អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរ​ក្រហម៖ ​អង្គភាព​បកប្រែ ​បន្ធូរ​លក្ខខណ្ឌ​

ការិយាល័យ​រដ្ឋបាល​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ និង​អង្គភាព​បកប្រែ ​បាន​ជួប​ចរចារ​គ្នា នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី៥ ​មិនា​នេះ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង ខណៈ​ដែល​ក្រុម​អ្នក​បកប្រែ​កំពុង​ធ្វើ​ពហិការ​មិន​បំពេញ​ការងារ។ អ្នក​នាំពាក្យ​សាលាក្តី​លោក ​នេត ភក្ត្រា​ បាន​ប្រាប់​អោយដឹង​ថា ក្រុម​បុគ្គលិក​អ្នក​តវ៉ា​បាន​សម្រួល​ការទាមទារ​ប្រាក់​បៀវត្សរ៍​របស់​ពួកគេ ​ទាំង​៣ ​ខែ (ធ្នូ មករា កុម្ភៈ) មក​នៅ​ត្រឹម​ប្រាក់​បៀវត្សរ៍​ខែ​ធ្នូ​សិន ជា​ថ្នូរ​នឹង​ការ​ត្រឡប់​ចូល​បំពេញ​ការងារ​ជា​ធម្មតា​វិញ។

បុគ្គលិក​ជាតិ​ចំនួន​២៨៧​នាក់ នៅ​សាលាក្តី​ខ្មែរ​ក្រហម ​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​៣​ខែ​មក​ហើយ
បុគ្គលិក​ជាតិ​ចំនួន​២៨៧​នាក់ នៅ​សាលាក្តី​ខ្មែរ​ក្រហម ​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​៣​ខែ​មក​ហើយ រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​នេះ ការិយាល័យ​រដ្ឋបាល​គ្រាន់តែ​ត្រូវ​ប្រញាប់រក​ប្រាក់​បៀវត្សរ៍​ខែ​ធ្នូ​ តែ​មួយ​ខែ​សិន ​ដើម្បី​ផ្តល់​អោយ​បុគ្គលិក​ផ្នែក​ជាតិ​ នៅ​សាលាក្តី​ខ្មែរក្រហម នោះ​សវនាការ​សំណុំរឿង​០០២ និង​ការងារ​ផ្សេងៗ​ទៀត ​​នឹងអាច​ដំណើរការ​ឡើងវិញ​ជា​ប្រក្រតី។ ពីព្រោះ​ក្រុម​អ្នក​បកប្រែ​ភាសាដែល​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ ​ជាមួយ​នឹង​ការ​ទាមទារ​ប្រាក់​បៀវត្សរ៍​ទាំង៣​ខែ ​ដែល​ពួកគេ​មិន​ទាន់​បាន​ទទួល​នោះ បាន​យល់​ព្រម​ទទួល​ប្រាក់​បៀវត្សរ៍​​ខែធ្នូ ​មួយ​ខែ​សិន​ ជា​ថ្នូរ​នឹង​ការ​ត្រឡប់​ចូលបំពេញ​ការងារ​ជា​ធម្មតា​វិញ។

នេះ​ជា​ដំណោះស្រាយ​មួយ​ ដែល​ត្រូវបាន​រកឃើញ​នៅ​ក្នុង​ការ​ចរចារ​គ្នា​រវាង​លោក​ក្រាញ់ តូនី ប្រធាន​ស្តីទី​​រដ្ឋបាលនៃ​សាលាក្តី​ខ្មែរ​ក្រហម និង​ក្រុម​អង្គភាព​បកប្រែ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៥​ មិនា​នេះ។

ទោះយ៉ាង​ណា​ក៏ដោយ បុគ្គលិក​ជាតិ​ពិសេស​អង្គភាព​បកប្រែ ​នៅ​បន្ត​ធ្វើ​ពហិការ​មិន​បំពេញ​ការងារ​ដដែល បើទោះជា​ពួកគេ​មាន​វត្តមាន​នៅ​សាលាក្តី​ក៏ដោយ រហូត​ដល់​ពួកគេ​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ខែ​ធ្នូ​សិន។

លោក ​នេត្រ ភក្ត្រា អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​អត្ថាធិប្បាយ​​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា នេះ​គឺ​ជា​ការ​វិវត្តន៏​​ល្អ​បន្តិច។ ប៉ុន្តែ​ក្រុមអ្នកតវ៉ា​បាន​កំណត់​លក្ខខណ្ឌ​មួយ​ដែល​ថា ប្រសិន​បើ​ពួកគេ​នៅ​មិន​ទាន់​បាន​​ទទួល​ប្រាក់​បៀវត្សរ៍​ខែ​មករា កុម្ភៈ និង​មិនា​ រហូត​ដល់​ថ្ងៃ​ទី​១ មេសា​នោះ​ទេ ពួកគេ​នឹង​ចាប់​ផ្តើម​ពហិការ​​ មិន​បំពេញ​ការងារ​សារជាថ្មី។

បើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​សាលាក្តី​ពិសេស​មួយ​នេះ សាលាក្តី​ខ្មែរក្រហម​កំពុង​រង់ចាំ​ថវិកា​ជំនួយ​របស់​សហភាព​អឺរ៉ុប ​ដែល​បាន​សន្យា​ផ្តល់​ទឹកប្រាក់​ទំហំ​៣០ម៉ឺន​ដុល្លារ​ ដល់​ភាគី​ជាតិ​ដើម្បី​ដោះស្រាយ​​បញ្ហា​ប្រាក់​បៀវត្សរ៍​បុគ្គលិក​នេះ។ លោក ​នេត្រ ភក្ត្រា បាន​អំពាវនាវ​អោយ​សហភាព​អឺរ៉ុប​​ប្រញាប់​អន្តរាគម​​ទម្លាក់​ថវិកា​អោយ​បាន​លឿន​បំផុត ​​ដើម្បី​ធានា​ដំណើរការ​នៅ​ក្នុង​សាលាក្តី។

គួរ​រម្លឹកថា អង្គភាពបកប្រែ​នៃ​សាលាក្តី​ខ្មែរក្រហម​ចំនួន​២៧​នាក់ ​បាន​ផ្តើម​ធ្វើ​ពហិការ​មិន​បំពេញ​​ការងារ ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដែល​ធ្វើ​អោយ​សវនាកា​សំណុំរឿង​០០២​ដែល​ត្រូវ​ធ្វើ​ជា​៣​ភាសា ត្រូវ​ផ្អាក​ភ្លាម​ៗ។ ពហិការ​នេះ​ក៏​ត្រូវ​បាន​គាំទ្រ​ដោយ​ស្ងាត់ស្ងៀម​ ពី​បុគ្គលិក​ជាតិ​នៅ​ផ្នែកផ្សេង​ទៀត​ផងដែរ។

បុគ្គលិក​ជាតិ​ចំនួន​២៨៧​នាក់ នៅ​សាលាក្តី​ខ្មែរ​ក្រហម ​មិន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​៣​ខែ​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ