អានតួអត្ថបទ
ថៃ

តុលាការថៃ​​បើក​សវនាការ​កាត់​ទោស​អតីត​នាយក​រដ្ឋមន្ត្រី​ ​យីងឡាក់​ ស៊ីណាវ៉ាត់​

ថ្ងៃ​អង្គារ​ទី ១៩ ឧសភា​២០១៥នេះ តុលាការ​ថៃ​ត្រូវ​បើក​សវនាការ​កាត់​ទោស​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ក្នុង​សំណុំ​រឿង​​ពុក​រលួយ​ និង​នយោបាយប្រមូល​​ទិញ​អង្ករ​ពី​កសិករ។ សំណុំ​រឿង​ក្តី ដែល​អាច​នាំ​​លោកស្រី​ឱ្យ​ជាប់​​ទោសក្នុង​ពន្ធនាគារ​​ រហូត​ដល់​ទៅ ១០​ឆ្នាំ។ ប៉ុន្តែ​លោក​ស្រី យីងឡាក់ ខុស​ពី​បងប្រុស គ្មាន​ចេតនា គេច​ខ្លួន​ចេញ​ពី​ប្រទេស​ទេ។

លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ អតីត​នាយករ​ដ្ឋមន្ត្រី  ឡើង​ការពារ​ខ្លួន​នៅ​សភា ថ្ងៃទី ២២ មករា ២០១៥
លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ អតីត​នាយករ​ដ្ឋមន្ត្រី ឡើង​ការពារ​ខ្លួន​នៅ​សភា ថ្ងៃទី ២២ មករា ២០១៥ REUTERS
ផ្សាយពាណិជ្ជកម្ម

លោកស្រី​យីងឡាក់ នឹង​​ចូល​ទៅ​ប្រឈម​មុខក្នុង​តុលាការ​ដោយ​ផ្ទាល់​តែ​ម្តង ! នេះ​បើតាម​មេធាវី​ម្នាក់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​តុលាការ​នៅ​តែមិន​ទុក​ចិត្ត និង​បាន​ប្រកាស​​​​ព្រមាន​ តាម​រយៈ​សន្និសីទ​កាសែត​ ថា​នឹង​មាន​ការ​ចាប់​ខ្លួន​ ប្រសិន​បើ​លោក​ស្រី​អវត្តមាន​ នៅ​ថ្ងៃអង្គារ​នេះ។

 

ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ ខ្ទាត​ចេញ​​ពី​តំណែង​ដោយ​រដ្ឋប្រហារ​ លោកស្រី​យីងឡាក់​ត្រូវ​ជាប់​ចោទ​ពី​បទ​ពុក​រលួយ និង​ធ្វេស​ប្រហែល ​​ដឹកនាំ​​​ធ្វើ​នយោបាយ​​ប្រមូល​ទិញ​អង្ករ​​ជួយ​ឧបត្ថម្ភ​ពល​រដ្ឋ​ ដែល​នាំ​ឱ្យ​ខាត​បង់​ថវិការដ្ឋ។

​សម្រាប់​អ្នក​វិភាគ សវនាការ​កាត់​ទោស​ ដែល​ប្រព្រឹត្ត​ទៅ​ស្ទើរ​ចំ​ថ្ងៃ​ខួប​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី គឺ​ជាបំបិទ​ផ្លូវ​​​មិន​ឱ្យ​លោកស្រី​យីងឡាក់​ធ្វើ​នយោបាយ និង​ជា​​ការ​វាយ​ពន្លិច​ត្រកូល​ស៊ីណាវ៉ាត់ ដែល តាំង​ពី​ឆ្នាំ​២០០០​មក មាន​ប្រជាប្រិយភាព​​ លេច​ធ្លោខ្លាំង​​ពេក ក្នុង​ឆាក​នយោបាយ​ថៃ​ ​សម្រាប់​ក្រសែ​ភ្នែក​អ្នក​រាជា​និយម​និង​ក្រុម​អ្នក​កំពុង​កាន់​អំណាច​បច្ចុប្បន្ន។​

ប៉ុន្តែ​​តាម​អ្នក​ជំនាញ​នយោបាយ​អាមេរិក ការ​ឃុំ​ឃាំង​​ក្នុង​ពន្ធនាគារ នឹង​ធ្វើ​ឱ្យលោកស្រី​យីងឡាក់ ទទួល​បាន​ការ​គោរព​កាន់​តែ​ខ្លាំង ! លោកស្រី​ធ្លាប់​បានបដិសេធ​មិន​ចាក​ចេញ​ពី​ប្រទេស​ដូច​អ្វី​ដែល​បង​ប្រុស គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់​ បាន​ធ្វើ​ដើម្បី​រត់​គេច​ពី​​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦​ទេ។

ប្រការ​ដ៏​គួរ​ឱ្យ​​ព្រួយ​បារម្ភ​មួយ​ទៀត​ គឺ​ការ​ថ្កោល​ទោស​លោកស្រី​​យីងឡាក់ អាច​នឹង​ចិញ្ចឹម​ចិត្ត​ចលនា​ប្រជាជន​​អាវ​ក្រហម​ ដ៏​ខ្លាំងក្លា ដែលរង​​ការ​បង្ក្រាប​ខ្លាំង​ តាំង​ពី​ថ្ងៃ​ទី ២២​ឧសភា ឆ្នាំ​២០១៤​មក ពី​សំណាក់​រដ្ឋាភិបាល​សឹក ឱ្យ​រស់​បះបោរ​ឡើង​វិញ។ របប​សឹក​ដែល​​បាន​ធ្វើ​គ្រប់​យ៉ាង ពន្យារ​ពេល​បោះឆ្នោត កែប្រែ​ច្បាប់ មាន​បំណង​តែ​មួយ​គឺ​រារាំង​ត្រកូល​ស៊ីណាវ៉ាត់​មិន​ឱ្យ​វិល​មល​​កាន់​អំណាច​បាន​តាម​រយៈ​សន្លឹក​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ