អានតួអត្ថបទ
កម្ពុជា

គណបក្ស​​ប្រជាជន​​​ និង​​សង្គ្រោះ​ជាតិ​ ចាប់ផ្តើម​​ដំណើរ​ការ​​តាក់តែង​​ច្បាប់​​ជួល​​ផ្ទះ​

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​គណៈកម្មកា​ររៀងៗខ្លួន​រួចហើយ ដើម្បី​ដំណើរការ​តាក់តែង​សេចក្តី​ស្នើច្បាប់ ជួល​ផ្ទះ សំដៅ​ការពារ​អ្នក​ជួល និង​ម្ចាស់ផ្ទះ កុំ​ឲ្យ​ឡើងថ្លៃ​ស្រេច​តែ​នឹង​ចិត្ត។ ដំណើរការ​តាក់តែង​សេចក្តី​ស្នើច្បាប់​ថ្មី​នេះ បានធ្វើ​ឡើង ស្របតាម​កិច្ចព្រមព្រៀង​រវាង​ប្រមុខ​ដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ។

លោកសម រង្ស៊ី ​ចុះ​ជួប​កម្មករ​នៅ​បន្ទប់​ជួល ​ក្រោយ​ពី​ព្រម​ព្រៀង​បង្កើត​ច្បាប់​ផ្ទះ​ជួល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​
លោកសម រង្ស៊ី ​ចុះ​ជួប​កម្មករ​នៅ​បន្ទប់​ជួល ​ក្រោយ​ពី​ព្រម​ព្រៀង​បង្កើត​ច្បាប់​ផ្ទះ​ជួល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

ដំបូង​នេះ ជា​ក្រុមការងារ​ពីរ​ផ្សេងគ្នា។ នោះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​គណៈកម្មកា​រ​មួយ ដឹកនាំ​ដោយ​លោកស្រីកែ សុវណ្ណ​រតន៍ ចូលរួម​ដោយ​អ្នកតំណាងរាស្ត្រ ជា​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​រដ្ឋសភា។ គណៈកម្មការ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង ដើម្បី​ដឹកនាំ​កិច្ចការ​ផ្ទៃក្នុង សិក្សា​តាក់តែង​សេចក្តីស្នើច្បាប់ ស្តីពី ការជួល​ផ្ទះ។

លោកស្រី​តំណាងរាស្ត្រកែ សុវណ្ណ​រតន៍ បាន​ឲ្យ​ដឹងថា នៅ​សប្តាហ៍​ក្រោយ លោកស្រី នឹង​ដឹកនាំ​ប្រជុំ​គណៈកម្មការ​ថ្មី​នោះ ដើម្បី​ពិនិត្យ​លើ​ការតាក់តែង​សេចក្តីស្នើច្បាប់​ជួល​ផ្ទះ។ ច្បាប់​ជួល​ផ្ទះ ដែល​លោកស្រី កែ សុវណ្ណ​រតន៍ លើកឡើងថា នឹងត្រូវ​សិក្សា​ពីបទ​ពិសោធន៍​ប្រទេស​នានា ដូចជា ប្រទេស​បារាំង ជាដើម ដែល​គេ​ធ្វើបាន​ជោគជ័យ ក្នុង​កិច្ចការ​ការពារ​ផលប្រយោជន៍​របស់​អ្នក​ជួល និង​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់ផ្ទះ។
 
តាម​លោកស្រីកែ សុវណ្ណ​រតន៍ នៅពេល​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​សិក្សា​លើ​សេចក្តីស្នើច្បាប់​ស្តីពី​ការជួល​ផ្ទះ រៀងៗខ្លួន​រួចហើយ ទើប​គណៈកម្មការ​ទាំង​ពីរ ជួប​ជជែក តាក់តែង​សេចក្តីស្នើច្បាប់​រួមគ្នា។ ដោយឡែក​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិនិត្យ​តាក់តែង​សេចក្តីស្នើច្បាប់​ស្តីពី​ការជួល​ផ្ទះ ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ឬ​គណៈកម្មការ​ទី៦ នៃ​រដ្ឋសភា។

ដំណើរការ​របស់​ក្រុមការងារ​គណបក្ស​ទាំងពីរ លើ​ការតាក់តែង​សេចក្តីស្នើច្បាប់ ផ្ទះជួល នៅពេលនេះ បានធ្វើ​ឡើងភ្លាមៗ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន កាលពី​ថ្ងៃទី១០ ខែកុម្ភៈ បានប្រកាស​ពី​ការព្រមព្រៀង​រវាង​លោក និង​លោក​សម រង្ស៊ី ដើម្បី​ឲ្យ​ក្រុមការងារ​គណបក្ស​ទាំងពីរ តាក់តែង​សេចក្តីស្នើច្បាប់​ថ្មី​មួយ ស្តីពី ការជួល​ផ្ទះ ក្នុង​បំណង​ការពារ​ផលប្រយោជន៍​ទាំង​អ្នក​ជួល និង​ទាំង​ម្ចាស់​ផ្ទះជួល ពិសេស​កុំ​ឲ្យ​មានការ​ឡើងថ្លៃ​ផ្ទះជួល​ដល់ក​ម្មករ​រោងចក្រ។

ការងារ​នោះ ក៏ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សិក្សា​ផ្លូវច្បាប់​របស់​កម្ពុជា។ រហូតដល់​ថ្ងៃអាទិត្យ​នេះ លោកជិន ម៉ា​លីន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា ក្រសួងយុត្តិធម៌ បាន​បង្កើត​គណៈកម្មកា​រ​រួចហើយ ដឹកនាំ​ដោយ​លោក កើត រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ដើម្បី​ចូលរួម​ជាមួយ​គណៈកម្មកា​រ​ទី៦ រដ្ឋសភា ក្នុងការ​ពិនិត្យ​តាក់តែង​សេចក្តីស្នើច្បាប់​ស្តីពី​ការជួល​ផ្ទះ។ ជា​សេច​ក្តី​ស្នើច្បាប់ ដែល​លោកជិន ម៉ា​លីន គូសបញ្ជាក់ថា ត្រូវ​ឈរលើ​គោលការណ៍​នីតិរដ្ឋ និង​ទីផ្សារសេរី ក្នុង​បំណង​ជួយ​ដល់​អ្នក​ជួល​ផ្ទះ ជា​កម្មករ​រោងចក្រ​ផង និង​មិន​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ម្ចាស់​ផ្ទះជួល​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ