អានតួអត្ថបទ
កម្ពុជា

នួន​ ជា​ និង​អៀង​ សារី​ នឹង​ទទួល​ការ​ត្រួតពិនិត្យ​កាយ​សម្បទា​ពី​អ្នក​ជំនាញ​

សាលាក្តី​​ខ្មែរក្រហម​​បាន​​ចាត់តាំង​​គ្រូពេទ្យ​​ជំនាញ​ ៣រូប ​ដើម្បី​​វាយតម្លៃ​​អំពី​​កាយ​សម្បទា​​របស់ នួន ជា និង ​អៀង សារី ដែល​​កំពុង​មាន​បញ្ហា​​សុខភាព​​ធ្ងន់ធ្ងរ។ ក្រុម​​អ្នកជំនាញ​​នឹង​​ផ្តើម​​ពិនិត្យ​ ​និង​​តាមដាន​​សុខភាព​និង​​បញ្ញា​​ស្មារតី​​របស់​​ជនជាប់ចោទ​​ទាំងពីរ​​ ចាប់ពី​​ពាក់​កណ្តាល​​ខែ មីនា ​ខាងមុខ​នេះ​ហើយ។ មាន​ការ​​ព្រួយបារម្ភ​​ថា​ អ្នក​​ទាំងពីរ​​អាច​នឹង​​មាន​​វាសនា​​ដូច​​លោកស្រី​ ​អៀង ធី​រិ​ទ្ធ​ដែរ។ យ៉ាងណាក៏ដោយ សវនាកា​​​លើ​​សំណុំ​រឿង ០០២ នឹង​​បើក​​ធ្វើ​​ឡើងវិញ​​ចាប់ពី​​ដើម​​សប្តាហ៍​​ក្រោយ​ ​ក្រោម​​សម្ពាធ​​នៃ​​វិបត្តិ​​ថវិកា។

អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​​ក្នុង​របប​ខ្មែរ​ក្រហម
អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​​ក្នុង​របប​ខ្មែរ​ក្រហម REUTERS/Mark Peters/ECCC
ផ្សាយពាណិជ្ជកម្ម

ជនជាប់ចោទ​ក្នុង​សំណុំ​រឿង ០០២ ចំនួន​ពីរ​នាក់​ទៀត​ហើយ​ដែល​ត្រូវ​តុលាការ​ដាក់​ឲ្យ​ស្ថិតក្រោម​ការ​ត្រួតពិនិត្យ​ផ្នែក​កាយសម្បទា ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ។ ការ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​ដើម្បី​វាយ​​តម្លៃ​ថា តើ​លោក នួន ជា អាយុ ៨៦​ឆ្នាំ និង​លោក អៀង សារី អាយុ ៨៧ ឆ្នាំ​ នៅមាន​បញ្ញា​ស្មារតី​គ្រប់គ្រាន់​អាច​ចូលរួម​សវនាកា​​បន្ត​ទៀត​បាន​ដែរ​ឬ​ទេ?

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា គ្រូពេទ្យ​ជំនាញ​៣​រូប ​ត្រូវបាន​ចាត់តាំង​ដោយ​សាលាក្តី​ដើម្បី​បំពេញ​កិច្ចការ​នេះ។ អ្នកជំនាញ​ទាំង​បី​នាក់​រួម​មាន​ជនជាតិ​ខ្មែរ​ម្នាក់ អង់គ្លេស​ម្នាក់ រួម​ទាំង​លោក ចន ខែមប៊ែល ជនជាតិ​នូវែលហ្សេឡង់​ដែល​ជា​អ្នក​ជំនាញ​ត្រួតពិនិត្យ​កាយសម្បទា​​របស់​លោក​ស្រី​ អៀង ធីរិទ្ធ ​ផង​ដែរ។ អ្នកជំនាញ​ទាំងបី​នឹង​ផ្តើម​ការងារ​របស់​ខ្លួន​នៅ​ពាក់​កណ្តាល​ខែ​មីនា​នេះ។

ការ​ដាក់​ឲ្យ​ជនជាប់ចោទ​ទាំង​ពីរ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ផ្នែក​កាយសម្បទា ​បាន​ធ្វើ​ឡើង​ទៅតាម​សំណើ​​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ បន្ទាប់ពី​ពួកគេ​សង្កេត​ឃើញ​ថា កូនក្តី​របស់​ខ្លួន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង​ចុះខ្សោយ​ខាង​បញ្ញា​ស្មារតី​យ៉ាង​ខ្លាំង។ តុលាការ​គ្រោង​​បើក​សវនាកា ​ដើម្បី​ស្តាប់​របាយការណ៍​អ្នក​ជំនាញ​ទាំងបី​ នា​ចុងខែ​មីនា​នេះ។ នេះ​បើ​យោងតាម​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

ព្រឹត្តិការណ៍​នេះ​នាំ​ឲ្យ​មានការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​ថា នួន ជា និង អៀង សារី អាច​នឹង​ត្រូវបាន​ដោះលែង​ដូច​លោកស្រី អៀង ធីរិទ្ធិ ដែរ ​ប្រសិន​បើ​ពួកគេ​បាត់​ការ​ចងចាំ​ធ្ងន់ធ្ងរ​មិន​អាច​ទទួល​ការ​កាត់ទោស​បាន។ យ៉ាងណា​ក៏ដោយ សវនាកា​​សំណុំរឿង ០០២ដែល​បាន​ផ្អាក​ដំណើរការ​មួយ​រយៈ​មក​នោះ ​នឹង​ត្រូវ​បើក​ធ្វើឡើង​វិញ ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ។

សាក្សី​ជំនាញ​ពីរ​រូប​គឺ លោក Phillip Short  អ្នក​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​លោកស្រី Elizabeth Becker អ្នក​កាសែត​ជនជាតិ​អាមេរិកាំង នឹង​​ត្រូវ​ឡើង​ធ្វើ​សក្ខីកម្ម​ជា​បន្តបន្ទាប់​ នៅ​ក្នុង​សវនាកា​​ដែល​មាន​តែ​លោក ខៀវ សំផន ម្នាក់​ប៉ុណ្ណោះ​អាច​មាន​វត្តមាន​ដោយ​ផ្ទាល់។ ដោយ​ឡែក នួន ជា និង អៀង សារី បាន​ត្រឹម​ស្តាប់​សវនាកា​​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ​ ដោយសារ​បញ្ហា​សុខភាព។

ការ​ដាក់​ជនជាប់ចោទ​ទាំងពីរ​ឲ្យ​ស្ថិត​ក្រោម​ការ​វាយតម្លៃ​ផ្នែក​កាយសម្បទា​ ​បាន​កើត​ឡើងខណៈ​បុគ្គលិក​ភាគី​កម្ពុជា​នៃ​សាលាក្តី​ខ្មែរក្រហម​កំពុង​រង​សម្ពាធ​កាន់តែ​ខ្លាំង ​ពី​បញ្ហា​ប្រាក់ខែ។ ពួកគេ​មិន​បាន​បើក​ប្រាក់ខែ​រយៈពេល​បី​ខែ​មក​ហើយ ​ដោយសារ​តែ​ខ្វះ​ថវិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ