អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទីក្រុង​តូក្យូ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិច​ឆ្នាំ​២០២០

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការ​អូឡាំពិច​អន្តរជាតិបាន​សម្រេច កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ជ្រើសរើស​យក​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​​ការប្រកួតកីឡាអូឡាំពិច និង​កីឡាអូឡាំពិច​សម្រាប់​ជនពិការ នៅ​ឆ្នាំ​២០២០។ តូក្យូ​ត្រូវបាន​ជ្រើសរើស បើទោះបីជា​ជប៉ុន​កំពុង​ប្រឈមមុខ​នឹង​​ការលេចធ្លាយ​ធាតុវិទ្យុសកម្ម នៅ​ហ៊្វូគូស្ហ៊ីម៉ា​ក៏ដោយ។

REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​ការជ្រើសរើស​ទីក្រុង​សម្រាប់​រៀបចំ​ការប្រកួតកីឡាអូឡាំពិច​ម្តងៗ ត្រូវ​ធ្វើ​ឡើង​ដោយ​របៀបណា?
 
ការជ្រើសរើស​ទីក្រុង​​ជា​ម្ចាស់ផ្ទះ សម្រាប់​ការ​ប្រកួតកីឡាអូឡាំពិច ធ្វើឡើង តាមរយៈ​ការបោះឆ្នោត ដោយ​សមាជិក​គណៈកម្មការ​អូឡាំពិច​អន្តរជាតិ។

គណៈកម្មការ​អូឡាំពិច​ជាតិ​របស់​ប្រទេស​នីមួយៗ ដែល​ជា​អ្នក​​ដាក់ស្នើ​ទីក្រុង​ជា​បេក្ខជន ហើយ​​​គណៈកម្មការ​អូឡាំពិច​អន្តរជាតិ​យក​ទីក្រុង​ជា​បេក្ខជន​ទាំងអស់​មក​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ រួចហើយ​សម្រេច​ថា តើ​ទីក្រុងណា​ ដែល​ត្រូវ​ជម្រុះ​ចោល ហើយ​ទីក្រុង​ណា​ខ្លះ ដែល​ត្រូវ​យក​ទៅធ្វើការ​បោះឆ្នោត​។ នៅ​ក្នុងការ​បោះឆ្នោត​នេះ​ក៏​ត្រូវ​ធ្វើឡើង​ជា​ច្រើន​ជុំ​ដែរ ដើម្បី​ជម្រុះ​បេក្ខជន​ម្តងមួយៗ រហូតទាល់តែ​​នៅសល់​​​ទីក្រុង​មួយចុងក្រោយគេ ដែល​ជា​អ្នក​ឈ្នះ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ។
 
សំណួរ-ជប៉ុន​កំពុង​តែ​ប្រឈមមុខ​នឹង​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ហ៊្វូគូស្ហ៊ីម៉ា ជាពិសេស ការ​លេចធ្លាយ​ធាតុ​វិទ្យុសកម្ម​ ក៏ប៉ុន្តែ គណៈកម្មការ​អូឡាំពិច​អន្តរជាតិ នៅតែ​ជ្រើសរើស​ក្រុង​តូក្យូ​ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួតកីឡាអូឡាំពិច។ តើ​ក្រៅពីតូក្យូ មាន​ទីក្រុងណាខ្លះទៀត​​ដែល​ជា​បេក្ខជន?
 
ក្នុងការ​បោះឆ្នោត នៅក្នុង​ប្រទេស​​អាហ្សង់ទីន កាលពីយប់​ថ្ងៃ​សៅរ៍​នេះ ក្រៅពី​ទីក្រុង​តូក្យូ មាន​ទីក្រុង​ពីរទៀត ដែល​ជា​បេក្ខជន គឺ​ទីក្រុង​ម៉ាឌ្រីដ របស់​អេស្ប៉ាញ និង​អ៊ីស្តាន់ប៊ុល របស់​តួកគី។ នៅ​ក្នុងការ​បោះឆ្នោត​ជុំដំបូង ម៉ាឌ្រីដ​ត្រូវ​គេ​ជម្រុះ នៅសល់​តូក្យូ និង​អ៊ីស្តាន់ប៊ុល។ ​ក្នុងការ​បោះឆ្នោត​ផ្តាច់ព្រ័ត្រ តូក្យូ​បាន​ ៦០សំឡេង ហើយ​​អ៊ីស្តាន់ប៊ុល​បាន​តែ ៣៦សំឡេង។

បើ​យើងពិនិត្យ​មើលទៅ ទីក្រុង​របស់​ប្រទេស​ទាំង​៣​នេះ​មាន​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​រៀងៗ​ខ្លួន។

អេស្ប៉ាញ​មាន​ចំណុច​ខ្លាំង​ខាងផ្នែក​កីឡា ព្រោះ​អេស្ប៉ាញ​មាន​កីឡាករ​ឆ្នើម​ច្រើន ក៏ប៉ុន្តែ ចំណុចខ្សោយ គឺ​អេស្ប៉ាញ​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច ហើយ​យុវជន​អត់ការងារធ្វើ មាន​អត្រា​ខ្ពស់។

តួកគី មាន​ចំណុច​ពិសេស​មួយ គឺ​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ដែល​មាន​សេដ្ឋកិច្ច​គ្រាន់បើ ហើយ​បើ​សិន​ជា​គេ​ជ្រើសរើស​ទីក្រុង​អ៊ីស្តាន់ប៊ុល​ វាគឺ​ជា​និមិត្តរូប​ជា​ប្រវត្តិសាស្រ្ត​មួយ សម្រាប់​កីឡាអូឡាំពិច ក៏ដូចជា សម្រាប់​គណៈកម្មការ​អូឡាំពិច​អន្តរជាតិ ពីព្រោះ​ថា តាំង​ពីដើម​មក មិនដែល​មាន​ប្រទេស​អ៊ីស្លាម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិច​ទេ។ ម្យ៉ាងទៀត ក្នុង​ចំណោម​បេក្ខជន​ទាំង៣នេះ ទាំងជប៉ុន ទាំង​អេស្ប៉ាញ​ សុទ្ធតែ​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិច​រួចមកហើយ គឺជប៉ុន នៅ​ឆ្នាំ​១៩៦៤ និង​អេស្ប៉ាញ នៅ​ឆ្នាំ​១៩៩២។ មានតែ​តួកគី ដែល​ដាក់បេក្ខភាព​ច្រើន​ដង​មកហើយ ប៉ុន្តែ មិនដែល​បាន​ជាប់។ ក៏ប៉ុន្តែ បញ្ហា​ចោទ​ធំបំផុត​របស់​តួកគី គឺ​បញ្ហា​សន្តិសុខ និង​ភូមិសាស្រ្ត​នយោបាយ។ តួកគី ស្ថិត​នៅ​ជាប់​នឹង​ស៊ីរី ដែល​កំពុង​មាន​សង្រ្គាមស៊ីវិល។

ជប៉ុនវិញ មាន​ចំណុច​ខ្លាំង​បំផុត​មួយ គឺ​ខាង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ ជប៉ុន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី៣ នៅលើពិភពលោក។ ជប៉ុន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ ដែល​ធ្វើ​ឲ្យ​គេ​ទុកចិត្ត ហើយ​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ខាង​សណ្តាប់ធ្នាប់​សាធារណៈ និង​សមត្ថភាព​ខាង​រៀបចំ​ព្រឹត្តិការណ៍​ធំៗខ្នាត​អន្តរជាតិ។ ថ្វីដ្បិត​តែ​មាន​វិបត្តិ​នុយក្លេអ៊ែរ ហើយ​បញ្ហា​លេចធ្លាយ​ធាតុវិទ្យុសកម្ម​នៅ​ហ៊្វូគូស្ហ៊ីម៉ា​កំពុង​តែ​ចោទឡើង​ខ្លាំង ក៏ប៉ុន្តែ ហ៊្វូគូស្ហ៊ីម៉ា និង​តូក្យូ​​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជា​ជិត ២៥០គីឡូម៉ែត្រ​ពីគ្នា ហើយ​ម្យ៉ាងទៀត ការជ្រើសរើស​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួតកីឡាអូឡាំពិច​នេះ គឺ​សម្រាប់​អូឡាំពិច​ ឆ្នាំ​២០២០ ដូច្នេះ ជប៉ុនមាន​ពេល ៧ឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​នៅហ៊្វូគូស្ហ៊ីម៉ា​នេះ។

ដូច្នេះ បើតាម​មើលទៅ ការជ្រើសរើស​តូក្យូ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាអូឡាំពិច​ឆ្នាំ​២០២០​នេះ គឺ​ធ្វើឡើង​ដោយ​ផ្អែក​លើ​លក្ខណៈវិនិច្ឆ័យ​​ ដែល​មាន​អាទិភាព​ខ្ពស់​ជាងគេ គឺ​សមត្ថភាព​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
 
សំណួរ-តើ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួតកីឡាអូឡាំពិច​​អាច​ទទួល​បាន​ផលប្រយោជន៍​អ្វីខ្លះ បាន​ជា​ប្រទេស​នីមួយៗ ខិតខំ​ប្រជែងគ្នា​សុំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ខ្លាំងម៉្លេះ?
 
ផលចំណេញ​ទីមួយ គឺ​ខាង​ផ្នែក​សេដ្ឋកិច្ច។ ការរៀបចំ​ការប្រកួតកីឡាអូឡាំពិច​ត្រូវការ​ចំណាយ​ច្រើន​មែន ជាពិសេស ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ចំណាយ​ក្នុងការ​រក្សា​សន្តិសុខ​ និង​សណ្តាប់ធ្នាប់។ ក៏ប៉ុន្តែ ផលចំណេញ​ដែល​គេ​អាច​ទទួលបាន​មកវិញ គឺ៖

  • ការសាង់សង់​ហេដ្ឋារចនាសម្ព័ន្ធ​អស់ទាំងនេះ វា​បង្កើត​ជា​ការងារ​ដល់​ប្រជាជន ក្នុងរយៈពេល​រាប់ឆ្នាំ ទម្រាំ​តែ​ដល់​ពេល​ប្រកួត
  • ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សាងសង់​រួចហើយ​គេ​អាច​ទុក​ប្រើប្រាស់​ទៅ​ថ្ងៃ​ក្រោយ​ទៀត​បាន។ ដូច្នេះ ការ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ អាច​រាប់ថា​ជា​ការ​ធ្វើ​វិនិយោគ​ សម្រាប់​ថ្ងៃ​អនាគត។
  • នៅ​ក្នុង​អំឡុង​ពេល​ប្រកួតកីឡាអូឡាំពិច គេ​អាច​បាន​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត និង​ចំណូល​ផ្សេងទៀត ដែល​បាន​ពី​អ្នកទេសចរ​បរទេស។

ក៏ប៉ុន្តែ ជាទូទៅ ប្រទេស​ដែល​ស្វះស្វែង​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិច ច្រើន​តែ​សំឡឹង​ឃើញ​ផលចំណេញ​មួយទៀត ដែល​សំខាន់​ជាង​ផ្នែក​សេដ្ឋកិច្ច​ទៅទៀត គឺ​មោទនភាព​ជាតិ។ ដូចជា​ករណី​ប្រទេស​ចិន​​ជាដើម ដើម្បី​រៀបចំ​ការប្រកួតកីឡាំអូឡាំពិច​នៅប៉េកាំង កាល​ពី​ឆ្នាំ​២០០៨ ចិន​ត្រូវ​ចំណាយ​លុយ​អស់​ប្រហែល​ជា ៤០ពាន់លាន​ដុល្លារ។ រដ្ឋាភិបាល​ចិន​ដឹង​ថា គេ​មិន​អាច​ប្រមូលចំណូលមកវិញ​បាន​រហូត​ដល់​ទៅ ៤០ពាន់​លាន​ដុល្លារ​ទេ ក៏ប៉ុន្តែ នៅតែ​ចង់ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិច​ ពីព្រោះ​ អ្វី​ដែល​សំខាន់​សម្រាប់​ចិន ​មិនមែន​លុយ​ទេ គឺ​មុខមាត់​របស់​ប្រទេស​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ