អានតួអត្ថបទ
អាស៊ីអាគ្នេយ៍

អង្គការមនុស្សធម៌៖ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​កំពុង​យក​ជីវិត​ជនអន្តោប្រវេសន៍​ធ្វើ​ជា​បាល់ពីងប៉ុង

តំបន់​អាស៊ីអាគ្នេយ៍​បាន និង​កំពុង​ប្រឈម​មុខ​នឹង​កំណើន​ជនអន្តោប្រវេសន៍​ខុសច្បាប់​តាម​សមុទ្រ​ដែល​ខ្លួន​មិន​ធ្លាប់​ជួប​ប្រទះ​ទេ​នា​ពេល​កន្លង​មក។ ជនអន្តោប្រវេសន៍​ដែល​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​មក​ពី​ប្រទេស​ភូមា និង​ជនជាតិ​បង់ក្លាដែស​បាន​នំា​គ្នា​រត់ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ថៃ ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី។ តែ​រដ្ឋអំណាច​ថៃ ម៉ាឡេស៊ី ឬ​មួយ​ក៏​ឥណ្ឌូណេស៊ី​បាន​បដិសេធ​មិន​ទទួល​យក ហើយ​ទូក​ណា​ដែល​បាន​ទៅ​ដល់​ដី​ថៃ ម៉ាឡេស៊ី ឬ​ម៉ាឡេស៊ី​ក៏​ត្រូវ​បាន​រដ្ឋអំណាច​ក្នុង​ប្រទេស​នោះ​រុញ​ច្រាន​ទៅ​ក្នុង​សមុទ្រ​វិញ។ អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញាអាសន្ន និង​អំពាវនាវ​ជា​ថ្មី​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​រួម​សហការណ៍​គ្នា​ជួយ​ស្រង់​ជីវិត​ជនអន្តោប្រវេសន៍​ទំាង​នោះ។ ចំណែក​អង្គការមនុស្សធម៌​បាន​បរិហារ​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ដែល​យក​ជីវិត​​ជនអន្តោប្រវេសន៍​ធ្វើ​ជា​បាល់​ពីងប៉ុង។

ទូកអ្នកនេសាទថៃ​យក​ជំនួយ​​ទៅជួយ​ជនអន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា​មក​ពី​ភូមា និង​ជនជាតិ​​បង់ក្លាដែស
ទូកអ្នកនេសាទថៃ​យក​ជំនួយ​​ទៅជួយ​ជនអន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា​មក​ពី​ភូមា និង​ជនជាតិ​​បង់ក្លាដែស REUTERS
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ពេល​នេះ មាន​ជនអន្តោប្រវេសន៍​ពី ៨ ០០០ ទៅ ១៥ ០០០នាក់​ត្រូវ​បាន​ឆ្មំាសមុទ្រ​ក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី ឬ​មួយ​ឥណ្ឌូណេស៊ី​ជួយ​សង្រ្គោះ​ជីវិត​ពី​សមុទ្រ​ដែល​ពួក​គេ​បាន​ជិះ​ទូក​ផ្សងព្រេង​ចេញ​ពី​ប្រទេស​ភូមា និង​បង់ក្លាដែស​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ថៃ ឬ​ឥណ្ឌូណេស៊ី។ តែ​ភាគច្រើន​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី​ដែល​កាន់​កាន់​សាសនា​អ៊ីស្លាម ព្រោះ​ជនអន្តោប្រវេសន៍​ភាគច្រើន​ជា​ពួក​រ៉ូហ៊ីងយ៉ា​អ្នកកាន់​សាសនា​អ៊ីស្លាម​រស់​ក្នុង​ប្រទេស​ភូមា និង​ប្រជាជន​បង់ក្លាដែស។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គ្មាន​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​ទំាង ៣ បាន​យល់ព្រម​ទទួល​យក​ជនអន្តោប្រវេសន៍​ទំាង​នោះ​ឲ្យ​ជ្រកកោន​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មិន​បាន​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​ទំាង​នោះ​រាងចាល​ដែរ ពោល​រឹតតែ​ធ្វើ​ឲ្យ​ពួក​គេ​នំា​គ្នា​ចុះ​ទូក​ផ្សេងព្រេង​កាន់​តែ​ច្រើន​ថែម​ទៀត។

គឺ​ប្រឈម​នឹង​លំហូរ​យ៉ាង​គំហុក​នេះ​ហើយ​ដែល​បាន​បង្ខំ​ឲ្យ​រដ្ឋអំណាច​ថៃ ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី​លែង​យក​ភ្នែកមើល និង​ចាប់​បញ្ជូន ឬ​រុញ​ច្រាន​ទូក​របស់​ពួក​គេ​ទៅ​ក្នុង​សមុទ្រ​ឲ្យ​ផុត​ពី​ដែនទឹក​របស់​ខ្លួន​ដោយ​មិន​បាច់​ពិចារណា​ច្រើន។ ការ​ធ្វើ​យ៉ាង​នេះ​ដោយ​គេ​យល់​ឃើញ​ថា ការ​ទទួល​យក​ពួក​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ជួយ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ផ្សេង​រត់ភៀសខ្លួន​ដែរ។ ជាក់ស្តែង​ក្នុង​ថ្ងៃ​នេះ មាន​ទូក​ដឹក​ជនអន្តោប្រវេសន៍​ប្រមាណ​ជា ៧០០នាក់​ដែល​បាន​ចូល​ដល់​សមុទ្រ​ឥណ្ឌូណេស៊ី​ក្នុង​ខេត្ត​អាសេ​ត្រូវ​បាន​រដ្ឋអំណាច​ទីក្រុង​ហ្សាការតា​ទុក​បណ្តោយ​ឲ្យ​លិច តែ​ត្រូវ​បាន​ក្រុមអ្នកនេសាទ​ឥណ្ឌូណេស៊ី​ជួយ​សង្រ្គោះ​ទាន់។ នៅ​ប្រទេស​ថៃ ទីក្រុង​បាងកក​បាន​សារភាព​ត្រង់ៗ​ថា ខ្លួន​បាន​បញ្ជូន​ទូក​ដឹក​ជនអន្តោប្រវេសន៍​ប្រមាណ​ជា ៣០០នាក់​ទៅ​ក្នុង​សមុទ្រ​វិញ បន្ទាប់​ពី​បាន​ជួយ​ជួសជុល​ម៉ាស៊ីន និង​ចែកចាយ​ម្ហូបអាហារ​សម្រាប់​ពួក​គេ។

ជនអន្តោប្រវេសន៍​គ្មាន​ជម្រើស​ក្រៅ​ពី​ផ្សងព្រេង​ស្វែង​រក​ជីវិត​រុងរឿង

ទោះ​ជា​រដ្ឋអំណាច​ថៃ ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី​បាន​ចាត់​វិធានការ​ម៉ឹងម៉ាត់​ក៏​ដោយ ក៏​មិន​បាន​ធ្វើ​ឲ្យ​អ្នក​រត់ភៀសខ្លួន​រានចាល​ដែរ។ នេះ​ក៏​ដោយសារ​តែ​ពួក​គេ​មាន​ជម្រើស​តែ​ពីរ​គត់ ឬ​មួយ​ស្លាប់​នៅ​នឹង​កន្លែង ឬ​មួយ​ក៏​រត់ផ្សងព្រេង ចេញ​ក្រៅ ក្រែន​នឹង​ទទួល​បាន​ជីវិត​ភ្លឺស្វាង រុងរឿង។ គួរ​ជម្រាប​ជូន​ថា ករណី​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​បង់ក្លាដែស គឺ​រត់​ភៀសខ្លួន​គេច​ពី​ភាពក្រីក្រ​តោកយ៉ាក់​ក្នុង​ប្រទេស​កំណើត​ដើម្បី​ស្វែង​រក​អនាគត​ភ្លឺស្វាង​នៅ​ប្រទេស​ផ្សេង ពិសេស​ម៉ាឡេស៊ី។

ចំណែក​ពួក​រ៉ូហ៊ីងយ៉ា​វិញ គឺ​ស្វែង​រក​ជីវិត​រុងរឿង​ផង និង​រត់គេច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ភូមា​ផង។ សូម​ជម្រាប​ជូន​ថា រដ្ឋាភិបាល​ភូមា​មិន​ដែល​បាន​ចាត់​ទុក​ពួក​រ៉ូហ៊ីងយ៉ា​ថា ជា​ជនជាតិ​ភាគតិច​របស់​ខ្លួន​ទេ តែ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឆ្លង​ពី​ប្រទេស​បង់ក្លាដែស។ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នេះ​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ជា​ជនជាតិ​ភាគតិច​ដែល​បាន​ទទួល​ការ​រង​គំរាមកំហែង ធ្វើ​ទុក្ខបុកម្នេញ​ខ្លំាង​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

ភូមា​កំពុង​ពិចារណា​ពី​ការ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ស្នើ​ដោយ​ប្រទេស​ថៃ

ដើម្បី​ប្រឈម​មុខ​នឹង​ការ​ជួញដូរ​មនុស្ស និង​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ប្រទេស​ថៃ​បាន​ស្នើ​ឲ្យ​រៀបចំ​ជំនួបកំពូល​តំបន់​មួយ​នៅ​ថ្ងៃទី២៩ ឧសភា​ខាង​មុខ ដោយ​មាន ១៥ប្រទេស​ចូល​រួម ក្នុង​នោះ​មាន​អូស្ត្រាលី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កម្ពុជា ឡាវ វៀតណាម បង់ក្លាដែស អាមេរិក ឬ​ភូមា។ តែ​ភូមា​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ប្រហែល​ជា​នឹង​មិន​ចូលរួម​ទេ។ បើ​យើង​ពិនិត្យមើល​ជា​រួម​ទៅ​ឃើញ​ថា តំាង​ពី​មាន​ផ្ទុះ​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​តាម​សមុទ្រ​មក ភូមា​បាន​ក្លាយ​ជា​ផ្ទំាងស៊ីប និង​ត្រូវ​បាន​គ្រប់​គ្នា​ចោទ​ថា ជា​អ្នក​បង្ក​បញ្ហា។

មូលហេតុ​មក​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់​ភាគ​ច្រើន​ទំាង​នោះ ជា​ពួក​រ៉ូហ៊ីងយ៉ា​រត់​ចេញ​ពី​ប្រទេស​ភូមា។ តែ​រដ្ឋាភិបាល​ក្រុង​ណៃពីដ៏​បាន​បញ្ជាក់​ថា ភូមា​មិនមែន​ជា​អ្នក​បង្កើត​បញ្ហា​តែ​ម្នាក់​ឯង​ទេ និង​ថា រឿង​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជា​បញ្ហា​នៅ​តំបន់​ទំាង​មូល​ដែល​គេ​ត្រូវ​ដោះស្រាយ​ជា​លក្ខណៈ​សមូហភាព​ដោយ​មិន​ត្រូវ​ចង្អុល​ចំ​មុខ​ប្រទេស​ណា​មួយ​ទេ។ អ្វី​ដែល​ភូមា​ចង់​និយាយ​ត្រង់​ចំណុច​នេះ គឺ​អសមត្ថភាព​របស់​ប្រទេស​ទំាង​អស់​នៅ​ក្នុង​តំបន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់។

តាម​ពិត​ទៅ ភូមា​មិន​បាន​ជំទាស់​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​ថៃ​ទេ តែ​អ្វី​ដែល​ភូមា​ចង់​បាន គឺ​ចង់​ឲ្យ​ថៃ ម៉ាឡេស៊ី ឬ​មួយ​ក៏​ឥណ្ឌូណេស៊ី​ចាត់​ទុក​បញ្ហា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នេះ​ជា​បញ្ហា​រួម​ក្នុង​តំបន់ ពោល​មិនមែន​ជា​បញ្ហា​របស់​ភូមា​តែ​ម្នាក់​គត់​ទេ។ សូម​ជម្រាប​ជូន​ថា រដ្ឋអំណាច​ថៃ​ក្តី ម៉ាឡេស៊ី​ក្តី ឬ​មួយ​ក៏​ឥណ្ឌូណេស៊ី​ក្តី​ធ្លាប់​បាន​បញ្ជាក់​រួម​គ្នា​ថា គេ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​ឯ​ប្រភពដើម​របស់​វា ពោល​គេ​ចង់​និយាយ​សំដៅ​ត្រង់​ទៅ​ប្រទេស​ភូមា។ នេះ​ហើយ​ជា​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ភូមា​ក្តៅស្លឹក​ត្រចៀក និង​កំពុង​ពិចារណា​ពី​ការ​ចូលរួម​របស់​ខ្លួន​នៅ​ក្នុង​ជំនួបកំពូល​ដែល​គ្រោង​​រៀបចំ​ដោយ​ប្រទេស​ថៃ​នៅ​ថ្ងៃ២៩ ឧសភា​ខាង​មុខ។

អាស៊ាន​គួរ​តែ​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ជនអន្តាប្រវេសន៍​ក្នុង​តំបន់​ខ្លួន

មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​បាន​ឮ​ប្រតិកម្ម​អ្វី​ពី​អាស៊ាន​នៅ​ឡើយ​ទេ នោះ​បើ​ទោះ​បី​ជា​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​នេះ​បាន​ផ្ទុះ​ចេញ​នៅ​ផ្ទៃ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ក៏​ដោយ។ មាន​ការ​លើក​ឡើង​ថា អាស៊ាន​គួរ​តែ​ខ្នះខ្នែង​ចាត់​វិធានការ​ចំពោះ​រឿង​នេះ ដូច​ដែល​សហភាព​អឺរ៉ុប​កំពុង​ព្យាយាម​ធ្វើ​ចំពោះ​លំហូរ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​តាម​សមុទ្រ​ក្នុង​ទ្វីប​របស់​ខ្លួន។ គួរ​ជម្រាប​ជូន​ថា​មក​ទល់​ពេល​នេះ ប្រទេស​អឺរ៉ុប​មិន​បាន​ចាប់​បញ្ជូន ឬ​មិន​រវីរវល់​ទូក​ដែល​បាន​ដឹក​ជនអន្តោប្រវេសន៍​មក​ដល់​ទឹកដី​ខ្លួន ឬ​កំពុង​ស្ថិត​ក្នុង​ដែនទឹក​ខ្លួន​ទេ ពោល​តែងតែ​បាន​ជួយ​ស្រោចស្រង់​ជានិច្ច។ ខណៈ​នេះ​ទៀត អឺរ៉ុប​កំពុង​ពិចារណា​ពី​ការ​ចែកចាយ​ទទួល​យក​ជនអន្តោប្រវេសន៍​ណា​ដែល​បាន​ចូល​ដល់​ទឹកដី​អឺរ៉ុប។

ក៏​ប៉ុន្តែ គេ​ក៏​ពិបាក​នឹង​ឲ្យ​អាស៊ាន​យក​តាម​គំរូ​តាម​សហភាព​អឺរ៉ុប ព្រោះ​អាស៊ាន​បាន​ប្រកាន់​យក​គោលការណ៍​មិន​​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​ផ្សេង។ តែ​អង្គការសប្រជាជាតិ និង​អង្គការអន្តរជាតិ​នានា​បាន​ក្រើន​រម្លឹក​ថា ការ​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​នៅ​តាម​សមុទ្រ គឺ​ជា​កាតព្វកិច្ច​អាទិភាព​មិន​អាច​ខ្វះ។ ចំណែក​អាមេរិក​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​ប្រទេស​ក្នុង​តំបន់​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។ រីឯ​អង្គការ​មនុស្សធម៌​បាន​បរិហារ​លើ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ពី​ទង្វើ​យក​ជីវិត​ជនអន្តោប្រវេសន៍​ធ្វើ​ជា​បាល់ពីងប៉ុង​បោះ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ