អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាលតួកគី​ដកហូត​តំណែង​ប៉ូលិស​៣៥០នាក់​ ក្នុង​ក្របខណ្ឌ​ប្រយុទ្ធ​អំពើ​ពុករលួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សារព័ត៌មាន​តួកគី​ជាច្រើន​បានចុះផ្សាយ​ នៅថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​តួកគី​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ រីសេប តៃយីព អ៊ែរដូហ្កាន បាន​ដកហូត​តំណែង​មន្ត្រី​ប៉ូលិស​៣៥០រូប ក្នុង​ក្របខណ្ឌ​ទាក់ទង​នឹង​ការ​ប្រឆាំង​អំពើ​ពុករលួយ។ ក្នុង​ចំណោម​ប៉ូលិស​ទាំង​៣៥០នាក់​នេះ គេ​ឃើញ​មាន​អ្នកទទួលខុសត្រូវ​​​ជាច្រើនរូប ធ្លាប់​ទទួល​បន្ទុក​​​ប្រឆាំង​​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ បច្ចេកវិទ្យាកុំព្យូទ័រ​ រឺ​ក៏ទទួលបន្ទុក​​​ប្រឆាំង​អំពើ​ឧក្រិដ្ឋផ្សេងទៀត នៅ​ទីក្រុង​អង់ការ៉ា​ជាដើម។​

ប៉ូលិសតួកគី​ ឈរ​នៅ​ពីមុខ​តុលាការ​​​ក្រុងអ៊ីស្តង់ប៊ូល ថ្ងៃ២០​ធ្នូ ឆ្នាំ២០១៣។
ប៉ូលិសតួកគី​ ឈរ​នៅ​ពីមុខ​តុលាការ​​​ក្រុងអ៊ីស្តង់ប៊ូល ថ្ងៃ២០​ធ្នូ ឆ្នាំ២០១៣។ REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

១-ជាង​មួយខែ​មកនេះ អំពើ​ពុករលួយ​នៅ​តែ​បន្ត​វាយប្រហារ​តួកគី។ រដ្ឋមន្ត្រី​៣រូប ធ្លាប់​បាន​លាចេញ​ពីតំណែង​ ដោយសារ​រឿងអាស្រូវ​ពុករលួយ​នេះ។ ហើយ​កន្លងមក​ ប្រជាជន​ធ្លាប់​ចុះ​បាតុកម្ម​បរិហារ​អំពើពុករលួយ​ច្រើនដង​មកហើយ។ ​ហេតុអ្វី​បានជា​នាយក​រដ្ឋមន្ត្រី​​ អ៊ែរដូហ្កាន ​មិនព្រម​ចុះពីតំណែង​​​?

នៅពេល​នេះ លោក​រីសេប តៃយីព​ អ៊ែរដូហ្កាន គ្មាន​ជម្រើស​អ្វី​ច្រើនទេ ពិសេស​តួកគី​ត្រូវ​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ ក្នុង​ពេល​៣ខែ​ខាងមុខ​នេះទៀតផង។ ដូច្នេះ បើ​លោក​អ៊ែរដូហ្កាន ​ចុះពីតំណែង​នាយករដ្ឋមន្ត្រី នោះ​មុខមាត់​លោក​រឹតតែ​អន់​ទៀតទៅ​ហើ់យ។ លោក​អ៊ែរដូហ្កាន​​មានតែ​រុល​ទៅមុខ ខិតខំ​បង្ហាញ​ថា លោក​នៅតែ​ស្អាតស្អំ ហើយ​​ក្នុងនាម​ជាប្រមុខ​រដ្ឋាភិបាល លោក​នឹង​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ ដែល​វាយប្រហារ​រដ្ឋាភិបាល​លោក​​ ជាងមួយខែ​មកនេះ។ ជាក់ស្តែង នៅថ្ងៃ​នេះ មន្ត្រីប៉ូលិស​៣៥០នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​ពីតំណែង។ រដ្ឋាភិបាល​តួកគី​ធ្លាប់​បាន​ដកហូត​តំណែង​អ្នកដឹកនាំ​ជាន់ខ្ពស់​ប៉ូលិស​ជាង​១០នាក់​មកហើយដែរ។

សូម​រំលឹកថា ការផ្ទុះ​រឿងអាស្រូវ​ពុករលួយ​ដើមឡើយ គឺ​ចេញ​មកពី​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ របស់​តុលាការ​តួកគី ប្រឆាំង​នឹង​​​មន្ត្រី​រដ្ឋាភិបាល​​​ និង​អ្នកជិតដិត​នាយករដ្ឋមន្ត្រី​ជាង​៥០នាក់។ តុលាការ​ចោទពួកគេ​ពីបទ​លាងលុយកខ្វក់​។ ប្រធានធនាគាររដ្ឋ​​មួយរូប និង​​​កូនប្រុស​របស់​រដ្ឋមន្ត្រី​សំខាន់ៗ​៣រូប ក៏​ជាប់ចោទ​ក្នុង​ការចោទប្រកាន់​នេះដែរ ហើយ​បាន​ត្រូវ​ជាប់ឃុំ។ ដោយសារ​រឿងអាស្រូវ​នេះ រដ្ឋមន្ត្រី​៣រូប​ដែល​មាន​កូនប្រុស​ជាប់ពាក់ព័ន្ធ​នោះ បាន​លាលែង​ពីតំណែង​។ នោះ​គឺរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សេដ្ឋកិច្ច និង​បរិស្ថាន។ ក្នុង​រឿងអាស្រូវ​នេះ កូនប្រុស​របស់​នាយករដ្ឋមន្ត្រី​​តួកគីមួយរូប​ កាន់កាប់​មូលនិធិ​ផ្នែក​សេវាជួយយុវជន​នៅតួកគី​​នោះ​ ក៏​អាច​ជាប់​ពាក់ព័ន្ធ​​ផងដែរ។

​ប៉ុន្តែ លោក​អ៊ែរដូហ្កាន​នៅតែ​ចចេស ​ការ​ពារ​​​ថា ​លោក​ជា​អ្នកស្អាតស្អំ ​ហើយ​នៅតែ​ចោទ​ចលនា​អ៊ីស្លាម​ហ្គូឡេន ថា​ជា​អ្នក​ផ្តើម​អោយ​មាន​ការស៊ើបអង្កេត​ប្រឆាំង​រដ្ឋាភិបាល​លោក។ រឿងអាស្រូវ​ពុករលួយ​​នៅ​តួកគី​ គឺ​ស្តែង​ឡើង​ពី​សង្គ្រាម​រវាង​​រដ្ឋាភិបាល​និង​​ចលនា​ហ្គូឡេន​នេះឯង។ ចលនា​ហ្គូឡេនជាចលនា​ដ៏ល្បី ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុង​ស្ថាប័ន​ប៉ូលិស​និង​ចៅក្រម​។ ចលនា​ហ្គូឡេន ធ្លាប់​គាំទ្រ​រដ្ឋាភិបាល​លោកអ៊ែរដូហ្កាន​ដែរ។ ប៉ុន្តែ រយៈ​ពេល​ចុងក្រោយនេះ ចលនា​នេះ​​មិនពេញចិត្ត​ការ​ដែល​​រដ្ឋាភិបាល​ចង់​លុបចោល​វិទ្យាស្ថាន​សិក្សា​ឯកជន​នានា ព្រោះថា វិទ្យាស្ថាន​សិក្សា​ឯកជន​ទាំងនេះ ជា​ប្រភព​ចំណូល​ប្រាក់កាស​ដល់​ចលនា​ហ្គូឡេន។

ដូច្នេះ​ រឿងអាស្រូវពុករលួយ​​វា​ជ្រុលក្បាល​ទៅមុខ​ហើយ។ លោក​អ៊ែរដូហ្កាន​​មាន​តែ​នៅ​បន្ត​​កាន់កាប់កៅអី​​នាយករដ្ឋមន្ត្រី​ លុះដំណាក់កាល​ចុងក្រោយតែ​ប៉ុណ្ណោះ​ ដើម្បី​​បន្ត​ប្រឆាំង​ចលនា​ហ្គូឡេន​នេះតទៅទៀត។ លោកអ៊ែរដូហ្កាន​ខំស្តារ​មុខមាត់រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច​ឡើងវិញ។ ជាក់ស្តែង ក្រោយពេល​ផ្ទុះ​រឿងអាស្រូវពុករលួយ ​រដ្ឋាភិបាល​បាន​រុះរើ​គណៈរដ្ឋមន្ត្រី​ឡើងវិញ។ លោក​អ៊ែរដូហ្កាន​​​​បាន​​តែងតាំង​ចៅក្រម​ថ្មីៗ​ជាច្រើន​រូប ដែល​លោកទុកចិត្ត​ថា​ អាច​ជួយ​រូបលោក​បិទផ្ទប់​សំណុំរឿង​ពុករលួយ​នេះ។​ ​ការ​ដែល​រដ្ឋាភិបាល​ដកហូត​តំណែង​ប៉ូលិសរាប់រយ​នាក់​​​ពេលនេះ​ ក៏​ដើម្បី​ប្រាប់​អោយ​​ប្រជាជនតួកគី​បានដឹង​ដែរ​ថា បក្ស​កាន់អំណាច​របស់​លោកអ៊ែរដូហ្កាន មិន​អត់ឱន​ដល់​អំពើពុករលួយ​ក្នុង​ប្រទេស​នោះឡើយ។ នេះ​ជា​យុទ្ធសាស្ត្រ​របស់​លោក​អ៊ែរដូហ្កាន ​​ក្នុង​ការ​ស្តារមុខមាត់​​បក្ស​យុត្តិធម៌​និង​អភិវឌ្ឍ​ន៍​ របស់​លោក​ឡើងវិញ​ ពិសេស​នៅពេល​ជិតបោះឆ្នោត​៣ខែ​ខាងមុខ​នោះ។ គណបក្ស​លោកអ៊ែរដូហ្កាន​​ពេលនេះ កំពុងតែ​ប្រេះស្រាំ​ ដោយសារ​តែ​ការលាលែង​ពីតំណែង​របស់​រដ្ឋមន្ត្រី​៣រូប និង​តំណាងរាស្ត្រ​​មួយចំនួន​ ដែល​មិនពេញចិត្ត​នឹង​​ការគ្រប់គ្រង​ក្នុង​បក្ស។ ដូច្នេះ លោកអ៊ែរដូហ្កាន​ត្រូវតែ​ខំ​បង្រួបបង្រួម​​បក្ស​ ស្តារ​កិត្តិយស​បក្ស ឡើងវិញ។

 
២- តើ​លោក​អ៊ែរដូហ្កាន​អាច​ឈ្នះ​លើ​ចលនាអ៊ីស្លាម​​ហ្គូឡេន​ម្តេច​បានទៅ បើ​ចលនា​នេះ​មាន​ឥទ្ធិពល​ទាំង​ក្នុង​ស្ថាប័ន​យុត្តិធម៌ និង​ផ្នែកយោធា​ដែរនោះ ?
 
នៅពេល​នេះ លោក​អ៊ែរដូហ្កាន​មាន​ស្នៀត​ចុងក្រោយ​មួយ ដែល​គេ​ហៅថា ព្រួញមួយ​បាញ់បាន​សត្វពីរ។ ស្នៀត​នោះ គឺថា កាលពី​ថ្ងៃអាទិត្យ​ចុងសប្តាហ៍កន្លងទៅ​ នាយករដ្ឋមន្ត្រី អ៊ែរដូហ្កាន​​បាន​ប្រកាស​ត្រៀម​​អោយ​តុលាការ​​បើក​សវនាការ​ជំនុំជម្រះ​យោធា​៣២៦រូប​ឡើងវិញ ពីបទ​ធ្លាប់​​បាន​ចង់​ទំលាក់​រដ្ឋាភិបាល​។​ លោកអ៊ែរដូហ្កាន​និង​បក្ស​កាន់អំណាច​លោក បាន​​យកលេស​ថា​ ការដែល​តុលាការ​តួកគី​បានចោទប្រកាន់​មន្ត្រីយោធា​ទាំងនេះ គឺ​ជា​រឿងអយុត្តិធម៌​ដែល​ចលនា​ហ្គូឡេន បាន​ធ្វើ​មកលើ​​កងទ័ព​ និង​បក្សពួក​របស់​ខ្លួន។ ព្រោះថា តុលាការ​តួកគី​ក៏​ស្ថិត​ក្រោមឥទ្ធិពល​របស់​ចលនា​អ៊ីស្លាម​ហ្គូឡេន​នេះដែរ។

លោក​អ៊ែរដូហ្កាន​ដឹងច្បាស់​ណាស់​ថា ទាហាន​​តួកគីមាន​តួនាទីសំខាន់​ក្នុង​ប្រទេស។ កន្លងមក កងទ័ព​ធ្លាប់​ធ្វើរដ្ឋប្រហារ​៣ដង​មកហើយ​ ចន្លោះឆ្នាំ១៩៦០និង​ឆ្នាំ​១៩៨០ ហើយ​ធ្លាប់​បានទំលាក់​រដ្ឋាភិបាល​ កាលពី​ឆ្នាំ​១៩៩៧។ ដូច្នេះ នាយករដ្ឋមន្ត្រីតួកគី​ ចង់អោយចលនា​ហ្គូឡេន ដែល​ជា​សត្រូវ​របស់​ខ្លួន ក្លាយជា​សត្រូវ​​ផ្តាច់មុខ​របស់​កងទ័ព​តួកគី​ដូចគ្នា​ដែរ។ ​​ កងទ័ព​ និង​រដ្ឋាភិបាល​តួកគី ដែល​​មិន​សូវ​ជា​ត្រូវ​គ្នា​នោះ ឥលូវនេះ​មាន​សត្រូវ​រួមគ្នា​តែមួយ គឺ​ចលនា​ហ្គូឡេននេះឯង។

ម្យ៉ាងទៀត​ គួររំលឹកថា រឿងទំនាស់​រវាង​យោធា​ និង​ចលនា​ហ្គូឡេន ធ្លាប់​មាន​យូរ​មក​ហើយ គឺ​តាំង​ពី​ឆ្នាំ១៩៩៩ម្ល៉េះ។ កាលណោះ​ លោក ហ្វេធុលឡា ហ្គូឡេន ​ជា​មេដឹកនាំ​ចលនា​អ៊ីស្លាម​ហ្គូឡេន​នេះ ត្រូវ​បានក្រុមយោធា​​​បង្ខំអោយ​​ភៀសខ្លួនទៅក្រៅប្រទេស។ ហើយ​ប៉ុន្មានឆ្នាំ​ក្រោយ​មក ចៅក្រម​តួកគី​ដែល​មានប្រភព​ចេញ​ពី​ចលនាអ៊ីស្លាម​ហ្គូឡេន បាន​​ធ្វើការ​ចោទប្រកាន់​ទោស​លើ​មន្ត្រី​យោធា​​ ដើម្បី​សងសឹក​វិញ។

ដូច្នេះ ការ​អូសទាញ​កងទ័ព​អោយ​ប្រឆាំង​ចលនាហ្គូឡេន ជាមួយ​ខ្លួន​ដែរនោះ គឺ​ជា​​​​យុទ្ធសាស្ត្រ​ចុងក្រោយ​ ​របស់​នាយករដ្ឋមន្ត្រី តួគកី ដើម្បី​អាច​ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​​ឡើងវិញ ពិសេស​នៅពេល​តួកគី​ជិតបោះឆ្នោត​ខាងមុខ​ទៀតផងនោះ។ វា​ជា​ការ​ជួយស្តារ​មុខមាត់​​របស់​​បក្ស​កាន់អំណាច​​របស់​​លោក​អ៊ែរដូហ្កាន​​តែម្តង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ