អានតួអត្ថបទ
កម្ពុជា

ក្រសួង​អប់រំ​មិន​បន្ធូ​រដៃ​លើ​ការ​ប្រលង​បាក់​ឌុប​លើក​ទី​២​ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ

ការ​ប្រលង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ រឺ​ការ​ប្រលង​បាក់​ឌុប​លើក​ទី​២​ នឹង​ធ្វើ​ឡើង​ ចាប់​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ។​ ការ​ប្រលង​រយៈ​ពេល​២​ថ្ងៃ​នេះ​ នឹង​មាន​បេក្ខជន​ជាង​៦​ម៉ឺន​នាក់​ចូល​រួម។ នៅ​ចំពោះ​មុខ​នេះ​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ ហង់​ ជួនណារ៉ុន​ បាន​បញ្ជាក់​ថា​ ក្រសួង​​នឹង​រឹត​បណ្តឹង​លើ​ការ​ប្រលង​នេះ ​អោយ​ដូច​នឹង​ការ​ប្រលង​លើក​ទី​១​ដែរ។​

សិស្សថ្នាក់ទី១២ កំពុងពិនិត្យឈ្មោះចូលប្រលងបាក់ឌុបលើកទី១ កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៤។
សិស្សថ្នាក់ទី១២ កំពុងពិនិត្យឈ្មោះចូលប្រលងបាក់ឌុបលើកទី១ កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គ្រប់គ្នា​បានដឹង​និង​បានឃើញ​ជាក់ស្តែង​នឹង​ភ្នែក​រួចទៅហើយ អំពី​វិធានការ​ដ៍​តឹងរឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅក្នុង​សម័យ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ រឺ​បាក់​ឌុប​លើក​ទី១ កាលពី​ថ្ងៃទី៤សីហា​កន្លងទៅ ដែល​កាលណោះ មានតែ​បេក្ខជន​ចំនួន ២៥.៧២% ស្មើនឹង​ជាង២ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រលង​ជាប់ ក្នុងចំនោម​បេក្ខជន​សរុប​ជាង៩ម៉ឺន​នាក់។ វិធានការ​កំណែរ​ទំរង់​វិស័យ​អប់រំ ដែល​បាន​អនុវត្ត​នៅក្នុង​ការប្រលង​បាក់​ឌុប​លើក​ទី១ឆ្នាំ២០១៤នេះ គឺ​ពិតជា​ធ្វើអោយ​គ្រប់​មជ្ឈដ្ឋាន​ចាប់អារម្មណ៍​មិនតិច​នោះទេ។ អញ្ចឹង​ហើយ នៅក្នុង​ការប្រលង​សញ្ញា​ប័ត្រ​បាក់​ឌុប​លើក​ទី២ នៅ​ថ្ងៃទី១៣ និង​ទី១៤ តុលា​ខាង​មុខ​នេះ​ បាន​នាំអោយមាន​សំណួរ​ជាច្រើន​ជុំវិញ ដំណើរការ​ប្រលង វិធានការ និង​និទ្ទេស​ពិន្ទុ​នៃ​ការប្រលង​ជាដើម។ ប៉ុន្តែ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​សៅ​រិ៍​នេះ​ថា វិធានការ​នៅក្នុង​ការប្រលង​លើក​ទី​២​គឺ​នៅ​ដដែល មិន​មានការ​បន្ធូ​រដៃ​នោះទេ។

បើតាម​លោក ហង់ ជួនណា​រ៉ុ​ន គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​ទី១១តុលា​នេះ ក្រសួង​បាន​ដឹកជញ្ជូន​សន្លឹក​វិញ្ញាសារ​ទៅកាន់​មណ្ឌល​ប្រលង​នៅ​ទូទាំងប្រទេស​រួចរាល់​ហើយ។ ហើយ​កាលពី​ថ្ងៃ​សុក្រ ក្រសួង ក៍បាន​កោះប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​គ្រប់​ខេត្ត​ក្រុង ដើម្បី​ចាត់វិធានការ​ការពារ​សន្តិសុខ​​សណ្តាប់ធ្នាប់​នៅតាម​មណ្ឌល​ប្រលង​ផងដែរ ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ ក្រសួង​ក៍បាន​បន្ត​បើក​កិច្ចប្រជុំ​ជាមួយ​ប្រធាន​មណ្ឌល​ប្រលង​នៅ​ទូទាំងប្រទេស ដើម្បី​ណែនាំ​អំពី​បទ​បញ្ញត្តិផ្សេងៗ ធ្វើយ៉ាងណា​អោយ​ការប្រលង​បាក់​ឌុប​លើក​ទី២នេះ ដំណើរការ​បានល្អ។ ចំណែកឯ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឯណោះ​វិញ ក៍​បានប្រកាស​បញ្ជូន​អ្នកសង្កេតការណ៍​សរុប​ចំនួន​ជាង ៣ពាន់​នាក់ រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដើម្បី​ឃ្លាំមើល​ដំណើរ​ការ​នៃ​ការប្រលង​នេះ​ផងដែរ។

សូមបញ្ជាក់ថា ការប្រលង​សញ្ញាប័ត្រ​បាក់​ឌុប​លើក​ទី២ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​ចន្ទ​ទី១៣តុលា ដោយមាន​បេក្ខជន​សរុប​ជាង៦ម៉ឺន​នាក់​ចូលរួម។ ហើយ​លទ្ធផល​នៃ​ការ​ប្រលង​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី៣ខែវិច្ឆិការ​សំរាប់​មណ្ឌល​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល និង​​ថ្ងៃទី៤វិច្ឆិការ​សំរាប់​មណ្ឌល​នៅតាម​បណ្តា​ខេត្ត។ ការប្រលង​បាក់​ឌុប​លើក​ទី២នេះ ក្រសួង​​​គ្រោង​នឹង​ចំណាយ​ថវិការ​ប្រមាណ​ជា ២លាន៥សែន​ដុល្លា​អាមេរិក ខណៈដែល​ការ​ប្រលង​លើក​ទី១ ក្រសួង​បាន​ចំណាយ​ថវិការ​ជាង៤លាន​ដុល្លា​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ