អានតួអត្ថបទ
ថៃ

នាយករដ្ឋមន្ត្រី​យីងឡាក់គេច​ពី​​​​​ការ​កោះហៅ​របស់​គណៈកម្មការ​ប្រយុទ្ធ​អំពើ​ពុករលួយ​

នៅថៃ​ ថ្ងៃព្រហស្បតិ៍​នេះ នាយក​រដ្ឋមន្ត្រី​យីងឡាក់​ បាន​គេច​ខ្លួន​​ពី​ការកោះហៅ​​របស់​គណៈ​កម្មការ​ប្រយុទ្ធ​អំពើ​ពុករលួយ ដោយ​លោកស្រី​បានចុះទៅ​​បំពេញ​បេសកម្ម​​នៅ​​ភាគ​ខាងជើង​ប្រទេស។ ​លោកស្រី​យីងឡាក់​បាន​អោយ​មេធាវី​​ខ្លួន​​ ឡើង​បង្ហាញ​មុខ​​តំណាងអោយ​​លោកស្រី នៅ​​គណៈកម្មការ​ប្រយុទ្ធអំពើ​ពុករលួយ​វិញ។ គណៈ​កម្មការ​បាន​ចោទ​​លោកស្រី​យីងឡាក់ ពីបទ​ធ្វេស​ប្រហែល​ក្នុង​កម្មវិធី​ទិញផលស្រូវ​​ឧបត្ថម្ភ​កសិករ។ ​រឿងនេះអាច​អោយ​នាយករដ្ឋមន្ត្រី​ថៃ​ ធ្លាក់​ពីតំណែង​បាន។

នាយករដ្ឋមន្ត្រី​ថៃ​ យីងឡាក់ ស៊ីណាវ៉ាត្រា
នាយករដ្ឋមន្ត្រី​ថៃ​ យីងឡាក់ ស៊ីណាវ៉ាត្រា REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ថៃ ថ្ងៃ​ព្រហស្បតិ៍​នេះ នាយករដ្ឋមន្ត្រី​យីងឡាក់ បានចុះ​ទៅបំពេញ​បេសកម្ម​ការងារ​នៅ​ភាគខាងជើង គេច​ផុត​ពី​ការ​បង្ហាញ​ខ្លួន​តាម​ការកោះហៅ​របស់​គណៈកម្មការប្រយុទ្ធ​អំពើ​ពុករលួយ​ថៃ។ លោកស្រី​យីងឡាក់​នឹង​ស្ថិត​​នៅ​ច្រើនថ្ងៃ​ បំពេញការងារ​រដ្ឋ​នៅ​​ទីនោះ។ ​គណៈកម្មការ​ប្រយុទ្ធ​អំពើពុករលួយ​បានចោទ​លោកស្រី យីងឡាក់ ​ពីបទធ្វេស​ប្រហែស មិន​អើពើ​​​​ក្នុង​កិច្ចការ​ទិញផលស្រូវ​ជួយ​កសិករ។

​គួររំលឹក​ថា ការ​ទិញផលស្រូវ​​ជួយកសិករ​ដោយ​អោយ​ថ្លៃ​៥០ភាគរយ​លើស​ថ្លៃ​លក់​ក្នុង​ទីផ្សារ បានជួយអោយ​​​នាយករដ្ឋមន្ត្រី​ថៃ ឈ្នះ​ឆ្នោត​ កាលពី​ឆ្នាំ​២០១១។ ​ ប៉ុន្តែ ចាប់​​ពី​ចុងឆ្នាំ​២០១៣មក រដ្ឋាភិបាល​មិនទាន់​បាន​បង់ប្រាក់​អោយ​កសិករ​នៅឡើយទេ ធ្វើអោយ​ពួកគេ​ឡើង​មក​តវ៉ា​​ នៅ​ក្រុង​បាងកក ជាមួយ​ក្រុមបាតុករ​ប្រឆាំង​លោកស្រី យីងឡាក់ ផ្សេងទៀត​​ដែរ។ ក្រុមប្រឆាំងថៃ​​ចោទ​នាយករដ្ឋមន្ត្រី​ថា រឿងទិញផលស្រូវ​កសិករ​នេះ បាន​ជំរុញ​អោយ​​​​អំពើពុករលួយកើនឡើង បំផ្លាញ​ថវិការ​រដ្ឋ​រាប់ពាន់​លាន​ដុល្លារ ហើយ​ថៃ​​បាន​បាត់​ឈ្មោះ​ជាប្រទេស​នាំអង្ករ​ចេញ​​ទី១​ ក្នុង​ពិភព​លោកទៀតផង។ ប្រសិន​បើ​​លោកស្រី​យីងឡាក់​ជាប់ពិរុទ្ធ​ក្នុង​រឿងនេះ ព្រឹទ្ធសភា​ថៃ​អាច​នឹង​ហាមឃាត់​លោកស្រី​មិនអោយ​ធ្វើ​​នយោបាយ​ រយៈពេល​៥ឆ្នាំ។

​នៅថ្ងៃ​ពុធនេះ នាយករដ្ឋមន្ត្រីថៃ​ដែលធ្លាប់​បាន​ប្រាប់ថា ចូល​រួមសហការ​រឿងនេះ បាន​អោយ​មេធាវី​​​ច្រើនរូប តំណាង​រូប​លោកស្រី ឡើង​ទៅតាម​ការកោះហៅ​របស់​គណៈកម្មការ​ប្រយុទ្ធ​អំពើ​ពុករលួយ។ នៅពេលនេះ មិនដឹង​ថា តើ​គណៈកម្មការ​ត្រូវចំណាយ​ពេល​ប៉ុន្មាន​ទៀត ដើម្បី​ចេញសេចក្តី​វិនិច្ឆ័យ​​លើ​​សំណុំរឿង​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ