អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការ​ព្រហ្មទណ្ឌ​ថៃ បដិសេធ​មិន​ជំនុំជម្រះ​លោកអាភីស៊ីត និង​លោក​ស៊ូថេប​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការ​ព្រហ្មទណ្ឌថៃ នៅថ្ងៃ​ព្រហស្បតិ៍​ទី ២៨ សីហា បាន​សម្រេច​មិន​ជំនុំជម្រះ​លើ​ពាក្យ​​បណ្តឹង​ ដែល​លោក​អាភីស៊ីត វីចាជីវ៉ា និង​ លោក​ស៊ូថេប ថងស៊ូបាន ត្រូវ​បាន​ចោទប្រកាន់​ពី បទ​ឧក្រិដ្ឋ​កម្ម​បញ្ជា​​ឲ្យ​មាន​ការបង្រ្កាបបង្ហូរឈាមទៅលើ​​បាតុករ​ក្រុម​​អាវក្រហម ដែល​បាន​សម្លាប់​ មនុស្ស​៩០​នាក់ កាលពី​ឆ្នាំ ២០១០។  

លោក​អាភីស៊ីត​ អតីត​នាយករដ្ឋមន្រ្តី​ថៃ​​ត្រូវ​ជាប់​បទចោទប្រកាន់​ថា​បាន​បញ្ជា​ឲ្យ​មាន​ការបង្រ្កាប​ទៅលើ​បាតុករ​ដែល​បាន​សម្លាប់​មនុស្ស​៩០​នាក់ នៅឆ្នាំ២០១០
លោក​អាភីស៊ីត​ អតីត​នាយករដ្ឋមន្រ្តី​ថៃ​​ត្រូវ​ជាប់​បទចោទប្រកាន់​ថា​បាន​បញ្ជា​ឲ្យ​មាន​ការបង្រ្កាប​ទៅលើ​បាតុករ​ដែល​បាន​សម្លាប់​មនុស្ស​៩០​នាក់ នៅឆ្នាំ២០១០ REUTERS
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​នៅថ្ងៃ​នេះ អាច​ជាជោគជ័យ​​​មួយ​តាម​ផ្លូវ​តុលាការ​​របស់​អាភីស៊ីត និង​លោក​ស៊ូថេប​ ព្រោះថា តុលាការ​បាងកក​បាន​សម្រេច​​មិន​ចាត់ការ​​ពាក្យ​បណ្តឹង ដែល​នៅក្នុង​នោះ ព្រះរាជអាជ្ញា​បាន​ចោទ​លោកអាភីស៊ីត និង​លោក​ស៊ូថេប ថា​បាន​បញ្ជា​ឲ្យ​ទាហាន​បង្រ្កាប​យ៉ាងហិង្សា ទៅលើ​បាតុករ​អាវក្រហម រហូត​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៩០​នាក់ និង​របួស​ជាច្រើនរយនាក់ នៅក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​អាភីស៊ីត កាលពី​ឆ្នាំ​២០១០។

 

ប៉ុន្តែ ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ​នៅ​ព្រឹកមិញ​នេះ មិន​មែន​មានន័យ​ថា​ លោក​អាភីស៊ីត និង​លោក​ស៊ូថេប​​រួចខ្លួន​នោះទេ។ តុលាការ​ព្រហ្មទណ្ឌ​ថៃ បាន​ប្រកាស​ថា ខ្លួន​មិន​ជំនុំជម្រះ ព្រោះ​ដោយសារ​តែ​ខ្លួន​គ្មាន​យុត្តាធិការ ពោលគឺ​គ្មាន​សមត្ថកិច្ច​​ដើម្បី​ចាត់ការ​សំណុំរឿង​​ដែល​មាន​លោក​អាភីស៊ីត និង​លោក​ស៊ូថេប​ជា​ជន​ត្រូវ​គេ​ចោទប្រកាន់។

 
តាម​តុលាការ​ព្រហ្មទណ្ឌ​ថៃ វា​ជារឿង​ពិត​ដែល​​ជនត្រូវ​ចោទប្រកាន់​ទាំងពីរ ​ពិតជាបាន​បញ្ជា​ឲ្យ​ទាហាន​បង្រ្កាប​ទៅលើ​ក្រុម​បាតុករ​អាវក្រហម និង​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើ​គ្រាប់​កាំភ្លើង​ពិត សម្លាប់​មនុស្ស​មែន​ កាលពី​អំឡុង​បាតុកម្ម​របស់​ក្រុម​អាវក្រហម​នៅទីក្រុង​បាងកក។ ប៉ុន្តែ តាម​ចៅក្រម​តុលាការ​ព្រហ្មទណ្ឌ លោក​អាភីស៊ីត​ និង​លោក​ស៊ូថេប បាន​បញ្ជា​យ៉ាងដូច្នេះ នៅក្នុង​ពេល​ពួកគេ​កំពុង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ជា​ឧបនាយករដ្ឋមន្រ្តី។ អតីតមេដឹកនាំ​ថៃ​ទាំងពីរ​អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តាម​ការចោទប្រកាន់ ប៉ុន្តែ ដោយសារពួកគេ​អនុវត្ត​តាម​​តួនាទី​របស់​ពួកគេ​ នៅក្នុង​ពេល​ប្រទេស​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ដូច្នេះ តុលាការ​ព្រហ្មទណ្ឌ​ថៃ គ្មាន​សមត្ថកិច្ច​ដើម្បី​ជំនុំជម្រះ​ពួកគេ​ទេ។ តាមក្រុម​ចៅក្រហម​​ថៃ គឺ​មាន​តែ​តុលាការ​កំពូលថៃ​ទេ ដែល​មាន​យុត្តាធិការ​គ្រប់គ្រាន់​ដើម្បី​ជំនុំជម្រះ​លោក​អាភីស៊ីត និង​លោក​ស៊ូថេប។

តាម​កាសែត​ក្នុង​ស្រុក​ថៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ដែលកំពុង​សិក្សា​លើ​សំណុំរឿង​​ចោទ ប្រកាន់ទៅលើ​លោក​អាភីស៊ីត និង​លោក​ស៊ូថេប នឹងអាចសម្រេច​​​បញ្ជូន​ពាក្យ​បណ្តឹង​នេះ​ជា​បន្ត ទៅតុលាការ​កំពូល។​

ពាក្យ​បណ្តឹង​ប្តឹង​លោក​អាភីស៊ីត និង​លោក​ស៊ូថេប ធ្វើ​ឡើងនៅក្នុង​អាណត្តិ​ដឹកនាំ​ប្រទេស​របស់​​លោក​ស្រី​យីងឡាក់ ស៊ីណាវ៉ាត។ នៅក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាលអាវក្រហម ពោល​គឺ​កាលពី​ខែ​ធ្នូ ចុងឆ្នាំ ២០១៣​កន្លងទៅ នៅ​បីឆ្នាំ​ក្រោយ​ការបង្រ្កាប បង្ហូរ​ឈាមទៅលើ​បាតុករអាវ​ក្រហម​នៅឆ្នាំ ២០១០ អង្គភាព​​ស៊ើបអង្កេត​ពិសេស​របស់​ក្រសួង​យុត្តិធម៌​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក​អាភស៊ីត និង​លោក​ស៊ូថេប ពី​បទ​ឧក្រិដ្ឋ​ បញ្ជា​ឲ្យ​ទាហាន​ប្រើ​គ្រាប់​ពិត​បាញ់​ទៅលើ​ក្រុម​បាតុករ​អាវក្រហម នៅក្នុង​អំឡុង​បាតុកម្ម។

នៅខែ​ធ្នូ ឆ្នាំ ២០១៣ នៅក្នុង​ពេល​​លោក​ស៊ូថេប​កំពុង​ដឹកនាំ​ ក្រុម​អាវលឿង​ធ្វើ​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​លោកស្រី​យីងឡាក់ ព្រះរាជអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​បាន​សម្រេច​ចោទប្រកាន់​លើ​លោក​ស៊ូថេប និង​លោក​អាភីស៊ីត ដែល​បាន​ក្លាយ​ជា​ប្រធាន​បក្ស​ប្រឆាំង ពីបទ​ប្រព្រឹត្តឧក្រិដ្ឋកម្ម និង​មនុស្ស​ឃាត។ តាម​គម្រោង​ សវនាការ​ជំនុំជម្រះ​អតីត​មេដឹកនាំ​ទាំងពីរ​ត្រូវ​បើក​ធ្វើ​នៅ​ខែ​មីនា ប៉ុន្តែ គេ​ត្រូវរង់ចាំដល់​ខែសីហា (៥ខែ​ក្រោយ) ​ដើម្បី​ស្តាប់​ចម្លើយ​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ ដែល​នៅ​ទីបំផុត​ ប្រកាស​​ថា ខ្លួន​គ្មាន​​សមត្ថភាព គ្មាន​យុត្តាធិការ​ដើម្បី​ជំនុំជម្រះករណី​បណ្តឹង​លើ​លោក​អាប់ភីស៊ីត វីចាជីវ៉ា និង​លោក​ស៊ូថេប ថងស៊ូបាន។

មួយវិញទៀត បើទោះបី​ជា​សំណុំរឿង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​កំពូល ក៏​គេ​មិន​ប្រាកដថា លោកអាភីស៊ីត និង​លោក​ស៊ូថេប​ត្រូវ​តុលាការ​បើក​សវនាការ​ ជំនុំជម្រះ​ដាក់​ទោស​ដែរ ពោល​គឺ​ដរាប​ណា​ដែល​កងទ័ព​ថៃ​នៅគ្រប់គ្រង​ប្រទេស​ថៃនោះ។ នៅក្នុង​ការបង្រ្កាប​បង្ហូរឈាម​ទៅលើ​បាតុករ​អាវក្រហម គឺ​ពួកទាហាន ជា​អ្នកបាញ់កាំភ្លើង ប្រើ​គ្រាប់ពិត​សម្លាប់​បាតុករ។ បើ​សិន​ជា​តុលាការ​កំពូល​ស៊ើបអង្កេត ស្រាវជ្រាវ​លើ​សំណុំរឿង​ឧក្រិដ្ឋកម្ម របស់​លោក​អាភីស៊ីត នោះ​ការចូលរួម​​របស់​កងទ័ព នឹង​ត្រូវ​គេ​សើរើ​ឡើងវិញ។ ការចូលពាក់ព័ន្ធ​របស់​កងទ័ព​នៅក្នុង​ការបាញ់សម្លាប់​បាតុករ មិនមែន​ជា​រឿង​ល្អ​សម្រាប់​ប្រមុខយោធា​ថៃ ដែលបាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល និង​ចូល​ដឹកនាំ​ប្រទេស កាលពីខែ​ឧសភា​កន្លងទៅ។

យោធាទំនង​​អាច​នឹង​ធ្វើ​ឲ្យ​ពាក្យបណ្តឹង​ប្តឹង​លោក​អាភីស៊ីត និង​លោក​ស៊ូថេប ត្រូវ​បិទខ្ទប់ កកស្ទះ មិន​ចាត់ការនៅ​តុលាការ។ វា​ជារឿង​មួយ​ដែល​ងាយស្រួល​ធ្វើ ព្រោះថា កងទ័ព​ថៃ និង​ស្ថាប័ន​តុលាការ​កំពូល​ស្ថិតនៅ​ក្រុម​បក្ស​តែ​មួយ​ជាមួយគ្នា​ គាំទ្រ​ព្រះមហាក្សត្រ ពោលគឺ​ជា​ក្រុម​ដែល​ប្រឆាំង​មិន​ចង់​ឲ្យ​គណបក្ស​លោក​ថាក់ស៊ីន គាំទ្រ​ដោយ​ក្រុម​អាវក្រហម​ឡើង​កាន់អំណាច​នៅក្នុង​ប្រទេស​ថៃ។ ចង់ ឬ​មិនចង់ ដោយសារ​តែ​ការប្រជែង ឈ្លោះ​ដណ្តើ​ម​ឥទ្ធិពល​អំណាច​រវាង​មេដឹកនាំ យុត្តិធម៌​សម្រាប់​ប្រជាជន​​ថ្នាក់​ក្រោម​ត្រូវ​គេ​ជាន់ឈ្លីចោល មិន​អើពើ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ