

ការ​ប្រមូល​ផ្ដុំ និង​ការ​​ដើរ​ហែ​ក្បួន​ក្នុង​លក្ខណៈ​តូច​ៗ​ជា​ច្រើន ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​២២​ឧសភា​ម្សិលមិញ ដើម្បី​រំលឹក​​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​យោធា​។ រដ្ឋប្រហារ​យោធា ដែល​ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ចាន់អូចា ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ពួក​អាវ​ក្រហម​។

នៅ​ក្នុង​ចំណោម​ការពិធី​ជួបជុំ​ទាំង​អស់​នោះ ការ​ជួប​ជុំ​របស់​ក្រុម​និស្សិត​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​មួយ​ក្រុម​មាន​គ្នា​ជាង​៥០​នាក់ ​ ត្រូវ​បាន​រំខាន​ដោយ​ក្រុម​ប៉ូលីស កាល​ពី​យប់​ថ្ងៃ​សុក្រ​​ម្សិលមិញ​។ ដោយ​នៅ​ក្នុង​នោះ ​និស្សិត​ចំនួន​៣១​នាក់​ត្រូវ​បាន​មន្ដ្រី​ប៉ូលីស​អូស​ចេញ​ពី​ទី​កន្លែង​ប្រារព្ធ​ពិធី ហើយ​ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ប៉ុស្តិ៍​ប៉ូលីស​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មេ​បញ្ជា​ការ​នៃ​តំបន់​ទី​៦​នៃ​ក្រុង​បាងកក លោក ឆាយ៉ាពល ឆាត់ឆៃដេត បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុម​​និស្សិត​​ដែល​បាន​ប្រារព្ធ​ពិធី​ជួប​ជុំ​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​២២​ឧសភា កាល​ពី​យប់​ថ្ងៃ​សុក្រ​ គឺ​គ្រាន់​តែ​ត្រូវ​បាន​អញ្ជើញ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលីស​តែ​ប៉ុណ្ណោះ​។ និង​ថា និស្សិត​ទាំង​អស់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​កាល​ពី​រំលង​អាធ្រាត​ថ្ងៃ​សុក្រ ឈាន​ចូល​ថ្ងៃ​សៅរ៍​នេះ​ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​អ្វី​ទាំង​អស់​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បើ​តាម​មន្ដ្រី​ប៉ូលីស​ដដែល ក្រុម​និស្សិត​នេះ អាច​នឹង​ត្រូវ​បាន​ហៅ​ត្រឡប់​មក​បំភ្លឺ​ពី​សកម្មភាព​របស់​ខ្លួន​ជា​ថ្មី​ទៀត ប្រសិន​បើ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​។

​អ្នក​វិភាគ​និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ថៃ បាន​ហៅ​សកម្មភាព​របស់​របស់​រដ្ឋាភិបាល​យោធា​ថៃ​ដូច្នេះ​ថា ជា​ការ​បំបិទ​មាត់​អ្នក​រិះ​គន់​របប​យោធា និង​រឹត​ត្បឹត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ជា​សាធារណៈ​។ ​អង្គការ​សិទ្ធិ​មនុស្ស​របស់​ថៃបាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​របប​យោធា​ថៃ​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​២២​ខែ​ឧសភា​ឆ្នាំ​២០១៤​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​យ៉ាង​ហោច​ណាស់​៧៥១​នាក់​ត្រូវ​បាន​កោះហៅ​ដោយ​អាជ្ញាធរ ខណៈ​មនុស្ស​ចំនួន​១៦៦​នាក់​ទៀត​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ដោយ​សារ​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ