អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ុយក្រែន​​បាន​ឯករាជ្យ​២៥ឆ្នាំហើយ​ពី​សហភាព​សូវៀត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

២៥ឆ្នាំមុន​ ថ្ងៃ២៤សីហា​ឆ្នាំ១៩៩១​ ជាកិត្តិយស​ដល់​ការ​អនុម័ត ដោយរដ្ឋសភា​ សាធារណរដ្ឋ​សង្គមនិយម​សូវៀត​​អ៊ុយក្រែន ​សេចក្តីប្រកាស​ស្តីអំពី​ឯករាជ្យ​អ៊ុយក្រែន ត្រូវបាន​ចាត់ទុក​ជា ទិវា​កំណើត​នៃ​រដ្ឋអ៊ុយក្រែន ក្នុងទម្រង់​បច្ចុប្បន្ន។​ ឧទ្ទិសដល់​កាលបរិច្ឆេទនេះ​ បើ ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិមលោក​ ចងក្រង​តួលេខ​ខ្លះ ដែលឆ្លុះឲ្យ​ឃើញ​ពី​អ៊ុយក្រែន​២៥ឆ្នាំមុន ​និង​អ៊ុយក្រែនសព្វថ្ងៃ​ នោះ កាណាល់​ទូរទស្សន៍​រដ្ឋរុស្ស៊ី-ប្រទេស​ដែលក្លាយ​ទៅជា​មើលមុខគ្នា​លែង​ចំ​ជាមួយ​អ៊ុយក្រែន​ បាន​ផ្សាយ​បទយកការណ៍​ អំពី​ ពិធីប្រារព្ធ​ខួប​ឯករាជ្យ​នេះ នៅរដ្ឋធានីគៀវ ​ផ្តោតជាពិសេស​ ទៅលើ​ផលវិបាកនៃ​បដិវត្តន៍ពណ៌​នៅទីនោះ កាលពី​២ឆ្នាំកន្លះ​មុន។​

មីស៊ីល​ដែល​ដាក់​បង្ហាញ​ក្នុង​ទិវា​ឯករាជ្យ​ជាតិនៅ​​អ៊ុយក្រែន ថ្ងៃ​២៤សីហា ២០១៦
មីស៊ីល​ដែល​ដាក់​បង្ហាញ​ក្នុង​ទិវា​ឯករាជ្យ​ជាតិនៅ​​អ៊ុយក្រែន ថ្ងៃ​២៤សីហា ២០១៦ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

តើក្នុង​២៥ឆ្នាំ​កន្លងទៅ​ អ៊ុយក្រែន​បានផ្លាស់ប្តូរ​មុខមាត់ខ្លួន​យ៉ាងណាដែរ?​ ប្រព័ន្ធ ផ្សព្វផ្សាយ​អង់គ្លេស​ BBC​លើកយកតួលេខ​ធំៗ​ជាគោល​ មករំលេច​ឲ្យឃើញ​ដូចតទៅ ៖

-ជាបឋម​ តួលេខម៉ាក្រូសេដ្ឋកិច្ច​ដ៏សំខាន់​ គឺ​ផលិតផលសរុប​ក្នុងប្រទេស​ ហៅថា GDP​ ដែល តាម​ទិន្នន័យ​ ផ្តល់ដោយ​ធនាគារពិភពលោក​ក្នុងឆ្នាំ១៩៩១​ គឺ ៧៧.០០០លានដុល្លារ​ ស្ទុះ​ដល់​១៧៦.០០០លានដុល្លារ​ ក្នុងឆ្នាំ ២០០៩​ ហើយធ្លាក់មកនៅ ​៧៨.០០០លាន​ដុល្លារ ក្នុង ឆ្នាំ​២០១៥។

-ចំនួនបណ្តាជន​តាមស្ថិតិរដ្ឋ​អ៊ុយក្រែន​ផ្ទាល់ ក្នុងឆ្នាំ១៩៩១​ បានមាន​ចំនួនដល់​៥២លាននាក់​ ស្រាប់តែ​ ធ្លាក់មក​នៅត្រឹម​៤៦លាននាក់​ ក្នុងឆ្នាំ២០១៥។​

-អាយុមធ្យម​របស់​ពលរដ្ឋអ៊ុយក្រែន​ តាមតួលេខ​ធនាគារ​ពិភពលោក ក្នុងឆ្នាំ១៩៩១​ ​គឺ​៧០ឆ្នាំ ចុះដល់​៥៦ឆ្នាំ​ ក្នុងឆ្នាំ​១៩៩៧​ ហើយងើបបាន​ដល់៧១,៣ឆ្នាំ​ ក្នុងឆ្នាំ២០១៥។​

-គ្រោះថ្នាក់​ចរាចរណ៍​ តាមស្ថិតិ​រដ្ឋអ៊ុយក្រែន​ ពីឆ្នាំ១៩៩១​ដល់២០១៥​ មានចំនួន ​១.០៣៥.០០០ករណី​ បណ្តាលឲ្យ​ស្លាប់អស់ ១៧០.០៦៥នាក់ និងរបួស ១.១៨៥.០០០នាក់។

-ចំនួនអ្នកប្រាជ្ញ​ តាមស្ថិតិ​រដ្ឋអ៊ុយក្រែន​ ក្នុងឆ្នាំ​១៩៩១​មាន ៣២០.០០០នាក់​ ធ្លាក់ចុះដល់​ ៨០.០០០នាក់​ ក្នុងឆ្នាំ២០១៥។​

-វិស័យសុខាភិបាល​ តាមស្ថិតិ​រដ្ឋអ៊ុយក្រែន​ ក្នុងឆ្នាំ១៩៩១​ មានមន្ទីរពេទ្យ​៤.០០០កន្លែង និង គិលានដ្ឋាន​ ៧.០០០កន្លែង លុះក្នុងឆ្នាំ​​២០១៥ នៅសល់តែ​មន្ទីរពេទ្យ ២.២០០កន្លែង​ ប៉ុន្តែ​ ខាង​គិលានដ្ឋាន ឡើងដល់​១០.០០០កន្លែង។

-ខាងចំនួន​គណបក្ស តាមតួលេខ​ក្រសួងយុត្តិធម៌​ នៅថ្ងៃ​៥វិច្ឆិកា ឆ្នាំ១៩៩០​ មានចុះបញ្ជី​ មុនគេ​ គឺ “ គណបក្ស​សាធារណរដ្ឋ “។​ បច្ចុប្បន្ន​ នៅអ៊ុយក្រែន ​មាន​ចុះបញ្ជី​គឺគណបក្ស​ចំនួន​ ៣៤៩​ ដែល​ពីក្នុងនោះ ​មាន​៣៣ ផ្តិតជាប់​ដោយឈ្មោះ​សម្គាល់​ថា ”ប្រជាជន” ឬ​“ប្រជាមានិត“។​

-អំពី​មរតក​កុម្មុយនិស្ត៖ ក្នុងរដ្ឋសភា​ដែលមាន​៤៥០អាសនៈ តាមតួលេខ​គ.ជ.ប. អ៊ុយក្រែន​ បើ​ក្នុងឆ្នាំ​១៩៩១​ មានដល់ទៅ​ ២៥០នាក់ ​ជាសមាជិក​ “បក្សកុម្មុយនិស្ត​អ៊ុយក្រែន”​ នោះពី មួយ​នីតិកាល​ទៅ មួយនីតិកាលថ្មី​ ចំនួននេះ​ ចេះតែ​ថយចុះទៅ​ លុះក្នុង​សភា​ឆ្នាំ២០១២ ​នៅសល់តែ​ ២៤នាក់​ ហើយក្នុង​ឆ្នាំ២០១៤​ ក្រោយពី​មានប្រព្រឹត្តទៅ​បដិវត្តិពណ៌ ​បែរមុខទៅរក​បស្ចិមលោក អំណាចថ្មី​នៅក្រុងគៀវ​ ហាមមិនឲ្យមាន​ បក្សកុម្មុយនិស្ត​ដំណើរការ​ទៀតឡើយ។  

ថ្លែងថ្ងៃ​២៤សីហា​ នៅរដ្ឋធានីគៀវ​ ពីលើវេទិកា​ នៃក្បួន​ព្យុហយាត្រា​យ៉ាង​គគ្រឹកគគ្រេង​ ចូលរួម​ដោយយោធា ៤.០០០នាក់ ​ក្នុងឯកសណ្ឋាន​ តាម​បែបបទ​​ទាហាន​អង់គ្លេស​ និង​យានយន្ត​ប្លែកៗ​ ប្រមាណ២០០ គ្រឿង​ ជាកិត្តិយសដល់​ ខួប​២៥ឆ្នាំ​នៃឯករាជ្យរដ្ឋ​អ៊ុយក្រែន លោក​ប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូឆេនកូ គូសបញ្ជាក់​ថា​រដ្ឋអ៊ុយក្រែន​ មានឯករាជ្យ​មែនពិត​ គឺទើប​២ឆ្នាំកន្លះ​​ចុងក្រោយ រាប់ពីថ្ងៃ២២កុម្ភៈ ​ឆ្នាំ២០១៤មក ​កាលដែល​បដិវត្តន៍​ក្រោម​ឈ្មោះថា​ បដិវត្តន៍​ប្រកប​ដោយគុណូបការ សម្រេចបាន​ដូចចិត្ត​មែន។  លោក ​​ប៉ូរ៉ូឆេនកូ​ ថ្លែងយ៉ាង​ប្តូរប្តេជ្ញ​​ ដោយមិន​បញ្ចេញឈ្មោះ​ប្រទេសរុស្ស៊ី​ឡើយ​ ថា​អ៊ុយក្រែន មាន​សមត្ថភាព​ការពារខ្លួនឯង​ ទោះបី​ត្រូវ​ប្រឈមមុខ​ទល់នឹង “ ខ្មាំងដែលកាន់កាប់​ដីគោក​អ៊ុយក្រែន​​អស់​១ភាគ៩ ក្តី”។

ដោយផ្សាយ​បទយកការណ៍​ អំពីព្យុហយាត្រា​នោះ ​អ្នកឆ្លើយឆ្លង​នៃកាណាល់​ទូរទស្សន៍​រដ្ឋរុស្ស៊ី លើកយកមក​និយាយ​គឺលទ្ធផលនៃ​ការស្ទង់​មតិ​ ធ្វើដោយ​អង្គការ​សង្គមសាស្ត្រ​អ៊ុយក្រែន​ផ្ទាល់ ដែលបង្ហាញថា​​ អ្នកស្រុកអ៊ុយក្រែន​​ជាង៥០% ​មិនយល់ឡើយ​ តើគេ​ធ្វើបុណ្យ​ឯករាជ្យអី​ បើរាល់​តែ​ការសម្រេចចិត្តនយោបាយ​ មិនមែន​អារកាត់​ នៅក្រុងគៀវ​ឯណា​ តែគឺ​នៅក្រុងវ៉ាស៊ីនតោន​ និង​ក្រុងព្រុចសែល​​ទេតើ។

ចំណែកការ​សង្គ្រោះសេដ្ឋកិច្ច​អ៊ុយក្រែន​ ដែលរលំ​ទៅហើយ​ គឺ​អាស្រ័យ​នឹងទឹកចិត្ត​សប្បុរស ពីខាង​បស្ចិមលោក​សោះ។ ប៉ុន្តែ​តាមមើលទៅ​ អាជ្ញាធរ​អ៊ុយក្រែន​មិនឈឺក្បាល​ នឹងរឿងនេះ​ឡើយ។​

ក្នុង​បទយកការណ៍​នោះ មាន​លើកយកមក​ផ្សាយសម្តីលោក​ Nicolai Azarov ​ដែលបាន​កាន់ តំណែង​ជាប្រមុខ​រដ្ឋាភិបាល​អ៊ុយក្រែន​ ពីឆ្នាំ២០១០​ ដល់​ឆ្នាំ២០១៤​ ឆ្នាំដែលគាត់​ត្រូវបាន ​បដិវត្តន៍​ពណ៌​ ផ្តួលរលំទៅ​ គឺថា៖ ​តើពួកអ្នកដឹកនាំ​​សព្វថ្ងៃ គេ​ប្រារព្វបុណ្យអី ​បើក្នុង​២ឆ្នាំកន្លះ ចុងក្រោយ​ អ៊ុយក្រែន​ខាងកម្រិតជីវភាព​បណ្តាជន​ គឺធ្លាក់ទៅនៅ​ក្នុង​ចំណោមប្រទេស​ ដែល ក្រីក្រ​បំផុត​ក្នុងលោក។

អ្នកស្រុក​មិនមែន​រស់នៅទេ​ តែគឺ​ខំត្រដររស់​កុំឲ្យ​ដាច់ខ្យល់​ស្លាប់។  ពិតណាស់​ ដែលមាន​មនុស្ស​ប្រមាណ ១៥.០០០-២០.០០០នាក់​ នៅក្រុងគៀវ ​បានទទួលផល​​ពី​រដ្ឋប្រហារនោះ​ តាមផ្លូវ​លួចប្លន់​ទ្រព្យសម្បត្តិ​បណ្តាជន​ ហើយបំប៉ន​ខ្ទង់ចំណូលខ្លួន​ បានយ៉ាង​ក្រាស់ក្រែល​ បូកទាំង​រូបប្រធានាធិបតី​ ប៉ូរ៉ូឆេនកូ​ ដែលគ្រាន់តែ​ក្នុងរយៈពេល​ជាង២ឆ្នាំ​កន្លងទៅ​ បានបង្កើន ប្រាក់ចំណូល​ខ្លួន​ដល់ទៅ​៧ដង។

តាមទស្សនាវដ្តី​អាមេរិកាំង​ Forbes ដោយសម្បត្តិខ្លួន​ ក្នុងទឹកប្រាក់​ ៨០០លានដុល្លារ ​លោក ប៉ូរ៉ូឆេនកូ​ ជាប់​ចំណាត់ថ្នាក់ទី៦​ ក្នុងតារាង​ឈ្មោះមហាសេដ្ឋី​នៅ​អ៊ុយក្រែន។

ទូរទស្សន៍រុស្ស៊ី​ ​ផ្គើនឲ្យក្រុងគៀវ​ដែលជឿស្លុង​តាមពាក្យ​សន្យាក្តែងៗ​របស់សហភាព​អឺរ៉ុប ថា នឹង​ទទួល​ចំណេញបាន​ក្នុង១ឆ្នាំៗ ​ដល់ទៅ ៤០០លានអឺរ៉ូ​ តាមរយៈ​ការនាំចូល​ដោយសេរី​នូវ ទំនិញ​ខ្លួនទៅអឺរ៉ុប​ ប៉ុន្តែ​តាមពិតទៅ​ ការ​នាំចូលនេះ ត្រូវអឺរ៉ុប​រឹតត្បិត​ក្នុងកូតា​ជាក់លាក់​សោះ គឺថា​ខាងសាច់ជ្រូក​ថយចុះអស់២០ដង​, ខាងសាច់គោ​ថយចុះអស់​២ដងកន្លះ, ខាងស្ករស​ តែ​២០.០០០តោន​ មិនមែន​១.០០០.០០០លានសោះ​ឡើយ។​

បទ​យកការណ៍​នោះ​​ក៏លើកឡើង​សម្តី​អ្នកនយោបាយវិទូ​អ៊ុយក្រែន​ លោក Volodymyr Skachko​ ដែលថា៖​ អ៊ុយក្រែន​សព្វថ្ងៃ​ មិនអាចរស់បាន​មួយសប្តាហ៏​ទេ បើគ្មាន​ទាយជ្ជទាន​ បន្តក់​ឲ្យដោយ​ បស្ចិមលោក។​ ក្នុងករណី​ បើគ្រប់តែ​មេបំណុល​ទារពីអ៊ុយក្រែន​ឲ្យសងប្រាក់​ដែលអ៊ុយក្រែន ជំពាក់​នោះ អ៊ុយក្រែននឹង​លែងមាន​អត្ថិភាព ជាសរីរាង្គ​ឯករាជ្យផ្នែក​ហិរញ្ញវត្ថុ​និងសេដ្ឋកិច្ច​ភ្លាម។​ ដ្បិត​បំណុលអ៊ុយក្រែន​ សរុបទៅ​ គឹលើសពី​រាល់អ្វីៗ​ដែល​ប្រទេស​នេះ​ អាចលក់​ឡាយឡុង​​និងរាល់អ្វីៗ​ដែលអ៊ុយក្រែន​មាននៅលើ​ទឹកដី​ខ្លួន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ