អានតួអត្ថបទ
កម្ពុជា

បុគ្គលិក​​ជាតិ​ផ្នែក​​បកប្រែ​​ពហិការ​​មិន​​ធ្វើ​ការ​​ សវនាការ​​​សាលាក្តី​​ខ្មែរ​ក្រហម​​ត្រូវ​​ផ្អាក​​

អង្គភាព​បកប្រែ​របស់​សាលាក្តី​ខ្មែរ​ក្រហម​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលធ្វើ​ការ ចាប់​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ហើយ​បាន​ធ្វើ​អោយ​សវនាកា​​រត្រូវ​រាំង​ស្ទះ ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ។ ក្រុម​អ្នក​បកប្រែ​បាន​ថ្លែង​ថា ពួកគេ​នឹង​ចូល​ធ្វើការ​វិញ​ ល្គឹក​ណា​ពួកគេ​បាន​ទទួល​ប្រាក់​ខែ​៣​ខែ ដែល​ពួកគេ​មិន​បាន​ទទួល​នោះ។ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ លោក ​នេត ភក្ត្រា ​បាន​ប្រាប់​អោយ​ដឹង​ថា ការិយាល័យ​រដ្ឋបាល​ក៏​នៅ​រង់ចាំ​ថវិកា​ពី​ប្រទេស​ផ្តល់​ជំនួយ ​ដើម្បី​អាច​ផ្តល់​​ប្រាក់​បៀវត្សរ៍ ​ដល់​បុគ្គលិក​ផ្នែក​ជាតិ​ជិត​ ៣០០​នាក់​នោះ​ដែរ។

អគារ​តុលាការ​ខ្មែរ​ក្រហម
អគារ​តុលាការ​ខ្មែរ​ក្រហម រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ប្រសិន​បើ​សវនាការ​សំណុំ​រឿង​០០២​ត្រូវបាន​ផ្អាក ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គឺ​មិន​មែន​តែ​ដោយសារ​លោក​អៀង សារី​ មាន​បញ្ហា​សុខភាព ហើយ​ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ ​ដូ​ច​រាល់​ដង​នោះ​ឡើយ។ ម្តង​នេះ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ។

សវនាកា​​ដែល​ត្រូវ​ប្រព្រិត្ត​​ទៅ​ជា​ ៣​ភាសា គឺ ខ្មែរ​ អង់គ្លេស និង​បារាំង​នោះ ត្រូវ​ជាប់គាំង​ដោយសារ​តែ​អង្គភាព​បកប្រែ​ប្រកាស​ធ្វើ​ពហិការ​​មិន​ចូល​ធ្វើ​ការងារ ក្រោយ​ពី​ពួកគេ​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​៣​ខែ​មក​ហើយ ពោល​គឺ​ចាប់​ពី​ខែ​ធ្នូ​មក។

 
សកម្មភាព​ពហិកា​​រ​របស់​អង្គភាព​បកប្រែ​នៃ​សាលាក្តី​ខ្មែរក្រហម ​ត្រូវ​បាន​គាំទ្រ​ដោយ​បុគ្គលិក​ជាតិ​នៅ​ផ្នែក​ផ្សេងៗ​ទៀត​ដែរ ដែល​មាន​ចំនួន​សរុប​ទាំងអស់ ​២៨៧​នាក់។ យោង​តាម​ញត្តិ​ដែល​អង្គភាព​បកប្រែ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ដាក់​​ទៅ​ការិយាល័យ​រដ្ឋបាល​នោះ មាន​មូលហេតុ​២ ​ដែល​ធ្វើ​អោយ​ពួកគេ​ត្រូវ​ធ្វើ​ពហិការ​យ៉ាង​នេះ។ ទី​មួយ ​គឺ​ការ​មិន​បាន​ទទួល​ប្រាក់ខែ​ចំនួន​៣​ខែ​មក​ហើយ ​ជា​ការ​ពិត ប៉ុន្តែ​មូលហេតុទី២​ គឺ​ដោយសារ​តែ​ចាប់​ពី​ដើម​ខែ​មករា​ ឆ្នាំ​ ២០១៣​នេះ ពួកគេ​មិន​មាន​កិច្ច​សន្យា​ការងារ​ថ្មី​ឡើយ។

នៅ​ក្នុ​ង​ញត្តិ​ដដែល​នោះ អង្គភាព​បកប្រែ​នៃ​សាលាក្តី​ខ្មែរ​ក្រហម អំពាវនាវ​អោយ​រាជ​​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ស្វែងរក​វិធានការ​បន្ទាន់ ​ដើម្បី​ធានា​និរន្តរភាព​នៃ​ដំណើរការ​សាលាក្តី​ពិសេស​មួយ​នេះ។

អ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម លោក ​នេត ភក្ត្រា​ បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ការិយាល័យ​រដ្ឋ​បាល​កំពុង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ថា​វា​ក៏​អាស្រ័យ​លើ​ប្រទេស​អ្នក​ចាប់​អារម្មណ៍​ជួយ​សាលាក្តី​ខ្មែរ​ក្រហម​ដែរ ដែល​ត្រូវ​ផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ។

ស្ថានទូត​បារាំង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ព្រឹត្តិការណ៍​ពហិការ​របស់​បុគ្គលិក​ផ្នែក​ជាតិ ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នេះ​ឡើយ។ ប៉ុន្តែ​​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​លោក Sean McIntosh​បាន​ប្រាប់​​វិទ្យុ​បារាំង​អន្តរជាតិ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​អំពី​វិបត្តិ​ជំនួយ​ហិរញ្ញ​វត្ថុ ​ចំពោះ​សាលាក្តី​ខ្មែរ​ក្រហមនេះ។ ជាមួយ​នឹង​ការ​ជំរុញ​អោយ​គ្រប់​ភាគី​ទាំងអស់​ខិតខំ​បំពេញ​កាត្វកិច្ច​របស់​ខ្លួន ដើម្បី​ដំណើរការ​ស្វែង​រក​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរ​ក្រហម​នេះ អ្នក​នាំពាក្យ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ក្រោម​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​តុលាការ​ខ្មែរ​ក្រហម រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្តល់​ប្រាក់​ខែ​ ដល់​បុគ្គលិក​ផ្នែក​ជាតិ។ ហើយ​លោក​លើកទឹក​ចិត្ត​អោយ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​កាត្វកិច្ច​នេះ។

លោក​ នេត ភក្ត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​​បាន​ពន្យល់​បក​វិញ​ថា កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​តុលាការ​ខ្មែរ​ក្រហម​នេះ​ក៏​បាន​ចែង​ថា អង្គការ​សហប្រជាជាតិ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ផ្តល់​ថវិកា​ដល់​ភាគី​អន្តរជាតិ​ដែរ។ ប៉ុន្តែ ​ជាក់ស្តែង​ វា​មិន​បាន​កើត​ឡើង​យ៉ាង​ដូច្នេះ​ឡើយ។ លោក​បន្តថា កន្លង​មក​ គឺ​ទាំង​ភាគី​ជាត​និងភាគី​​អន្តរជាតិ ​តែង​តែ​បាន​ទទួល​ និ​ង​ប្រើប្រាស់​ហិរញ្ញ​វត្ថុ​របស់​ប្រទេស​ផ្តល់​​ជំនួយ​​​ដូច​គ្នា។

នៅ​តែ​គ្មាន​ចំលើយ​អំពី​​ប្រាក់​បៀវត្សរ៍​របស់​បុគ្គលិក​ជាតិ ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ដដែល។ ប៉ុន្តែ​ នៅ​ក្នុង​ញត្តិ​របស់​អង្គភាព​បកប្រែ ​ដែល​ដាក់​ទៅ​ការិយាល័យ​រដ្ឋបាលរបស់​សាលាក្តី​ខ្មែរ​ក្រហម​នោះ ក្រុម​អង្គភាព​អ្នក​បកប្រែ​បាន​សរសេរ​ថា ការ​ដែល​ពួកគេ​អត់​បាន​ប្រាក់​បៀវត្សរ៍​ តើ​មកពី​អង្គការ​សហប្រជាជាតិ ឬ​ក៏​មកពី​រាជរដ្ឋាភិបាល​កម្ពុជា ឬ​ក៏​មកពី​ថ្នាក់​ដឹកនាំ​តុលាការ? ហេតុអ្វី​ក៏​ម្ចាស់​ជំនួយ​ផ្ដល់​ថវិកា​ឲ្យតែ​បុគ្គលិក​អន្តរជាតិ? ហេតុអ្វី​បានជា​គេ​ឈប់​ជួយ​បុគ្គលិក​ជាតិ​តទៅ​ទៀត?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ