អានតួអត្ថបទ
រុស្ស៊ី

ការបង្ហោះ​យាន​អវកាស​ទៅ​កាន់​ផ្កាយ​រណប​ធម្មជាតិ ឈ្មោះ Phobos

គឺកណ្តាល​អធ្រាត្រ​យប់​មិញ ដែល​រុស្ស៊ី​បាន​បង្ហោះ​ចេញ​ទៅ​នូវ​យាន​អវកាស​ខ្លួន ទម្រង់​ជា Satellite ឈ្មោះ “ដី Phobos” ដើម្បី​ទៅ​ជីក​យក​ដី​ពី​ផ្កាយ​រណប​ធម្មជាតិ​របស់​ភព​ផ្កាយ​អង្គារ (Mars) ដែល​មាន​ឈ្មោះ​ថា Phobos ស្ថិត​នៅ​ចម្ងាយ ៣៣០​លាន​គ.ម. ពី​ផែនដី។ ការ​បង្ហោះ​បែប​នេះ ត្រូវ​រុស្ស៊ី​ធ្វើ​ឡើង​វិញ ក្រោយ​ពី​អាក់​ខាន​អស់​១៥​ឆ្នាំ​មក។ គោលដៅ គឺ តាម​រយៈ​ដី​របស់​ផ្កាយ​Phobos សិក្សា​អំពី​ដើម​កំណើត​នៃ “ប្រព័ន្ធ​សុរិយគតិ”។ 

ការ​បង្ហោះយាន​អវកាស​ខ្លួន ទម្រង់​ជា Satellite ឈ្មោះ “ដី Phobos”
ការ​បង្ហោះយាន​អវកាស​ខ្លួន ទម្រង់​ជា Satellite ឈ្មោះ “ដី Phobos” © Reuters
ផ្សាយពាណិជ្ជកម្ម

 

ជាបឋម គួរនិយាយថា បើព្រះចន្ទ​ដែល​ជា​ផ្កាយ​រណប​ធម្មជាតិ​របស់​ផែនដី ស្ថិត​នៅ​ចម្ងាយ​ដល់​ទៅ​ជិត​៤​សែន​គ.ម.​ពី​ផែនដី នោះ​ផ្កាយ​រណប​ធម្មជាតិ​របស់​ភព​ផ្កាយ​អង្គារ ដែល​មាន​ឈ្មោះ​ថា Phobos ប្រែ​មក​ថា “ការ​ភ័យ​ខ្លាច” គឺ​ស្ថិត​នៅ​ចម្ងាយ​តែ​៩.៤០០​គ.ម.​ពី​ភព​ផ្កាយ​អង្គារ។ បើ​វិជ្ឈមាត្រ​មធ្យម​របស់​ព្រះចន្ទ គឺ​ប្រវែង​៣.៥០០​គ.ម. នោះ​វិជ្ឈមាត្រ Phobos គឺ​តែ​២៦​គ.ម.​ប៉ុណ្ណោះ។

ការ​បង្ហោះ​ថ្ងៃ​នេះ នៅ​មិនទាន់​សម្រេច​ដូច​ចិត្ត​ទេ ដោយ​មក​ពី​យាន​អវកាស​ទម្រង់​ជា Satellite ឈ្មោះ ”ដី​Phobos” មិន​ទាន់​ស្ទុះ​ចេញ​ផុត​ពី​តារា​វិថី​ជុំ​វិញ​ផែនដី ដើម្បី​ហោះ​តម្រង់​តែ​ម្តង​ទៅ​កាន់​ផ្កាយ​រណប​ធម្មជាតិ​របស់​ភព​ផ្កាយ​អង្គារ​ឈ្មោះ Phobos ដែល​ស្ថិត​នៅ​ចម្ងាយ ៣៣០​លាន​គ.ម. ពី​ផែនដី ដោយ​ត្រូវ​ចំណាយ​ពេល​អស់​១១​ខែ។

មូលហេតុ តាម​ការពន្យល់​បំភ្លឺ នៃ​ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី RosKosmos លោក Vladimir Popovkin គឺ​មក​ពី​ម៉ាស៊ីន​ទី​១ និង​ទី​២ ខាង​ច្រាន​ល្បឿន Satellite​នោះ ឲ្យ​ចេញ​ផុត​ពី​តារា​វិថី ជុំវិញ​ផែនដី​ ស្រាប់​តែ​មិន​ដើរ​ដូច​ចិត្ត។ ប៉ុន្តែ​តាម​សំដី​គាត់ ការ​នេះ​មិន​មែន​មាន​ន័យ​ជា​បរាជ័យ​ទេ ដ្បិត​ពួក​អ្នក​ឯកទេស​ស្ថាប័ន​គាត់​មាន​រយៈពេល​៣​ថ្ងៃ សម្រាប់​ស្តារ​ឡើង​វិញ​កម្មវិធី​ហោះហើរ​នោះ ទាន់​ប្លុក​Accu​ថាមពល​របស់​វា​នៅ​ដើរ​នៅ​ឡើយ។

ពុំនោះសោតទេ គឺច្បាស់ជា​ចោល​លុយ​ហើយ ពីព្រោះ​បាន​​ចំណាយ​អស់​ប្រមាណ ១៧០​លាន​ដុល្លារ​ឯណោះ សម្រាប់​សមិទ្ធិ​ការពិសោធន៍ ដែល​ត្រូវ​ស៊ី​ពេល​សរុប​ទៅ​អស់ ៣៤​ខែ គឺ​ដើម្បី​ហោះ​ទៅ ​បន្ទាប់​មក​ជីក​យក​ដី​ពី​ផ្ទៃ​ផ្កាយ Phobos ជា​ផ្កាយ​រណប​ធម្មជាតិ​របស់​ភព​ផ្កាយ​អង្គារ ហើយ​នៅ​ទីបំផុត​ហោះ​ត្រឡប់​មក​ផែនដី ដោយ​ផ្ទុក​មក​ជាមួយ​គឺ​ដី​របស់​ផ្កាយ Phobos ក្នុង​ឋានៈ​ជា​ធាតុ​ដើម​ដំបូង​បង្អស់​នៃ​”ប្រព័ន្ធ​សុរិយគតិ” និង​បំភ្លឺ​ឲ្យ​ដឹង​អំពី ដើម​កំណើត​នៃ​ផ្កាយ​រណប​ធម្មជាតិ​របស់​ភព​ផ្សេងៗ​ទៀត។ 

ជំនាន់​សហភាព​សូវៀត រុស្ស៊ី​បាន​បង្ហោះ Satelliteខ្លួន ចំនួន​១៦​លើក ទៅ​កាន់​ភព​ផ្កាយ​អង្គារ ពីក្នុង​នោះ​១១​លើក​បាន​ចប់​ទៅ​ដោយ​បរាជ័យ​ទាំងស្រុង ហើយ​តែ​៥​លើក​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ប្រកប​ដោយ​ជោគជ័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ