អានតួអត្ថបទ
កម្ពុជា

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​បំពាន​បំរាម​ប្រលង​បាក់ឌុប​លើក​ទី​២

ទាំង​មន្ត្រី​ផ្លូវ​ការ​ក្រសួង​អប់រំ​ទាំង​អ្នក​សង្កេត​ការណ៍​នានា​មក​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ឯកជន​បាន​មើល​ឃើញ​ដូច​គ្នា​ថា ​ការ​ប្រលង​បាក់ឌុប​លើក​ទី២​ រយៈ​ពេល​ពេញ​មួយ​ព្រឹក​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ធម្មតា​សម្រាប់​បេក្ខជន​ទាំង​២៥​ខេត្ត​ក្រុង។​ក៏​ប៉ុន្តែ​មន្ត្រី​អប់រំ​ឲ្យ​ដឹង​ថា​ មាន​ពីរ​ករណី​បាន​កើត​ឡើង​ដោយ​ម្នាក់​បន្លំ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍ ​ហើយ​ម្នាក់​ទៀត​លក់​សំណៅ​វិញ្ញាសារ​ក្លែង​ក្លាយ។​ អ្នក​ទាំង​ពីរ​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ភ្លាម​ៗ​ផង​ដែរ។

សិស្ស​នៅ​ក្នុង​ពេល​ប្រឡង​បាក់ឌុបលើកទី១ នៅថ្ងៃ​ទី​៤​ខែ​សីហា ឆ្នាំ​២០១៤នាពេលកន្លងមក។
សិស្ស​នៅ​ក្នុង​ពេល​ប្រឡង​បាក់ឌុបលើកទី១ នៅថ្ងៃ​ទី​៤​ខែ​សីហា ឆ្នាំ​២០១៤នាពេលកន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ពីរ​នាក់​ក្នុងនោះ​បុរស​ម្នាក់​បន្លំ​ធ្វើជា​អ្នកសង្កេតការណ៍ និង​ស្ត្រី​ម្នាក់​ដើ​លក់​សំណៅ​វិញ្ញាសារ​បោកប្រាស់​នៅមុខ​មណ្ឌល​ប្រលង​បាក់​ទូក ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់​ខ្លួនភ្លាមៗកាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៣តុលា​នេះ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ដែលមាន​ការហាម​ឃាត់​នៅ​រាជធានី​ភ្នំពេញ, នេះ​បើតាម​លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា។ អ្នកនាំពាក្យ​រូបនេះ​បន្តថា ក្រៅពីនេះ​ស្ថានភាព​ទូទៅ​នៅក្នុង​មណ្ឌល​ប្រលង សម្រាប់​​ការប្រលង​បាក់​ឌុប​លើក​ទី២នេះ មាន​សភាព​ធម្មតា​ដូចជា​ការប្រលង​លើក​មុន​ដែរ។

តាម​ការកត់សម្គាល់ នៅតាម​មណ្ឌល​ប្រលងនីមួយៗផ្នែក​ខាងក្នុង​មាន​សភាព​ស្ងាត់ជ្រងំ តែ​ផ្នែក​ខាងក្រៅ​នៃ​មណ្ឌល​ខ្លះ​មិន​មានការ​យាមកាម​ធំដុំ​ដូចជា​ការប្រលង​លើក​មុន​ឡើយ ដោយ​​សារ​ផ្លូវ​នៅ​ជុំវិញ​មិនត្រូវ​បាន​បិទ ដែល​មើលទៅ​ហាក់​មិនដឹងថា​មាន​ប្រលង​ផង។

លោក សេង រិទ្ធី ប្រធាន​វិទ្យាស្ថាន​សម្រាប់​អភិវឌ្ឍន៍​ជាតិ KIND ដែល​បាន​បញ្ជូន​សមាជិក​ទៅ​ស​ង្កេ​តា​ការណ៍ ការប្រលង​ជាង៦០នាក់ ហើយ​បាត់ឈ្មោះ​ជាង​ពាក់កណ្តាល​នោះ បាន​កត់​សម្គាល់ថា ការឆែកឆេរ​បេក្ខជន​ចូលទៅក្នុង​មណ្ឌល​ប្រលង​មិនត្រូវ​បានធ្វើ​ទេ​នៅ​មណ្ឌល​មួយចំនួន​ខណៈដែល​មាន​ភ្លៀង​ធ្លាក់​ទាំង​ព្រឹក​ព្រលឹម។ក្រោយមក​ក៏មាន​ការពិនិត្យ​ដោយ​ម៉ត់ចត់​វិញ​បន្ទាប់ពី​រាំងភ្លៀង។

តាម​សេចក្តីរាយការណ៍​ពី​អ្នកសង្កេតការណ៍​របស់​វិទ្យាស្ថាន KIND ដែលមាន​វត្ត​មាននៅ​៧​មណ្ឌល​ប្រលង​ក្នុង​រាជធានី​បង្ហាញថា បន្ទប់​ប្រលង​មួយចំនួន​មាន​បេក្ខជន​អវត្តមាន​ពី ៤​ទៅ​៥នាក់ ហើយ​បន្ទប់​ខ្លះទៀត​ក៏​គ្រប់​ចំនួន។ តែ​មិនមាន​កា​រស​ន្និ​ដា្ឋ​ន​ច្បាស់លាស់​ថា​សិស្ស​ដែល​​អវត្តមាន អាចមាន​បញ្ហា​មិនមាន​ជំនឿ​លើ​ខ្លួនឯង ឬក៏​ពួកគេ​មិន​បានទទួល​ព័ត៌មាន​ច្បាស់​លាស់​នោះទេ។

កាលពី​សប្តាហ៍​មុន ក្រសួង​អប់រំ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​​​បានធ្វើការ​ប្តេជ្ញា​ថា នឹង​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​ការប្រលង​បាក់​ឌុប​លើក​ទី២នេះ​មិន​ឲ្យ​ចាញ់​ការរៀបចំ​កាលពី​លើក​ទី១នោះឡើយ។

សូមបញ្ជាក់ថា បេក្ខជន​ដែល​ត្រូវ​ប្រលង​លើក​ទី២នេះ មាន​ចំនួន១១ ៤៨៤នាក់ រួមមាន​១៥​មណ្ឌល ខុសពី​ការប្រលង​លើក​ទី១ ដែលមាន​រហូត ២២មណ្ឌល ហើយ​មាន​បេក្ខជន ជាង​១​ម៉ឺន ៦ពាន់​នាក់ និង​បាន​ប្រលង​ជាប់​ជាថ ៥៥០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ