អានតួអត្ថបទ
កម្ពុជា

សហជីព​​ចំនួន​២ គ្រោង​​មនុស្ស​១ម៉ឺន​​នាក់​​ប្រារព្ធ​​ទិវា​​ពលកម្ម​​អន្តរជាតិ​

រហូត​មក​ទល់​ពេល​នេះ មាន​សហជីព​ពីរ​ក្រុម​ហើយ​ដែល​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី ភ្នំពេញ ដើម្បី​ស្នើ​សុំ​ជួបជុំ​គ្នា​និង​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​ប្រទេស​មហាអំណាចនានា។ ពួកគេ​នឹង​ទាមទារ​នូវ​ចំណុច​មួយ​ចំនួន ដូច​ជា​ការ​តម្លើង​ប្រាក់ខែ​ជូន​កម្មករ ការ​រិះគន់​លើ​ច្បាប់ ស្តីពី​ការ​គ្រប់គ្រង​សហជីព ការ​រក​យុត្តិធម៌​នៅ​ផ្លូវ​វែង​ស្រេង រួម​នឹង​ទាមទារ​លក្ខខណ្ឌ​ការងារ​ជា​ច្រើន​ទៀត។ ក៏ប៉ុន្តែ​អាជ្ញាធរ​រាជធានី​នៅ​មិនទាន់​សម្រេច​យ៉ាងណា​នៅ​ឡើ​ត ដោយ​រង់ចាំ​ជួបប្រជុំគ្នា​ជាមុនសិន។

កម្មករប្រមូលផ្តុំនៅថ្ងៃទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០១៤។
កម្មករប្រមូលផ្តុំនៅថ្ងៃទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០១៤។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​សហជីព​កម្មករ និង​អង្គការ​ក្រៅរដ្ឋាភិបាល​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​និង​កំពុង​ត្រៀម​រៀបចំ​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១២។ លោក គង់ អាទិត្យ អគ្គលេខា ធិ​ការ​សហភាព​ការងារ​កម្ពុជា ដែល​បណ្តុំ​ដោយ​សហជីព​ជាច្រើន​វិស័យ​នោះ ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​នេះ​ថា ក្រុមការងារ​របស់​លោក បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ហើយ​កាលពី​ព្រឹក​មិញ ដើម្បី​សុំ​ជួប​ជុំ​គ្នា នៅ​ថ្ងៃ​ទី​១​ឧសភា​ខាងមុខ នៅ​មុខ​វត្ត​បុ​ទុមវ​តី ដោយមាន​ការចូលរួម​ពី​សហជីព​កម្មករ​ចំនួន​៧ពាន់​នាក់។

លោក គង់ អាទិត្យ បញ្ជាក់​ដែរ​ថា ពួកគេ​នឹង​ដង្ហែរ​ញត្តិ​ដែលជា​ការទាមទារ​ចំនួន ១៧ចំណុចក្នុងនោះ មាន​បញ្ហា​សំខាន់ៗ ដូចជា​បន្ត​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​កម្មករ​អាចរស់​បានចំនួន ១៧៧​ដុល្លារ ក្នុង​មួយ​ខែ។ ស្នើ​បញ្ឈប់​ការ​ប៉ុនប៉ង​បង្កើត​ច្បាប់​ដែល​មាន​ការ​ដាក់ទោស​ទៅ​លើ​សហជីព និង​សុំ​ឲ្យ​មាន​តុលាការ​ការងារ ព្រមទាំង​ជម្រុញ​ឲ្យ​អាជ្ញាធរ​រក​យុត្តិធម៌​ដល់កម្មករ​ដែល​រងគ្រោះ​នៅ​ផ្លូវ​វែង​ស្រេង លុប​បំបាត់​កិច្ច​សន្យា​ខ្លី និង​ចំណុច​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​ទៅនឹង​លក្ខខណ្ឌ​ការងារ។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​លោក​ក៏​ត្រៀមកម្លាំង​កម្មករ​ប្រារព្ធ​ពិធីបុណ្យ​ការងារ​អន្តរជាតិ ១​ឧសភា​ដែរ នៅ​ទី​លានប្រជាធិបតេយ្យ ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០០​នាក់ តែ​មិន​បាន​ធ្វើ​រួមគ្នា​ជាមួយ សហភាព​ការងារ​របស់​លោក អាត់ ធន់​ទេ។

លោក​ប៉ាវ ស៊ីណា បាន​ដាក់​លិខិត​សុំ​ជួបជុំ​និង​ដង្ហែរ​ក្បួន ចាប់​តាំង​ពី​មុន​បុណ្យ​ចូលឆ្នាំ​ខ្មែរ មកម្ល៉េះ ហើយ​ខ្លឹមសារ​និង គោលការណ៍​ទាមទារ​ស្រដៀង​គ្នា​ដែរ ដូចជា​ការ​ស្នើសុំ​តម្លើង​ប្រាក់​ឈ្នួល​ដោយ​មិន​កំណត់​តួលេខ សុំ​ទំលាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​សហជីព​ដែល​មានការ​ប្តឹងផ្តល់​កន្លង​មក និង​ស្នើសុំ​ការ​ជជែក​ពី​ច្បាប់​សហជីព​ឡើងវិញ​ជា​ដើម។ ពួកគេ​នឹង​ដើរ​ដាក់​ញត្តិ​នៅ​តាម​ស្ថាន​ទូត​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ មុន​នឹង​ឆ្ពោះ​ទៅ​បញ្ច​ប់​ចុងក្រោយ​នៅ​រដ្ឋសភាជាតិ។

ទាក់ទង​ទៅនឹង​លិខិត​ស្នើសុំ​របស់​អ្នក​សហជីព​ទាំងពីរ​ក្រុម​ខាងលើនេះ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មិនទាន់​សម្រេច​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណាទេ ដោយ​រង់ចាំ​អញ្ជើញ មេដឹកនាំ​សហជីព​ដែល​ស្នើសុំ​ទៅ​ជជែក​គ្នា​សិន ដែល​នឹង​ធ្វើឡើង​នៅពេល​ខាងមុខនេះ។

ជាការ​កត់សម្គាល់​សាលា​រាជធានី​មិនដែល​អនុញ្ញាត​ទេ ប្រសិនបើ​មានការ​សុំ​ហែ​ក្បួន​ដោយ​លើកឡើងថា ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​តាម​ដងផ្លូវ។ ទោះ​យ៉ាងនេះ​ក្តី​មេដឹកនាំ​សហជីព បាន​អះអាង​មុន​ហើយ​ថា ទោះជា​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​ក៏​ពួកគេ​នៅតែបន្ត​ហែរ​ញត្តិ​តាម​ដងផ្លូវ​ដូច​ការគ្រោងទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ