អានតួអត្ថបទ

ម៉ូស្គូ និង ប៊ែរឡាំង ឯកភាពគ្នាលើសារសំខាន់ នៃ កិច្ចព្រមព្រៀងក្រុងមិនស្ក៏

ម៉ូស្គូ នឹងបំពេញតាមភាគណា នៃ កិច្ចព្រមព្រៀង​ក្រុង​មិនស្ក៍​ដែល​ខ្លួន​ត្រូវ​បំពេញ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន - សេចក្តី​នេះ ថ្លែង​ថ្ងៃ​១៥​សីហា​ម្សិលមិញ ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី រួម​ជាមួយ​សមភាគី​អាល្លឺម៉ង់ នៅឯ​ក្រុងរុស្ស៊ី Ekaterinbourg ចម្ងាយ ប្រមាណ ១.៨០០គ.ម. ខាង​កើត​ពី​រដ្ឋធានី​ម៉ូស្គូ។

លោក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergueï Lavrov
លោក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergueï Lavrov Reuters/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងសន្និសីទកាសែត​នៅ​ក្រុង​នោះ លោក​ប្រមុខ​ការទូត​រុស្ស៊ី Serguei Lavrov លើក​ឡើងថា ៖

-កិច្ចព្រមព្រៀង​ក្រុង​មិនស្ក៍ ដូចមុនដដែល បន្ត​ស្ថិត​នៅ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​មាន​ទៅ​កើត សម្រាប់​ជំនះ​លើ​វិបត្តិ​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន។ ម៉ូស្គូ នឹង​បំពេញ​តាម​ភាគ​ណា​របស់វា ដែល​ខ្លួន​ត្រូវ​បំពេញ ហើយ​នឹង​អន្ទង​ថ្នាក់​ដឹកនាំ​នៃ​តំបន់​បះបោរ​ខាង​កើត​អ៊ុយក្រែន ពោលគឺ សាធារណរដ្ឋ​ប្រជាមានិតស្វ័យ​ប្រកាស​ដូណេត DNR និងសាធារណរដ្ឋ​ប្រជាមានិត​ស្វ័យប្រកាស​លូហ្កាន់ LNR ឲ្យប្រកាន់​យក​គោល​ជំហរ​ស្ថាបនា។ ប៉ុន្តែទាំង​ដៃ​គូ​ខាងលិច​របស់​យើង គឺ​ក្រុងប៉ារីស និង​ក្រុង​ប៊ែរឡាំង ជា​ហត្ថលេខី​ធានា នៃ​កិច្ចព្រមព្រៀង​នោះ ក៏​ត្រូវ​ប្រើ​ឥទ្ធិពល​ខ្លួន ជះ​ទៅ​លើ​ក្រុង​គៀវ​ជា​ផ្លូវការ ឲ្យ​បំពេញ​តាម ឯកសារ​នេះ​ដែរ។  

លោករដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Frank-Walter Steinmeier ពីចំណែកខ្លួន គូស​បញ្ជាក់​ថា ៖
-កិច្ចព្រមព្រៀងក្រុង​មិនស្ក៍ ជាគន្លឹះ​នៃ​អភិក្រម សម្រាប់​ដោះស្រាយ​ដោយ​សន្តិវិធី​ឲ្យ​ជម្លោះ​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន។ ទាំង​តទៅ​ថ្ងៃ​មុខ យើងត្រូវ​តែ​បន្ត​វប្បធម៌​សន្ទនា ក្នុង​ទម្រង់​ហ្មត់ចត់ គោរព​គ្នា ហើយ​ឈរ​លើ​ការអនុវត្តន៍ ដែល​នាំ​ជា​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។ ហើយ​ជា​បឋម ការសន្ទនា​នេះ ត្រូវនាំ​ទៅ​កាន់​ការស្វែង​រក​ឲ្យ​ឃើញ​សេចក្តី​សម្រេច​ជាក់លាក់។

ជាការកត់សម្គាល់ លោក​ប្រមុខ​ការទូត​អាល្លឺម៉ង់ ដែល​ម្សិលមិញ​បាន​អញ្ជើញ​ទៅ​កាន់​ក្រុង​រុស្ស៊ី Ekaterinbourg ហៅ​ថា​ជា​រដ្ឋធានី​តំបន់​ភ្នំ Oural នៅ​ចម្ងាយ​ម្តុំ ១.៨០០គ.ម.​ខាង​កើត​ពី​រដ្ឋធានី ម៉ូស្គូ គឺដើម្បី​ចូលរួម​ក្នុង​ពិធី​សម្ពោធ សាលារុស្ស៊ី-អាល្លឺម៉ង់​ខាង​អនុវត្ត​វិធី​ថ្មី​សំចៃ​ថាមពល។ ដោយហេតុថា អាល្លឺម៉ង់ ជាក្បាល​ម៉ាស៊ីន​សហភាព​អឺរ៉ុប បាន​ជា​ក្នុង​ជំនួប​នៅ​ទីនោះ ប្រមុខ​ការទូត​ប្រទេស​ទាំងពីរ បាន​ពិភាក្សា​ទាំង​អំពី​ទំនាក់ទំនង​រុស្ស៊ី-​អឺរ៉ុប។

តាមលោក Steinmeier សហភាព​អឺរ៉ុប​និង​រុស្ស៊ី ស្រេកឃ្លាន​ចង់​ឃើញ វិវឌ្ឍ​បាន​ប្រសើរ​ឡើង ការចេះ​យល់​គ្នា​ទៅ​វិញ​ទៅ​មក ម៉្លោះ​ហើយ​បាន​ជា​ទោះបី​ស្ថិត​នៅ​ពី​មុខ គ្រប់​តែ​ភាព​ស្មុគស្មាញ​ក្តី ក៏​គូ​ភាគី​ត្រូវតែ​ប្រើ​គ្រប់​កាណាល់​ដែល​មាន​សម្រាប់​តាំង​ទំនាក់ទំនង​នឹង​គ្នា។  

ចំណែក លោក Lavrovថ្លែង​ថា ការប្រឈមមុខ​ដាក់គ្នា មិនមែន​ជា​ជម្រើស​របស់​រុស្ស៊ី​ទេ។ ហើយទោះបី អាក់អន់​ចិត្តក្តី ក៏​រុស្ស៊ី គ្មាន​បំណង​ដកខ្លួន ងឿកងរ ទៅ​ស្ថិត​ក្នុង​ភាព​ឯកោ​ឡើយ ដ្បិត​យល់ថា មិន​យូរ​មិន​ឆាប់ រុស្ស៊ី​និង​សហភាព​អឺរ៉ុប គង់​នឹង​ស្តារ​ឡើងវិញ យន្តការ​នៃ​សហប្រតិបត្តិការ​នឹងគ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ