អានតួអត្ថបទ
តួកគី

តុលាការតួកគី​ដាក់​ពិរុទ្ធ​ប្រឆាំង​បាតុករ​៣៦នាក់​ ពីបទ​បង្ក​ភេរវកម្ម​ ក្នុង​បាតុកម្ម​ខែមិថុនា​ ឆ្នាំ២០១៣​

នៅថ្ងៃ​សុក្រនេះ កាសែត​តួកគី​ ហឺរីយេត Hürriyet បាន​ចុះផ្សាយ​ថា តុលាការ​តួកគី​បាន​ដាក់ពិរុទ្ធ​​លើ​មនុស្ស​៣៦នាក់ ពីបទ​ភេរវកម្ម​ ក្នុងមហាបាតុកម្ម​​ខែមិថុនា ឆ្នាំ២០១៣ ប្រឆាំង​រដ្ឋាភិបាល។ មហាបាតុកម្ម​កាលណោះ បាន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់​៦នាក់ និង​រងរបួស​៨ពាន់នាក់។ បាតុករ​ជាប់ចោទ​ទាំងនេះ អាច​ទទួលទោសជាប់ឃុំ​​ពី​​៣ឆ្នាំ ទៅ​៥៨ឆ្នាំ។  

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅតួកគី នៅ​ទីលាន​ Taksim ក្រុង Istanbul ថ្ងៃ​១៥មិថុនា ឆ្នាំ២០១៣
បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅតួកគី នៅ​ទីលាន​ Taksim ក្រុង Istanbul ថ្ងៃ​១៥មិថុនា ឆ្នាំ២០១៣ REUTERS/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

យោងតាម​បទចោទប្រកាន់​របស់​តុលាការ​តួកគី​ បាតុករ​ទាំង​៣៦នាក់​ដែល​បាន​ចូលរួម​បាតុកម្មប្រឆាំង​រដ្ឋាភិបាល ​កាលពី​ខែ​មិថុនា​ឆ្នាំ២០១៣ នៅ​ប្រទេស​តួកគី​ ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ និង​បទល្មើស​ជាច្រើន។ ពួកគេ​ជាប់ចោទ​ថា បាន​ស្ថិត​ក្នុង​​អង្គការ​ភេរវកម្ម រហូត​ដល់​ថ្នាក់​ថា​ បាន​​ធ្វើការ​ឃោសនា​គាំទ្រ​អំពើ​ភេរវកម្ម​ទៀតផង។ បាតុករ​ជាប់ចោទ​​ទាំង៣៦នាក់​នេះ អាច​ទទួលទោស​ជាប់ឃុំ​​ពី​​៣ឆ្នាំ ទៅ​៥៨ឆ្នាំ។

គួរ​រំលឹកថា រឿងរ៉ាវ​មហាបាតុកម្ម​ ​​ដើមឡើយ ​កើត​ចេញ​ពីចលនា​​តវ៉ា​តូចមួយប៉ុណ្ណោះ។ ចលនា​តវ៉ា​នេះ​ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​៣១ឧសភា ឆ្នាំ២០១៣ ដោយ​ក្រុម​អ្នកការពារ​បរិស្ថាន​មួយចំនួន​តូច ដែល​បាន​តវ៉ា ប្រឆាំង​​​នឹង​​ការ​​កំទេច​បំបាត់​សួនច្បារ​មួយកន្លែង នៅ​ក្រុង​អ៊ីស្តង់ប៊ូល។ ក្រោយមក​ ចលនា​តវ៉ា​បាន​ប្រែក្លាយទៅបាតុកម្ម​នយោបាយ ប្រឆាំង​នឹង​នាយករដ្ឋមន្ត្រី​ រីសេប តៃយីព អ៊ែរដូហ្កាន។ បាតុករ​​បានចោទ​​នាយករដ្ឋមន្ត្រីថា បាន​​ប្រើ​អំណាច​ហួសហេតុ ​និង​ចង់​ដាក់​​សង្គម​តួកគី ក្រោម​គោលការណ៍​អ៊ីស្លាម​និយម។

ប៉ូលិស​តួកគី បាន​បង្ក្រាប​​ក្រុមបាតុករ បណ្តាល​អោយ​មាន​មនុស្ស​៦នាក់ស្លាប់ និង​៨ពាន់នាក់​ទៀត​​រងរបួស។ មនុស្ស​រាប់ពាន់នាក់​ត្រូវ​បាន​ចាប់ខ្លួន។ ​ក្នុង​បទចោទប្រកាន់​របស់​តុលាការ​ ប្រតិកម្ម​របស់​បាតុករ​ ក្នុង​​បាតុកម្ម​​ កាលពី​ខែ​មិថុនា​នោះ មាន​លក្ខណៈ​ហួស​ពី​ពាក្យថា ប្រតិកម្ម​​បែប​ប្រជាធិបតេយ្យ​ទៅទៀត។

ទាក់ទង​នឹង​​ការចូលរួម​បាតុកម្ម​ខែ​មិថុនា​​ឆ្នាំ ២០១៣ កាលពី​​ខែមុន រដ្ឋអាជ្ញា​ក្រុងអ៊ីស្តង់ប៊ូល បាន​បញ្ជូន​មនុស្ស​២៥៥នាក់ ទៅ​តុលាការ ក្នុង​នោះ​​មាន​៧នាក់​ជាជនបរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ