អានតួអត្ថបទ
កម្ពុជា

ពល​រដ្ឋ​​ជាង​​​​៣​​ពាន់​​គ្រួសារ​​កំពុង​​ជួប​​គ្រោះ​​រាំង​​ស្ងួត​ នៅ​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​

មាន​ពលរដ្ឋ​ជាង​​៣​ពាន់​គ្រួសារ ​រស់នៅ​ក្នុង​ភូមិ​ចំនួន​​១០​ ក្នុង​ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ កំពុង​តែ​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ អត់​មាន​ទឹក​ប្រើប្រា​ស់គ្រប់​គ្រាន់​ តាំង​ពី​ខែ​វិច្ឆិកា ​ចុង​ឆ្នាំ​​២០១៥មក។ ​គ្រោះ​រាំង​ស្ងួត​នេះ ​បណ្តាល​មក​ពី​គ្មាន​ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់ ​បឹង​ត្រពាំង​រីង​ទឹក​អស់ ​ដី​ស្ងួត​ហែង ​ហើយ​ពលរដ្ឋ​ ក៏​មិន​អាច​ជីក​អណ្តូង​យក​ទឹក​មក​ប្រើ​ប្រាស់​បាន​ទៀត។ ​យ៉ាង​ណា​មិញ ​កាល​ពី​ចុង​សប្តាហ៍​កន្ល​ងទៅ​ ស្នង​ការ​នគរបាល​ខេត្ត​ បាន​ដឹក​ទឹក​ប្រមាណ​ជា​៦​ម៉ឺន​លីត្រ​ យក​ទៅ​ចែក​ចាយ​ដល់​ប្រជាពលរដ្ឋ​ ដែល​ខ្វះ​ខាត​ធ្ងន់​ធ្ងរ​ មាន​ចំនួន​១​ពាន់​២​រយ​គ្រួសារ ​តាមភូ​មិ​ចំនួន​​៤ ក្នុង​ឃុំ​ស្លក្រាម​នេះ។

កសិករនៅច្រើនតំបន់នៅតែទន្ទឹងរងចំាទឹកភ្លៀង។
កសិករនៅច្រើនតំបន់នៅតែទន្ទឹងរងចំាទឹកភ្លៀង។ សហការី
ផ្សាយពាណិជ្ជកម្ម

ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ​ទើប​បាន​ដឹក​ទឹក​ ៦​ម៉ឺន​លីត្រ​ តាម​រថយន្ត​ពន្លត់​អគ្គិភ័យ៩​គ្រឿង ​និង​រថយន្ត​ផ្សេង​ទៀត​ ចំនួន​៣​គ្រឿង ​ដើម្បី​យក​ទៅ​ចែក​ចាយ​ដល់​ពលរដ្ឋ​ចំនួន​១​ពាន់​២​រយគ្រួ​សារ ​នៅ​តាម​ភូមិចំ​នួន​៤ និង​វត្ត​ចំនួន​ ៣ ​ក្នុង​ឃុំ​ស្ល​ក្រា​ម ​ស្រុក​ស្វាយ​ចេក ​ខេត្ត​បន្ទាយ​មាន​ន័យ។ ៤​ភូមិ​នោះ ​រួម​មាន ​ភូមិ​កកោះ ​ភូមិ​កំណប់ ​ខ្លែង​ពណ៌​ខាង​ជើង ​និង​ខ្លែង​ពណ៌​ខាង​ត្បូង។

ពលរដ្ឋ​ប្រមាណ​ជា​៣​ពាន់​គ្រួសារ ​ក្នុង​ឃុំ​ស្លក្រាម​ កំពុង​តែ​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ គ្មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ តាំង​ពី​ខែ​ប្រាំង​ចុង​ឆ្នាំ​២០១៥មក។ មូលហេតុ​ គឺ​ដោយ​សារ​តែ​ក្នុង​ឃុំ​នេះ ​មិន​មាន​ភ្លៀង​ធ្លាក់​សោះ។ ពលរដ្ឋ​ ក្រៅ​តែ​ពី​គ្មាន​ទឹក​បរិភោគ ​និង​ប្រើប្រាស់​គ្រ​ប់គ្រាន់​ ពួក​គេ​ក៏​មិន​អាច​ធ្វើ​ស្រែ​ចម្ការ​បាន​នោះ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ថេត ​លឿយ​ មេ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ​ស្ល​ក្រាម។

​មេប៉ុស្តិ៍​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា ​ការ​ដឹក​ទឹ​ក​មក​ជួយ​ពលរដ្ឋ​ដោយ​ផ្ទាល់​នេះ ​គឺ​ព្រោះ​តែ​មាន​ការ​សំណូម​ពរ​ពី​ខាង​ឃុំ ​ដោយសារ​ពលរដ្ឋ​ពិត​ជា​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​មែន។ ដោយ​សារ​ទឹក​បឹង​ត្រពាំង​ រាំងស្ងួត ​ហើយ​សូម្បី​តែ​អណ្តូង​ ក៏​ជីក​មិន​ចេញ​ទឹក​ ពលរដ្ឋ​ក្នុ​ងភូមិ ​បាន​ទៅ​ទិញ​ទឹក​ពី​ឃុំ​ផ្សេង​ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ ហើយ​ដឹក​យក​មក​ផ្ទះ​ ក្នុង​តម្លៃ​ចាប់​ពី​ ១​ម៉ឺន​៣​ពាន់​រៀល ​ដល់​១​ម៉ឺន​៥​ពាន់​រៀល ​ក្នុង​ទឹក​​១ពា​ន់លីត្រ។

បើ​តាម​ស្នងការ​ខេត្ត​បន្ទាយ​មាន​ន័យ ​យុទ្ធនាការ​ដឹក​ទឹក​ចែក​អ្នក​ភូមិ​ នឹង​បន្ត​ធ្វើ​ជា​បន្ត​ទៀត ល្គឹក​ណា​ភូមិ​ ឃុំ ​ដែល​ខ្វះ​ទឹក​ ធ្វើ​ការ​ស្នើ​សុំ​ជា​មុន។ សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ឃុំ​ស្លក្រាម​ មាន​ប្រជាជន​សរុប​ជាង​១​ម៉ឺន​៩ពា​ន់នាក់ ​ស្មើនឹង​ជាង​៣​ពាន់​គ្រួសារ​ រស់​នៅ​ក្នុង​ភូមិ​​ចំនួន​១០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ