អានតួអត្ថបទ
កម្ពុជា

វិបត្តិ​នៅ​សាលាក្តីខ្មែរក្រហម​នាំ​ដល់​ការផ្អាក​សវនាការ​ទាំងស្រុង

សាលាក្តី​ខ្មែរក្រហម​បានប្រកាស​ផ្អាក​ដំណើរការ​សវនាការ​សំណុំរឿង ០០២ មួយរយៈ ចាប់​ពី​ពេល​នេះ​តទៅ។ ការ​ផ្អាក​សវនាការ​នេះ​បាន​ធ្វើ​ឡើង ដោយសារ​តែ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ និង​ការធ្វើ​ពហិការ​មិន​ចូល​ធ្វើការ​ពី​សំណាក់​បុគ្គលិក​ផ្នែក​បកប្រែ​ភាសា បន្ទាប់​ពី​ពួក​គេ​មិន​ទទួល​បាន​ប្រាក់ខែ​ចំនួន៣ខែ​ជាប់ៗ​គ្នា។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បរទេស និង​ខ្មែរ​ក៏​ផ្តើម​ត្រួតពិនិត្យ​កាយសម្បទារ​របស់​លោក អៀង សារី និង​នួន ជា ដើម្បី​វាយតម្លៃ​ថា តើ​ពួក​គេ​អាច​ចូលរួម​សវនាការ​បន្ត​ទៀត​បាន​ដែរ ឬ​ក៏​អត់។

អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន ដែល​ជា​ជនជាប់ចោទ ក្នុង​សំណុំរឿង ០០២
អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន ដែល​ជា​ជនជាប់ចោទ ក្នុង​សំណុំរឿង ០០២ Reuters/Montage RFI
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​ថវិកា និង​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​បាន​តម្រូវ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ប្រកាស​ផ្អាក​ទាំង​ស្រុង​នូវ​ដំណើរការ​សវនាការ​សំណុំរឿង ០០២។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាក្តី​នៅ​ចុង​សប្តាហ៍​នេះ​ជម្រាប​ជូន​ទៅ​គ្រប់ភាគី​ពាក់ព័ន្ធ។ តាម​ការ​គ្រោងទុក សវនាការ​​នៅ​ក្នុង​សប្តាហ៍​នេះ និង​សប្តាហ៍​ក្រោយ គឺ​ដើម្បី​ស្តាប់​សាក្សី​ជំនាញ​ពីររូប​ដែល​ត្រូវ​ឡើង​ផ្តល់​សក្ខីកម្ម។ សាក្សីជំនាញ​ទាំង​ពីររូប​នោះ​គឺ លោក Phillip Short អ្នកសរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​លោកស្រី Elizabeth Becker អ្នកកាសែត​ជនជាតិ​អាមេរិកាំង។

ប៉ុន្តែ សវនាការ​មិន​អាច​ដំណើរការ​បាន ដោយសារ​តែ​ជនជាប់ចោទ​អៀង សារី ត្រូវ​បាន​ដឹក​ចូល​​មន្ទីរពេទ្យ​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃទី៤ មីនា។ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ បុគ្គលិក​ជនជាតិ​ខ្មែរ​នៃ​អង្គភាព​បកប្រែ​ភាសា​ក៏​បាន​នាំ​គ្នា​ធ្វើ​ពហិកា​មិន​ចូល​ធ្វើ​ការ​តាំង​ពី​ថ្ងៃ​​នោះ​មក​ដែរ ដោយសារ​តែ​ពួក​គេ​មិន​ទទួលបាន​ប្រាក់ខែ​រយៈពេល៣ខែ​ជាប់ៗ​គ្នា។ សេចក្តី​ជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​សម្រេច​ជាថ្មី​អំពី​សវនាការ​នេះ​នឹង​ធ្វើ​ឡើង​វិញ​នៅ​ក្រោយ​ពេល​ដែល​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បញ្ជាក់​ពី​លទ្ធផល​នៃ​បញ្ហា​សុខភាព​របស់​ជនជាប់ចោទ អៀង សារី និង​នួន ជា។

លោក អៀង សារី អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម អាយុ ៨៧ ឆ្នាំ និង​លោក នួន ជា ដែល​គេ​ស្គាល់​ថា ជា​បងធំ​ទី២ អាយុ ៨៦ឆ្នាំ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ និង​តាមដាន​របស់​វេជ្ជបណ្ឌិត​ជំនាញ។ ការ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​ដោយ​អ្នកជំនាញ​បរទេស​ពីរ​នាក់ និង​ខ្មែរ​ម្នាក់​ដើម្បី​វាយតម្លៃ​ថា តើ​ជនជាប់ចោទ​ទាំង​ពីរ​មាន​បញ្ញា​ស្មារតី​គ្រប់គ្រាន់​អាច​ចូលរួម​សវនាការ​បន្ត​ទៀត​បាន​ដែរ ឬទេ ? សវនាការ​ដើម្បី​ស្តាប់​លទ្ធផល​នៃ​ការ​វាយតម្លៃ​នេះ​គ្រោង​នឹង​បើក​ធ្វើ​នៅ​ថ្ងៃទី២៥ មីនា​ខាងមុខ។

យ៉ាង​ណា​ក៏​ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា បញ្ហា​ថវិកា​ក៏​ជា​ចំណុច​ប្រឈម​ដ៏​ធំ​មួយ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ដែរ​នៅ​ក្នុង​អំឡុង​ពេល​នេះ។ ប្រសិន​បើ​បុគ្គលិក​ផ្នែក​បកប្រែ​នៅ​តែ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ ដំណើរការ​សវនាការ​ក៏​មិន​អាច​បើក​ធ្វើ​ឡើង​វិញ​បាន​ដែរ។ នេះ​គឺ​ជា​ផលវិបាក​នៃ​វិបត្តិ​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​បាន​អូសបន្លាយ​ជា​យូរ​មក​ហើយ និង​ក៏​នៅ​មិនទាន់​មាន​ពន្លឺ​ថា នឹង​អាច​ដោះស្រាយ​បាន​នៅ​ពេល​ណា​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ