អានតួអត្ថបទ
ថៃ

វិបត្តិ​នយោបាយ​ថៃ៖រដ្ឋាភិបាល​ទាមទារ​ឲ្យ​ចាប់ខ្លួន​អ្នកដឹកនំា​បាតុកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មករា​នេះ រដ្ឋាភិបាល​ថៃ​បាន​អំពាវនាវ​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន​អ្នកដឹកនំា​ក្បួនបាតុកម្ម​ដែល​បាន​គំរាមកំហែង​ចាប់​ខ្លួន​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់ ព្រម​ទំាង​បាន​បិទខ្ទប់​ទីក្រុង​បាងកក​មួយ​ភាគធំ។ រហូត​មក​ដល់​ថ្ងៃ​នេះ ក្រុមបាតុករ​អាវលឿង​ជា​ច្រើនពាន់នាក់​កំពុង​បន្ត​បោះទីតំាង​នៅ​ទីកន្លែង​យុទ្ធសាស្រ្ត​មួយ​ចំនួន​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​អំណាច ព្រមទំាង​រារំាង​កុំ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ។ តែ​លោកស្រី​យីងឡាក់​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​បោះឆ្នោត គឺ​ជា​ដំណោះស្រាយ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​វិបត្តិ។

លោកស្រី​យីងឡាក់ និង​លោក​ស៊ូថេប
លោកស្រី​យីងឡាក់ និង​លោក​ស៊ូថេប RFI
ផ្សាយពាណិជ្ជកម្ម

 

តំាង​ពី​មាន​ការ​ផ្តើម​ផ្ទុះ​បះបោរ​របស់​ពួក​អាវលឿង​ប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ជាង ២ខែ​មក មាន​មេដឹកនំា​បាតុកម្ម​ជា​ច្រើន​នាក់​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន។ ចាប់ខ្លួន​ពី​បទ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្លាប់​មនុស្ស ៨នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ តែ​បញ្ហា​នៅ​ត្រង់​ថា រហូត​មក​ដល់​ថ្ងៃ​នេះ មេ​ដឹកនំា​បាតុកម្ម​ទំាង​នោះ​បាន និង​កំពុង​ដើរហើរ​ដោយ​សេរី ព្រម​ទំាង​មាន​សិទ្ធិ​សេរីភាព​យ៉ាង​ពេញទី​ទៀត​ផង។ សម្រាប់​ពួក​គេ មាន​ដីកា​ចាប់ខ្លួន ឬ​គ្មាន​ដីកា​ចាប់​ខ្លួន តើ​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទៅ។

នៅ​ក្នុង​ចំណោម​មេដឹកនំា​បាតុកម្ម​ដែល​កំពុង​ជាប់​ដីកា​ចាប់ខ្លួន និង​ដែល​កំពុង​ចេញ​មុខ​ជាង​គេ​នៅ​ក្នុង​ក្បួនបាតុកម្ម​កន្លង​មក គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​អតីត​ឧបនាយករដ្ឋមន្រ្តី​ស៊ូថេប​ទេ។ លោក​ស៊ូថេប​ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​តំាង​តែ​ពី​ដើម​ខែ​ធ្នូ​ឆ្នំា ២០១៣ ពី​បទ​បាន​ញុះញង់​ឲ្យ​មាន​ការ​ងើបបះបោរ​ប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់។ ទន្ទឹម​គ្នា​នេះ លោក​ស៊ូថេប​ក៏​កំពុង​ជាប់​ចោទ​ក្នុង​រឿង​អាស្រូវ​មួយ​ទៀត​កាល​ពី​ឆ្នំា ២០១០ នៅ​ក្នុង​ព្រឹត្តិការណ៍​វាយបង្រ្កាប​យ៉ាង​ហិង្សា​លើ​ក្រុមបាតុករ​គំាទ្រ​លោក​ថាក់ស៊ីន​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៩០នាក់ និង​ដែល​កាល​ណោះ រូបលោក​ស៊ូថេប​មាន​តំណែង​ជា​ឧបនាយករដ្ឋមន្រ្តី។

សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​នោះ​គឺ​ថា ហេតុអ្វី​​បាន​ជា​នៅ​តែ​គ្មាន​ការ​ចាប់​ខ្លួន​លោក​ស៊ូថេប​នា​ពេល​នេះ?

កំហុស​ត្រូវ​បាន​គេ​ទម្លាក់​លើ​ស្ថាប័ន​ប៉ូលិស គឺ​មិន​មែន​តុលាការ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មករា​នេះ លោក​ឧបនាយរដ្ឋមន្រ្តី​ស៊ូរ៉ាពុង​បាន​ថ្លែង​ជា​ថ្មី​ថា ប៉ូលិស​មាន​កាតព្វកិច្ច​ជា​អ្នក​ចាប់​ខ្លួន​លោក​ស៊ូថេប បើ​ពុំ​នោះ​សោត​ទេ គឺ​ប៉ូលិស​ខ្លួន​ឯង​នឹង​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​ស៊ុមគ្រលំ ឃុបឃិត​ទៅ​វិញ។ គួរ​រម្លឹក​ជូន​ថា​រហូត​មក​ដល់​ពេល​នេះ ប៉ូលិស​មិន​ដែល​បាន​ព្យាយាម​តាម​ចាប់​ខ្លួន​លោក​ស៊ូថេប​នោះ​ទេ។ លោក​ស៊ូថេប​ដែល​មាន​កង​ការពារ​នៅ​ជុំវិញ​ខ្លួន​លោក​ជា​អចិន្រ្តៃយ៍​ប្រមាណ​ជា ៤០នាក់។

សូម​ជម្រាប​ជូន​ថា មេបាតុករ​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះចេញ​ពី​អំណាច និង​រារំាង​មិន​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ ដោយ​ចង់​ឲ្យ​បង្កើត​ចេញ​នូវ​ស្ថានប័ន​គ្រប់គ្រង​ប្រទេស​មួយ​ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត ហៅ​ថា « ក្រុមប្រឹក្សា​ប្រជាជន »។ តែ​លោកស្រី​យីងឡាក់​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ម្សិលមិញ​ថា ការ​បោះឆ្នោត​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បិទបញ្ចប់​វិបត្តិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ